អានតួអត្ថបទ
ថៃ

តុលាការ​ថៃ​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ថាក់ស៊ីន ពី​បទ​ភេរវនិយម

តុលាការ​​ឧក្រិដ្ឋ​ថៃ​បាន​ចេញ​ដីកា​នៅ​ថ្ងៃ​អង្គារ​ទី ២៥ ឧសភា ​នេះ តាម​ចាប់​ខ្លួន​លោក​ថាក់ស៊ីន ពី​បទ​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម។ ជា​ភេរវជន ព្រោះ​អតីត​នាយករដ្ឋមន្ត្រី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស​រូប​នេះ ជា​ក្បាល​ម៉ាស៊ីន​នៃ​អំពើ​​បាតុកម្ម​ និង​ការ​បះ​បោរ​​ហិង្សា​របស់​ពួក​អាវ​ក្រហម។ មាន​សញ្ជាតិ ម៉ុងតេនេហ្ក្រូ ​ ​លោក​ថាក់ស៊ីន​ ជា​ជន​ជាប់​ទោស​ពី បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​លួច​បន្លំ​ ​ ​ដែល​អាជ្ញាធរ​ថៃ តាម​រកចាប់​ខ្លួន ស្រាប់​ទៅ​ហើយ តាំង​ពី​ឆ្នាំ ២០០៨​មក។

អតីត​នាយក​រដ្ឋមន្ត្រី​ថៃThaksin Shinawatra ជាប់​ទោស​ជា​ភេរវជន
អតីត​នាយក​រដ្ឋមន្ត្រី​ថៃThaksin Shinawatra ជាប់​ទោស​ជា​ភេរវជន (© Wikipedia)
ផ្សាយពាណិជ្ជកម្ម

02:01

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

អៀង សុខម៉ិញ

យោង​​តាម​​ការ​ស៊ើប​អង្កេតពិសេស លោក ​ថាក់ស៊ីន ជា​អ្នក​ឧបត្តម្ភ​ផ្នែក​ហិរញ្ញវត្ថុ និង​ជា​ម៉ាស៊ីន​ដឹក​នាំ​បាតុកម្ម​របស់​ពួ​ក​អាវក្រហម​ រហូត​​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ធ្លាក់​​ចូល​ក្នុង​វិបត្តិ​ហិង្សា​ដ៏​ជ្រៅ​ ជាប់​​ក្នុង​ទំព័រ​​ប្រវត្តិសាស្ត្រ​​ថ្មី​របស់ថៃ។ លោក​ ថាក់​ស៊ីន​ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​​ជីវិត​មនុស្ស​​ជា​ច្រើន​នាក់​ដែល​​បាន​​ស្លាប់​ក្នុង​ពេល​ធ្វើ​បាតុកម្មរយៈ​ពេល​ជិត​៦​អាទិត្យ នៅ​ទីក្រុង​បាងកក។ ហេតុដូច្នេះ​ហើយ​បាន​ជា​តុលាការ​សម្រេច​​ចេញ​ដីកា​ចាប់​ខ្លួន​ លោក ថាក់ស៊ីន ពី​បទ​ភេរវនិយម នៅ​ថ្ងៃ​អង្គារ​ទី ២៥ ឧសភា ២០១០​ នេះ។

 
ជា​អតីត​នាយក​រដ្ឋមន្ត្រី លោក ថាក់ស៊ីន បាន​​គេច​ខ្លួន​ ពី​ប្រទេស​តាំង​ពី​ខែ តុលា ឆ្នាំ ២០០៨ ថ្ងៃ​ដែល​តុលាការ​បាន​សម្រេច​កាត់​ទោស​ដាក់​ពន្ធនាគារ​លោក​ចំនួន​ពីរ​ឆ្នាំ ពី​បទ​ប្រព្រឹត្ត​ពុក​រលួយ​។ ហើយ​គឺ​តាំង​ពី​នោះ​ហើយ​ដែល​អាជ្ញាធរ​ថៃ​ តាម​ចាប់​ខ្លួន តែ​មិន​បាន​សម្រេច។ លោក​ ថាក់ស៊ីន​ បាន​​ធ្វើ​ដំណើរ និង​ស្នាក់​​នៅ​​បរទេស ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ៖ ឌូបៃ ឡុងដ៏ ភ្នំពេញ ... ប៉ុន្តែ​គ្មាន​ប្រទេស​ណាមួយ​ សុខ​ចិត្ត​បញ្ជូន​ខ្លួន​លោក ថាក់ស៊ីន មក​ឲ្យ​អាជ្ញាធរ​ក្រុង​បាងកក​តាម​សំណើ​សោះ។ មិន​តែ​ប៉ុណ្ណោះ លោក​ ថាក់​ស៊ីន មាន​សញ្ជាតិ ម៉ុងតេនេហ្ក្រូ​ផង នីការ៉ាហ្ក័រ​ផង អ៊ូហ្ក្សង់ដា​ផង។

នៅ​ដើម​ឆ្នាំ ២០១០​នេះ តុលាការ​ថៃ​បាន​កាត់​ទោស​លោក​ជា​ថ្មី ដោយ​តម្រូវ​ឲ្យ​លោក​ថាក់ស៊ីន បង់​ពិន័យ​ជា​ប្រាក់​ចំនួន ១ពាន់​លាន​​អឺរ៉ូ ពី​បទ​បាន​ធ្វើ​ឲ្យ​ប្រលូក​ប្រឡាក់​ប្រយោជន៍​សាធារណៈ កាត់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ផង និង​ជា​ប្រធាន​ក្រុម​ហ៊ុន​ឯកជន​ផង។

ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត រដ្ឋាភិបាល​ថៃ​ហាក់​គ្មាន​អំណាច​ នឹង​អាច​ធ្វើ​អ្វី​​លោក​ ថាក់ស៊ីន​ បាន​ឡើយ។ ហើយ​នៅ​សប្តាហ៍​មុន ក្នុង​ពេល​ដែល​ក្រុង​បាងកក​កំពុង​ពុះ​កញ្ជ្រោល​នឹង​អំពើ​ហិង្សា និង​ការ​បង្ក្រាប​របស់​កង​កម្លាំង​រដ្ឋាភិបាល គេ​បែរ​ជា​ឃើញ​លោក​ ថាក់​ស៊ីន ដើរ​កំសាន្ត​ក្នុង​ហាង​ប្រណិតៗ​ក្នុង​ទីក្រុង​ប៉ារីស​យ៉ាង​សង្ហា​​ទៅ​វិញ ?! សម្រាប់​រដ្ឋាភិបាល​លោក​ អាភិស៊ីត នេះ​គឺ​ជា​ការ​ញុះញង់​​ដ៏​សុទ្ធសាធ​មួយ ដែល​មិន​អាច​ទ្រាំ​បាន​ឡើយ។ ហេតុដូច្នេះ​ហើយ​បាន​ជា​កើត​គំនិត​ ភ្ជាប់​លោក​ថាក់ស៊ីន​ នឹង​​ទោស “ភេរវនិយម”៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ