អានតួអត្ថបទ
រុស្ស៊ី-“G-8”

រុស្ស៊ី​​ក្នុង​ជំនួប​កំពូល​“G-8”​នឹង​តំណាង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​មេដវេដេវ​

ថ្ងៃ​​នេះ ​លោក​​នាយក​​រដ្ឋមន្ត្រី​​រុស្ស៊ី ​មេដវេដេវ​​ចេញ​​ដំណើរ​​ទៅ​​ចូល​​រួម​​ក្នុង​​ជំនួប​​កំពូល​​“G-8”​ ដែល​​នឹង​​ប្រព្រឹត្ត​​ទៅ​​នៅ​​ស.រ.អា​ថ្ងៃ​​១៨-​១៩ ​ឧសភា។ លោក​​មេដវេដេវ ​ចូល​​រួម​​នេះ​​គឺ​​ដោយ​​​ជំនួស​​មុខ​​ឲ្យ​​លោក​​ពូទីន​​ដែល​​ទើប​​ចូល​​កាន់​​តំណែង​​ជា​​ប្រធានាធិបតី​រុស្ស៊ីឡើង​វិញ។​ ហេតុ​អ្វី​បាន​ជា​លោក​ពូទីន​សម្រេច​ថា ​មិន​វត្តមាន​ដោយ​ខ្លួន​គាត់​ផ្ទាល់​ក្នុង​ជំនួប​កំពូល​នោះ?

លោកប្រធានាធិបតីអាមេរិក អូបាម៉ា និង​លោកមេដវេដេវ​នាយករដ្ឋមន្ត្រីរុស្ស៊ី
លោកប្រធានាធិបតីអាមេរិក អូបាម៉ា និង​លោកមេដវេដេវ​នាយករដ្ឋមន្ត្រីរុស្ស៊ី RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

 

មូលហេតុជាផ្លូវការ តាមដែលលោក ពូទីនផ្ទាល់ បានជម្រាបតាមទូរសព្ទ ទៅលោក អូបាម៉ា ប្រធានាធិបតីអាមេរិក ជាប្រទេសម្ចាស់ផ្ទះខាងរៀបចំទទួលជំនួបកំពូល“G-8”នេះគឺ​មក​​ពី​​គាត់​ជាប់​រវល់នឹងការពិនិត្យអនុម័តឲ្យបានរួចស្រេចបាច់ទ្រង់ទ្រាយនិងសមាសភាព គណៈ​រដ្ឋមន្ត្រី​ថ្មី នៅរុស្ស៊ី ដែល ស្នើដោយ លោកនាយករដ្ឋមន្ត្រី មេដវេដេវ។

ហើយកាលណោះទោះបី លោកអូបាម៉ា បានសំដែង “ការយោគយល់”ក្តី ចំពោះធុរៈ​លោក​ពូទីន​ ក៏តាមការបកស្រាយនៃមជ្ឈដ្ឋាននយោបាយនៅទីនេះ មូលហេតុមែនពិត តាមមើលទៅ គឺ មកពី លោកពូទីន អន់ចិត្តនឹងគោលជំហរអាមេរិកដែលបន្តសាងសង់ “ប្រព័ន្ធខែលមីស្ស៊ីល ប្រឆាំងមីស្ស៊ីល” នៅទ្វីបអឺរ៉ុប - ប្រព័ន្ធដែលម៉ូស្គូចាត់ទុកជាការគម្រាមដល់ សន្តិសុខ​ជាតិ​រុស្ស៊ី​ ហើយក្នុងរឿងនេះទីក្រុងវ៉ាស៊ីនតោន នៅតែមិនព្រមផ្តល់ ការធានាជាលាយល័ក្ខអក្សរ មកឲ្យ ម៉ូស្គូ ថា ប្រព័ន្ធនេះ ឥតតម្រង់ប្រឆាំងនឹងរុស្ស៊ីឡើយ។

មិនតែប៉ុណ្ណោះ តាមដែលវិមានក្រេមឡាំង ប្រកាសឲ្យដឹងម្សិលមិញ ប្រទេសទី១ ដែល លោក ពូទីន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋតែម្តង គឺបេឡារុសទេតើ ក្នុងឋានៈជា ប្រទេស បងប្អូនពូជស្លាវដែរ ជំនិតបំផុត នឹងរុស្ស៊ី។ ទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣១ឧសភា ខាងមុខ។ តាមមតិអ្នកវិភាគខ្លះ ទស្សនកិច្ចនេះអាចមានន័យជាការផ្គើនឲ្យស.រ.អានិងសហ​ភាព​​អឺរ៉ុបដែលបន្តដាក់ទណ្ឌកម្មនយោបាយ ទល់នឹងបេឡារុស។ ហើយបន្ទាប់ពី បេឡារុស លោកពូទីន នឹងអញ្ជើញ ទៅកាន់ ប្រទេសចិន ជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ី។ តមកទៀត ក្នុងគម្រោងរបស់លោកពូទីន គឹ ប្រហែលជាប្រទេសបារាំង ដ្បិតគាត់បានសន្ទនា តាមទូរស័ព្ទ​៣​លើកទៅហើយ ជាមួយលោក François Hollande ប្រធានាធិបតីថ្មីនៃប្រទេសនេះ គឺនៅ​ថ្ងៃ​៧, ៨ និង ១២ឧសភា។

មកពីអវត្តមាន រូបលោកពូទីនផ្ទាល់ បានជា អ្នកនាំពាក្យរបស់សេតវិមាន ក្រុងវ៉ាស៊ីនតោន លោក Jay Carney ប្រកាសថាក្នុងក្របខ័ណ្ឌជំនួប G-8 លោកប្រធានាធិបតីអូបាម៉ានឹងទទួល​ជួប លោកនាយករដ្ឋមន្ត្រី មេដវេដេវ គឺ ៖ ទី១ ដោយបង្ខើចរយៈពេលជួប, ទី២- ជំនួប​នោះ​នឹង​ពុំ​ប្រព្រឹត្ត​ទៅ ក្នុង”ការិយាល័យរាងពងក្រពើ” នៃសេតវិមានដូចដែលមាន គ្រោង​ធ្វើ​ជា​មួយ​លោក​​ពូទីនឡើយ ហើយទី៣- ក្នុងជំនួបជាមួយលោកមេដវេដេវ គឺមានឆូត ចេញទៅហើយ បញ្ហា ទាក់ទងនឹង”ប្រព័ន្ធខែលមីស្ស៊ីលប្រឆាំងមីស្សីល” និងបញ្ហា សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេ​ភាគី។

បញ្ហាដែលឆូតចេញនេះ នឹងត្រូវលោកប្រធានាធិបតីអាមេរិក អូបាម៉ា លើកយកទៅពិភាក្សា គឺពេលគាត់ ជួបផ្ទាល់ជាមួយសមភាគីរុស្ស៊ី លោកពូទីន ក្នុងបរិវេណនៃ ជំនួបកំពូល G-20 នៅ ប្រទេស Mexique ក្នុងថ្ងៃ១៨-១៩ មិថុនា ខែក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ