អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការ​កាត់​ទោស​អតីត​ប្រធានាធិបតី​ឆាដ ៖ សវនាការជា​ប្រវត្តិសាស្ត្រ​របស់​អាហ្វ្រិក​និងពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃចន្ទ​ទី ៣០ ឧសភា តុលាការ​អាហ្វ្រិក​ពិសេស​ នៅ​ក្រុង​ដាការ បាន​កាត់​ទោស​អតីត​ប្រធានាធិបតី​ឆាដ លោក ហ៊ីសែន ហាប្រេ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​បទ​ឧក្រិដ្ឋព្រហ្មទណ្ឌ​រំលោភ​បំពាន​ស្ត្រី​ភេទ ក្នុង​កាន់​អំណាច។ ដំណើរការ​កាត់​ទោស​ ​លោក ហ៊ីសែន ហាប្រេ បាន​ប្រព្រឹត្ត​ទៅ​នៅ​លើ​ទឹក​ដី​ទ្វីប​អាហ្វ្រិក មិន​មែន​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ បាន​រឹត​តែ​ធ្វើ​ឱ្យ​សវនាការ​នេះ​កាន់​តែ​តម្លៃ និង​ជា​គំរូ​សម្រាប់​អាហ្វ្រិក​ទាំងមូល​ផង សម្រាប់​តុលាការ​អន្តរជាតិ​ផង។ ហេតុអ្វី​បាន​គេ​​អះអាង​បែប​នេះ ?!

លោក Hissene Habre អតីត​ប្រធានាធិបតី​ឆាដ ដែល​តុលាការ​សេណេហ្កាល់​កាត់​ទោសឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ
លោក Hissene Habre អតីត​ប្រធានាធិបតី​ឆាដ ដែល​តុលាការ​សេណេហ្កាល់​កាត់​ទោសឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ © .AFP/Stringer
ផ្សាយពាណិជ្ជកម្ម

សវនាការ​កាត់​ទោស​អតីត​ប្រធានាធិបតី​ឆាដ លោក ហ៊ីសែន ហាប្រេ ត្រូវ​បាន​កត់​ត្រា​ក្នុង​ទំព័រ​​​ប្រវត្តិសាស្ត្រ​​របស់​​ប្រព័ន្ធ​​​​តុលាការ​អន្តរជាតិ​។ ការ​ផ្តល់​តម្លៃ​ដល់​​ព្រឹត្តិការណ៍នេះ មិន​មែន​ជា​ការ​លើក​បញ្ចើច​បញ្ចាល​ទេ តែ​ដោយ​សារ​មាន​មូលហេតុ​ច្បាស់​លាស់​ច្រើន​យ៉ាង ៖

នេះ​ជា​លើក​ទី​មួយហើយ ដែល​អតីត​​ប្រមុខ​រដ្ឋ​ម្នាក់ ត្រូវ​តុលាការដាក់​​ទោស​ពី​បទ​ចាប់​រំលោភ។ នេះ​ជា​លើក​ទី​មួយ ដែល​អតីត​ប្រធានាធិបតី​ប្រទេស​​មួយ​នៅ​អាហ្វ្រិក ត្រូវ​កាត់​ទោស​ដោយ​តុលាការ​អាហ្វ្រិក។ នេះ​គឺ​ជា​លើក​ទី​មួយដែរ ក្នុង​ប្រវត្តិមនុស្សជាតិ ដែល​ប្រធានាធិបតី​ប្រទេស​មួយ ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​របស់​ប្រទេស​មួយ​ផ្សេង​ទៀត ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។

សវនាការ​ជា​ប្រវត្តិសាស្ត្រ​នេះ​អាច​ប្រព្រឹត្តទៅ​បាន ក៏​ដោយ​សារ​តែ​តុលាការ​អន្តរជាតិ​ បាន​ផ្តួច​ផ្តើម​គំនិតបណ្តុះ​គោលការណ៍​មួយ​​ដែល​ហៅ​ថា សមត្ថភាព​សកល។ គោលការណ៍​ជា​គន្លឹះ​របស់​តុលាការ​អន្តរជាតិ​នេះ អាច​អនុញ្ញាត​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ប្រឆាំង​នឹង​បុគ្គល​ម្នាក់ ឬ​ច្រើន​នាក់ ដែល​បាន​ប្រព្រឹត្ត​​កំហុស​ធ្ងន់ធ្ងរ​ខ្លាំង ទោះ​បី​ជន​នោះ​នៅ​ក្រៅ​ប្រទេស ឬ​ប្រទេស​ផ្សេង​​ក៏ដោយ។ ករណី​លោក ហ៊ីសែន ហាប្រេ ជា​ឧទារណ៍​ជាក់​ស្តែង។ លោក ហ៊ីសែន ជា​ជនជាតិ​ឆាដ តែ​ត្រូវ​កាត់​ទោស​ដោយ​តុលាការ​អន្តរជាតិ​ពិសេស​​នៅ​សេណេហ្កាល់ ព្រោះ​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​នៅ​សេណេហ្កាល់។

ប្រសិន​បើ​គ្មាន​តុលាការ​ពិសេស​សេណេហ្កាល់​នេះ​ទេ លោក​ហ៊ីសែន ហាប្រេ ទំនង​ជា​អាច​រួច​ខ្លួន​អស់​មួយ​ជីវិត។ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ក្រុង​ឡាអេ មិន​អាច​បើក​សវនាការ​ប្រឆាំង​​អតីត​បុរស​ខ្លាំង​ឆាដឡើយ ដោយ​តុលាការ​ទើប​តែ​បង្កើត​ឡើង​ជា​ផ្លូវការ នៅ​ឆ្នាំ​២០០២ និងមាន​​សិទ្ធិ​កាត់​ទោសតែ​លើ​ក្តីណាកើត​ក្រោយ​ឆ្នាំ​២០០២។ ឯ​ករណី​លោក ហ៊ីសែន ហាប្រេ បាន​កើ​តឡើង តាំង​ពី​ឆ្នាំ​១៩៨២-៩០។

សវនាការ​នេះ​ ក៏​នឹង​ក្លាយ​ជា​គំរូ​ល្អ​ ​ជា​ក្តី​សង្ឃឹម​ និង​ជា​ការ​លើក​ទឹក​ចិត្ត​ ​ក្រុម​អ្នក​រង​គ្រោះថា​មេដឹកនាំ​​​​ផ្តាច់ការជា​ឧក្រិដ្ឋជន​ គង់នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់ទេ។ ប៉ុន្តែ​ដើម្បី​សម្រេច​បំណង​នេះ​បាន ជនរងគ្រោះ​ត្រូវ​តែ​មុះ​មុត​ និង​ដាច់​ខាត​ខ្លាំង ព្រម​ទាំង​ចាំ​បាច់​ត្រូវ​រក​ជំនួយ​បន្ថែម​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស។ ជនរងគ្រោះ​ឆាដ បាន​ដាក់​ពាក្យ​បណ្តឹង តាំង​ពី​ឆ្នាំ​២០០០​​ និង​រង់ចាំ​អស់​រយៈ​ពេល​១៥​ឆ្នាំ​ទើប​បា​នទទួល​លទ្ធផល​។ សវនាការ​បាន​ចាប់​ផ្តើម​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥ ដោយ​បើក​ឱកាស​ឱ្យ​ជន​រងគ្រោះ​បង្ហាញ​សក្ខីកម្ម​ម្នាក់ម្តងៗ​ ក្រោម​ក្រសែភ្នែក​​កោត​សរសើរ​ពី​សំណាក់​អង្គការ​ការពារ​សិទ្ធិមនុស្ស​នានា។

ប៉ុន្តែ​នៅ​ក្នុង​សំណុំ​រឿង​នេះ មាន​ជន​ជាប់​ចោទ​តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​កាត់​ទោស គឺ​រូប​លោក ហ៊ីសែន ហាប្រេ។ តែ​ម្នាក់​មែន​ តែ​គ្រាន់​នឹង​អាច​បំភ្លឺ​បាន​អំពី​តួនាទី​របស់​មេដឹកនាំ​​ផ្តាច់ការ ដ៏​ហិង្សា​ និង​តួនាទី​បន្ទាប់​បន្សំ​របស់​អ្នក​នៅ​ក្រោមបង្គាប់។ នេះ​ជា​ប្រសាសន៍​របស់​ប្រធាន​ចៅក្រម។

ថ្វី​បើ​តុលាការ​ធ្វើ​ការ​បាន​ល្អ​ តែ​តុលាការពិសេស​នេះ​ព្រំដែន​នៃ​សមត្ថភាព​របស់តុលាការ​នៅ​មាន​កំរិត។ តាម​ការពិត រដ្ឋអាជ្ញា​បាន​ចោទ​ប្រកាន់​អតីត​ថ្នាក់​ដឹកនាំ​៥​នាក់​ផ្សេង​ទៀត គឺ​អតីត​មេប៉ូលិស​ពីរនាក់​ អតីត​មេ​ពន្ធនាគារម្នាក់ អតីត​មេ​​ខាង​ធ្វើ​ទារុណកម្ម​ម្នាក់ និង​អតីត​ទីប្រឹក្សា​សន្តិសុខ​របស់​ប្រធានាធិបតី ហ៊ីសែន ហាប្រេ។ ពីរ​នាក់ដំបូង​ត្រូវ​បាន​កាត់​ទោស​នៅ​ក្នុង​ប្រទេស តែ​ឆាដ​មិន​ព្រម​ធ្វើ​បត្យាប័ន​មក​សេណេហ្គាល់​ទេ ឯ​បី​នាក់​ផ្សេង​​នៅ​មាន​សេរីភាព​ យ៉ាង​រំភើយ។

ចំណែក​ប្រធានាធិបតី​ឆាដ​បច្ចុប្បន្ន លោក អ៊ីឌ្រីស ដេប៊ី ក៏​មិន​ត្រូវ​បាន​តុលាការ​បំភ្លឺ​ដែរ បើ​ទោះ​បី​ជា​លោក​ធ្លាប់​ជា​មេទ័ព​របស់​លោក​ហ៊ីសែន​ ហាប្រេ ក៏​ដោយ។ តួនាទី​របស់​បារាំង និង​អាមេរិក ដែល​ធ្លាប់​គាំទ្រ​របប​ហាប្រេ ក៏​មិន​ត្រូវ​បាន​ជជីក​ឱ្យ​បាន​ស៊ីជម្រៅ​ដែរ។

យ៉ាង​ណា​ក៏​ដោយ អាហ្វ្រិក​ថ្ងៃ​នេះ បាន​កាត់​ទោស​ មេដឹកនាំ​របស់​ខ្លួន ក្នុងទឹក​ដី​ខ្លួន បានជាប់​ឈ្មោះ​ក្នុង​ប្រវត្តិ​យុត្តិធម៌​អន្តរជាតិ ក៏​ព្រោះតែ​​​ឆន្ទៈ​ដ៏​អង់អាច​របស់​សេណេហ្កាល់​ របស់​ប្រធានាធិបតី​ លោក Macky Sall និង​ជំនួយ​ថវិកា​របស់ប្រទេស​មួយ​ចំនួន​ធំ​នៅ​អឺរ៉ុបដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ