អានតួអត្ថបទ
ថៃ

ប៉ូលិស​កោះហៅ​សាស្រ្តាចារ្យ​សកលវិទ្យាល័យ ក្រោម​បទ​ចោទ​ប្រកាន់​ជេរប្រមាថ​ព្រះមហាក្សត្រ

សាស្រ្តាចារ្យ​ប្រវត្តិវិទ្យា​​របស់​សកលវិទ្យាល័យ​ធម្មសាត្រ ក្នុង​ក្រុងបាងកក ម្នាក់​ត្រូវ​បាន​​ប៉ូលិស​ថៃ​កោះហៅ ឲ្យ​ចូលជួប នៅថ្ងៃ​ពុធ​ស្អែក​ដើម្បី ដឹងឮ​ការចោទប្រកាន់​ទៅលើ​រូបលោក ពី​បទ​ជេរប្រមាថ​ដល់​ព្រះរាជបល្ល័ង្កថៃ។ លោក​ស៊ុំសាក់ ជីមតេរ៉ាសាគុល អាយុ ៥៣​ឆ្នាំ ជា​សាស្ត្រាចារ្យ​ដែល​មាន​គេ​គោរពច្រើន និង​ធ្លាប់​បាន​ធ្វើ​បាឋកថា​ដែល​រំលឹក​ឲ្យ​គេពិចារណា​ពី​អនាគត​របប​រាជានិយម ក្នុង​ប្រទេស​ថៃ។

ព្រះចៅ​ភូមិបុល អាប់ឌុលយ៉ាដេត​ជា​ព្រះមហាក្សត្រ​ដែល​គេ​គោរព​កោតខ្លាច​ជាងគេ​។ អ្នកដែល​ហ៊ាន​ប្រមាថ​ព្រះចេស្តា​ព្រះអង្គ​អាច​ប្រឈម​មុខ​នឹង​ការជាប់គុក ១៥​ឆ្នាំ
ព្រះចៅ​ភូមិបុល អាប់ឌុលយ៉ាដេត​ជា​ព្រះមហាក្សត្រ​ដែល​គេ​គោរព​កោតខ្លាច​ជាងគេ​។ អ្នកដែល​ហ៊ាន​ប្រមាថ​ព្រះចេស្តា​ព្រះអង្គ​អាច​ប្រឈម​មុខ​នឹង​ការជាប់គុក ១៥​ឆ្នាំ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

នៅក្នុង​ប្រទេស​ថៃ រដូវកាលនេះ ​ជា​រដូវ​ប្រមាញ់​អ្នក​ដែល​ហ៊ាន ​និយាយ​ប្រមាថ​ដល់​ព្រះមហាក្សត្រ ឬរបប​រាជានិយម។ បន្ទាប់ពី មេដឹកនាំ​ក្រុម​អាវក្រហម ពេលនេះ ដល់​វេន ក្រុមបញ្ញវន្ត​ដែល​អាជ្ញាធរ​ថៃ ចាប់ផ្តើម​សើរើ និង​ចោទ​ពីបទ​និយាយ​ប៉ះពាល់​ដល់​​ព្រះចេស្តា​ព្រះមហាក្សត្រ ឬ​គ្រួសារ​រាជវង្ស។

ស្នងការ​ប៉ូលិស ទីក្រុង​បាងកក​បាន​បញ្ជាក់ ថា ភ្នាក់ងារ​របស់​លោក​ពិត​ជា​បាន​កោះហៅ​ លោក​ស៊ុំសាក់ ជីមតេរ៉ាសាគុល ឲ្យ​ចូល​ទៅ បង្ហាញ​ខ្លួន នៅប៉ុស្តិ៍​ប៉ូលិស នៅ​ថ្ងៃ​ពុធ​ទី ១១​ឧសភា​នេះមែន។ លោក​ស៊ុំសាក់​វិញ​បាន​និយាយ​ថា លោក​បាន​ទទួល​លិខិត​កោះហៅ ប៉ុន្តែ ប៉ូលិស​មិន​បាន​ប្រាប់លោក​ពី​មូលហេតុ​លំអិត​នោះទេ។

ទោះជា​ប៉ូលិស​មិន​បាន​ប្រាប់​ពី បទចោទប្រកាន់ ប៉ុន្តែ លោក​ស៊ុំសាក់​ដែល ជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​សិល្បៈ របស់​សកលវិទ្យាល័យ​ធម្មសាត្រ ដឹង​មុន​ហើយ​រួចហើយ​ពី​បំណង​បង្រ្កាប​របស់​អាជ្ញាធរថៃ។ នៅក្នុង​សន្និសីទ​របស់លោក កាលពី​ខែ​មេសា ដែល​ចូលរួម​ដោយ សាស្រ្តាចារ្យ ជាង ៥០០​រូប មន្រ្តីទូត​បរទេស អ្នកកាសែត​បរទេស សាស្ត្រាចារ្យ​រូបនេះ បាន​លើកឡើង​ថា លោកធ្លាប់​ទទួល​សារគំរាម​កំហែង​ឲ្យ​ចេញ​ពី​ប្រទេស និង​ធ្លាប់​មាន​ម៉ូតូ​ប៉ូលិស​ឧស្សាហ៍​ចេញចូល​ទៅ​ចត​មុខផ្ទះ​របស់គាត់។

លោក​ស៊ុំសាក់​ជឿ​ថា ពួកយោធា​ជា​អ្នកប្តឹង ចង់ចាប់​រូបលោក ក្រោមបទ​ចោទប្រកាន់​ជេរប្រមាថ​ព្រះមហាក្សត្រ បន្ទាប់​ពី​លោក​ធ្លាប់​បាន​លើកឡើង ពីការស្នើ​ឲ្យ​ធ្វើ​កំណែទម្រង់​រាជានិយម នៅក្នុង​ឱកាស​ថ្លែង​បាឋកថា របស់លោក នៅចុងឆ្នាំមុន។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​បរទេស សាស្ត្រាចារ្យ​ថៃរូបនេះ​និយាយ​​ថា លោក​ពិតជា​បាន​ស្នើ​ឲ្យ​គេ​ធ្វើ​កំណែទម្រង់ ប៉ុន្តែ មិនមែន​ឲ្យ​គេ​គាស់រម្លើង​ព្រះរាជ​បល្ល័ង្កថៃ​នោះទេ។ ត្រង់ចំណុច​នេះ លោក​ស៊ុំសាក់​នៅតែ​បញ្ជាក់ថា លោក​នៅតែគាំទ្រ​ឲ្យ​រាជានិយម​មានជា​បន្ត ក្នុង​ប្រទេស​ថៃ។

សូមបញ្ជាក់ថា ក្នុង​បទ​ចោទ​ប្រកាន់​ដូចគ្នា កាលពី​ជាង​ពាក់កណ្តាល​ខែ​មេសា អាជ្ញាធរ​ថៃ​បាន​កោះហៅ​មេដឹកនាំ​ចលនា​ក្រុមអាវក្រហម ១៨​នាក់ និង​​បាន​ចាប់ឃាត់ខ្លួន ​សកម្មជន​ក្រុមអាវក្រហម​ម្នាក់ ដែល​បម្រុង​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​កម្ពុជា។ ប្រមុខ​ដឹកនាំ​យោធា​ថៃ​ដែល​ដើរតាម​ព្រះមហាក្សត្រ​យ៉ាងខ្ជាប់ខ្ជួន​ធ្លាប់បាន​និយាយ កាលពី​ដើមខែ​មេសា​ហើយ​ថា យោធា​ថៃ​នឹង​ប្រើអំណាច​របស់ខ្លួន​ដើម្បី​បង្រ្កាបអ្នកណា​ដែល​ហ៊ាន​និយាយ​ប្រមាថ ប៉ះពាល់​ដល់​ព្រះចេស្តា​ព្រះមហាក្សត្រ។ លោក​ប្រាយុទ្ធ ចាន់ អូចា​នៅបាន​ព្រមាន​មិន​ឲ្យ​គ្រប់បុគ្គល​ឯករាជ្យ និង​គណបក្ស​នយោបាយ យក​ព្រះរាជបល្ល័ង្ក​ទៅ លាយឡំ​ក្នុង​ការពិភាក្សា និយាយ​ដេញដោលគ្នា ក្នុង​ការឃោសនា​បោះឆ្នោត​ខាងមុខ​នេះទេ។

ក្នុង​ឆ្នាំ ២០០៩ តុលាការ​ថៃ​បាន​បើក​សវនាការ​លើ​ ករណី​ជេរប្រមាថ​ព្រះមហាក្សត្រ ចំនួន​១៦៤ករណី។ អ្នកវិភាគ​មួយ​ចំនួន​បាន​វាយតម្លៃថា តួលេខ​នេះ​បាន​កើនឡើង កាន់តែ​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ។ ហើយ​អ្នកដែល​ទទួលទោស​ភាគច្រើន​ជា​សកម្មជន​នយោបាយ និង​អ្នកបង្កើត​វិបសៃត៍ ចំណែក​សមាជិក​គណបក្ស​ប្រឆាំង ឬ​បញ្ញវន្ត​ត្រូវ​រត់គេច​ចេញ​ពី​ប្រទេស ដើម្បី​គេចចេញ​ពី​ការជាប់គុក ១៥ឆ្នាំ ក្នុង​បទ​ចោទប្រកាន់​ជេរប្រមាថ​ព្រះមហាក្សត្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ