អានតួអត្ថបទ
កម្ពុជា

លោក ​Patrick Devillers​ ធ្វើ​សាក្សី​ក្នុង​សំណុំរឿង​ភរិយា​លោក​ប៉ូ ស៊ីឡៃ​

ជា​​ហេតុការណ៍​​ដែល​​កម្រ​​នឹង​​មាន​នៅ​​ពេល​​ដែល​​នគរបាល​ជាតិ​​​បញ្ចេញ​​រឿង​ដ៏​​ចម្រូង​​ចម្រាស​​មួយ​​ជា​​សាធារណៈ​។​ គេហ​ទំព័រ​​នគរបាល​​ជាតិ ​​បាន​​ផ្សាយ​​រូបភាព​​វីដេអូ​​នៃ​ការចេញ​ដំណើរ​របស់​ជនជាតិ​បារាំងលោក ​​Patrick Devillers នៅ​យប់​​ថ្ងៃ​អង្គារ​ដើម្បី​បង្ហាញ​​ថា​ជន​ជាតិ​​បារាំង​ដ៏​​ចម្រូងចម្រាស​​នេះ​បាន​​ចាក​ចេញ​​ដោយ​​គ្មាន​រង​​សម្ពាធ។ ប៉ូលិស​​ក៏​​បាន​​ធ្វើ​​បទ​សម្ភាសន៍​​ជា​មួយ​ជន​ជាតិ​​បារាំង​​រូប​​នេះ​​ដែរ​ ដែល​និយាយ​ថា​ លោក​​ចាក​ចេញ​​ដើម្បី​​សហការ​​ជា​មួយ​​អាជ្ញាធរ​ចិន​​ក្នុង​​សំណុំ​រឿង​លោកស្រី​ ហ្គូ​ កៃឡៃ ​ដែល​​ជា​​ភរិយា​របស់​​អតីត​​អ្នក​នយោបាយ​​ចិន​​អស់​​អំណាច​​ ប៉ូ ស៊ីឡៃ។​

ជនជាតិ​​បារាំង​ Patrick​ Henri​ Devillers​ បង្ហាញ​លិខិត​ឆ្លងដែន​ដល់​មន្ត្រី​អន្តោ​ប្រវេសន៍​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្ងៃ​១៧​កក្កដា​២០១២​
ជនជាតិ​​បារាំង​ Patrick​ Henri​ Devillers​ បង្ហាញ​លិខិត​ឆ្លងដែន​ដល់​មន្ត្រី​អន្តោ​ប្រវេសន៍​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្ងៃ​១៧​កក្កដា​២០១២​ REUTERS/Phnom Penh Police/Handout
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​​នៃ​ការ​ចាប់​ខ្លួន​ជនជាតិ​បារាំង​ គឺ​លោក Patrick Devillers ដែល​​អាជ្ញាធរ​មិន​សូវ​និយាយ​​​នោះ បាន​លេច​ចេញ​បន្តិច​ម្តងៗ​ រហូត​ដល់​ពេល​នេះ។ ទើប​តែ​ពេល​នេះ បាន​គេ​ដឹង​ថា អាជ្ញាធរ​ចិន​បាន​ស្នើ​អោយ​អាជ្ញាធរ​កម្ពុជា​ចាប់​ឃាត់​ខ្លួន​លោក​ Patrick Devillers ក្នុង​សំណុំ​រឿង​​របស់​លោកស្រី​ហ្គូ កៃឡៃ ដែល​ជា​ភរិយា​របស់​អតីត​អ្នក​នយោបាយចិន​អស់​អំណាច​ គឺ​លោក​ប៉ូ ស៊ីឡៃ។

 
គឺ​លោក​ Patrick Devillers ​ខ្លួន​ឯង​ដែល​និយាយ​យ៉ាង​ដូច្នេះ នៅ​ក្នុង​បទសម្ភាសន៍​វីដេអូ​ខ្លី​មួយ​នៅ​មុន​ពេល​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​ដែល​វីដេអូ​សម្ភាសន៍ ​និង​រូបភាព​​នៃ​ការចាកចេញ​ពី​កម្ពុជា​នោះត្រូវ​បាន​គេ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​ព័ត៌មាន​នគរបាល​ជាតិ។

ជនជាតិ​បារាំង​រូប​នេះ​ ត្រូវ​បាន​គេ​ដឹង​ថាមាន​ទំនាក់ទំនង​ស្និទ្ធ​ជាមួយ​នឹង​ប្តី​ប្រពន្ធ​លោក​ប៉ូ ស៊ីឡៃ ដែល​ជា​អតីត​អ្នកនយោបាយ​ជាន់ខ្ពស់​ចិន​មួយ​រូប ហើយ​កំពុង​ត្រូវ​ស៊ើបអង្កេត​ក្នុង​ករណី​ពុករលួយ។ រីឯ​ភរិយា​របស់​លោក គឺ​លោកស្រី ហ្គូ កៃឡៃ​នោះ ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា​កន្លង​ទៅ ក្នុង​បទសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​អ្នក​ជំនួញ​ជនជាតិ​អង់គ្លេស​ម្នាក់។

ស្ថាបត្យករ​បារាំង​អាយុ​៥២​ឆ្នាំ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​១៣​មិថុនា​នោះ ក៏​បាន​បញ្ជាក់​ផង​ដែរថា លោក​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ទៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ដោយ​ខ្លួន​ឯង។​​ ​ថ្លែង​​ប្រាប់​​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP លោក​ឧត្តម​សេនីយឯក​គៀត ចន្ទថារិទ្ធ អ្នក​នាំពាក្យ​អគ្គ​ស្នងការ​​​នគរបាលជាតិ​បាន​ពន្យល់​ថា វីដេអូ​នេះ​ចង់​បង្ហាញ​ថាលោក Patrick Devillers បាន​​ចាកចេញ​ពី​កម្ពុជា​ដោយ​គ្មាន​គំនាប ហើយ​ថា មិន​មែន​កម្ពុជា​បញ្ជូន​លោក​ Patrick Devillers​​ចេញ​​ពី​ប្រទេស​កម្ពុជា​នោះ​ឡើយ។

រដ្ឋាភិបាល​បារាំង​បាន​តាម​ដាន និង​តាម​ការពារ​ពលរដ្ឋ​របស់​ខ្លួន​យ៉ាង​ម៉ត់ចត់។ នៅក្នុង​សន្និសីទ​​​កាសែត​កាលពី​ពេល​ថ្មីៗ​ក្នុង​សប្តាហ៍​នេះ អ្នក​នាំពាក្យ​ក្រសួង​កាបរទេស​បារាំង ​បាន​ប្រាប់​អោយ​ដឹង​ថា លោក​ Patrick Devillers ​បាន​និយាយ​ប្រាប់​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ថា អាជ្ញាធរ​ចិន​បាន​សន្យា​ផ្តល់​ការ​ធានា​មួយ​ចំនួន​ដល់​រូប​លោក។ យោងតាម​អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​បារាំង​ដដែល នៅពេល​ដែល​លោក​ Patrick Devillers​ ស្ថិត​នៅ​ក្នុង​ប្រទេស​​ចិន ស្ថានទូត​បារាំង​ប្រចាំ​ប៉េកាំង​នឹង​បន្ត​តាម​ការពារ​ពលរដ្ឋ​បារាំង​របស់​ខ្លួន​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ