អានតួអត្ថបទ
ថៃ

ថាក់ស៊ីន៖រដ្ឋាភិបាល​មិនបាន​កែប្រែ​​រដ្ឋធម្មនុញ្ញថ្មី​ដើម្បី​ឲ្យ​ខ្ញុំ​អាចត្រលប់​ចូលស្រុក​វិញទេ

លោកថាក់ស៊ីន ស៊ីណាវ៉ាត អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​បាន​បដិសេធ​ថា លោក​មិន​មែន​ជាអ្នក​ជំរុញ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ឲ្យ​សើរើ សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មីទេ។ នៅក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​កាសែត​បាងកកប៉ុស្តិ៍ ចេញផ្សាយ​នៅថ្ងៃ​ចន្ទនេះ លោកថាក់ស៊ីន​បាន​និយាយ​ថា លោក​អាច​ត្រលប់​ចូលស្រុក​វិញ​ដោយ​មិន​ចាំបាច់​មាន​ការសរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី។ អតីតនាយករដ្ឋមន្រ្តី​ថៃ​ដែល​កំពុង​និរទេស​ខ្លួន​នៅបរទេស បាន​និយាយ​បដិសេធ​យ៉ាងដូច្នេះ បន្ទាប់ពី​គណបក្ស និង​ក្រុមប្រឆាំង​ថៃ បាន​បរិហារ​ថា គឺ​លោកថាក់ស៊ីន​ជាអ្នកជំរុញ​ប្អូនស្រី​ឲ្យ​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឲ្យ​លោក​ត្រលប់​ចូលស្រុក​វិញ ដោយសុវត្ថិភាព និងមិន​ត្រូវ​ទទួល​ទោសពៃរ៍អ្វី​ទាំងអស់។

លោក​ថាក់ស៊ីន​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ទីក្រុង​ឌូបៃ ដើម្បី​គេច​ចេញពី​ទោសជាប់គុក​ពីរឆ្នាំ​ដែល​តុលាការ​កំពូល​ឧក្រិដ្ឋ​ថៃ​បាន​ផ្តន្ទាទោស​លោក​កាលពីឆ្នាំ ២០០៨
លោក​ថាក់ស៊ីន​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ទីក្រុង​ឌូបៃ ដើម្បី​គេច​ចេញពី​ទោសជាប់គុក​ពីរឆ្នាំ​ដែល​តុលាការ​កំពូល​ឧក្រិដ្ឋ​ថៃ​បាន​ផ្តន្ទាទោស​លោក​កាលពីឆ្នាំ ២០០៨ ©Reuters
ផ្សាយពាណិជ្ជកម្ម

“សម្រាប់ខ្ញុំ​ ការត្រលប់​ចូលស្រុក​វិញ មិន​មែន​ជា​រឿង​សំខាន់ និង​គួរ​ឲ្យ​ខ្វល់ខ្វាយទេ។ ពេលនេះ​ខ្ញុំ​រស់នៅ​បាន​យ៉ាង​សុខសប្បាយ នៅបរទេស”។ នេះ​ជា​សំដី​អះអាង​របស់​លោក​ថាក់ស៊ីន តាំង​ពីទីក្រុង​ឌូបៃ ជាទី​ដែល​លោក​កំពុង​រស់នៅ​ភៀសខ្លួន ដើម្បី​គេចចេញ​ពី​ទោសជាប់គុក​ពីរឆ្នាំ ដែល​តុលាការ​ថៃ​បាន​ដាក់​ទៅលើ​លោក​ ក្នុង​បទចោទ​ប្រកាន់​បន្លំ​លួចពន្ធ​រដ្ឋ​ក្នុង​ពេល​លោក​កាន់អំណាច។

 
លោក​ថាក់ស៊ីន​នៅបាន​និយាយ​បន្ថែមថា លោក​មាន​មធ្យោបាយ​គ្រប់គ្រាន់​ដើម្បី​អាច​ត្រលប់​ចូលស្រុកវិញ ដោយ​មិន​ចាំបាច់​សុំ​​​រដ្ឋាភិបាល​ឲ្យ​សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី។

គួររំលឹកថា កាលពី​ខែ​កុម្ភៈ​មុននេះ លោកស្រី​ នាយករដ្ឋមន្រ្តី​យីងឡាក់ ស៊ីណាវ៉ាត​ដែល​ជា​ប្អូនស្រី​លោក​ថាក់ស៊ីន បាន​ធ្វើ​ឲ្យ​សភា​យល់ព្រម​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ធ្វើ​កំណែទម្រង់​សា​ជាថ្មី​លើ​រដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញ​ដែល​បាន​កែប្រែ​ម្តងហើយ កាល​ពីឆ្នាំ ២០០៧ ពោល គឺ​នៅមួយឆ្នាំ​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ថាក់ស៊ីន។

ក្នុង​សង្គមថៃ ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ ២០០៦ ប្រជាជន​ថៃ​បាន​បែកបាក់​ជា​ពីរក្រុម។ ដោយ​មួយក្រុម​ជា​ប្រជាជន​ស្រែចម្ការ គាំទ្រ​លោក​ថាក់ស៊ីន។ ចំណែក​មួយក្រុមទៀត​ជា​ក្រុមបញ្ញវន្ត​នៅទីក្រុង មន្រ្តីយោធា​ជាន់ខ្ពស់​ដែល​រណប​ព្រះរាជវង្ស​ថៃ។ ពួកគេ ស្អប់ និង​ចាត់ទុក​លោក​ថាក់ស៊ីន​ជា​គ្រោះថ្នាក់​សម្រាប់​របប​រាជានិយម។ សម្រាប់ពួកក្រុមទីពីរ កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ថ្មី​នឹង​ប៉ះពាល់​ដល់​ស្ថាប័ន​រាជានិយម ព្រោះវា​អាច​នឹង​ធ្វើ​ឲ្យ​គេ​ផ្លាស់ប្តូរ​ច្បាប់​ដែល​ចែង​ពី​បទឧក្រិដ្ឋ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ។

លោកថាក់ស៊ីន​វិញ​បាន​និយាយ​ការពារ និង​បញ្ជាក់​ជំហរ​របស់​គណបក្ស​កាន់អំណាច ថា បើទោះ​មាន​ការសរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី មាត្រា​ទី ១១២​ដែល​ចែង​ពី​បទ​ឧក្រិដ្ឋ​ជេរប្រមាថ​ព្រះមហាក្សត្រ​នឹង​ត្រូវ​គេ​រក្សា​ទុកដដែល មិន​ប៉ះពាល់​ទេ។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ លោក​ថាក់ស៊ីន​បញ្ជាក់​ថា រដ្ឋាភិបាល​សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី មិនមែន​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​គាត់​ដើម្បី​បាន​ចូលស្រុកទេ ប៉ុន្តែ ដើម្បី​ប្រយោជន៍​ប្រជាជន​ថៃ ព្រោះ​ថា គោល​គំនិត​សំខាន់​នៃ​ការធ្វើ​កំណែ​ទម្រង់​នេះគឺ​ធ្វើយ៉ាងណា​ចង​ភ្ជាប់​អំណាច​របស់​ថ្នាក់ដឹកនាំ​ជាមួយ​ប្រជាជន និង​ការបង្កើត​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ល្អិតល្អន់​មួយ​ដើម្បី​តាមដាន​ការងារ​គ្រប់​ស្ថាប័ន​ដែល​ស្ថិតនៅ​ក្រោម​អំណាច​របស់​រដ្ឋធម្មនុញ្ញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ