អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីរដ្ឋាភិបាលកាណាដាមិនលប់ចោលកិច្ចសន្យាលក់រថពាសដែកទៅអោយអារ៉ាប៊ីសាអូឌីត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​បាន​រិះគន់​រដ្ឋាភិបាល​កាណាដា​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ Justin Trudeau ពី​ការ​រក្សា​ជំហរ​យល់​ព្រម​លក់​រថពាស​ដែក​ទៅ​អោយ​រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត។ ការ​រិះគន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​កាណាដា​ពុំ​សូវ​សំដែង​ប្រតិកម្ម​ខ្លាំង​ ក្នុង​ការ​ផ្តល់​មេរៀន​សិទ្ធិ​មនុស្ស​ដល់​អារ៉ាប៊ីសាអូឌីត ​ទាក់ទង​សំណុំ​រឿង​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​ចំនួន​ ៤៧ នាក់​កាលពី​ថ្ងៃ​ទី​ ២ ខែ​មករា​កន្លង​ទៅ​នេះ។​ គេ​មាន​ការ​បារម្ភ​ខ្លាច​ក្រែង​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​យក​រថពាស​ដែក​ទិញ​ពី​កាណាដា​ទៅ បង្ក្រាប​​ប្រជាជន​ស៊ីវិល​ ឬ​ក្រុម​ប្រឆាំង​របប​រាជានិយម​អារ៉ាប៊ីសាអូឌីត។

លោក Justin Trudeau នាយករដ្ឋមន្រ្តី​កាណាដា
លោក Justin Trudeau នាយករដ្ឋមន្រ្តី​កាណាដា REUTERS/Chris Wattie
ផ្សាយពាណិជ្ជកម្ម

រយៈពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ឆ្លង​ឆ្នាំសកលថ្មី​ ​រាជា​ណា​ចក្រ​អារ៉ាប៊ីសាអូឌីត​បាន​កាត់​ទោស​ប្រហារជីវិត​មនុស្ស​ចំនួន​ ៤៧ នាក់​ ដែល​ក្នុង​នោះ​ភាគ​ច្រើន​គឺ​ជា​សកម្មជន​ប្រឆាំង​មកពី​និកាយ​ឈីអីត។ អ្នក​ទោស​ទាំង​នោះ​ ​ខ្លះ​ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ការ​កាត់​ក្បាល​ ខ្លះ​ទៀត​ដោយ​សារ​គ្រាប់​កាំភ្លើង​។ មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​នេះ​ ក្រសួង​ការ​បរទេស​កាណាដា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បង្ហាញ​ការ​សោក​ស្តាយ ដោយ​បាន​ថ្កោល​ទោស​ការ​ប្រហារ​ជីវិត​បែប​នេះ។

លោក​ Alex Neve ប្រធាន​អង្គការ​ Amnesty Internationale Canada បាន​រិះគន់​ថា​​ ប្រតិកម្ម​របស់ក្រសួង​ការ​បរទេស​កាណាដា​ហាក់​មាន​លក្ខណៈ​ទន់​ភ្លន់​ពុំ​ខ្លាំង​ក្លា​ឡើយ។ ​ក្រុម​អង្គការ​ សិទ្ធិ​មនុស្សចង់​អោយ​កាណាដា​ដាក់​ទណ្ឌកម្ម​អារ៉ាប៊ីសាអូឌីត ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ សិទ្ធិ​ស្រ្តី​ និង​ការ​កាត់​ទោស​ប្រហារ​ជីវិត​ដ៏ឃោរឃៅ​។ លើស​ពីនេះ​ ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចង់​អោយ​កាណាដា​លប់​ចោល​កិច្ច​ព្រម​ព្រៀង​លក់​រថពាស​ដែក​ទៅ​អោយ​អារ៉ាប៊ីសាអូឌីត។ អំណះ​អំណាង​របស់​ពួក​គេ​ គឺ ខ្លាច​ក្រែង​របប​ដឹកនាំ​អារ៉ាប៊ីសាអូឌីត​ប្រើប្រាស់​រថពាស​ដែក​នេះ​បង្ក្រាប​ក្រុម​ប្រឆាំង ឬ​ប្រជាជន​ស៊ីវិល។
 
រថពាស​ដែក​បំពាក់​គ្រាប់​មីស៊ីល​
សូម​បញ្ជាក់​ថា​ ​កាលពី​ឆ្នាំ​ ២០១៤ រដ្ឋាភិបាល​កាណាដា​ក្នុង​អាណត្តិ​មុន​បាន​ចុះ​កិច្ច​សន្យា​លក់​រថពាស​ដែក​ពិសេស​ទៅ​អោយ​អារ៉ាប៊ីសាអូឌីត​ ក្នុង​រង្វង់​ទឹកប្រាក់​ ១៥​ ពាន់​លាន​ដុល្លារ។ ​ក្រុមហ៊ុន​កាណាដា​ឈ្មោះ​ General Dynamics Land Systems ជា​អ្នក​ផលិត​រថពាស​ដែក​ទាំង​នោះ​។ ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រមព្រៀង​រក្សា​ការ​សំងាត់​ចំពោះ​ភាព​លម្អិត​នៃកិច្ច​សន្យា​នេះ​ គេ​មិន​អាច​ដឹង​ពី​ចំនួន​រថពាស​ដែក​ដែល​ត្រូវ​ផលិត​ឡើយ។

ប៉ុន្តែ​ បើ​យោង​តាម​សារព័ត៌មាន​កាណាដា​ Globe and Mail ក្រុមហ៊ុន​កាណាដា​នឹង​ផលិត​រថពាស​ដែក​ប្រមាណ​ ៧០០ គ្រឿងទៅ​អោយ​អារ៉ាប៊ីសាអូឌីត។​ វា​ជា​រថពាស​ដែក​ធន់​ស្រាល​ពិសេស ​ដោយ​មាន​បំពាក់​កាណុង​កាំភ្លើង និង ​ភ្ជាប់​ជាមួយ​នូវ​បច្ចេក​វិទ្យា ​ដែល​អាច​បញ្ជា​ផ្លូវ​គ្រាប់​មីស៊ីល​បាន​ទៀត​ផង។ ​រថយន្ត​យោធា​ពិសេសនេះ​អាច​មាន​លទ្ធភាព​បាញ់​គ្រាប់​មីស៊ីល​ ទោះបី​ក្នុងស្ថានភាព​ដី​ ឬ​ផ្លូវ​ពិបាក​យ៉ាងណា​ក៏ដោយ។​ លើស​ពីនេះ​ វា​អាច​បាញ់​កំទេច​រថក្រោះ​របស់​សត្រូវ​ស្ថិត​នៅ​ចំងាយ​ប្រវែង​ ៥ គីឡូមែត្រ។ កិច្ច​សន្យា​ក្នុង​ទឹក​ប្រាក់​ដ៏​សន្ធឹក​សន្ធាប់​នេះ​នឹង​ផ្តល់​កាងារ​ចំនួន​ ៣០០០ កន្លែង​ដល់​ប្រជាជន​កាណាដា​ ដែល​រស់នៅ​ទីក្រុង London ខេត្ត​ Ontario។
 
ដៃគូ​មិន​អាច​រំលង​បាន
ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​នេះ​ លោក​ Stéphane Dion ​រដ្ឋមន្រ្តី​ការ​បរទេស​កាណាដា​បាន​អះអាង​ថា​ រដ្ឋាភិបាល​កាណាដា​នៅ​តែ​រក្សា​ជំហរ​គោរព​កិច្ច​សន្យា​លក់​រថពាស​ដែក​ទៅ​អោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។​ កាណាដា​ចាត់​ទុត​អារ៉ាប៊ីសាអូឌីត​ជា​ដៃគូ​យុទ្ធសាស្រ្ត​មួយ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។​ មិន​មែន​មាន​តែ​កាណាដា​ម្នាក់​ឯង​ទេ សូម្បី​តែ​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​ក៏​សំឡឹង​ឃើញ​ផល​ប្រយោជន៍​បែប​នេះ​ដែរ។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​ រដ្ឋាភិបាល​កាណាដា​មាន​ចំណុច​ជាច្រើន​មិន​ឯកភាព​ជាមួយ​របប​ដឹកនាំ​អារ៉ាប៊ីសាអូឌីតក្នុង​សំណុំ​រឿង​សិទ្ធិ​មនុស្ស។​ ប៉ុន្តែ​ ប្រទេស​នេះ​ជា​ដៃគូ​ដ៏​សំខាន់​មួយ​ដែល​កាណាដា​ត្រូវ​ធ្វើការ​ជាមួយ ដូចជា​សំណុំ​រឿង​ស៊ីរី​ អ៊ីរ៉ាក់​ និង​យេម៉ែន​ជាដើម​។​ រដ្ឋាភិបាល​កាណាដា​នឹង​ពិនិត្យ​គ្រប់​ជ្រុង​ជ្រោយ​បន្ថែម​ទៀត​ដើម្បី​ធានា​ច្បាស់​ថា​ រថពាស​ដែក​នោះ​នឹង​មិន​ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុង​ន័យ​បង្ក្រាប​ប្រឆាំង​នឹង​ប្រជាជន​ស៊ីវិល​ស្លូត​ត្រង់​។

រដ្ឋាភិបាល​កាណាដា​មាន​យន្តការណ៍​ពិសេស​ក្នុង​ការ​តាម​ដាន​បញ្ហា​នេះ​មុន​នឹង​ប្រគល់​រថពាស​ដែក​យោធា​នេះ​ទៅ​អោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។​ យោង​លើ​ច្បាប់​កាណាដា​មួយ​កាលពី​ឆ្នាំ​ ១៩៤៧​ ក្រុមហ៊ុន​ផលិត​សម្ភារៈ​យោធា​ត្រូវ​ទទួល​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ជា​មុន​សិន​ មុន​នឹង​នាំចេញសម្ភារៈ​យោធា​ទៅ​បរទេស។​ ហើយ​ក្រុមហ៊ុន​នោះ​ត្រូវ​ធានា​ថា​ សម្ភារៈ​យោធា​នឹង​មិន​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ប្រឆាំង​នឹង​ប្រជាជន​ស្លូត​ត្រង់​ឡើយ។ ម៉្យាង​ទៀត​ កាណាដា​នឹង​ដាក់​ល័ក្ខខ័ណ្ឌ​មួយ​ គឺ​បដិសេធ​កិច្ច​សន្យា​ណាមួយ​នា​ពេល​អនាគត​ ក្នុង​ករណី​ដែល​អារ៉ាប៊ីសាអូឌីត​យក​រថយន្ត​យោធា​នោះ​ទៅ​ប្រើ​ប្រាស់​ផ្ទុយ​ពី​ការ​សន្យា។

បើ​យោង​តាម​ឯកសារ​មួយ​ចុះ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​ដោយ​សារព័ត៌មាន​កាណាដា​ La Presse បាន​រាយការណ៍​អោយ​ដឹង​ថា​ មន្រ្តី​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កាណាដា​បាន​ផ្តល់​អនុសាសន៍​អោយ​លោក​នាយក​រដ្ឋមន្រ្តី​ថ្មី​ Justin Trudeau ​រក្សា​ពង្រឹង​ទំនាក់​ទំនង​យុទ្ធសាស្រ្ត​អោយ​កាន់​តែ​ស៊ីជំរៅ​ជា​មួយ​អារ៉ាប៊ីសាអូឌីត​ ​ដែល​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​តំបន់។​ អនុសាសន៍​នោះ​ក៏​បាន​ស្នើ​អោយ​រដ្ឋាភិបាល​កាណាដា​ផ្តោត​លើ​ផល​ប្រយោធន៍​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ជាមួយ​បណ្តា​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែក្ស ​ដែល​មាន​អារ៉ាប៊ីសាអូឌីត​ជា​ក្បាល​ម៉ាស៊ីន​ និង​មាន​ប្រទេស​ជា​សមាជិក​ដូចជា៖ អេមីរ៉ាត​អារ៉ាប់​រួម​ បារ៉ែន​ កូវ៉ែត​ អូម៉ង់​ និង​កាតា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ