អានតួអត្ថបទ
ចិន

តុលាការចិន​ដាក់ទោស​ប្រហារ​ជីវិត​មនុស្ស​៣នាក់​ ពីបទ​ហិង្សា​នៅ​ស៊ីនជាំង​​ក្នុង​​​ខែ​​មិថុនា​​

នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ តុលាការ​ចិនបាន​​ដាក់ទោស​​ប្រហារជីវិត​មនុស្ស​៣នាក់​ និង​ម្នាក់​ទៀត​ អោយ​​ទទួលទោស​ជាប់ពន្ធនាគារ​២៥ឆ្នាំ​ ក្នុង​អំពើ​ហិង្សា​សម្លាប់​មនុស្ស​ នៅ​ខេត្ត​ស៊ីនជាំង​ កាលពី​ខែមិថុនាកន្លងទៅ។ គួរ​រំលឹក​ថា កាលពី​ខែ​មិថុនា បាតុកម្ម​ហិង្សា​​នៅ ខេត្ត​ស៊ីនជាំង​ ដែល​ជា​តំបន់​សំបូរ​​ដោយអ្នកកាន់​សាសនា​អ៊ីស្លាម​រស់​នៅ បាន​បង្ក​អោយ​មាន​មនុស្ស​ស្លាប់​ជាង​១០នាក់។

រូបភាព​​ទូរទស្សន៍​CCTV បង្ហាញ​អំពី​ការបះបោរ​ហិង្សា​ នៅ​ខេត្ត​ស៊ីនជាំង កាលពី​ខែ​កក្កដា ឆ្នាំ​២០០៩។
រូបភាព​​ទូរទស្សន៍​CCTV បង្ហាញ​អំពី​ការបះបោរ​ហិង្សា​ នៅ​ខេត្ត​ស៊ីនជាំង កាលពី​ខែ​កក្កដា ឆ្នាំ​២០០៩។ REUTERS-CCTV via Reuters TV
ផ្សាយពាណិជ្ជកម្ម

ចិន​បាន​ចាត់ទុក​អំពោះ​ហិង្សា​ថ្ងៃ​ ២៦មិថុនា​ កន្លងទៅ​ នៅ​ខេត្ត​ស៊ីនជាំង​ ថា​ជា​ការ​​វាយប្រហារ​ភេរវកម្ម​សម្លាប់​មនុស្ស។ ក្នុង​ហេតុផល​នេះ អាជ្ញាធរចិន​បាន​ពង្រឹង​សន្តិសុខ​យ៉ាងតឹងតែង នៅ​ក្នុង​តំបន់ និង​បាន​សន្យា​ថា មិន​​លើកលែង​​ដល់បណ្តា​​ជន​ដែលទទួលខុសត្រូវ​​ក្នុង​អំពើ​ហិង្សា​បែបនេះ​ឡើយ។

ជាក់ស្តែង នៅថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​បាន​ដាក់ទោស​ជន៣នាក់ អោយ​ទទួលទោស​ប្រហារជីវិត និង​ជនម្នាក់ទៀត​អោយ​ជាប់គុក​២៥ឆ្នាំ ពី​បទ​បង្ក​អំពើហិង្សា​​កាលពី​ខែ​មិថុនា​នោះឯង។ យោងតាម​កាសែត​ចិន​ថ្មី​ ក្នុង​បាតុកម្ម​ហិង្សា​នៅខែ​មិថុនា​កន្លងទៅ នៅខេត្ត​ស៊ីនជាំង គេ​សង្កេត​ឃើញ​មាន​ក្រុម​មនុស្ស​ប្រដាប់​ដោយ​កាំបិត​ បាន​នាំគ្នា​មក​វាយប្រហារ​ការិយាល័យ​ប៉ូលិស​ និង​ទីកន្លែង​ជាច្រើន​ទៀត​នៅ​ក្នុង​ឃុំ Lukqun។ បន្ទាប់​មក ប៉ូលិស​បាន​បាញ់​តប​ទៅវិញ បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​៣៥នាក់។

កាលពី​ខែ​សីហា​ កន្លងទៅ តុលាការ​ចិន​ក៏​ធ្លាប់​បាន​ដាក់ទោស​​​ប្រហារជីវិត​ដល់​មនុស្សពីរនាក់​​ផ្សេងទៀត​ផងដែរ ពី​បទ​ភេរវកម្មហិង្សា​​កាលពី​ខែ​មេសា​ ដែល​បាន​ធ្វើអោយ​មនុស្ស​២១នាក់​បាត់បង់ជីវិត។ អំពើហិង្សា​ដែល​គេ​មិន​អាច​បំភ្លេច​បាននៅ​ខេត្ត​ស៊ីនជាំង គឺ​អំពើ​ហិង្សា​​​ឆ្នាំ​២០០៩ ​រវាង​ជនជាតិ​អ៊ុយហ្គួរ​​ និង​ជនជាតិ​ហាន ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​២០០នាក់។

ខេត្ត​ស៊ីនជាំង​ ​​សំបូរ​ដោយ​អ្នកកាន់សាសនា​អ៊ីស្លាម​​​ជា​ជនជាតិ​អ៊ុយហ្គួររស់នៅ។ ខេត្ត​នេះ​ស្ថិត​​ក្នុង​​តំបន់​សំបូរ​ដោយ​​ធនធាតិ​ធម្មជាតិ។ រដ្ឋាភិបាល​​ចិន​បាន​ពង្រឹង​សន្តិសុខ និង​បង្កើន​ការវិនិយោគ​នៅទីនោះ។​ ប្រជាជន​អ៊ុយហ្គួរ​​ខេត្ត​ស៊ីនជាំង​ បាន​តវ៉ាប្រឆាំង​​នឹង​នយោបាយ​​រដ្ឋាភិបាល​ចិន។ ពួកគេ​ចាត់ទុក​ថា នយោបាយ​រដ្ឋាភិបាល​ចិន បាន​​គាបសង្កត់ ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី និង​សាសនា​​ជនជាតិ​អ៊ុយហ្គួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ