អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អាមេរិក

អាមេរិក​និង​អាហ្វហ្កានីស្ថាន​សំរេចបាន​ផ្នែកខ្លះៗ​នៃ​កិច្ចព្រមព្រៀង​សន្តិសុខ​ទ្វេភាគី​

សារព័ត៌មាន​បារាំង​បានចុះផ្សាយ​នៅថ្ងៃ​អាទិត្យ​នេះថា ​អាមេរិក​និង​អាហ្វហ្កានីស្ថាន​​ ​​បាន​ព្រមព្រៀង​គ្នា​លើ​ចំនុច​មួយចំនួន ទាក់ទង​កិច្ចព្រមព្រៀង​​​​សុវត្ថិភាព​សន្តិសុខ​ទ្វេភាគីជុំវិញ​វត្តមាន​អាមេរិក​នៅអាហ្វហ្កានីស្ថាន។ មុន​នឹង​សំរេច​បាន​​ផ្នែកខ្លះៗ​នៃកិច្ចព្រមព្រៀង​នេះ ប្រមុខការទូត​អាមេរិក ចន ឃែររី បាន​ពិភាក្ស​យ៉ាង​ស្វិតស្វាញ​​ រយៈ​ពេល​២ថ្ងៃ ជាមួយ​​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ ហាមីឌ កាហ្សៃ។ ទោះយ៉ាងនេះ​ក្តី ភាគីទាំង២​នៅ​មិនទាន់​ដោះស្រាយ​​ចេញ​នូវ​បញ្ហា​​អភ័យ​ឯកសិទ្ធ​របស់​កងទ័ព​អាមេរិក​ នៅ​អាហ្វហ្កានីស្ថាននោះទេ។

ប្រមុខការទូត​អាមេរិកJohn Kerry ​(ឆ្វេង) ជួប​​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzaï កាលពីថ្ងៃសៅរ៍​ទី​១២តុលា ម្សិលមិញ។
ប្រមុខការទូត​អាមេរិកJohn Kerry ​(ឆ្វេង) ជួប​​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzaï កាលពីថ្ងៃសៅរ៍​ទី​១២តុលា ម្សិលមិញ។ REUTERS/Mohammad Ismail
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​អាហ្វហ្កានីស្ថាន នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍ម្សិលមិញ ប្រមុខការទូត​អាមេរិក​ ចន ឃែររី បាន​​​​ពិភាក្សា​​​ជាមួយ​ប្រធានាធីបតី​អាហ្វហ្កានីស្ថាន ​ស្តីពី​កិច្ចព្រមព្រៀង​សុវត្ថិភាព​​សន្តិសុខ​​ទ្វេភាគី។

កិច្ចព្រមព្រៀង​សន្តិសុខ​ទ្វេភាគីនេះ សំដៅ​ត្រួតពិនិត្យ​​វត្តមាន​អាមេរិក​នៅអាហ្វហ្កនីស្ថាន នៅចុងឆ្នាំ​២០១៤ ពេល​ដែល​​បេសកកម្ម​កងទ័ព​អង្គការ​អូតង់​ត្រូវបញ្ចប់។ ភាគីប្រទេស​ទាំងពីរ​បានឈាន​ទៅដល់​កិច្ចព្រមព្រៀង​មួយចំនួន ពិសេស​​បញ្ហា​ទាក់ទង​បែបបទ​នៃ​អន្តរាគមន៍​​ទាហាន​អាមេរិក​។ ប៉ុន្តែ បញ្ហា​ទាក់ទង​អភ័យឯកសិទ្ធកងទ័ព​អាមេរិក​ នៅ​មិនទាន់​ដោះស្រាយ​បាន​ទេ។

ក្រុងវ៉ាស៊ីនតោន​​ចង់អោយ​តុលាការ​អាមេរិក​ជាអ្នក​កាត់ទោស​កងទ័ព​អាមេរិក​​ដែល​ជាប់សង្ស័យ​ក្នុង​បទឧក្រិដ្ឋ​នៅអាហ្វហ្កានីស្ថាន​ គឺមិនមែន​តុលាការ​អាហ្វហ្កានីស្ថាន​ជាអ្នក​សំរេច​នោះទេ។ ​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​បានលើកឡើងថា បញ្ហា​នេះ​​គឺ​ស្ថិត​នៅ​ក្រោមការសំរេច​របស់​​​​បណ្តា​មេដឹកនាំ​​​កុលសម្ព័ន្ធ​ និង​អ្នក​តំណាង​សង្គម​នានា​នៅ​អាហ្វហ្កានីស្ថាន ដែល​ក្រុងកាប៊ូល​​​ហៅថា Loya Jirga នោះ។ ​

ទោះយ៉ាងនេះ​ក្តី ប្រមុខការទូត​អាមេរិក​​​​​បាន​សំដែង​អាកប្បកិរិយា​អោយ​គេ​គិត​ថា ប្រធានាធិបតី​កាហ្សៃ បាន​យល់ព្រម​​នូវ​ចំណុច​នេះ ជាមួយ​អាមេរិក ដោយ​នៅ​រង់ចាំ​តែ​ការសំរេច​ចុងក្រោយ ពី​អ្នកទទួលខុសត្រូវ​នៅអាហ្វហ្កានីស្ថាន​ទាំង​នោះ​ប៉ុណ្ណោះ។

ដោយឡែក អាជ្ញាធរ​​ក្រុងកាប៊ូល​ បាន​បដិសេធ​មិន​ព្រម​ចុះហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​​ ដែល​អនុញ្ញាត​អោយ​ទ័ព​អាមេរិក​ធ្វើ​ប្រតិបត្តិការ​​​​​​​​​​តាម​ទំនើងចិត្ត​ខ្លួន​ ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន ពិសេស​​ប្រតិបត្តិការ​កំចាត់​ក្រុម​អាល់កៃដា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ