អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អង់ហ្គោឡា ប្រទេស​មហា​សេដ្ឋី​ប្រេង​នៅ​អាហ្វ្រិក​ តែ​ប្រជាជន​ក្រីក្រ​បំផុត ​កំពុង​បោះឆ្នោត​ប្រធានាធិបតី​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ពុធ​ទី​ ២៣​សីហា​នេះ ​ប្រជាជន​អង់ហ្គោឡា ​នឹង​ត្រូវ​ចូលរួម​បោះឆ្នោត ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ មក​ស្នង​តំណែង ​ពី​លោក ​ Dos Santos ​ដែល​ត្រូវ​ចូល​និវត្តន៍ ​បន្ទាប់​ពី​បាន​អង្គុយ​កៅអី​ប្រធានាធិបតី​នេះ ​ អស់​រយៈពេល​៣៨​ឆ្នាំ ​មក​ហើយ។ អង់ហ្គោឡា ​គឺ​ជា​ប្រទេស​អាហ្រ្វិក​មួយ ​ដែល​មាន​ជង្រុគ​ប្រេងកាត​ ​ដ៏​មហាសាល ​ តែ​យ៉ាងណា ​ប្រជាជន​អង់ហ្គោឡា ​ត្រូវ​ស្ថិត​ក្នុង​ភាព​ក្រីក្រ ​ក៏​ដោយសារ​តែ​ប្រទេស​នេះ ​ពោរពេញ​ដោយ​អំពើ​ពុករលួយ ​បក្ស​ពួក​និយម។ តើ​ប្រធានាធិបតី​ថ្មី ​អាច​នឹង​ផ្តល់​ក្តី​សង្ឃឹម​យ៉ាង​ណា​ខ្លះ ​ដល់​ប្រជាជន​អង់ហ្គោឡា?

វេទិកាឃោសនា​បោះឆ្នោត​របស់​​បេក្ខជន​​លោក​ Lourenço ​មកពី​បក្ស​ MPLA ។ ថ្ងៃទី​​១៧ ​សីហា ​២០១៧
វេទិកាឃោសនា​បោះឆ្នោត​របស់​​បេក្ខជន​​លោក​ Lourenço ​មកពី​បក្ស​ MPLA ។ ថ្ងៃទី​​១៧ ​សីហា ​២០១៧ REUTERS/Stephen Eisenhammer
ផ្សាយពាណិជ្ជកម្ម

គេ​អាច​ចាត់ទុក​បាន​ថា​ អង់ហ្គោឡា​ ជា​ប្រទេស​មាន​សំណាង​ជាង​​ប្រទេស​អាហ្វ្រិក​ដ៏ទៃ​ទៀត ​ព្រោះ​ថា​​ប្រទេស​នេះ​​ គឺ​ជា​ជង្រុក​ប្រេងកាត ​ ដ៏​ធំ​មហាសាល។ ក៏​ប៉ុន្តែ​បើ​យើង​ក្រលេក​មក​មើល​ស្ថានភាព​ សេដ្ឋកិច្ច​របស់​ប្រជាជន​អង់ហ្គោឡា​ បច្ចុប្បន្ន​នេះ​វិញ ​នោះ​យើង​​មិន​ចង់​ជឿ​ទេ​ថា ​ ប្រទេស​នេះ​ជា​ប្រទេស​មហាសេដ្ឋី​ប្រេង។

សង្រ្គាម​ស៊ីវីល ​ដណ្តើម​អំណាច​គ្នា​រយៈពេល​៣០​ឆ្នាំ

អង់ហ្គោឡា​ បាន​ឆ្លងកាត់​សង្រ្គាម ​ អស់​រយៈពេល​ជិត​៣០​ឆ្នាំ។ សង្រ្គាម​ទាមទារ​ឯករាជ្យ ​ពី​ប្រទេស​ព័រទុយហ្កាល់ ​បាន​ចាប់ផ្តើម​ឡើង​នៅឆ្នាំ​១៩៦១។ ក្រោយ​ពី​បាន​ឯករាជ្យ​នៅ​ឆ្នាំ ​១៩៧៥ ​អង់ហ្គោឡា ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​សង្រ្គាម​ស៊ីវីល ​ដណ្តើម​អំណាច​គ្នា ​រវាង​ភាគី​នយោបាយ​បី​បក្ស ​គឺ​ក្រុម​ចលនា​ប្រជាជន​រំដោះ​អង់ហ្គោឡា ​ដែល​មាន​ទំនោរ​ទៅ​ខាង​ទ្រីស្តី​កុម្មុយនីស្តិ​សូវៀត ​(MPLA)​ ក្រុម​សម្ព័ន្ធជាតិ​ដើម្បី​ឯករាជ្យ​ពេញលេញ ​ហៅកាត់​ថា ​Unita​ និង​ក្រុម​សមរភូមិជាតិ​រំដោះ​អង់ហ្គោឡា ​(FNLA)​ ដែល​មាន​ទំនោរ​ទៅ​រក​ប្រទេស​លោក​ខាង​លិច។

សហគមន៍​អន្តរជាតិ ​បាន​ជួយ​ជ្រោមជ្រែង ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព ​នៅឆ្នាំឆ្នាំ​១៩៩៤។ តែយ៉ាង​ណា កិច្ចព្រមព្រៀងនោះ មិន​បាន​បញ្ចប់សង្រ្គាម​ ភ្លាមៗទេ​ ពោល​​សង្រ្គាម​ស៊ីវីល​ ​បាន​អូស​បន្លាយ ​រហូត​ទាល់តែ​ដល់​ ឆ្នាំ២០០២​ នៅ​ពេល​ដែល​មេក្រុម​ Unita ​ឈ្មោះ​ Jonas Savimbi ​បាន​ស្លាប់។ ពេលនោះ​កងកម្លាំង​ Unita ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទំលាក់​អាវុធ​ជា​ផ្លូវការ។

អង្គុយលើ​គំនរ​មាសប្រាក់​ បាន​មក​ពី​ប្រេងកាត

បន្ទាប់​ពី​បាន​បិទ​បញ្ចប់​សង្រ្គាម​ស៊ីវីល ​អង់ហ្គោឡា ​បាន​ហក់​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​សេរី ​បើក​ទ្វារ​ប្រទេស​ដើម្បី ​បូម​ប្រេង ​និង​នាំប្រេង​កាត​ចេញ​យក​ទៅលក់។ គឺ​ពេល​នោះ​ហើយ ​ ដែល​មេដឹកនាំ​អង់ហ្គោឡា​ គិត​ថាខ្លួន​ កំពុង​អង្គុយ​លើ​គំនរ​មាស​ប្រាក់។ មិនដល់​១០​ឆ្នាំ​ផង ​រដ្ឋាភិបាល​លោក ​dos Santos ​ បាន​ប្រើប្រាស់​ប្រាក់​វិនិយោគ​បរទេស​ យ៉ាង​សន្ធឹកសន្ធាប់​ ដើម្បី​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ ​ ផ្លូវថ្នល់​ ស្ពាន ​យ៉ាងគ្រឹកគគ្រេង ។ អាគារ​ទំនើប ​ខ្ពស់ៗ​កប់​ពពក​ បាន​ដុះ​រីក​ដូចផ្សិត ​នៅ​ទីក្រុង ​Luanda ​រដ្ឋធានី​អង់ហ្គោឡា។ នៅ​រវាង​ដើម​ទស្សវត្សឆ្នាំ​២០០០ ​ទីក្រុង​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ ថា​ជា​ទីក្រុង ​ដែល​មាន​តម្លៃ​ថ្លៃបំផុត ​មិន​ចាញ់​ទីក្រុង​ធំៗ នៅ​អឺរ៉ុប​ឡើយ។

តែអ្វីៗ​ បាន​រលាយ​សាបសូន្យ​មួយ​រំពេច ​ នៅ​ពេល​ដែល​តម្លៃ​ប្រេងឆៅ ​បាន​ធ្លាក់​ចុះ​ យ៉ាង​គំហុក ​ នៅ​រវាង​ឆ្នាំ​២០១៤។ អង់ហ្គោឡា​ ត្រូវ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ​យ៉ាង​ធ្ងន់ធ្ងរ។ ធ្លាប់តែ​មាន​កំនើន​សេដ្ឋកិច្ច​ ដល់​ទៅ​ជាង​១០% ​ក្នុង​មួយ​ឆ្នាំ ​ អង់ហ្គោឡា ​មាន​មិន​ដល់​១%​ផង​ នៅ​ឆ្នាំ​២០១៥។ ក្រុមហ៊ុន​សហគ្រាស​ បិទ​ទ្វារ​ជា​បន្តបន្ទាប់ ​ ប្រជាជន​គ្មាន​ការងារ​ធ្វើ​ មិន​ថា​យុវជន​ ឬ​មនុស្ស​ចាស់។

ដោយសារ​អំពើ​ពុករលួយ ប្រជាជន​មិនបាន​ទទួលផល​ ពី​កំនើន​សេដ្ឋកិច្ច

ការ​មិនបាន​ត្រៀម​លក្ខខណៈ ​ក្នុង​ការ​ស្វែងរក​ប្រភព​ចំណូល​ផ្សេងទៀត ​ ឲ្យ​សេដ្ឋកិច្ច​ខ្លួន​ គឺ​ជា​ចំណុច​ខ្សោយ​មួយ​ ដែល​គេ​បាន​បន្ទោស​ ដល់​​រដ្ឋាភិបាល​អង់ហ្គោឡា។ តែ​អ្វី​ដែល​គេ​ ច្បាស់​ប្រាកដ ​ ​ពី​មូលហេតុ​នៃ​ភាព​ក្រីក្រ ​លំបាក​វេទនា​របស់​ប្រជាជន​អង់ហ្គោឡា​នោះ ​ គឺ​អំពើ​ពុក​រលួយ​បក្សពួក​និយម ​ដែល​បាន​ចាក់ឫស​ ស៊ីរូង​ គ្រប់​វិស័យ។ ក្នុង​កំឡុង​ពេល​ដែល​អង់ហ្គោឡា ​កំពុងតែ​ទទួល​ផល ​ ​ពី​កំណើន​សេដ្ឋកិច្ច​ តែ​ការពិត ​ ​ជា​កំណើន​ដែល​មាន​តែ​តួលេខ ​ហើយ​បាន​ហុចផល​ តែ​ទៅ​​លើ​ក្រុមហ៊ុន​ឯកជន ​ដែល​កាន់កាប់​ដោយ ​បក្ស​ពួក​របស់​ថ្នាក់​ដឹកនាំ ​ មួយ​ក្តាប់​តូច​តែ​ប៉ុណ្ណោះ។ អង់ហ្គោឡា ​ត្រូវ​បាន​អង្គការ​ដើម្បី​តម្លាភាព​អន្តរជាតិ ​ចាត់ថ្នាក់​ លេខ​១៦៤​ ក្នុង​ចំណោម​១៧៦​ប្រទេស។

លោក​ប្រធានាធិបតី Dos Santos ដែល​កាន់​អំណាច​៣៨​ឆ្នាំ
លោក​ប្រធានាធិបតី Dos Santos ដែល​កាន់​អំណាច​៣៨​ឆ្នាំ Reuters

លោក​ប្រធានាធិបតី​អង់ហ្គោឡា​បច្ចុប្បន្ន ​គឺជា​មនុស្ស​មក​ពី​ចលនា​រំដោះ​អង់ហ្គោឡា ​ដែល​ស្និទ​នឹង​សូវៀត ​ ហើយ​បាន​ឡើង​កាន់​តំណែង​នេះ​ នៅ​ឆ្នាំ​១៩៧៩។ ​បើ​គិត​មក​ដល់​ពេល​នេះ ​ គឺ​លោក ​José Eduardo dos Santos ​បាន​ធ្វើ​ជា​ប្រធានាធិបតី​រយៈពេល​៣៨​ឆ្នាំ​ហើយ។ ៣៨​ឆ្នាំ​មក​នេះ ​ ជោគជ័យ ​ដែល​លោក ​ dos Santos ​បាន​ធ្វើ ​គឺ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ ​នឹង​បក្ស​ពួក​ក្នុង​គណបក្ស​លោក ​ មាន​ទ្រព្យ​សម្បត្តិ​កាន់តែ​​ច្រើន​ទៅៗ។

លោក​ប្រធានាធិបតី​ dos Santos ​ល្បី​ឈ្មោះ​ ខាង​ពូកែ​ចាត់ចែង ​ដាក់​​គ្នាគាត់​ទៅ​គ្រប់​ទីកន្លែង។ នៅ​ឆ្នាំ​២០១៣​ លោក​បាន​តែងតាំង​កូន​ប្រុស ​ឈ្មោះ ​José Filomeno ​ឲ្យ​ធ្វើ​​ជា​នាយក​មូលនិធិ​វិនិយោគ ​ ដ៍​​ធំ​បំផុត​របស់​ប្រទេស។ កូនស្រី​ច្បង​របស់​លោក​ប្រធានាធិបតី ​ឈ្មោះ ​Isabel dos Santos ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​ស្ត្រី​ ​ ដែល​មាន​ទ្រព្យ ​និង​មាន​អំណាច​ខ្លាំង​ជាង​គេ​បំផុត ​នៅទ្វីប​អាហ្វ្រិក ។ នៅឆ្នាំ​២០១៦ ​ប្រធានាធិបតី ​អង់ហ្គោឡា ​បានតែង​តាំង​កូនស្រី​ខ្លួន ​ ឲ្យ​ធ្វើ​ជា​នាយក​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈជាតិ ​ ហើយ​បន្ទាប់​មក​ទៀត ​ ក៏​បាន​បន្ថែម​តំណែង​មួយ​ទៀត ​ជា​អគ្គនាយក​ធនាគា​ ធំ​បំផុត​របស់​អង់ហ្គោឡា។ ចំណែក​កូន​ប្រសារ​លោក​វិញ ​ កាន់កាប់​ក្រុមហ៊ុន​ឯកជន​ជាច្រើន។

យុវជន​ ត្រូវការ​ការផ្លាស់ប្តូរថ្មី

ដឹកនាំ​ប្រទេស​តែ​ម្នាក់ឯង​ អស់​៣៨​ឆ្នាំ ​មាន​ន័យ​ថា ​លោក ​dos Santos ​បាន​ប្រើ​កណ្តាប់​ដៃ​ដែក ​ ដើម្បី​បំបិត​រាល់​សម្លេង​តវ៉ា ​ប្រឆាំង​នានា។ គណបក្ស​របស់​លោក ​ dos Santos​ ក្តោបក្តាប់​អំណាច​ទាំង​ស្រុង​នៅ​ក្នុង​សភា។ កងទ័ព​ទាំងមូល​ ក៏​ស្ថិត​ក្នុង​ដៃ​មេទ័ព ​ដែល​សុទ្ធ​តែ​ជា​មនុស្ស​ជំនិត​ ក្នុង​បក្ស​របស់​លោក​ប្រធានាធិបតី។ រាល់​បាតុកម្ម​តវ៉ា ​តែងតែ​ត្រូវបាន​អាជ្ញាធរ​បង្រ្កាប ​យ៉ាង​ចាស់​ដៃ។

ស្ថានភាព​ទាំងអស់​នេះ ​បាន​ធ្វើឲ្យ​ប្រជាជន​អង់ហ្គោឡា ​ទាំង​២៤​លាននាក់ ​ជា​ពិសេស​យុវជន​ក្មេងៗ​ អស់​សង្ឃឹម​យ៉ាង​ខ្លាំង។ អតិផរណា ​បាន​ឡើង​ដល់​៤០%។ សម្ភារៈ​ទំនិញ​ ថ្លៃ​កប់​ពពក​ ខណៈ​ដែល​ប្រជាជន​ពុំមាន​ការងារ​ធ្វើ។ វិស័យ​អប់រំ ​វិស័យ​សុខាភិបាល ​ទីផ្សារ​ការងារ​សម្រាប់​យុវជន ​ ទាំង​អស់​នេះ​គឺជា​ប្រភព​នៃ​ការ​តវ៉ា។ យុវជន​អង់ហ្គោឡា ​បាន​ស្រែក​ទាមទារ​ ចង់​បាន​នូវ​ការ​ផ្លាស់ប្តូរ ​គឺ​ផ្លាស់ប្តូរ​មេដឹកនាំ​ ព្រម​ទាំង​ប្រព័ន្ធ​បក្សពួក​និយម​ពុក​រលួយ។ សម្លេង​ពួក​គេ ​ បាន​ងាក​ទៅ​ផ្តល់​ការ​គាំទ្រ ​ដល់​បេក្ខជន​ម្នាក់​ មក​ពី​បក្ស​ប្រឆាំង ​ Unita​ មាន​ឈ្មោះថា​ Isaias Samakuva

លោក​មេទ័ព Joao Lourenço អនាគតប្រធានាធិបតីថ្មី

ស្ថិត​ក្នុង​វ័យ​៧៥​ឆ្នាំ ​លោក​ប្រធានាធិបតី​ dos Santos ​បាន​សម្រេច​ចិត្ត​ ចូលនិវត្ដន៍​ ហើយ​មិន​ឈរ​ឈ្មោះ​បោះឆ្នោត​ទេ។ តែ​គណបក្ស​លោក ​បាន​បញ្ជូន​មនុស្ស​ម្នាក់​ទៅ​ជំនួស ​គឺលោក ​Joao Lourenço។ លោក ​Lourenço ​ ដែល​មាន​អាយុ​៦៣​ឆ្នាំ ​គឺ​ជា​អតីត​មេ​បញ្ជាការ​កងទ័ព ​នៃ​ចលនា​រំដោះ​គាំទ្រ​ដោយ​សូវៀត។ ធ្លាប់តែ​ជា​អ្នក​នៅ​ស្ងាត់​ស្ងៀម ​ស្រាប់តែ​នៅ​ឆ្នាំ​២០១៤ ​លោក​ត្រូវ​បាន​គេ​តែងតាំង ​ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។ គឺ​ចាប់​ពី​ពេល​នោះ​ហើយ ​ ដែល​ប្រជាជន​អង់ហ្គោឡា ​បាន​ដឹង​ថា ​គណបក្ស​កាន់​អំណាច ​ បាន​ត្រៀម​លក្ខណៈ ​រើស​មនុស្ស​ថ្មី ​ឲ្យ​មក​អង្គុយ​កៅអី ​ប្រធានាធិបតី ​​ដើម្បី​បញ្ចៀស​ការ​បែកបាក់​គ្នា។

តាម​យោបល់​របស់​អ្នក​វិភាគ​ជាច្រើន ​យល់ថា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ នៅ​ថ្ងៃ​ពុធ​ទី ​២៣ ​សីហា​នេះ​នឹង​គ្មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ។ អ្វីៗ​គេបាន​​រៀបចំ​រួច​ទៅ​ហើយ ​ដើម្បី​ឲ្យ​លោក ​Lourenço ​ ឈ្នះ​ឆ្នោត​បាន​យ៉ាង​ងាយ។ តែ​យ៉ាងណា ​គេ​នៅ​មាន​ក្តី​សង្ឃឹម​តូច​មួយ ​ដោយ​យោង​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់​អនាគត​ប្រធានាធិបតី​ថ្មី។

លោក Lourenço បេក្ខជន​ប្រធានាធិបតី​អង់ហ្គោឡា
លោក Lourenço បេក្ខជន​ប្រធានាធិបតី​អង់ហ្គោឡា Reuter

តាម​ការ​ឲ្យដឹង ​លោក​Lourenço គឺ​ជា​មនុស្ស​ម៉ឺងម៉ាត់ ​ ហ៊ាន​ថា​ហ៊ាន​ធ្វើ ​ហើយ​មិន​ចូល​ចិត្ត​ឲ្យ​គេ ​ មិន​គោរព​បទ​បញ្ជា​របស់​ខ្លួន​ឡើយ។ ពោល​គឺ​គាត់​ ជា​មេទ័ព​ម្នាក់ ​ដែល​មាន​វិន័យ​ម៉ត់ចត់។ មិន​ត្រឹម​តែប៉ុណ្ណោះ ​ក្រុម​គ្រួសារ​លោក ​ Lourenço​ មិនដែល​ធ្លាប់​ជាប់​រឿង​អាស្រូវ​ពុក​រលួយ​ទេ។ គ្រួសារ​លោក​ Lourenço ​រស់​នៅ​ក្នុង​ភាព​សាមញ្ញ​ដោយ​កិត្តិយស។ ភរិយា​របស់​លោក ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​គេ​គោរព​ ធ្លាប់ធ្វើ​ជា​រដ្ឋមន្ត្រី ​និង​ក្រោយ​មក​ជា​តំណាង​អង់ហ្គោឡា ​នៅ​ធនាគារ​ពិភពលោក។

ទាំងអស់​នេះ ​គឺ​គេ​សង្ឃឹម​ថា ​ លោក​មេទ័ព Lourenço ​ដែល​នឹង​ក្លាយ​ជា​ប្រធានធិបតី​អង់ហ្គោឡា​ថ្មី​នេះ ​ នឹង​ប្រើ​ភាព​ម៉ឺងម៉ាត់ ​ភាព​ក្លាហាន ​មាន​វិន័យ​របស់​ខ្លួន ​ យក​ទៅ​អនុវត្ត​ ដើម្បី​ធ្វើការ​កែលំអរ​ ប្រព័ន្ធ​ដឹកនាំ​របស់​ប្រទេស ​ ហើយ​ឈាន​ទៅ​កាត់​បន្ថយ​អំពើ​ពុក​រលួយ។ តែយ៉ាងណា​​​ លោក ​ Rafael Marques de Morais ​អ្នក​កាសែត​ម្នាក់ ​ដែល​តាម​ដាន​ស្ថានការ​នៅ​អង់ហ្គោឡា ​យល់ថា ​ប្រធានាធិបតី​ថ្មី ​មិន​ត្រូវ​ធ្វើ​អ្វី​ដោយ​តក់​ក្រហល់ ​ខុស​ពី​បំណង​របស់​មនុស្ស​ក្នុង​បក្ស​ ខ្លាំង​ពេក​ឡើយ ​ព្រោះ​ថា ​បើ​គេ​អាច​យក​លោក​មក​អង្គុយ​លើ​កៅអី​ប្រធានាធិបតី ​ គេ​ក៏​អាច​​ធាក់​គាត់​​ទំលាក់​ទៅ​វិញ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ