អានតួអត្ថបទ
អាមេរិក-ចិន

វត្តមាន​​របស់​​ស.រ.អា.​​នៅអាស៊ី​​មិនមែន​​សម្រាប់​​ប្រឆាំង​​នឹង​​ប្រទេស​​ណាមួយ​​ឡើយ​​

“សហរដ្ឋ​អាមេរិក​មិនមែន​ទៅ​អាស៊ី​ដើម្បី​ធ្វើការ​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​ឡើយ”​ ​ នេះ​ជា​សេចក្តី​ប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍​ទី៦​កញ្ញា​នេះ​ ដោយ​លោកស្រី​គ្លីនតុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ នាឱកាស​ទស្សនកិច្ច​ក្នុងតំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ ​ ដែល​ត្រូវគេ​មើលឃើញ​ថា​ ​ ជាការ​ឆ្លើយតប​ទៅនឹង​ឥទ្ធិពល​និង​អានុភាព​ដ៏​ខ្លាំងក្លា​របស់​ប្រទេស​ចិន​ក្នុង​តំបន់។  

​លោកស្រី​គ្លីនតុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក និង​នាយករដ្ឋមន្ត្រី​ ទីម័រខាងកើត លោក​ Xanana Gusmao
​លោកស្រី​គ្លីនតុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក និង​នាយករដ្ឋមន្ត្រី​ ទីម័រខាងកើត លោក​ Xanana Gusmao © RFI
ផ្សាយពាណិជ្ជកម្ម

“ទស្សនកិច្ច​ចំនួន​១០ថ្ងៃ​និង​នៅក្នុង​៦ប្រទេស​គឺពិតជា​សារមួយ​ដ៏​ជាក់ច្បាស់​បង្ហាញ​ឲ្យ​ឃើញថា​ ​ សហរដ្ឋ​អាមេរិក​ធ្លាប់ជា​និង​នៅតែ​ជា​មហាអំណាច​មួយ​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក”​ ​ នេះ​ជា​ការ​ប្រកាស​របស់​លោកស្រី​គ្លីនតុន​ នាឱកាស​ទស្សនកិច្ច​នៅ​ប្រទេស​ទីម័រ​ខាងកើត​ ​ រដ្ឋអាស៊ី-អាគ្នេយ៍​តូចមួយ​ដែល​ទទួល​ជា​លើក​ទីមួយ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក។

 
“សហរដ្ឋ​អាមេរិក​មិនមែន​មក​​អាស៊ី​ដើម្បី​ធ្វើការ​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​ឡើយ​ ​ ហើយ​អាមេរិក​យល់ថា​ ​ តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​គឺជា​តំបន់​ដ៏​សែន​ធំទូលាយ​ ​ និង​អាច​អនុញ្ញាត​ឲ្យ​ប្រទេស​ជាច្រើន​ចូល​រួម​សកម្មភាព​ធ្វើការ​អភិវឌ្ឍន៍​តំបន់​”​ ​ នេះ​សេចក្តី​ប្រកាស​បន្ថែម​របស់​លោកស្រី​គ្លីនតុន។

ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​តានតឹង​រវាង​ស.រ.អា.​ជាមួយ​ប្រទេសចិន​ស្តីពី​បញ្ហា​ស៊ីរីវិញ​ ​ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ថា​ ​ “​ប្រទេស​មហាអំណាច​ទាំងពីរ​នឹង​ខិតខំ​ធ្វើការ​សម្រុះ​សម្រួល​នឹងគ្នា”។

នាឱកាស​ទស្សនកិច្ច​នៅ​កោះ​ទីម័រខាងកើត​នេះ​ ​ លោកស្រី​គ្លីនតុន​បាន​ថ្លែង​ឲ្យដឹង​ទៀតថា​ ​ “​ស.រ.អា.​នឹង​ផ្តល់​ជំនួយ​ឲ្យ​បាន​ច្រើន​ជូន​ប្រទេស​ទីម័រ​ខាងកើត”​ ​ រដ្ឋ​អាស៊ី-អាគ្នេយ៍​ដ៏​តូច​មួយ​នេះ​ មាន​ប្រជាជន​ប្រមាណ​១លាន​១សែននាក់​រស់នៅ​ ​ ហើយ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​ភាព​ក្រីក្រ​ ​ ក្រោយពី​បាន​ស្គាល់​សង្គ្រាម​អស់​រយៈ​រាប់​ទសវត្សរ៍​ដែលបាន​ផ្តាច់​ជីវិត​ប្រជាជន​អស់​ប្រមាណ​១/៤។​ គួរបញ្ជាក់ថា​ ​ កោះទីម័រ​ខាងកើត​បាន​ត្រូវ​ឈ្លានពាន​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ឆ្នាំ១៩៧៥​ ​ ក្រោយពី​ការចាកចេញ​នៃ​កងកម្លាំង​អាណានិគម​ព័រទុយហ្កាល។​ ទីម័រ​ខាងកើត​បាន​ទទួល​ឯករាជ្យ​ពេញលេញ​នៅ​ឆ្នាំ២០០២។

សូមបញ្ជាក់ថា​ ​ ស.រ.អា.​បាន​ពង្រឹង​កងកម្លាំង​យោធា​របស់ខ្លួន​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ ​ ដោយបាន​ដាក់​បន្ថែម​ទាហាម​ម៉ារីន​ប្រមាណ​២ ៥០០នាក់​នៅ​តំបន់​​ទីក្រុង​ Darwin ​ដែលជា​ទីក្រុង​ឋិត​នៅ​ប៉ែកខាងជើង​នៃ​ប្រទេស​អូស្ត្រាលី​ ​ ឋិតនៅ​ទល់មុខ​កោះ​ទីម័រ​ខាងកើត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ