អានតួអត្ថបទ
ជម្លោះ​​អ៊ីស្រាអែល​-ក្រុមហាម៉ាស

អ.ស.ប.៖ ​​សង្គ្រាម​ហ្កាហ្សា គំនរបាក់បែក​​ ច្រើន​ជាង​សង្គ្រាមនៅ​​អ៊ុយក្រែន

ខែឧសភា​នេះ សង្គ្រាម​រវាង​ពួក​ប្រដាប់​អាវុធ​ហាម៉ាសនិង​កងទ័ពអ៊ីស្រាអែល បើកទំព័រ​ចូល​ខែ​ទី​៧ហើយ។ អង្គការ​សហប្រជាជាតិ​ បាន​វាយតម្លៃព្យាករ​ថា សង្គ្រាម​នៅ​ហ្កាហ្សា​នេះ បង្កការ​ខូច​ខាតបាត់បង់​ធ្ងន់ធ្ងរ​ខ្លាំង​ ហើយ​និង​បានបង្កឲ្យ​អគារបាក់បែក ក្នុង​ទំហំ​​ចំនួន​ច្រើន​ជាង​សង្គ្រាម​នៅ​អ៊ុយក្រែន​។​ មិនតែប៉ុណ្ណោះ​ គ្រាប់​ច្រើន​សន្ធឹក​នៅមិនទាន់​ផ្ទុះ ហើយសារធាតុ​គីមី​បង្កជំងឺ​មហារីក នឹង​បន្តតាម​​​យាយី​ព្យាបាទ​អាយុ​ជីវិត​​ពលរដ្ឋ​ប៉ាឡេស្ទីន ជា​ច្រើន​ឆ្នាំ​ទៅមុខ​ទៀត​។ 

ទិដ្ឋភាព​ក្រុង​ហ្កាហ្សា ថ្ងៃទី​២៤មេសា។
ទិដ្ឋភាព​ក្រុង​ហ្កាហ្សា ថ្ងៃទី​២៤មេសា។ REUTERS - Mahmoud Issa
ផ្សាយពាណិជ្ជកម្ម

​​អង្គការ​សហប្រជាជាតិ​ បាន​វាយតម្លៃព្យាករ​ថា សង្គ្រាម​នៅ​ហ្កាហ្សា​​ បង្កការ​ខូច​ខាតបាត់បង់​ធ្ងន់ធ្ងរ​ខ្លាំង​ ​ក្នុង​ទំហំ​​ចំនួន​ច្រើន​ជាង​សង្គ្រាម​នៅ​អ៊ុយក្រែន​ទៅទៀត។​ សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា ក្នុង​បរិវេណ​ទំហំ​តូច​ ត្រឹម​តែ ​៤០ គីឡូម៉ែត្រ ប៉ុន្តែ បង្កការ​ខូច​ខាត​ធំ​ជាង​សង្គ្រាម​​អ៊ុយក្រែន លើផ្ទៃដី​ទំហំ​ ១ ០០០ គីឡូម៉ែត្រ​ ឯណោះ​។ នេះបើតាម​ការ​​វាយតម្លៃព្យាករ របស់​ លោក Mungo Birch អ្នក​ទទួល​ខុស​ត្រូវ​ភ្នាក់​ងារ​ដោះមីន នៃ អង្គការ​សហប្រជាជាតិ​ ក្នុង​សន្និសីទ​សារព័ត៌មាន​នៅហ្សឺណែវ​ ដោយ​បញ្ជាក់​ទៀត​ថា ៦៥%​ នៃសំណង់​អគារ​ ក្នុង​តំបន់​ហ្កាហ្សា រង​ការ​​វាយប្រហារ​បាក់​ខ្ទេ​ច​ ហើយ​មាន​បំណែក​កម្ទេចកម្ទី​គំនរ​បាក់​បែក ប្រមាណជា​ ៣៧ លាន​តោន​ ដែល​ស្មើ​ប្រហែល​ជា ៣០០គីឡូក្រាម​ ក្នុង​ផ្ទៃ​ដី២ម៉ែត្រ​ការ៉េ។

នៅក្នុង​គំនរ​បាក់​បែក​នៅ​ហ្កាហ្សា ព្រោះ​តែ​ការ​វាយប្រហារ​របស់អ៊ីស្រាអែល ​​មាន​សារធាតុគីមីគ្រោះថ្នាក់​ ប្រមាណមិនតិចជាង​ ​ជា​ ៨០ម៉ឺន​តោន​ (amiante ឬ asbestos)  ​ដែល​អាច​បង្ក​ឲ្យ​មា​នជំងឺ​មហារីក ប៉ះ​ពាល់​​ដល់​​សុខ​ភាព​ពលរដ្ឋ​នៅថ្ងៃ​អនាគត។ នេះ​តាម​ការបញ្ជាក់​របស់​​ភ្នាក់​ងារ​ដោះមីននៃអង្គការ​សហប្រជា​ជាតិ​ដដែល ដោយ​ឆ្លៀត​សង្កត់ធ្ងន់ថា​ ក្នុង​ចំណោម​គ្រាប់​ទាំងឡាយ​ទាំង​ពួង​ដ៏ច្រើន​​សន្ធឹក​សន្ធាប់​ដែល​អ៊ីស្រាអែល​ បាញ់​វាយប្រហារ​ទៅលើ​ដែន​ដី​តំបន់​ហ្កាហ្សា​ និង​តំបន់​រ៉ាហ្វាហ៍​នោះ នៅ​មា​នគ្រាប់​ប្រមាណ​​ជាង ១០ ទៅ ១៥% នៅ​មិនទាន់​ផ្ទុះ​នៅឡើយ​ទេ ហើយ​វា​នឹង​បង្កគ្រោះថ្នាក់​ផ្តាច់​ជីវិត​ ពលរដ្ឋ​ស៊ីវិល​​នៅ​ថ្ងៃ​ខាងមុខ​។ ជាមួយ​គ្នា​នេះ​ គេនឹង​​ត្រូវ​ការ​ថវិកា​រាប់​សិប​លាន​ដុល្លារឯណោះ​ ដើម្បី​ចំណាយ​ទៅលើការ​ដោះ​មីននិងគ្រាប់​មិនទាន់​ផ្ទុះ​។​

សង្គ្រាម​​អ៊ីស្រាអែល​ និង​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស​ ផ្ទុះ​ឡើង​នៅ​ថ្ងៃទី​៧តុលា ឆ្នាំទៅមិញ ព្រោះតែការ​​​វាយ​ប្រហារ​ភេរវកម្ម បាន​សម្លាប់​មនុស្ស​ជាច្រើន និងចាប់​ខ្លួន​ចំណាប់​ខ្មាំង​អ៊ីស្រាអែល ២៥០នាក់។ ក្នុងនោះ នៅ​សល់​ក្នុង​កណ្តាប់ដៃ​ក្រុមហាម៉ាស ១២៩នាក់ទៀត​ ដែល​ទំនង​ជា​ជាង​៣០នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ។ នេះបើតាម​ទិន្នន័យផ្លូវ​ការ​របស់​អ៊ីស្រាអែល ដោយបញ្ជាក់ថា ជម្លោះ​ប្រដាប់​អាវុធ​ប្រមាណ​៧ខែ ពលរដ្ឋ​អ៊ីស្រាអែល​ ស្លាប់​សរុប​រហូត​មកដល់​ពេលនេះ អស់​ចំនួន​ ១ ១៧០ នាក់​។ នៅភាគី​ប៉ាឡេស្ទីន​វិញ អាជ្ញាធរសុ​ខាភិបាល​​ក្រុម​ហាម៉ាស បាន​អះអាង​ ប្រជាជន​​ប៉ាឡេស្ទីន ជាង ៣៤ ៥៦០ នាក់ ​ត្រូវ​អ៊ីស្រាអែល​សម្លាប់​ផ្តាច់​ជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ