អានតួអត្ថបទ
ចិន-អាមេរិក

អាមេរិក​សម្រុក​ពង្រឹង​មិត្តភាព​​ជាមួយ​ប្រទេស​ ដែល​ជា​សត្រូវ​របស់​ចិន

នៅថ្ងៃ​ចន្ទ​ទី​៣០​មេសា លោក​Yoshihiko Noda នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​ចូលជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី អូបាម៉ា នៅ​សេតវិមាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បីថ្ងៃ​នៅអាមេរិក ថ្នាក់ដឹកនាំ​ជប៉ុន​គ្រោង​នឹង​និយាយ​ជាមួយ​លោក​អូបាម៉ា​ពី​វិធានការថ្មី ដើម្បី​ជំរុញ​សហប្រតិបត្តិការ​យោធា និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ។

យន្តហោះ​ដែល​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ណូដា​ជិះ​ទៅ​សហរដ្ឋ​អាមេរិក​នៅថ្ងៃ​អាទិត្យទី ២៩ មេសា ២០១២​
យន្តហោះ​ដែល​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ណូដា​ជិះ​ទៅ​សហរដ្ឋ​អាមេរិក​នៅថ្ងៃ​អាទិត្យទី ២៩ មេសា ២០១២​ © REUTERS
ផ្សាយពាណិជ្ជកម្ម

ដក​បន្លា​ចេញ​ពី​ទ្រូង អាមេរិក និង​ជប៉ុន​បាន​ជម្រះ​មន្ទិលសង្ស័យ​រវាង​គ្នា បន្ទាប់​ពី អាមេរិក និង​ជប៉ុន ព្រមព្រៀងគ្នា​ក្នុង​ការដក​ទ័ព​អាមេរិក​ចំនួន ៩ពាន់នាក់​ពី​កោះអូគីណាវ៉ា។ វត្តមានទ័ព​អាមេរិក នៅកោះ​អូគីណាវ៉ា ដែល​ប្រជាជន​ជប៉ុន​តែងតែ​រិះគន់​កន្លងមកបាន​បង្ក​ជា​រឿង​ចម្រូងចម្រាស់​ដែលធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក និង​ជប៉ុន​ល្អក់កករ ជាយូរឆ្នាំ​មកហើយ។

 
ដំណើរ​ទស្សនកិច្ច​បីថ្ងៃ របស់​លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន នៅ​ អាមេរិក គឺ​ដូចជា​បើក​ទំព័រ​ថ្មី ក្នុង​ទំនាក់​ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ។ អំណើះតទៅ ប្រទេស​ទាំងពីរ​ផ្តោត​និយាយ​តែ​ទៅលើ​កម្មវិធី​ខែលមីស៊ីល ដើម្បីទប់ទល់​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​សហ​ប្រតិបត្តិការ​យោធា ដើម្បីធានា​សន្តិសុខ​នៅ​ច្រកផ្លូវទឹក​អន្តរជាតិ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ទាំង​អាមេរិក និង​ជប៉ុន​បាន​យល់ស្របគ្នា និង​ទទួលស្គាល់ថា ​តុល្យភាព​អំណាច​នៅអាស៊ី​កំពុង​ផ្អៀង​ទៅម្ខាងៗ។ ក្នុងក្រសែភ្នែក​របស់​ប្រទេស​ទាំងពីរ ចិន​កំពុង​ពង្រីក​ឥទ្ធិពល និង​វាតទី​អំណាច​របស់​ខ្លួន​កាន់​តែខ្លាំង នៅ​តំបន់​អាស៊ី។ ទន្ទឹម​នឹង​ការពង្រីកអំណាច​របស់​ចិន អាមេរិក និង​ជប៉ុន​នៅព្រួយ​បារម្ភ​ពី​ជំហរ​ផ្តាច់ការ​របស់​កូរ៉េខាងជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​គំរាម​ដល់​សន្តិសុខ​ក្នុង​តំបន់។

អាមេរិក​និង​ជប៉ុន​ត្រូវការ​គ្នា​ទៅវិញ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ អាមេរិក​ខ្លាច​ចិន​ផ្តាច់មុខ​ក្តោបក្តាប់​អាស៊ី​តែម្នាក់ឯង។ ចំណែក​ជប៉ុន​វិញ ដែលកំពុង​មាន​វិវាទ​ជាមួយ​ចិន ជុំវិញ​ប្រជុំកោះ ស៊ិនការគូ ចង់​បាន​ជំនួយ​ពី​អាមេរិក ដើម្បី​ទប់ទល់​ការគំរាមកំហែង​ពី​ចិន។

ក្រៅពី​ជប៉ុន អាមេរិក​នៅ​កំពុងយក​ចិត្ត​ទុកដាក់​លើ​ទំនាក់ទំនង​យោធា​ជាមួយ​ឥណ្ឌា និង​ហ្វីលីពីន។ នៅថ្ងៃចន្ទ​នេះ​ដែរ លោកស្រី​ហ៊ីឡារី គ្លីនតុន ប្រមុខ​ការបរទេស និង​លោក​Leon Panetta រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក​ត្រូវ​ជួប​សមភាគី​មក​ពី​ប្រទេស​ហ្វីលីពីន។ ហ្វីលីពីន​ត្រូវការ​ពឹងពាក់​អាមេរិក ព្រោះ​ហ្វីលីពីន​កំពុង​ជាប់ឈ្លោះ​ជាមួយ​ចិន ពីរឿង​ដែល​ចិន​បញ្ជូន​ទូកល្បាត​ទៅ​ចូលចត​នៅ​ជិត​កោះ​Shoalដែល​ហ្វីលីពីន​ចាត់ទុក​ថា ជាកោះរបស់ខ្លួន។ ដើម្បី​បាន​ជំនួយ​គំាទ្រ​ពី​អាមេរិក ហ្វីលីពីន​បាន​យល់ព្រម​ឲ្យ​អាមេរិក​ប្រើវាលយន្តហោះ​យោធា និង​កំពង់ផែ​របស់ខ្លួន ហើយ​ហ្វីលីពីន និង​អាមេរិក ​ទើប​បាន​បញ្ចប់​សមយុទ្ធ​រួមគ្នា មួយដែល​ចិន​ព្រមាន​​ថា ជា​ការញុះញង់​បង្ក​ឲ្យ​មាន​សង្រ្គាម​នៅ​តំបន់​អាស៊ី។

បន្ទាប់ពី​ហ្វីលីពីននេះ អាមេរិក​នៅ​កំពុងផ្តើម​នយោបាយ​ការទូត​ជាមួយ​ឥណ្ឌា ដែល​អាមេរិក​បាន​ចងសម្ព័ន្ធ​មិត្ត និង​ខំយកចិត្ត​រហូតមក ព្រោះតែ​ឥណ្ឌា​ជា​មហាអំណាច​នៅអាស៊ី មាន​អាវុធ​នុយក្លេអ៊ែរ​មួយដែរ។ គួរដឹងថា អាមេរិក​ក្រោម​ការគ្រប់គ្រង​របស់​លោក​ប៊ូស បាន​អនុញ្ញាត​ឲ្យ​មាន​សហប្រតិបត្តិកា​នុយក្លេអ៊ែរ​ជាមួយ​ឥណ្ឌា។

នៅចុង​សប្តាហ៍​នេះ បន្ទាប់ពី​ប្រទេស​ចិន លោកស្រី​ប្រមុខ​ការទូត​អាមេរិក ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា ដោយសង្ឃឹមថា អាមេរិក​នឹង​ដោះស្រាយ​បញ្ហា​មិន​ចុះសម្រុងគ្នា​កន្លងមក។ រហូតមក ឥណ្ឌា​មិនបាន​​ស្តាប់​តាម​អាមេរិក ក្នុង​រឿងឈប់ទិញ​ប្រេង​ពី​អ៊ីរ៉ង់ ដែល​អាមេរិក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដោយសារ​កម្មវិធីអាវុធ​នុយក្លេអ៊ែរ។

ទោះជា​អាមេរិក មាន​ថ្នាំងថ្នាក់ចិត្ត​ជាមួយ​ឥណ្ឌា​ពីរឿងនេះ ប៉ុន្តែ អាមេរិក​និង​ឥណ្ឌា​នៅត្រូវរ៉ូវ​គ្នា ចាប់ដៃគ្នា ព្រោះពួកគេ​មាន​សត្រូវ​តែមួយ​គឺ​ចិន។ ឥណ្ឌាដែល​តែ​មាន​ជម្លោះ​ព្រំដែន​មិន​ទាន់​ដោះស្រាយ​ចប់​ជាមួយ​ចិន នៅ​ខ្លាច​ចិន​ពង្រីកអំណាច​ក្តោបក្តាប់​តំបន់ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់ខ្លួន។ ដូច្នេះ នៅចំពោះ​មុខ​ការគំរាមកំហែង​របស់​ចិន ឥណ្ឌា​ត្រូវការ​អាមេរិក​ដើម្បី​ការពារ​ប្រយោជន៍​របស់ខ្លួន។ អាមេរិក​វិញ ចង់​បាន​ការសហការ​ពី​ឥណ្ឌា​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅអាស៊ី​ប៉ាស៊ីហ្វិក​ទប់ទល់​នឹង​ចិន។ ជារួម អាមេរិក​បាន​ចាប់ផ្តើម​សប្តាហ៍​នេះ​ដើម្បី​រឹតបន្តឹង​​ចំណង​ការទូត​របស់ខ្លួន ជាមួយ​ប្រទេស​ដែល​ជា​សត្រូវ​​របស់​ចិន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ