អានតួអត្ថបទ
កម្ពុជា

ក្រុម​ស្ត្រីបឹងកក់​ផ្តើម​យុទ្ធនាការ​ដើរ​ហែក្បួន តវ៉ា​រឿង​ជម្លោះ​ដី​ដ៏​រ៉ាំរ៉ៃ នៅ​កណ្តាល​ក្រុងភ្នំពេញ

ក្រុម​ស្ត្រី​បឹងកក់​ប្រមាណ ៣០០ នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០​មេសា​នេះ បាន​ចាប់ផ្តើម​យុទ្ធនាការ ដើរ​ហែ​ក្បួន នៅ​រាជធានី​ភ្នំពេញ រយៈពេល​មួយ​សប្តាហ៍​។ ក្បួន​បាតុកម្ម​របស់​ស្ត្រី​បឹងកក់ ទោះបីជា​មាន​កម្លាំង​សមត្ថកិច្ច ឈរ​ពាំង រាំងផ្លូវ​ក៏ដោយ តែ​មិន​មាន​អំពើហិង្សា​កើតឡើង​ទេ​។ ក្រុម​ស្ត្រី​បឹងកក់ បាន​ហែ​ក្បួន ដាក់​ញត្តិ សុំ​អន្តរាគមន៍​ពី​បណ្តា​ស្ថានទូត​ប្រទេស​មហាអំណាច ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា ព្រមទាំង​ដាក់​ញត្តិ​ទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ដើម្បី​កំណត់​ព្រំដែន​នៅ​បឹង​កក់ ដែល​ត្រូវ​ផ្តល់​ឲ្យ​អ្នកភូមិជាង ១២ ហិកតា និង​បញ្ឈប់​ការគាបសង្កត់​លើ​ពលរដ្ឋ តាមរយៈ​ការប្តឹង​ផ្តល់​ទៅ​តុលាការ ជាដើម​។​

ពលរដ្ឋ​សហគមន៍​បុរីកីឡា​អ្នកភូមិបឹងកក់​និង​សហគមន៍​៣៤៧​​ដង្ហែរក្បួន​យកញត្តិ​ដាក់ជូន​លោកនាយករដ្ឋមន្រ្តី​ឲ្យជួយអន្តរាគម​ន៍ក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃនាពេលកន្លងមក
ពលរដ្ឋ​សហគមន៍​បុរីកីឡា​អ្នកភូមិបឹងកក់​និង​សហគមន៍​៣៤៧​​ដង្ហែរក្បួន​យកញត្តិ​ដាក់ជូន​លោកនាយករដ្ឋមន្រ្តី​ឲ្យជួយអន្តរាគម​ន៍ក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃនាពេលកន្លងមក RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

ក្រុម​ស្ត្រី​បឹងកក់ ពាក់អាវ​យឺត និង​មួកកន្តឹប ពណ៌​ផ្ទៃមេឃ ដោយ​មាន​សរសេរ​អក្សរ​ពាក្យស្លោក និង​លើក​បដា​រូបភាព បង្ហាញ​ពី​សកម្មភាព​វាយបំផ្លាញ​ផ្ទះសម្បែង បាន​ដង្ហែ​ក្បួន​បាតុកម្ម​ដីធ្លី នៅ​ព្រឹក​មិញ។ ស្ត្រី​បឹងកក់​ក៏​បាន​កាន់​ទង់ជាតិ​កម្ពុជា ទង់​អាស៊ាន ទង់ជាតិ​ប្រទេស​មហា​អំណាច សហភាព​អឺរ៉ុប និងទង់ជាតិ​អង្គការសហប្រជាជាតិ ដើរ​តាម​ដងផ្លូវ​ជាច្រើន នៅ​ទីក្រុង​ភ្នំពេញ​។​ ស្ត្រី​សកម្មជន​មួយចំនួន បានដាក់​ច្រវា​ក់ដៃ បង្ហាញថា ជា​អ្នកទោស​ដីធ្លី និង​ពាក់​ម៉ាស់​គូសសញ្ញា​ខ្វែ​ង ដែល​បង្ហាញ​ពី​ការ​បំបិទ​សិទ្ធិសេរីភាព ក្នុង​ការ​និយាយ​ស្តី​។

ក្រុម​ស្ត្រី​ប្រមាណ ៣០០ នាក់ បានដើរ​ហែ​ក្បួន ចេញពី​តំបន់​បឹងកក់ ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ហើយ​ស្រែក​ទាមទារ​រក​ដំណោះស្រាយ លើ​បញ្ហា​ដីធ្លី​នៅ​បឹង​កក់ ជាពិសេស​ទាមទារ​ឲ្យ​អាជ្ញាធរ បោះ​ព្រំប្រទល់​ដី​ទំហំ ១២,៤៤ ហិកតា ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បឹង​កក់​។ ក្បួន​បាតុកម្ម បាន​ហែ​ញត្តិ ទៅ​ដាក់​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ស្ថានទូត​ជប៉ុន ទៅកាន់​ព្រឹទ្ធសភា និង​ដាក់​នៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ដើម្បី​សុំ​អន្តរាគមន៍ រក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​នៅ​បឹង​កក់​។ នៅតាម​ផ្លូវ ត្រូវបាន​ក្រុម​ប៉ូលិស និង​ប៉េអឹម ឈរ​រាំង មិន​ឲ្យ​ស្ត្រី​បាតុករ ហែ​ក្បួន ឆ្លងកាត់​ផ្លូវ​ធំៗ​មួយចំនួន​។ ក៏ប៉ុន្តែ​មិន​មាន​អំពើហិង្សា​កើតឡើង​ទេ ព្រោះ​បាតុកម្ម​របស់​ស្ត្រី​សកម្មជន​ដីធ្លី​ទាំងនោះ មាន​ច្បាប់​ពី​សាលាក្រុង​។

តំណាង​ប្រជាពលរដ្ឋ​បឹងកក់ អ្នកស្រី ទេព វ​ន្នី បានឲ្យដឹងថា ស្ត្រី​បឹងកក់ ចង់ឲ្យ​មាន​ការបោះ​ព្រំប្រទល់​ដី ១២,៤៤ ហិកតា ដែល​ប្រមុខ​រដ្ឋាភិបាល បាន​ផ្តល់ឲ្យ​ប្រជាពលរដ្ឋ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែ​ង ព្រមទាំង​ទាមទារ កុំ​ឲ្យ​មន្ត្រីអាជ្ញាធរ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន កាត់​ប្រជាពលរដ្ឋ​ជាង ៩៤ គ្រួសារ​ចេញពី​ដី​ទំហំ​ជាង ១២ ហិកតា ហើយ​ដាក់​ឈ្មោះ​ក្រុមហ៊ុន​ចូល​ជំនួស​។ ក្រុម​ពលរដ្ឋ​បឹងកក់ ក៏​ចង់បង្ហាញ​ពី​ស្ថាប័ន​តុលាការ សព្វថ្ងៃ មិន​ឯករាជ្យ ត្រូវបាន​មន្ត្រី​ពុករលួយ​មួយ​ចំនួន ឃុបឃិត​គ្នា ប្រើប្រាស់​ប្រព័ន្ធ​តុលាការ មក​គាបសង្កត់​ប្រជាពលរដ្ឋ។ បញ្ហា​ដីធ្លី នៅ​បឹង​កក់ កើតឡើង​ចាប់តាំងពី​រដ្ឋាភិបាល សម្រេច​ប្រគល់​ដី​ទំហំ​ជាង ១៣០ ហិកតា ឲ្យ​ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ិន អភិវឌ្ឍ​ជា​ទីក្រុង​រណប កាលពី​ឆ្នាំ​២០០៦​។

គម្រោង​អភិវឌ្ឍន៍​នោះ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៤.០០០ គ្រួសារ​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​បឹងកក់ ដែល​សេសសល់​ពី​ការ​បណ្តេញ​ចេញប្រមាណ ១.០០០ គ្រួសារ ត្រូវ​បាន​រដ្ឋាភិបាល​ស​ម្រេច​កាត់​ដី ១២,៤៤ ហិកតា ដើម្បី​អភិវឌ្ឍ​នៅ​នឹង​តំបន់​បឹង​កក់​។ តែ​បញ្ហា​នៅតែ​កើតមាន មិនទាន់​ចប់​នៅឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ