អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុមអ្នកវិទ្យាសាស្រ្តតវ៉ាហាមមិនអោយផលិតមនុស្សយន្តពិឃាដ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​​បញ្ញាញាន​សប្បនិម្មិត ដែល​បាន​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​ ២៥ ដល់​ ៣១ ខែ​កក្កដា​ កន្លង​ទៅ​នេះ​ នៅប្រទេស​អាហ្សង់ទីន​ ក្រុម​អ្នក​វិទ្យាសាស្រ្ត​ និង​ឥស្សរជន​ល្បី​ឈ្មោះ​ជា​ច្រើន​នាក់​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ចំហ​មួយ ទាមទារ​អោយ​ទប់​ស្កាត់​ការ​ផលិតមនុស្ស​យន្ត​ពិឃាដ​ (killer robots)។ គេ​មាន​ក្តី​ព្រួយ​បារម្ភ​ខ្លាច​បណ្តា​ប្រទេស​មហា​អំណាច​ផែ្នក​យោធា​មួយ​ចំនួន​ ផលិត​អាវុធ​ប្រភេទ​ថ្មីនេះ​ដើម្បី​ធ្វើ​សង្គ្រាម។ តើ​អ្វី​ទៅ​ជា​ម​នុស្ស​យន្ត​ពិឃាដ? តើ​មាន​ប្រទេស​ចំនួន​ប៉ុន្មាន​កំពុង​អភិវឌ្ឍន៍​​បច្ចេក​វិទ្យា​នេះ?​ តើ​មាន​ច្បាប់​គ្រប់​គ្រង​ប្រភេទ​អាវុធ​នេះ​ដែរ​ឬទេ?

© AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ចំហ​មួយ​ ផ្សព្វផ្សាយ​កាលពី​សប្តាហ៍កន្លង​ទៅ​នេះ​ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​ល្បី​ឈ្មោះ​ជាង​មួយ​ពាន់​នាក់​បាន​ទាមទារ​អោយ​មាន​ការ​ដាក់​បំរាម​ ហាម​ឃាត់​ការ​ផលិត​អាវុធ​ស្វ័យ​ត ពោល​គឺ នុស្ស​យន្ត​ពិឃាដ​​។ ភាគ​ច្រើន​នៃ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ទាំង​នោះ​ជា​អ្នក​ស្រាវជ្រាវ​លើ​ផែ្នក​បញ្ញាញាណសប្បនិមិ្មត (Intelligence artificielle) និង​ផ្នែក​មនុស្ស​យន្ត​។​ ក្នុង​ចំណោម​នោះ​មាន​អ្នក​វិទ្យាសាស្រ្ត​ល្បី​ឈ្មោះ​បោះ​សំលេង​ដូច​ជា​ លោក​ Stephen Hawking (តារាវិទូរូបវិទ្យា)​ និង​លោក​ Noam Chomsky (ភាសា​វិទូ​)។

ឥស្សរជន​ដទៃ​ទៀត​ក្នុង​ផែ្នក​ជំនួញ​ក៏​គាំទ្រ​ការ​តវ៉ា​នេះ​ដែរ​ មាន​ជា​អាទិ៍ ​លោក​ Elon Musk​ (ស្ថាបនិក​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ម៉ាក Tesla និង​ក្រុមហ៊ុន​ SpaceX ជំនាញ​ផែ្នក​ផលិត​ម៉ូទ័រ​យាន​អាវកាស​ និងការ​ដឹក​ជញ្ជូន​ទៅកាន់​ទីអវកាស)​ លោក​ Steve Wozniak ​សហស្ថាបនិក​ក្រុមហ៊ុន​ Apple ​លោក​ Demis Hassabis ស្ថាបនិក​ក្រុមហ៊ុន DeepMind ជំនាញ​ផែ្នក​បញ្ញាញាណសប្បនិម្មិត ដែល​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន​ Google​ ជាដើម។ អ្នក​វិទ្យាសាស្រ្ត​ និង​បុគ្គល​ល្បីៗ​ទាំង​នោះ​សំដែង​ក្តី​បារម្ភ​ចំពោះ​អនាគត​នៃ​ភាព​ជឿនលឿន​ផែ្នក​បញ្ញាញាណសប្បនិម្មិត ដែល​គេ​អាច​យក​ទៅ​បំលែង​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​យោធា។

ការ​ប្រជែង​ផែ្នក​សព្វាវុធ

នៅ​ក្នុង​លិខិត​តវ៉ា​នោះ​ ក្រុម​អ្នក​ជំនាញ​បាន​លើក​អំណះអំណាង​ថា​ មក​ដល់​ពេល​នេះ​ ការ​ស្រាវជ្រាវ​ផែ្នកបញ្ញាញាណ​សប្បនិម្មិតបាន​ដើរ​ដល់​ចំណុច​មួយ​ ដែល​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​បែប​នេះ​អាច​នឹង​ធ្វើ​ទៅ​បាន​ និង​ចេញ​ជា​រូបរាង​ពិតប្រាកដ​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ។​​ គេ​មិន​ចាំបាច់​រង់ចាំ​ដល់​រាប់​សិប​ទសវត្សរ៍​ ដូច​ការ​គិត​ពី​មុន​ឡើយ។ អាវុធ​បែប​ស្វ័យត ​តួយ៉ាង​ដូច​មនុស្ស​យន្ត​ពិឃាដ​​នេះ​នឹង​ត្រូវ​ចាត់​ទុក​ថា ​ជា​ការ​វិវត្តន៍ថ្មី​ទីបី​នៃបច្ចេកទេស​ធ្វើ​សង្គ្រាម។​ ការ​វិវត្តន៍​ដំបូង​ គឺផ្តើម​ចេញ​ពី​កាំភ្លើង និង​គ្រាប់​រំសេវ​។ ចំណែក​ការ​វិវត្តន៍​ពីរ​ គឺគ្រាប់​បែក​បរមណូ។

មនុស្ស​យន្ត​ពិឃាដ​គឺ ជា​ប្រភេទ​មនុស្ស​យន្ត​បំពាក់​ដោយ​អាវុធ​ មាន​លទ្ធភាព​អាច​បើក​ការ​វាយ​ប្រហារ​លើ​គោលដៅ​ណា​មួយ​ ដោយ​មិន​ចាំ​បាច់​មាន​អន្តរាគមន៍​ពី​មនុស្ស​ឡើយ។ និយាយា​ជា​សាមញ្ញ​ គឺ​ជា​ប្រភេទ​ម៉ាស៊ីន​មាន​រូប​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​មនុស្ស​។ ម៉ាស៊ីន​នេះ​បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ ​មានខួរក្បាល​សិប្បនិម្មិត​ ។ ​ក្រុម​អ្នក​ស្រាវជ្រាវ​ខ្លាច​ក្រែង​ប្រទេស​មហា​អំណាច​ប្រជែង​គ្នា​ផែ្នក​សព្វាវុធ​យោធា​ យក​បច្ចេក​វិទ្យា​បញ្ញាញាណ​សិប្បនិម្មិត​ទៅ​ផលិត​ជា​មនុស្សយន្ត​ពិឃាដ។ ហើយ​ គេប្រហែល​អាច​ប្រើ​ប្រាស់​មនុស្ស​យន្ត​នេះ​ ​ជំនួស​មនុស្ស​ធម្មតា ឬ​ទាហាន​នៅ​លើ​ដី។​ សំរាប់​ក្រុម​អ្នក​ជំនាញ​​ គេ​ពិត​ជា​មិន​អាច​ចៀសផុត​ពី​សង្គ្រាម​លោក​មួយ​មិន​ខាន​នា​ពេល​អនាគត​ ប្រសិន​បើ​ប្រទេស​មហា​អំណាច​យោធា​ប្រជែង​គ្នា​ផលិត​មនុស្ស​យន្ត​ពិឃាដ។​

តើ​អាវុធ​ស្វ័យត​ប្រភេទ​មនុស្ស​យន្ត​ពិឃាដ​អាច​បង្ក​គ្រោះ​ថ្នាក់​អ្វី​ខ្លះ? តើប្រទេស​ណា​ខ្លះ​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​នេះ?

រាល់​គ្រប់​បច្ចេកវិទ្យា​ទាំង​អស់​អាច​យក​ទៅ​ប្រើប្រាស់​ ក្នុង​ផ្លូវ​ល្អ​ផង​​ អាក្រក់​ផង។ ភាព​ខុសគ្នា​រវាង​មនុស្ស​យន្ត​ពិឃាដ​ និង​យន្តហោះ​ Drone ​គ្មាន​មនុស្ស​បើក គឺ​នៅ​ត្រង់​ការ​សំរេច​ចិត្ត។​ សំរាប់មនុស្ស​យន្ត​ពិឃាដ​​ វា​នឹង​ដំណើរ​ការ​ជា​លក្ខណ​ឯករាជ្យ​​ អាចសំរេច​ចិត្ត​បាញ់​លើ​គោលដៅ​​ពេលណា​ក៏​បាន​ ដោយ​អាស្រ័យ​លើ​ការ​វិនិច្ឆ័យ​របស់​វា។​ មនុស្ស​យន្ត​នោះ​មាន​សមត្ថភាព​ទុក​ជីវិត​ ឬ​សំលាប់​គោលដៅ​របស់​វា។​ ​នេះ​ហើយ​ជា​គ្រោះ​ថ្នាក់​ធំ។​ ចំណែក​យន្តហោះ​​ Drone​ ទោះ​បី​ជា​យន្តហោះ​នោះ​មាន​បច្ចេកវិទ្យា​ខ្លះ​អាច​អោយ​វា​ប្រតិបត្តិការ​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​ខ្លួន​ឯង។

ក៏​ប៉ុន្តែ​ ចំពោះ​ការ​បាញ់គ្រាប់​មីស៊ីល​ ឬ​ទំលាក់​គ្រាប់​បែក​លើ​គោលដៅ​ណា​មួយ​ គឺ​ជា​សេចក្តី​សំរេច ឬ​បញ្ជា​ពី​ចំងាយ​ដោយ​មនុស្ស។មក​ដល់​ពេល​នេះ​ គេ​មិន​ទាន់​ដឹង​ថា​ មាន​ប្រទេស​ចំនួន​ប៉ុន្មាន​គ្រោងផលិត​មនុស្ស​យន្ត​ពិឃាដ​ឡើយ។ ប៉ុន្តែ គេ​ជឿជាក់​ថា​ សហរដ្ឋ​អាមេរិក​ ចិន និង​ប្រទេស​អភិវឌ្ឍន៍​ខ្លះ​មាន​បច្ចេកវិទ្យា​នេះ។​ អ្វី​ដែល​ត្រូវ​បារម្ភ​គឺ​ ការ​យក​បច្ចេកវិទ្យា​បញ្ញាញាណ​សប្បនិម្មិត​នេះ​ទៅ​ធ្វើ​ជា​អាវុធ​​សំរាប់​អភិវឌ្ឍ​វិស័យ​យោធា។

តើ​នរណា​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់?

យើង​អាច​លើក​ឧទាហរណ៍​ថា​ មនុស្ស​យន្ត​ពិឃាដ​ភ័ន្ត​ច្រឡំ​បាញ់សំលាប់​ជន​ស្លូត​ត្រង់​ម្នាក់។ សំណួរ​សួរ​ថា​ តើ​ភាគី​ណា​មួយ​ជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់? ក្រុម​ហ៊ុន​ផលិត​មនុស្ស​យន្ត​នោះ? ក្រុមហ៊ុន​ផលិត​កម្មវិធី​កុំព្យូទ័រ​បំពាក់​ខួរក្បាល​មនុស្ស​យន្តនោះ​?​ ឬ​មនុស្ស​យន្ត​នោះតែម្តង?​​ ចំលើយ គឺ​មក​ពេល​នេះ​ គ្មាន​ច្បាប់​អ្វី​មួយ​បញ្ជាក់​អំពី​ទំនួល​ខុស​ត្រូវ​ទាំង​នោះ​ឡើយ។​ ដោយ​សារ​បច្ចេកវិទ្យា​នេះ​អាច​នឹង​លេច​ចេញ​ជា​រូបរាង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ ដូច​នេះ ​គេ​ត្រូវ​ការ​ក្របខ័ណ្ឌ​គតិយុត្ត​មួយ​ ដើម្បី​គ្រប់​គ្រង​ការ​ប្រើប្រាស់​អាវុធ​ប្រភេទ​ថ្មី​នេះ។

ម៉្យាង គេ​បារម្ភ​ខ្លាច​អាវុធ​​នេះ​ធ្លាក់​ក្នុង​ដៃ​ក្រុម​ភេរវករ។​ ម៉្យាងទៀត ​ គេ​ខ្លាច​​ក្រុម​មេដឹកនាំ​ផ្តាច់ការ​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ទិញ​គ្រាន់​ទុក​គ្រប់​គ្រង​ គាប​សង្កត់​ប្រជាជន​ពួក​គេ ឬ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​បោសសំអាត​ជាតិសាសន៍​ណាមួយ។ សូម​បញ្ជាក់​ថា​ យុទ្ធនាការ​អន្តរជាតិ​ក្នុង​កិច្ច​បង្ការហាម​ឃាត់​មិន​អោយ​មាន​មនុស្ស​យន្ត​ពិឃាដ​ ត្រូវបាន​ចាប់​ផ្តើម​ផ្សព្វផ្សាយ​ កាលពី​ខែ​មេសា​ ឆ្នាំ​២០១៣​ ដោយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន។​ យុទ្ធនាការ​នេះ​ត្រូវ​បាន​ដឹកនាំ​ និង​សំរប​សំរួល​ដោយ​អង្គការ​ Human Rights Watch មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក។

ក្រុម​សកម្មជន​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ក៏​បាន​សហការ​ជា​មួយ​អ្នក​រាយការណ៍​ពិសេស​របស់​ អ.ស.ប គឺ​លោក​ Christof Heyns។ ​កិច្ច​ប្រជុំ​អ្នក​ជំនាញ​ចំនួន​ពីរ​លើក​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស។ គេ​ត្រូវ​ការ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​បន្ថែម​ទៀត​ ក្នុង​ការ​ចរចារផែ្នក​​ការទូត​​ ដើម្បី​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ស្តីពី​អាវុធ​ប្រភេទ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ