កំពុងមានជម្លោះជាមួយចិន ហ្វីលីពីនផ្តើមធ្វើសមយុទ្ធជាមួយអាមេរិក
នៅថ្ងៃចន្ទទី ១៦ មេសានេះ ហ្វីលីពីន និងអាមេរិកធ្វើសមយុទ្ធរួមគ្នា នៅលើកោះ ប៉ាឡាវ៉ាន់ដែលស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។ លំហាត់យោធារួមរវាងអាមេរិក និងហ្វីលីពីនបានធ្វើឡើងនៅក្នុងកាលៈទេសៈមួយ ដែលហ្វីលីពីនកំពុងមានជម្លោះជាមួយចិន ជុំវិញ ទូកចិនចូលទៅនេសាទនៅជិតកោះ Scarborough Shaol របស់ប្រជុំកោះ Spratleys ដែលហ្វីលីពីនទាមទារជាម្ចាស់កម្មសិទ្ធិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៥:៣៦
សមយុទ្ធអាមេរិក និងហ្វីលីពីនចាប់ផ្តើមនៅថ្ងៃនេះ ដោយមានរយៈ ពេល១២ថ្ងែ និងមានចូលរួមពីទាហានហ្វីលីពីន ២៣០០នាក់ និងទាហានអាមេរិក ៤៥០០នាក់។ សមយុទ្ធ លើកនេះមានឈ្មោះថា Balikatan ដែលមានន័យថា “ស្មាកៀកស្មា”។ មន្រ្តីយោធាហ្វីលីពីនបាននិយាយនៅថ្ងៃនេះថា សមយុទ្ធលើកនេះគ្មានអ្វីពាក់ព័ន្ធនឹងឧប្បត្តិហេតុប្រឈមមុខដាក់គ្នារវាងទូកល្បាតចិន និងហ្វីលីពីននៅជិតកោះ Scarborough Shaol ទេ។ សមយុទ្ធ ធ្វើទៅតាមផែនការដែលអាមេរិក និងហ្វីលីពីនត្រូវធ្វើជាមួយគ្នាជារៀងរាល់ឆ្នាំ។ សមយុទ្ធប្រភេទនេះធ្លាប់បានធ្វើឡើងម្តងហើយ កាលពីខែមិថុនា ឆ្នាំមុន។
ប៉ុន្តែ យ៉ាងណាក៏ដោយ សមយុទ្ធអាមេរិក ហ្វីលីពីនលើកនេះ បានធ្វើឡើង នៅចំជួនពេលដែលហ្វីលីពីនកំពុងប្រឈមមុខដាក់គ្នាជាមួយចិន ដោយសារនាវាចម្បាំងហ្វីលីពីនបានស្ទាក់ឃើញ កាលពីថ្ងៃអង្គារមុន ទូកនេសាទចិន៨គ្រឿង នៅជិតកោះScarborough Shaol ដែលហ្វីលីពីនទាមទារជាកម្មសិទ្ធិរបស់ខ្លួន។
ដំណើរការចរចាផ្លូវទូតបានជាប់គាំងមកដល់ថ្ងៃនេះ ព្រោះថា ភាគីទាំងពីរនៅតែមិនទាន់និយាយចុះសម្រុងគ្នា។ ឯកអគ្គរដ្ឋទូតចិនប្រចាំហ្វីលីពីនដែលក្រសួងការបរទេសហ្វីលីពីនកោះហៅ កាលពីថ្ងៃសុក្រ នៅតែអះអាងការពារភាពស្របច្បាប់របស់ទូកនេសាទចិននៅក្បែរកោះ Scarborough Shaol។
បើតាមអាជ្ញាធរហ្វីលីពីន ក្រោយដំណោះស្រាយតាមផ្លូវទូត នាវាចម្បាំងហ្វីលីពីនបានយល់ព្រមចាកចេញពីតំបន់ទឹកជម្លោះនោះហើយ តែវានៅជំនួសដោយកប៉ាល់ល្បាតមួយវិញ។ ចិនវិញ ដែលបានបញ្ជូនកប៉ាល់ល្បាតបីគ្រឿង ដើម្បីចូលទៅអន្តរាគម រារាំងនាវាចម្បាំងហ្វីលីពីន បានរំដោះបញ្ចេញទូកនេសាទចិន កាលពីថ្ងៃសុក្រ ហើយបើតាមអាជ្ញាធរហ្វីលីពីន កប៉ាល់ល្បាតចិន នៅតែមានវត្តមានក្នុងតំបន់ទឹក ប្រឈមនឹងកប៉ាល់ល្បាតហ្វីលីពីនដដែល។ កាលពីថ្ងៃអាទិត្យម្សិលមិញ ហ្វីលីពីនបានឃើញយន្តហោះល្បាតរបស់ចិនបើកឆ្វែលនៅពីលើកោះ Scarborough Shaolទៀត។
នៅថ្ងៃចន្ទនេះ គេមិនទាន់ឃើញមានចិនចេញមុខប្រតិកម្ម ប្រឆាំងនឹងសមយុទ្ធហ្វីលីពីនរួមជាមួយអាមេរិក នៅឡើយទេ។ រហូតមក ចិនតែងតែរិះគន់ និងប្រឆាំងមិនឲ្យគេធ្វើសមយុទ្ធក្នុងសមុទ្រចិនខាងត្បូង ដែលចិនទាមទារជាដែនទឹករបស់ខ្លួន។
ក្នុងជម្លោះដែនសមុទ្រចិនភាគខាងត្បូង ចិនបានប្រើយុទ្ធសាស្រ្តបង្ហាញអំណាចផង និងប្រើយុទ្ធសាស្រ្តចរចាផង ដើម្បីជៀសវាងការប្រឈមមុខផ្នែកយោធាដាក់គ្នា។ ចិនតែងប្រាប់ប្រទេសគូជម្លោះរបស់ខ្លួនឲ្យដោះស្រាយបញ្ហាតាមការចរចាទ្វេភាគី ព្រោះតែចិនមិនចង់ឲ្យអាមេរិកយកលេស ដាក់ទ័ពនៅអាស៊ី។
អាមេរិកដែលឃើញប្រយោជន៍នៅអាស៊ី និងទប់ទល់ឥទ្ធិពលរបស់មហាអំណាចចិនបានលើកហេតុផលថា ខ្លួនចង់ឲ្យគេដោះស្រាយជម្លោះទឹកសមុទ្រចិនខាងត្បូងដោយយុត្តិធម៌ និងស្មើភាព។ ដោយយកហេតុផលពង្រឹងសហប្រតិបត្តិការជាមួយប្រទេសសម្ព័ន្ធមិត្តនៅអាស៊ី អាមេរិកបានពង្រឹងវត្តមានទ័ពរបស់ខ្លួនកាន់តែច្រើននៅក្នុងអាស៊ីប៉ាស៊ីហ្វិក និងបង្កើនសមយុទ្ធជាមួយប្រទេសដៃគូកាន់តែច្រើន។
មន្រ្តីហ្វីលីពីនវិញបាននិយាយនៅថ្ងៃចន្ទនេះថា សមយុទ្ធនេះបានបង្ហាញពីឆន្ទះចង់ជួយរបស់ប្រទេសមហាអំណាចអាមេរិក ជាមួយប្រទេសមិត្តទន់ខ្សោយ ដូចជាហ្វីលីពីន។ បច្ចុប្បន្ននេះ ហ្វីលីពីនបានសង្កេតឃើញចិនកាន់តែកំរោលចូល គឺចាប់ឃាត់ និងគំរាមកំហែងនាវាហ្វីលីពីនដែលចូលទៅជិតប្រជុំកោះ Spratleys និងParacels បើទោះបីជា នាវាហ្វីលីពីនទាំងនោះ ធ្វើការនេសាទ ឬស្រាវជ្រាវនៅជិតកោះមួយចំនួនដែលខិតមកជិតប្រទេសហ្វីលីពីន ជាងខិតទៅរកចិនក្តី។
ជាក់ស្តែង កោះ Scarborough Shaol ដែលកំពុងប្រទាញប្រទង់ដោយចិន និងហ្វីលីពីនមកដល់ថ្ងៃនេះ ក៏ជាផ្នែកមួយរបស់ប្រជុំកោះSpratleys។ ហ្វីលីពីនទាមទារកោះនេះយកគ្រប់គ្រងជាកម្មសិទ្ធិរបស់ខ្លួន ព្រោះកោះនេះមានចម្ងាយប្រមាណ ២៣០គីឡូម៉ែត្រពីឆ្នេរសមុទ្រហ្វីលីពីន ប៉ុន្តែ វានៅឆ្ងាយរាប់រយគីឡូម៉ែត្រពីទឹកដីចិន។ ទោះយ៉ាងណា ចិនដែលឈ្លោះជាមួយប្រទេសអាស៊ី៥ទៀតទាមទារគ្រប់គ្រងធ្វើជាម្ចាស់សមុទ្រចិនខាងត្បូងតែម្នាក់ឯង ដោយមិនលើកលែងកោះណាមួយទេ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ