អានតួអត្ថបទ
ស.រ.អា.

លោក​អូបាម៉ា មាន​ប្រៀប​ជាង​លោក រ៉ូមនី នៅ​ក្នុង​ការ​តស៊ូ​មតិ​លើក​ទីពីរ

បី​សប្តាហ៍​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ចូល​មក​ដល់ លោក​បារ៉ាក់ អូបាម៉ា និង​លោក មីត រ៉ូមនី បាន​ជួប​ជជែក​តស៊ូ​មតិ​ តាម​កញ្ចក់​ទូរទស្សន៍​ ជា​លើកពីរ នៅ​យប់​ថ្ងៃ​អង្គារ​ទី ១៦ តុលា។ ការ​ជជែក​ដេញ​ដោលគ្នា​ ដែល​ត្រូវ​បាន​តាម​ដាន​យ៉ាង​ល្អិត​ល្អន់​បំផុត​ ដូច​លើក​ទី​មួយ​ដែរ​ (កាល​ពី​១៥​ថ្ងៃ មុន) បាន​ធ្វើ​ឱ្យ​អ្នក​ធ្វើ​អត្ថាធិប្បាយ​ភ្ញាក់​ផ្អើល​ខ្លាំង។ ថ្វី​ដ្បិត​តែ​ លើក​នេះ លោក​មីត រ៉ូមនី នៅ​តែ​មាន​​​ភាព​​ជំនឿ​ជាក់​ខ្លាំង​ តែ​លោក​ប្រធានាធិបតី​ផុត​អាណត្តិ​ អូបាម៉ា ហាក់​មុះមុត​ជាង។ ការ​តស៊ូ​មតិ​លើក​នេះ ខុស​ស្រឡះ​ពី​លើក​ទី​មួយ។

លោក Barack Obama និង​លោក​  Mitt Romney ក្នុង​ការ​តស៊ូ​មតិ​តាម​ទូរទស្សន៍​លើក​ទីពី​នៅ​Hempstead ថ្ងៃទី​១៦​តុលា ២០១២
លោក Barack Obama និង​លោក​ Mitt Romney ក្នុង​ការ​តស៊ូ​មតិ​តាម​ទូរទស្សន៍​លើក​ទីពី​នៅ​Hempstead ថ្ងៃទី​១៦​តុលា ២០១២ © reuters
ផ្សាយពាណិជ្ជកម្ម

 

ទាំង​ទម្រង់ ទាំង​អត្ថន័យ និង​ទាំង​ស្ទីស ខុស​ស្រឡះ​ពី​ការ​​​តស៊ូ​មតិ​ នៅ​ Denver កាលពី​១៥​ថ្ងៃ​មុន។ ទម្រង់​នៃ​ការ​ជជែក​ដេញ​ដោលមួយ​ទល់​នឹង​មួយ​ ​លើក​នេះ គឺ​ជា​ ​ « Town hall Meeting » ដោយ​ឆ្លើយ​​នឹង​សំណួរ​របស់​ម្ខាស់​ឆ្នោត ជ្រើស​រើស​ដោយ​អ្នក​កាសែត​។ បេក្ខជន​ទាំង​ពីរ​ឆ្លើយ​ឆ្លង​ដោយ​ផ្ទាល់​ ទៅ​កាន់​អ្នក​បោះឆ្នោត​មាន​វត្តមាន​ក្នុង​បន្ទប់​ផ្សាយ​ ដូច្នេះ​ការ​តស៊ូ​មតិ​នេះ​ មាន​ទម្រង់​ដូច​គ្រូ​ឆ្លើយ​នឹង​សិស្ស។

ចំពោះ​ស្ទីល​ វិញ លោក​បារ៉ាក់​ អូបាម៉ា និយាយ​ក្នុ​ងលក្ខណៈ​វាយ​លុក​ខ្លាំង​ជាង​លើក​មុន កុងកាច់​ដៃ​គូ និង​មាន​សកម្មភាព។ បេក្ខជន​ទាំង​ពីរ ជជែក​គ្នា​តឹង​សរសែ​ក​ខ្លាំងៗ​ លើ​សំណុំ​រឿង ឧស្សាហកម្ម​ប្រេង យុទ្ធសាស្ត្រ​ពន្ធដា​ ឬ​ការ​​វាយ​ប្រហារស្ថានទូត​​​អាមេរិក នៅ​បិនហ្កាហ្ស៊ី​ប្រទេស​លីប៊ី ។

លើ​ផ្នែក​ខ្លឹមសារ​នៃ​ការ​ជជែក​ដេញ​ដោល​វិញ បេក្ខជន​ទាំង​ពីរ​មិន​សូវ​លើក​ឡើង​អំពី​ចំណុច​បច្ចេកទេស​ ដូច្នេះ​ស្តាប់​ទៅ​មិន​សូវ​ធុន​លើក​ទី​មួយ ម្នាក់ៗ​លើក​ឡើង​ពី​ទស្សនៈ​របស់​ខ្លួន​លើ​សំណុំ​រឿង​អន្តរជាតិ និង​អនាគត​សហរដ្ឋ​អាមេរិក។

ជា​សរុប​ លោក​អូបាម៉ា មាន​ប្រៀប​ជាង​លោក​មីត​រ៉ូមនី ដោយ​បង្ហាញ​កាយវិការ​វាយ​លុក​ខ្លាំង តែ​មិន​បំពាន​​ ឆ្លើយ​តប​បាន​ទៅ​នឹង​សេចក្តី​រង់​ចាំ​របស់​បណ្តាជន​អាមេរិក។ ប៉ុន្តែ​មិន​អាច​លើក​ដៃ​ជ័យោ​បាន​នៅ​ឡើយ​ទេ ព្រោះ​បើ​តាម​ការ​ស្ទង់​មតិ​របស់​ទូរទស្សន៍ CNN មាន​បណ្តា​ជន​អាមេរិក​តែ ៤៦%​ប៉ុណ្ណោះ​ឱ្យ​លោក​ឈ្នះ ទល់​នឹង​៣៩%​គាំទ្រ​លោក​មីត រ៉ូមនី។ នៅ​សល់​ការ​តស៊ូ​មតិ​លើក​ទីបី ជា​លើក​ចុង​ក្រោយ នៅ​ថ្ងៃ​ចន្ទ​ទី​២១​តុលា ជា​អ្នក​អារកាត់​សម្រេច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ