អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

ក្រុមតាលីបង់​វាយប្រហារ​កុងស៊ុល​អាមេរិក​នៅ​ភាគ​ខាងលិច​អាហ្វហ្កានីស្ថាន​

នៅ​ថ្ងៃ​សុក្រ​នេះ ក្រុមឧទ្ទាម​តាលីបង់​បាន​វាយប្រហារ​កុងស៊ុលអាមេរិក​ នៅ​ខេត្ត​ហេរ៉ាត ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ បណ្តាល​អោយ​​មាន​មនុស្ស​ស្លាប់​ម្នាក់ និង​១៨នាក់​ផ្សេងទៀត​រងរបួស។ ​ គ្មាន​ជនជាតិ​អាមេរិក​ណាម្នាក់​ត្រូវ​បាន​ស្លាប់​ រឺរងរបួស​ក្នុង​ការ​វាយប្រហារ​នេះទេ។ ជនរងគ្រោះ​សុទ្ធតែ​ជា​ជនជាតិ​អាហ្វហ្កានីស្ថាន។ ​​ ដោយឡែក ក្នុង​ឱកាស​រំលឹកខួប​ភេរវកម្ម​​ខែកញ្ញាឆ្នាំ​២០១១ នៅ​​អាមេរិក​នោះ មេដឹកនាំ​ក្រុមអាល់កៃដាថ្មី អៃម៉ាន អាល់ហ្សាវ៉ាហ៊ីរី បានអំពាវនាវ​អោយ​មាន​​ការវាយប្រហារ​ជាទ្រង់ទ្រាយ​​តូចៗ​​ប្រឆាំង​ទៅនឹង​អាមេរិក​ និង​​​មិនអោយ​មានការ​រាប់រក​បណ្តា​ប្រទេស​​សម្ព័ន្ធមិត្ត​អាមេរិក​​ផងដែរ។​

កងកម្លាំង​អាហ្វហ្កានីស្ថាន​​ត្រួតពិនិត្យ​រថយន្ត​ដែល​ដុត​ឆេះ នៅពីមុខកុងស៊ុលអាមេរិក ក្នុង​ខេត្តហេរ៉ាត នៅ​ថ្ងៃ​សុក្រនេះ។
កងកម្លាំង​អាហ្វហ្កានីស្ថាន​​ត្រួតពិនិត្យ​រថយន្ត​ដែល​ដុត​ឆេះ នៅពីមុខកុងស៊ុលអាមេរិក ក្នុង​ខេត្តហេរ៉ាត នៅ​ថ្ងៃ​សុក្រនេះ។ REUTERS/Mohammad Shoib
ផ្សាយពាណិជ្ជកម្ម

នៅ​​ព្រឹក​ព្រហាម​ ថ្ងៃ​សុក្រ​នេះ នៅ​​ភាគខាងលិច​​ប្រទេស​អាហ្វហ្កានីស្ថាន ក្រុម​ឧទ្ទាម​តាលីបង់​៧នាក់​ បាន​នាំគ្នា​បំផ្ទុះ​រថយន្ត​មួយគ្រឿង នៅ​ជិត​កុងស៊ុល​អាមេរិក ក្នុង​ខេត្ត​ហេរ៉ាត។ ហើយ​រថយន្ត​មួយគ្រឿង​ទៀត បាន​ត្រូវ​ដុត​ឆេះ នៅ​ពី​មុខ​អគារ​កុងស៊ុល។ នេះ​បើ​យោងតាម​​លោក អាប់ឌុល ហាមីឌ ហាមេឌី អនុប្រធាន​ផ្នែក​សន្តិសុខ​​ខេត្ត​ហេរ៉ាត។​ ​

ក្រុមឧទ្ទាម​៥នាក់​​ និង​​ក្រុមសន្តិសុខ​បានបាញ់​​ប្រឈមមុខ​គ្នា ហើយ​ក្រុមឧទ្ទាម​​ទាំងអស់​នោះ​ត្រូវ​បាន​សម្លាប់។ ការ​វាយប្រហារ​កុងស៊ុលអាមេរិក នៅ​ថ្ងៃ​សុក្រនេះ មិនបាន​ធ្វើអោយ​ជនជាតិ​អាមេរិក​ណាមួយ ត្រូវ​ស្លាប់​រឺ​រងរបួស​នោះទេ តែ​បាន​សម្លាប់​អ្នកយាមកាម​​អាហ្វហ្កានីស្ថាន​ម្នាក់ និងបង្ក​របួស​ដល់​អ្នកយាមកាម​​ពីរនាក់ និង​ប៉ូលិស​ពីរនាក់ផ្សេងទៀត។

អ្នកនាំពាក្យ​​តាលីបង់ ការី យូស៊ុហ្វ អាម៉ាឌី បានចេញមុខ​ប្រកាស​ថា ក្រុមតាលីបង់​ជាអ្នក​បង្ក​ភេរវកម្ម​នេះ ដើម្បី​បង្ហាញថា ជនជាតិ​អាមេរិក​គ្មាន​សុវត្ថិភាព​សន្តិសុខ​ នៅ​អាហ្វហ្កានីស្ថាន​នោះទេ។ លោក ចេម ឃុននិងហ្កាំ ​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន​ បាន​ថ្កោលទោសភេរវកម្ម​នេះ​​ថា ជា​ការ​​​ស្រោច​ឈាម​ជនជាតិ​អាហ្វហ្កនីស្ថាន​​លើ​ទឹកដី​អាហ្វហ្កានីស្ថាន​តែម្តង។

ខេត្ត​ហេរ៉ាត​​​ជាប់ព្រំប្រទល់​ជាមួយ​អ៊ីរ៉ង់ ជា​ខេត្ត​សេដ្ឋកិច្ច​សំខាន់​ នៅភាគខាងលិច​ប្រទេស។ រហូត​មកដល់ពេលនេះ ខេត្ត​នេះ​​រង​អំពើហិង្សា​តិចតួចជាងគេ ប្រៀបធៀប​ជាមួយ​តំបន់​ផ្សេងទៀត។

ក្រុមតាលីបង់​បាន​បដិសេធ​ចរចា​​សន្តិភាព​ ដោយ​ផ្ទាល់​ជាមួយ​ប្រធានាធិបតី ហាមីឌ កាហ្សៃ ព្រោះ​ចាត់ទុក​លោក​កាហ្សៃ​ថា ជា​អាយ៉ង​របស់​អាមេរិក។​ ដោយឡែក ថ្មីៗនេះ ប៉ាគីស្ថាន​បាន​ប្រកាស​​ថា ចង់ដោះលែង ​ហ្កានី បារ៉ាដា ដែល​ជា​ជនសំខាន់​ទី២នៃ​ក្រុមតាលីបង់​ អោយមាន​សេរីភាព​ឡើងវិញ ដើម្បី​អោយ​បារ៉ាដា ​បញ្ចុះបញ្ចូល​ក្រុមតាលីបង់​អោយ​ចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ក្រុងកាប៊ូល៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ