យន្តហោះដឹកអ្នកដំណើរអាល់ហ្សេរីបាត់ខ្លួន នៅភាគខាងជើងប្រទេសម៉ាលី
យន្តហោះអាល់ហ្សេរី ជើងហោះហើរ AH 5017 ដែលធ្វើដំណើរពីប្រទេស ប៊ួគីណាហ្វាសូទៅប្រទេសអាល់ហ្សេរីបានបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។ តាមអាជ្ញាធរអាលហ្សេរី យន្តហោះដែលដឹកអ្នកដំណើរ១១៦ ដែលនៅក្នុងនោះមានជនជាតិបារាំង ៥១នាក់ និងលីបង់២០នាក់ បានបាត់ខ្លួន នៅលើភាគខាងជើងប្រទេសម៉ាលី។ បារាំងបានបញ្ជូនយន្តហោះMirrage 2000 ពីរគ្រឿងដើម្បីទៅស្វែងរកយន្តហោះ នៅក្នុងពេលដែលរដ្ឋាភិបាលម៉ាលីបានបញ្ជូនមនុស្សឲ្យស្វែងរកស្លាកស្នាមរបស់យន្តហោះនៅលើដី។ នៅល្ងាចថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសបារាំងបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងAFP ថា យន្តហោះ AH 5017អាចជួបគ្រោះថ្នាក់ផ្ទុះធ្លាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៤
យន្តហោះ AH 5017របស់ក្រុមហ៊ុនអាកាសចរណ៍អាល់ហ្សេរីបានចាកចេញពីទឹកដី ប៊ួគីណាហ្វាសូ នៅម៉ោង ១ និង១៧ព្រឹក ម៉ោងសកល ដើម្បីទៅចុះចតនៅប្រទេសអាល់ហ្សេរី នៅម៉ោងប្រាំម៉ោងក្រោយ។ ប៉ុន្តែ នៅដើមរសៀលថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនអាល់ហ្សេរីបានប្រកាសថា គេបានបាត់សញ្ញា មិនអាចទាក់ទងយន្តហោះ នៅម៉ោង១ និង៥៥នាទី គឺមួយម៉ោងក្រោយយន្តហោះចាកចេញពីព្រលានយន្តហោះរបស់ ប៊ួគីណាហ្វាសូ។ តាមអាជ្ញាធរ អាល់ហ្សេរី គេចាប់សញ្ញាចុងក្រោយរបស់យន្តហោះ នៅពេលយន្តហោះហោះនៅលើទឹកដីភាគជើងរបស់ប្រទេសម៉ាលី ក្បែរព្រំដែនប្រទេសអាល់ហ្សេរី។ គេបាត់សញ្ញារបស់យន្តហោះ បន្ទាប់ពីគេបានប្រាប់ឲ្យអ្នកបើកបរផ្លាស់ប្តូរផ្លូវហោះហើរ ដើម្បីជៀសវាងខ្យល់ព្យុះ នៅក្នុងប្រទេសម៉ាលី និងដើម្បីកុំឲ្យជល់គ្នានឹងយន្តហោះផ្សេងដែលត្រូវធ្វើដំណើរ ពីអាល់ហ្សេរីទៅបាម៉ាកូ។
យន្តហោះរបស់ក្រុមហ៊ុនអាល់ហ្សេរីមានដឹកអ្នកដំណើរ ១១៦នាក់ និងអ្នកធ្វើការយន្តហោះជនជាតិអេស្ប៉ាញ៦នាក់។ តាមក្រុមហ៊ុនអាល់ហ្សេរី យន្តហោះAH 5017នេះមានដឹកអ្នកដំណើរចម្រុះជនជាតិ ដែលចង់ឆ្លងកាត់ទីក្រុងអាល់ហ្សេរ ដើម្បីប្តូរយន្តហោះ ធ្វើដំណើរទៅប្រទេសបារាំង អាមេរិក កាណាដា និងដើមបូព៌ា។
នៅក្រោយបានដំណឹងបាត់សញ្ញាយន្តហោះ ប្រទេសបារាំង ដែលមានប្រជាជនរបស់ខ្លួន ៥០នាក់ជិះនៅក្នុងយន្តហោះ បានបញ្ជូនយន្តហោះ ចម្បាំងMirage ពីរគ្រឿង ប្រចាំការនៅអាហ្វ្រិក ដើម្បីចេញទៅស្វែងរកយន្តហោះបាត់ខ្លួន។ នៅល្ងាចថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលបារាំង អាល់ហ្សេរី និង ប៊ួគីណាហ្វាសូបានបង្កើតការិយាល័យដោះស្រាយវិបត្តិនៅតាមព្រលានយន្តហោះ ដើម្បីផ្តល់ព័ត៌មានដល់ក្រុមគ្រួសាររបស់អ្នកធ្វើដំណើរ។ យន្តហោះ ជើងហោះហើរ AH 5017 ជាយន្តហោះរបស់ក្រុមហ៊ុនអេស្ប៉ាញ Swiftair ដែលក្រុមហ៊ុនអាល់ហ្សេរីជួល សម្រាប់ធ្វើដំណើរបួនដង ក្នុងមួយសប្តាហ៍ ពីប្រទេសអាល់ហ្សេរី ទៅប្រទេស ប៊ួគីណាហ្វាសូ។
ធ្លាក់យន្តហោះអាល់ហ្សេរី នៅថ្ងៃព្រហស្បតិ៍ធ្វើឲ្យខែកក្កដាក្លាយជាខែដែលទីផ្សារឧស្សាហកម្មអាកាសចរណ៍ស៊ីវិលមានរាសីធ្លាក់ចុះខ្លាំង។ បន្ទាប់ពីយន្តហោះម៉ាឡេស៊ីត្រូវផ្ទុះធ្លាក់ដោយគ្រាប់មីស៊ីល និងសម្លាប់អ្នកដំណើរទាំងអស់នៅក្នុងទឹកដីអ៊ុយក្រែន យន្តហោះតៃវ៉ាន់មួយគ្រឿងបានផ្ទុះធ្លាក់កាលពីថ្ងៃពុធ ធ្វើឲ្យមនុស្សស្លាប់៤៧នាក់។ នៅក្នុងសប្តាហ៍នេះទៀត ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសលោកខាងលិចជាច្រើន បានលុបចោល និងព្យួរការហោះហើរទៅក្នុងរដ្ឋធានីអ៊ីស្រាអែល បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានគ្រាប់ផ្លោងធ្លាក់ក្បែរព្រលានយន្តហោះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ