អានតួអត្ថបទ
ថៃ

ប្រមុខ​អាវ​ក្រហម​ថៃ​ម្នាក់​ជាប់​ទោស​៧​ឆ្នាំ​ពី​បទ​រិះគន់​របប​រាជានិយម

៧​ឆ្នាំ​កន្លះ​ក្នុង​ពន្ធនាគារ ! នេះ​ជា​ទោស​ដែល​តុលាការ​ថៃ​សម្រេច​ផ្តន្ទា​​ លោក ស៊ុរ៉ាឆៃ ដនវ៉ាតាណានុសន តំណាង​​សកម្មជន​នៃ​ចលនា​អាវ​ក្រហម​​ ពីបទ​បាន​ជេរ​ប្រមាថរបប​រាជា​និយម។ ប៉ុន្តែ​​​សាលក្រម​​ថ្ងៃ​នេះ ត្រូវ​បាន​គេ​បរិហារ​ថា​​មាន​លក្ខណៈ​នយោបាយ​។

លោក ស៊ុរ៉ាឆៃ ដនវ៉ាតាណានុសន ហៅ ស៊ុរ៉ាឆៃ សែ ដន ក្រោយ​សាលក្រម​
លោក ស៊ុរ៉ាឆៃ ដនវ៉ាតាណានុសន ហៅ ស៊ុរ៉ាឆៃ សែ ដន ក្រោយ​សាលក្រម​ TheNation
ផ្សាយពាណិជ្ជកម្ម

អាយុ​៧១​ឆ្នាំ អតីត​សមាជិក​គណបក្ស​កុម្មុយនិស្ត -អតីត​មេដឹកនាំ​ចលនា​ Red Siam សាខា​ជ្រុល​និយម​មួយ​របស់​ចលនា​អាវ​ក្រហម​ថៃ លោក ស៊ុរ៉ាឆៃ ដនវ៉ាតាណានុសន ឬ​ ស៊ុរ៉ាឆៃ សែ ដន ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​​មួយ​ឆ្នាំ​មក​ហើយ​ពី​បទ​បាន​ធ្វើ​សុន្ទរកថា​ រិះគន់​​របប​រាជានិយម ក្នុង​អំឡុង​ឆ្នាំ​២០០៨-២០១០។

 
ថ្ងៃ​នេះ​តុលាការឧក្រិដ្ឋកម្ម​ថៃ ​ចេញ​សាលក្រម​ ដាក់​​ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​១៥​ឆ្នាំ ប៉ុន្តែ​ត្រូវ​សម្រាល​មក​ត្រឹម​ ៧ឆ្នាំ​កន្លះ​វិញ ព្រោះ​លោក​ ស៊ុរ៉ាឆៃ​ បាន​សារភាព​ទោស​មួយ​ចំនួន។ សំរាប់​តុលាការ តំណាង​ចលនា​អាវក្រហម​រូប​នេះ បាន​​ប្រព្រឹត្ត​​កំហុស​ជេរ​ប្រមាថ និង​រិះគន់​​របប​រាជានិយម​ដល់​ទៅ​ប្រាំ​ដង។ តែ​ពីរ​ករណី​ត្រូវ​លើក​លែង​ តាម​រយៈ​ការ​ទទួល​ស្គាល់​កំហុស។ ដូច្នេះ​នៅ​សល់​បីករណី​ ដែល​តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​ ដាច់ដោយ​ឡែក​ពីគ្នា មួយ​ករណី​ៗ ពីរ​ឆ្នាំ​កន្លះ។

ប៉ុន្តែ​មេធាវី​របស់​​លោក ស៊ុរ៉ាឆៃ នឹង​មិន​នៅ​ស្ងៀម​ត្រឹម​នេះ​ទេ លោក​នឹង​ធ្វើ​បណ្តឹង​ឧទ្ធរណ៍ ព្រោះ​ទាំង​រូប​លោក​ផ្ទាល់​ ក៏​ដូច​ជា​បញ្ញាជន​ជាច្រើន អង្គការ​នានា រួម​ទាំង​គណៈកម្មការស្វែង​ការពិត​ដើម្បី​ផ្សះផ្សា​ជាតិ សុទ្ធ​តែ​យល់​ថា​ សំណុំ​រឿង​ក្តី​នេះ មាន​លាយ​លំ​ និង​ច្របូក​ច្របល់​ទៅ​ដោយ​បញ្ហា​នយោបាយ និង​សម្គាល់​ឃើញ​ថា ជន​ជាប់​ចោទ​ភាគ​ច្រើន​ ជា​សកម្មជន​​អាវ​ក្រហម ឬ​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន អតីត​នាយក​រដ្ឋមន្ត្រី​ថៃ។

សូម​បញ្ជាក់​ថា ​នៅ​ប្រទេស​ថៃច្បាប់​ការពារ​រាជវង្ស និង​របប​រាជា​និយម​ ជា​ច្បាប់​ដែល​តឹង​តែង​ជា​គេ​បំផុត​នៅ​លើ​ពិភពលោក។ ព្រះ​មហាក្សត្រ​ ភូមិបុល ជន្មាយុ​៨៤​វស្សា ត្រូវ​បាន​បណ្តា​ជន​ថៃ​គោរព​ស្ទើរ​ស្មើ​នឹង​ព្រះ។ រាជវង្ស​គ្មាន​តួនាទី​នយោបាយ​មែន ប៉ុន្តែ​តុលាការ​តែង​​ដាក់​ទោស​ យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដល់​រាល់​ជន​ណា​ដែល​ហ៊ាន​ប្រមាថ​ព្រះចេស្តា​​ស្តេច​ ឬ​រិះគន់​របប​រាជានិយម។ ការ​ផ្តន្ទាទោស​មាន​ស្ទើរ​តែ​រាល់​ខែ ៖ កាលពី​ខែ​ធ្នូ​ ២ឆ្នាំ​កន្លះ​សំរាប់​ជនជាតិ​អាមេរិក ដើម​កំណើត​ថៃ -ស្ត្រី​សមាជិក​អាវ​ក្រហម​ម្នាក់​​បាន​ទទួល​ទោស​ជាប់ពន្ធនាគារ​១៥​ឆ្នាំ​ពី​បទ​និយាយ​ប៉ះពាល់​ដល់​កិត្តិនាម​ព្រះ​មហាក្សត្រ។ ខែ​វិច្ឆិកា ២០១១- តា​អំពុង​ បាន​ទទួល​ទោស​២០​ឆ្នាំ​ ​ ពី​បទ​បាន​​ប្រើ​សារ​តាម​ទូរស័ព្ទ​ទៅ​នាយករដ្ឋមន្ត្រី​ប្រមាថ​ព្រះ​រាជិនី ដែល​កាលណោះ​បាន​បង្ក​បង្កើត​ឱ្យ​មាន​ចលនា​បាតុកម្ម​​ លើក​ដំបូង​ប្រឆាំង​នឹង​​ច្បាប់​ការពារ​ព្រះ​មហាក្សត្រ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ