អានតួអត្ថបទ
កម្ពុជា-អាមេរិក

អាមេរិក​អញ្ជើញ​អ្នកកាសែត​បរទេស​ទៅ​យក​ព័ត៌មាន​បោះឆ្នោត

មជ្ឈមណ្ឌល​ព័ត៌មាន​បរទេស​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​រៀបចំ​កម្មវិធី​សម្រាប់​អ្នកកាសែត​បរទេស​ដើម្បី​ពួកគេ​អាច​យក​ព័ត៌មាន​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។​អ្នកកាសែត​បរទេស​ចំនួន​៥០​នាក់ ដែល​ក្នុង​នោះ​ក៏មាន​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​វិទ្យុបារាំង​អន្តរជាតិ​ផង​ដែរ កំពុង​ជួប​ជុំគ្នា​នៅក្នុង​មជ្ឈមណ្ឌល​ព័ត៌មាន​បរទេស​នៃ​ក្រសួង​ការបរទេស​អាមេរិក​ដើម្បី​សិក្សា​អំពី​ដំណើរការ​បោះឆ្នោត​នៅ​អាមេរិក។ អ្នកកាសែត​ទាំងនោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើការ​នៅ​តាម​បណ្តា​រដ្ឋ​សំខាន់ៗ​របស់​អាមេរិក​ដែល​បេក្ខជន​​ប្រធានាធិបតី​ទាំងពីរ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

អ្នក​កាសែត​បរទេស​ទាំង​៥០​នាក់ កំពុង​ធ្វើ​សិក្ខាសាលា​អំពី​ការ​តានដាន​ព័ត៌មាន​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក
អ្នក​កាសែត​បរទេស​ទាំង​៥០​នាក់ កំពុង​ធ្វើ​សិក្ខាសាលា​អំពី​ការ​តានដាន​ព័ត៌មាន​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ©rfi-ដឺលុច
ផ្សាយពាណិជ្ជកម្ម

 

អ្នកកាសែត​បោះពុម្ព អនឡាញ វិទ្យុ និង​ទូរទស្សន៍​មក​ពី​ប្រទេស​ចំនួន​៤៦​គ្រប់​ជ្រុង​នៃ​ពិភពលោក​បាន​កំពុង​ជួប​ជុំ​គ្នា​នៅក្នុង​មជ្ឈមណ្ឌល​ព័ត៌មាន​បរទេស​នៃ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​ទីក្រុង​វ៉ាស៊ីនតោនឌីស៊ី។ អ្នកកាសែត​ទាំង៥០​នាក់​កំពុង​រៀនអំពី​ដំណើរការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក មុន​នឹង​ពួកគេ​ត្រូវ​ចេញ​ទៅ​ធ្វើ​ការ​នៅ​តាម​អង្គភាព​ព័ត៌មាន​របស់​​អាមេរិក​នៅ​ក្នុង​រដ្ឋ​នានា​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ការស្ទង់មតិ​តាមដាន​ប្រជាប្រិយភាព​នៃ​បេក្ខជន​ប្រធានាធិបតី ការ​ប្រើប្រាស់​ថវិកា​ក្នុង​ការ​ឃោសនា​បោះឆ្នោត តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​សារព័ត៌មាន​នៅ​ក្នុង​ការបោះឆ្នោត ការវិភាគ​ទៅ​លើ​ប្រជាប្រិយភាព​របស់​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ លោក បារ៉ាក់ អូបាម៉ា និង​លោក​មីត រ៉ូមនី ទាំងអស់​នេះ​គឺ​ជា​កម្មវិធី​សិក្សា​២ថ្ងៃ​សម្រាប់​អ្នកកាសែត​បរទេស​ទាំង​៥០​នាក់។

កម្មវិធីនេះ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​អ្នកកាសែត (International Center for Journalists) ​ដែលគាំទ្រ​ដោយ​មជ្ឈមណ្ឌល​ព័ត៌មាន​បរទេស​ (Foreign Press Center) នៃ​ក្រសួង​ការបរទេស​អាមេរិក។ កម្មវិធី​នេះ​មាន​រយៈពេល​១៨​ថ្ងៃ ចាប់​ពីថ្ងៃទី​២៣​តុលា​ដល់​ថ្ងៃ​ទី១០​វិច្ឆិកា។

លោក​Patrick Butler អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​អ្នកកាសែត​បាន​ថ្លែង​អោយ​ដឹង​ថា​ កម្មវិធី​នេះ​នឹង​អនុញ្ញាត​អោយ​អ្នកកាសែត​បរទេស​យល់​ និង​ដក​ពិសោធន៍​អំពី​ការងារ​របស់​អ្នកកាសែត​អាមេរិក​នៅ​ក្នុង​ការបោះឆ្នោត។ ហើយ​អ្នកកាសែត​បរទេស​ទាំងនេះ​នឹង​អាច​សរសេរ​អត្ថបទ​សម្រាប់​ស្ថាប័ន​របស់​ខ្លួន​ពី​សហរដ្ឋ​អាមេរិក​ដោយ​ផ្ទាល់​តែ​ម្តង។

នៅក្នុង​សិក្ខាសាលា​២​ថ្ងៃ អ្នកជំនាញ​ជាង​១០​រូប​ដូចជា អ្នកកាសែត អ្នកស្រាវជ្រាវ និង​អ្នកវិភាគ​ត្រូវ​បានធ្វើ​មកធ្វើ​ជា​វាគ្មិន និង​ធ្វើ​បទបង្ហាញ​ជាច្រើន​សម្រាប់​អ្នកកាសែត​បរទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ