អានតួអត្ថបទ
អាមេរិក-G8

ប៉ារីសនិង​វ៉ាស៊ីនតោន​ទាមទារ​​ប្តូរ​នយោបាយ​ដើម្បី​ជំរុញ​ឲ្យមាន​កំណើន​សេ​ដ្ឋកិច្ច​នៅ​អឺរ៉ុប​

ប្រមុខដឹកនាំ​នៃ​ក្រុមប្រទេស​ G8​ ដែលបាន​ជួបប្រជុំ​គ្នា​កាលពី​ថ្ងៃសុក្រ​ម្សិលមិញ​នៅ​ Camp David ​បាន​ថ្លែង​ជំរុញ​ឲ្យ​មាន​ការ​ប្តូរប្រែ​នយោបាយ​ ដើម្បី​ជួយ​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប​ ​ ដោយ​បាន​ថ្លែង​ទាមទារ​ឲ្យ​មាន​យុទ្ធសាស្ត្រ​សម្រាប់​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច។

លោក​ប្រធានាធិបតី​​អាមេរិក​​​អូបាម៉ា​​និង​​​លោក​​ប្រធានាធិបតី​​បារាំង​​​ហូឡង់​​ ​ នៅ​សេតវិមាន​​ថ្ងៃ​សុក្រ​​ទី១៨​​ឧសភា​​ឆ្នាំ២០១២​​
លោក​ប្រធានាធិបតី​​អាមេរិក​​​អូបាម៉ា​​និង​​​លោក​​ប្រធានាធិបតី​​បារាំង​​​ហូឡង់​​ ​ នៅ​សេតវិមាន​​ថ្ងៃ​សុក្រ​​ទី១៨​​ឧសភា​​ឆ្នាំ២០១២​​ REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​នាំឲ្យ​ប្រមុខ​ដឹកនាំ​នៃ​ក្រុម​ប្រទេស​ G8 ​ទាមទារ​នយោបាយ​ជួយ​ជំរុញ​ឲ្យមាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​ពេលនេះ​ ​ មកពី​ពួកគេ​មើលឃើញថា​ នយោបាយ​ថវិកា​ត្បិតត្បៀត​ដែល​ធ្លាប់តែ​គាំទ្រ​ដោយ​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​អង់ហ្គឺឡា​មែរគែល​និង​លោក​អតីត​ប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​ឡើយ។

 
បើ​គ្មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ទេ​ ​ ធ្វើ​ម្តេច​នឹង​មាន​មធ្យោបាយ​មក​ជួយ​ប្រយុទ្ធ​ទប់ទល់​នឹង​បញ្ហា​ឥតការងារ​ធ្វើ​កើត?
បើ​គ្មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ទេ​ ​ ធ្វើ​ម្តេច​នឹង​មាន​ប្រាក់​ចំណូល​យកមក​ជួយ​កាត់​បន្ថយ​ចំនួន​ប្រាក់​បំណុល​សាធារណៈ​ដ៏​ច្រើន​មហិមា​បាន?

ឃើញ​យ៉ាង​ដូច្នេះហើយ​ ទើប​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ ​ និង​​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​ ​ នាឱកាស​ជំនួប​កំពូល​នៃ​ក្រុមប្រទេស​ G8​ នៅ​ថ្ងៃសុក្រ​ទី១៨​ឧសភា​ម្សិលមិញ​នៅ​ Camp David ​បាន​ថ្លែង​ជំរុញ​ឲ្យ​មាន​ការ​ប្តូរប្រែ​នយោបាយ​ ដើម្បី​ជួយ​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប​ ​ ដោយ​បាន​ថ្លែង​ជំរុញ​និង​ស្របមតិ​គ្នា​ថា​ ​ គេត្រូវតែ​រិះរក​យុទ្ធសាស្ត្រ​ឬ​ចាត់​វិធានការ​ដើម្បី​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប។​ ទោះបីជា​គេ​ពុំបាន​គោរព​នយោបាយ​ថវិកា​ត្បិតត្បៀត​ឲ្យ​បាន​តឹងរ៉ឹង​ក៏​ដោយ។

ជំហរ​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​នេះ​ សឲ្យ​ឃើញ​ថា​ សេតវិមាន​បារម្ភ​ខ្លាច​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ដ៏​ថ្មីថ្មោង​របស់​អាមេរិក​និង​អាច​ជា​ឧបសគ្គ​ដល់​ជោគជ័យ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទីពីរ​នៅខែ​វិច្ឆិកា​ខាងមុខនេះ។
ទាំងនេះ​បាន​នាំឲ្យ​លោកបារ៉ាក់​អូបាម៉ា​ថ្លែង​គាំទ្រ​យ៉ាង​មុតមាំ​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​ថា​ “ការប្រយុទ្ធ​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប​ ដោយ​ចាត់​វិធានការ​ជំរុញ​ឲ្យមាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​គឺ​ពិតជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អឺរ៉ុប​និង​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល”។

លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​អង់ហ្គឺឡា​មែរគែល​ដែល​តែង​គាំទ្រ​នយោបាយ​ត្បិតត្បៀត​ និង​នយោបាយ​វិន័យ​ពន្ធដារ​ដើម្បី​ធ្វើការ​កាត់​បន្ថយ​ចំនួន​ប្រាក់​បំណុល​ ​ ពិតជា​កំពុង​តែ​ឋិតនៅ​ឯកា​មែនហើយ​ ​ នៅ​ជំនួប​កំពូល​នៃ​ក្រុម​ប្រទេស​ G8​ នៅ​Camp David ​នេះ។

ក្រៅពី​បញ្ហា​សេដ្ឋកិច្ច​និង​បញ្ហា​ហិរញ្ញវត្ថុ​ ​ ប្រមុខ​ដឹកនាំ​នៃ​ក្រុម​ប្រទេស​ G8​ ក៏​បាន​ពិភាក្សា​ផងទៀត​ពី​បញ្ហា​អន្តរជាតិ​សំខាន់ៗ​ដូចជា​ បញ្ហា​អាហ្វហ្កានីស្ថាន​ ​ បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ​ វិបត្តិ​នយោបាយ​នៅ​ប្រទេស​ស៊ីរី​ ​ ហើយនិង​បញ្ហា​នុយក្លេអ៊ែរ​នៃ​ប្រទេស​កូរ៉េ​ខាងជើង។

ពិតមែនតែ​ទីក្រុង​ប៉ារីស​និង​ទីក្រុង​វ៉ាស៊ីនតោន​មាន​ការ​យល់ឃើញ​ដូចគ្នា​ក្នុង​ការ​រិះរក​នយោបាយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប​ ​ ក៏​ប៉ុន្តែ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​និង​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​ ​មាន​ទស្សនៈ​ខ្វែងគ្នា​ពាក់ព័ន្ធ​នឹង​បេសកកម្ម​យោធា​របស់​បក្ស​សម្ព័ន្ធ​អូតង់​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​ ​ ហើយទាំងនេះ​នឹង​ត្រូវ​គេ​លើកយក​មក​ពិភាក្សា​គ្នា​នា​ឱកាស​ជំនួប​កំពូល​នៃ​បក្សសម្ព័ន្ធ​អូតង់​នៅ​ថ្ងៃអាទិត្យ​ស្អែក​នៅ​ទីក្រុង​ស្ហ៊ីកាហ្គោ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ​ ក្រុមប្រទេស​ G8​ យល់ឃើញ​ថា​ ប្រទេស​អ៊ីរ៉ង់​ត្រូវ​ចាត់​ឲ្យ​មាន​វិធានការ​ជា​បន្ទាន់​ដើម្បី​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ​មាន​ទំនុកចិត្ត​ទៅលើ​លក្ខណៈ​សន្តិភាព​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន។

ទាក់ទិន​នឹង​​ប្រទេស​កូរ៉េ​ខាងជើង​ឯណោះវិញ​​ ​ ប្រមុខ​ដឹកនាំ​នៃ​ក្រុម​ប្រទេស​ឧស្សាហកម្ម​ G8 ​បាន​ថ្លែង​ជំរុញ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ធ្វើការ​សម្របខ្លួន​ឲ្យ​អនុលោម​តាម​ច្បាប់​អន្តរជាតិ។​ បើ​ពុំ​ដូច្នោះទេ​ ប្រទេស​កូរ៉េ​ខាងជើង​នឹង​ត្រូវ​ឋិត​នៅ​ឯកា​នៅលើ​ឆាក​អន្តរជាតិ។

ជាទីបញ្ចប់​ ពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ស៊ីរី​ ​ សមាជិក​ នៃ​ក្រុម​ប្រទេស​ឧស្សាហកម្ម​ G8​ ភាគច្រើន​បាន​ស្របមតិ​គ្នាថា​ “​គេត្រូវតែ​វិវឌ្ឍ​ឲ្យ​បាន​ឆាប់​រហ័ស​ទៅរក​ផែនការ​មួយ​ដែលគ្រោង​ឈាន​ទៅរក​ការ​ដោះស្រាយ​នយោបាយ”។​ ទោះបីជា​លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ឌីមីទ្រី​មេដវេដេវ​ពុំបាន​គាំទ្រ​ជំហរ​ខាងលើ​នេះ​ក្តី​ ​ ក៏​ប្រទេស​រុស្ស៊ី​ពុំបាន​សម្តែង​ការ្រឆាំង​អ្វីដែរ។​ គួរ​បញ្ជាក់ថា​ លោក​ឌីមីទ្រី​មេដវេដេវ​តំណាង​លោក​ប្រធានាធិបតី​រុស្ស៊ី​ ពូទីន​ ដែល​គ្មាន​វត្តមាន​នាឱកាស​ជំនួប​កំពូល​នៃ​ក្រុម​ប្រទេស​ឧស្សាហកម្ម​ G8​ នៅ​ Camp David៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ