អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដូណាល់ ត្រាំ ឬ ហ៊ីឡារី គ្លីនតុន ? បេក្ខជនពីរ ទស្សនៈ​នយោបាយពីរ​ ខុសគ្នា​ស្រលះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​រៀងរាល់​៤ឆ្នាំ​ម្តង ​ ពិភពលោក​ទាំងមូល ​តែងតែ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ អំពី​ព្រឹត្តិការណ៍​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។​ សហរដ្ឋ​អាមេរិក ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ ដែល​បាន​ដើរ​តួ​គ្រប់​វិស័យ ​ ក្នុង​ដំណើរការ​រីក​ចំរើន​សេដ្ឋកិច្ច​សកល​លោក ​ក៏ដូច​ជា​ការ​រក្សា​សន្តិសុខ។ តួនាទី ​រឺ​យុទ្ធសាស្ត្រ​​ទាំងអស់​នេះ​របស់​សហរដ្ឋ​អាមេរិក ​គឺ​វា​អាស្រ័យ​ទាំងស្រុង​ ទៅលើ​អនាគត​ប្រធានាធិបតី​ថ្មី ​ថា​តើ​មាន​គោល​នយោបាយ ​រឺ​ទស្សន​វិស័យ​បែប​ណា។ សម្រាប់​អាណត្តិឆ្នាំ​២០១៦​នេះ​ បេក្ខជន​ទាំង​ពីរ​រូប ​គឺ​លោក​ដូណាល់ ត្រាំ ​និង​លោក​ស្រី​គ្លីនតុន ​គឺ​មាន​ភាព​ផ្ទុយគ្នា​ស្រលះ ​មិន​ថា​បទ​ពិសោធន៍​ការងារ ​ ​រឺ​ក៏​ទស្សនវិស័យ​ក្នុង​ការ​ដឹក​នាំ​ប្រទេស។

លោក ដូណាល់ ត្រាំ និង​លោកស្រី ​ហ៊ីឡារី គ្លីនតុន
លោក ដូណាល់ ត្រាំ និង​លោកស្រី ​ហ៊ីឡារី គ្លីនតុន REUTERS
ផ្សាយពាណិជ្ជកម្ម

តើអ្នកណា ​នឹង​ចូលទៅ​ស្នាក់​នៅ​ក្នុង​សេតវិមាន ​ បន្ទាប់​ពី​លោក​អូបាម៉ា? ​លោកស្រី ​ហ៊ីឡារី គ្លីនតុន​ រឺ​ក៏​លោក​ ដូណាល់ ត្រាំ? ​តាម​ពិត​ទៅ​ លោកស្រី​ហ៊ីលឡារី ​គ្លីនតុន ​ ធ្លាប់​បាន​រស់​នៅ​ក្នុង​សេតវិមាន ​ អស់​រយៈ​៨ឆ្នាំ ​រួច​ហើយ ​តែ​មិនមែន​ក្នុង​នាម​ជា​ប្រធានាធិបតី​ទេ​  តែ​ក្នុង​នាម​ជា​ភរិយា​ប្រធានាធិបតី។ ចំណែក​លោក​ដូណាល់ ត្រាំ​វិញ​ ​គឺ​មាន​ប្រភព​ពីគ្រួសារ​អ្នក​ជំនួញ ​ហើយ​ដែល​បាន​កសាង​កេរ្តិ៍​ឈ្មោះ ​តាម​រយៈ​ជំនួញ​រកស៊ី​ទិញ​លក់​អចលនទ្រព្យ​ ​និង​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍។

 
ខុសគ្នា​ ដូចទឹក​និង​ប្រេង៖
គ្រាន់តែ​និយាយ​ពី​ប្រភព​គ្រួសារ ​និង​បទ​ពិសោធន៍​ការងារ​រវាង​បេក្ខជន​ទាំងពីរ ​ យើង​បាន​ឃើញ​រួច​ទៅ​ហើយ ​ ពីភាព​ខុសគ្នា​ក្នុង​ការ​យល់ឃើញ ​រឺ​ក៏​ការ​ប្រមើលមើល​នៃ​របត់​នយោបាយ​ដឹកនាំ​ប្រទេស​ នៃ​បេក្ខជន​ទាំងពីរ។ លោកស្រី​ហ៊ីឡារី គ្លីនតុន ​គឺ​ជា​អ្នក​ច្បាប់ ​និង​ជា​មិត្ត​រួម​ថ្នាក់​របស់​ស្វាមី​លោកស្រី  ​​លោក​ប៊ីលគ្លីនតុន។ សម្រាប់​អ្នក​ដែល​ស្និតស្នាល​នឹង​លោកស្រី​តាំង​ពី​ក្មេង ​ គេ​យល់​ថា​លោកស្រី​ហ៊ីឡារី ​មាន​គំនិត​ប្រាជ្ញា​និង​ការ​យល់ឃើញ​សឹងតែ​ជ្រៅជ្រះ​ជាង​លោក​ប៊ីលគ្លីនតុន​ផង ​ តែ​កន្លង​មក​លោកស្រី​បាន​បំពេញ​តួនាទី​ជា​ភរិយា ​ដើម្បី​ឲ្យ​ស្វាមី​លោកស្រី​បំពេញ​មុខ​តំណែង​ជា​ប្រធានាធិបតី។ តែ​យ៉ាងណា ​ លោកស្រី​គ្លីនតុន​ តែង​តែ​ដឹងឮ​ និង​តាម​ដាន​ជាប់​ជានិច្ច ​ ក្នុង​ការងារ​នយោបាយ​សហរដ្ឋ​អាមេរិក។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​លោកស្រី​គ្លីនតុន ​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស​អស់​រយៈពេល​៤ឆ្នាំ ​ដែល​ធ្វើ​ឲ្យ​លោកស្រី ​មាន​បទពិសោធន៍​នឹង​យល់​ដឹង​ច្រើន ​អំពី​នយោបាយ​ការទូត​អន្តរជាតិ​ ព្រម​ទាំង​វិបត្តិ​នយោបាយ​អន្តរជាតិ​នានា។

ផ្ទុយ​ស្រលះ​ពី​លោកស្រី​ហ៊ីឡារី គ្លីនតុន ​លោក​ដូណាល់ ត្រាំ ​ត្រូវ​បាន​គេ​ស្គាល់​ថា​គឺ​ជា​អ្នក​ជំនួញ​ចិត្តក្តៅ ​ ពោរពេញ​ដោយ​ចិត្ត​អន្ទះអន្ទែង។ លោក​ដូណាល់ ត្រាំ ​មិន​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ធ្វើ​នយោបាយ​ទេ​ មិន​ថា​នយោបាយ​ក្នុង​ស្រុក ​រឺ​ក៏​នយោបាយ​ការបរទេស។ សម្រាប់​ថ្នាក់ដឹក​នាំ​ប្រទេស​ធំៗ​មួយ​ចំនួន ​ ក៏ដូច​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច ​ឬ​នយោបាយ​ការបរទេស ​គេ​យល់​ថា ​លោក​ដូណាល់ ត្រាំ ​អាច​ពុំមាន​សមត្ថភាព​គ្រប់គ្រាន់ ​ក្នុង​ការ​ដឹកនាំ​សហរដ្ឋ​អាមេរិក​ទេ។

មាន​សមត្ថភាព ​រឺ​គ្មាន​សមត្ថភាព​ តែ​ចង់​មិន​ចង់​ ពេល​នេះ​លោក​ដូណាល់ ត្រាំ ​បាន​ដើរ​មក​ដល់​កងព័ន្ធ​ចុងក្រោយ​នៃ​ការ​ប្រកួត ​ទន្ទឹម​នឹង​លោកស្រី​គ្លីនតុន​ ដែល​លទ្ធផល​ចុង​ក្រោយ​គឺ​ប្រជាជន​អាមេរិក​ជា​អ្នក​សម្រេច។ ចុះ​បើ​យើង ​ក្រលេង​មក​មើល​កម្មវិធី​នយោបាយ​ជាក់ស្តែង​របស់​បេក្ខជន​ទាំងពីរ​នេះ​វិញ ​ថាតើ​វា​មាន​ភាព​ខុសគ្នា​អ្វី​ខ្លះ?

វិស័យ​សុខាភិបាល-​សង្គមកិច្ច៖
យើង​ចាប់​ផ្តើម​ដំបូង​ ដោយ​និយាយ​ត្រួសៗ​ ​ពី​កម្មវិធី​នយោបាយ​សង្គម​ ក្នុង​ស្រុក ​របស់​បេក្ខជន​ទាំងពីរ។ ជាច្រើន​អាណត្តិ​មក​ហើយ ​ដែល​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ព្យាយាម​ធ្វើ​ច្បាប់​ធានារ៉ាប់រង​សុខភាព​រដ្ឋ ​ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ប្រជាជន​ក្រីក្រ ​ដែល​គ្មាន​លទ្ធភាព​ទៅ​ទិញ​ធានារ៉ាប់​សុខភាព​ឯកជន។ ទីបំផុត​លោក​អូបាម៉ា ​បាន​ជំនះ​ធ្វើច្បាប់​នេះ​ចេញ ​​ ​ក៏​ប៉ុន្តែ​ច្បាប់​នេះ ​អាច​នឹង​ជួបគ្រោះ​អាសន្ន​ បើ​សិន​ជា​លោក​ដូណាល់​ ត្រាំ ​ជាប់​ជា​ប្រធានាធិបតី។ លោក​ដូណាល់ត្រាំ ​បាន​ប្រកាស​ថា​លោក​នឹង​លប់​ចោល​ នូវច្បាប់​ធានារ៉ាប់រង​សុខភាព ​ដែល​រដ្ឋាភិបាល​លោក​អូបាម៉ា​បាន​ដាក់ចេញ​នៅ​ឆ្នាំ​២០១០។

ផ្ទុយពី​លោក ត្រាំ ​លោកស្រី​គ្លីនតុន ​ មាន​ចេតនា​ចង់​បើក​បន្ថែម​ការ​អនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​ទូលំ​ទូលាយ ​ទាំង​ផ្នែក​ Medicare ​ដែល​ជា​កម្មវិធី​​ជួយ​ទំនុកបំរុង​សេវា​សុខភាព​ដល់​មនុស្ស​ចាស់​អាយុ​ចាប់​ពី​៦៥ឆ្នាំ​ និង​ផ្នែក ​Medicaid ​ដែល​ជា​កម្មវិធី​ជួយ​ផ្តល់​សេវា​សុខភាព ​ដល់​អ្នក​ដែល​មាន​ចំណូល​ទាប។

ក្នុង​វិស័យ​សង្គមកិច្ច​នេះ​ដែរ ​ លោក​ដូណាល់ ត្រាំ ​បាន​ស្នើ​ថា​ឪពុក​ម្តាយ​ដែល​មាន​កូន​តូច​ អាច​កាត់​បន្ថយ​ការ​បង់ពន្ធ​បាន ​ជា​ថ្នូរ​នឹង​ថ្លៃ​ចំណាយ​បង់​ទៅ​ឲ្យ​អ្នក​មក​មើល​ថែរ​កូន។ ហើយ​ចំណែក​ការ​ឈប់​សំរាក​មាតុភាព​វិញ ​លោក​ដូណាល់ត្រាំ ​សម្រេច​ថា​ត្រូវ​មាន​ចំនួន​៦អាទិត្យ ​ហើយ​ត្រូវ​ទទួល​បាន​កំរៃ​ស្មើនឹង​ជំនួយ​ជួយ​អ្នក​អត់​ការងារ​ធ្វើ។ ចំណែក​លោកស្រី​គ្លីនតុន ​ លោកស្រី​ចង់​បង្កើត​ឲ្យ​មាន​សិទ្ធិ​ឈប់​សម្រាក​មាតុភាព​ជា​ផ្លូវ​ការ​ ​ហើយ​ដែល​ត្រូវ​ទទួល​បាន​ប្រាក់​កំរៃ​ស្មើនឹង​២​ភាគ​៣​ នៃ​ប្រាក់​បៀរវត្ស។
 
សិទ្ធរំលូតកូន៖
ទាក់ទិន​ទៅនឹង​ការ​យក​ទារក​ចេញ ​រឺ​ការ​រំលូត​កូន ​ លោក​ដូណាល់ ត្រាំ ​បាន​ប្រឆាំង​ដាច់ខាត​ថា ​ទារក​ត្រូវ​តែ​មាន​សិទ្ធិ​រស់នៅ ​បើ​ទោះ​បី​គ្រាន់​តែ​ជា​កោសិកា​ទើប​ចាប់​កំណើត​បាន​ប៉ុន្មាន​ថ្ងៃ​ក៏ដោយ។ ប៉ុន្តែ​សម្រាប់​លោកស្រី​គ្លីនតុន​វិញ ​លោកស្រី​យល់ថា​ ​ការ​ពរពោះ​គឺ​ជា​សិទ្ធិ​សម្រេច​របស់​ស្ត្រី​ជា​ម្តាយ​តែ​ម្នាក់​គត់។ ម្តាយ​ដែល​ជា​អ្នក​ពរពោះ ​មាន​សិទ្ធិ​សម្រេច​ ក្នុង​ការ​យក​ទារក​ចេញ ​ បើ​សិន​ជា​លក្ខខណ្ឌ​នានា ​មិន​អាច​អនុញ្ញាតិ​ឲ្យ​ស្រី្ត​នោះ​មាន​កូន​បាន។ លោកស្រី​គ្លីនតុន​យល់​ថា ​នេះ​ជា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ស្រី្ត ​ហើយ​រដ្ឋ​ត្រូវ​ផ្តល់​សេវា​ពេទ្យ​ក្នុង​បញ្ហា​នេះ ​ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់។

ចរាចរណ៍​អាវុធជាតិផ្ទុះ៖
ផ្ទុយ​ស្រលះ​ពី​គោល​ជំហរ​ដែល​ចង់​ការពារ​ជីវិត​ទារក ​មិន​ឲ្យ​ម្តាយ​រំលូត​ចេញ ​ លោក​ដូណាល់ត្រាំ​ បែរ​ជា​ព្យាយាម​ការពារ​សិទ្ធិ​ប្រើប្រាស់​អាវុធ​ដោយ​សេរី​ទៅវិញ ​ដែល​ការ​ប្រើប្រាស់​អាវុធ​ដោយ​សេរី​នេះ​ហើយ​ ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​ប្រមាណ​ជា​៣ម៉ឺន​នាក់ ​ជា​មធ្យម​ជា​រៀង​រាល់​ឆ្នាំ។ លោក ​ដូណាល់ ត្រាំ ​បាន​និយាយ​ថា ​សិទ្ធិ​មាន​អាវុធ​ជាប់ខ្លួន ​គឺ​ជា​សិទ្ធិ​ពី​កំណើត ក្នុង​ការ​ការពារ​ខ្លួន​ដែល​ព្រះ​បាន​ប្រទាន។ ចំណែក​លោកស្រី​ហ៊ីឡារី គ្លីនតុន​ វិញ​មាន​នយោបាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លោក​អូបាម៉ា ​ពោល​គឺ​ចង់​គ្រប់​គ្រង​ចរាចរណ៍​អាវុធ​ឲ្យ​បាន​តឹងតែង ​ដើម្បី​ចៀសវាង​ការ​បាញ់​បោះ​ដោយ​សេរី ​ដែល​ជា​ជំងឺ​របស់​សង្គមអាមេរិក ​កន្លងមក។

អន្តោប្រវេសន៍៖
ទាក់ទិន​ទៅ​នឹង​បញ្ហា​ជន​អន្តោប្រវេសន៍ ​បេក្ខជន​ទាំងពីរ​មាន​គំនិត​ផ្ទុយ​គ្នា​ទាំង​ស្រុង។ តាំង​ពី​ដើម​មក​ លោក​ដូណាលត្រាំ ​មាន​គំនិត​បែប​បិទទ្វារ ​ដេញជន​បរទេស​ចេញ ​ឲ្យ​អាមេរិក​នៅ​តែ​ម្នាក់​ឯង ។ ឯចំណែក​លោក​ស្រី​គ្លីនតុន​វិញ​ ចង់​ឲ្យ​មានការ​បើក​ឲ្យ​ទូលំ​ទូលាយ​ តាម​រយៈ​ការ​ជួយ​សម្រួល​ផ្តល់​ក្រដាស​ស្នាម ​ដល់​ជន​អន្តោប្រវេសន៍​ដែល​រស់​នៅ​លួចលាក់​ជាច្រើន​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក ​ដើម្បី​ឲ្យ​គ្នា​អាច​មាន​លទ្ធភាព​ធ្វើការ​ដោយ​ស្រប​ច្បាប់ ​និង​បង់ពន្ធ​ជូន​រដ្ឋ ​ដូច​ជនជាតិ​អាមេរិក​ដ៏ទៃ។

លោក​ដូណាល់ត្រាំ​ វិញ ​ បាន​ចោទ​ថា​ ប្រជាជន​អាមេរិក​រាល់ថ្ងៃ​អត់​ការងារ​ធ្វើ ​ ​គឺ​ដោយសារ​តែ​បរទេស​មក​ដណ្តើម​ការងារ​អស់។ ដើម្បី​ទប់​កុំ​ឲ្យ​មាន​ជន​បរទេស​ចូល​អាមេរិក ​លោក​ដូណាល់ត្រាំ ​បាន​សន្យា​ថា​នឹង​ធ្វើ​ជញ្ជាំង​ថ្ម​ ប្រវែង​១៦០០​គីឡូម៉ែត្រ ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ម៉ិចស៊ិចកូ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​លោក​ដូណាល់ត្រាំ ​ចង់​ចាប់​បញ្ជូន​អ្នក​អត់​ក្រដាស​ស្នាម​ទាំង​អស់​១១​លាន​នាក់ ​ឲ្យ​ត្រលប់​ទៅ​ស្រុក​វិញ ​ហើយ​នឹង​ចង់​លប់​ចោល​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​អាមេរិក​ដោយ​ស្វ័យ​ប្រវត្តិ ​ពី​អ្នក​ដែល​​កើត​នៅ​លើ​ដី​អាមេរិក​ទៀតផង។

សេដ្ឋកិច្ច៖ម្នាក់​បិទ​ទ្វារ  ​ម្នាក់​បើកទ្វារ
វិស័យ​សេដ្ឋកិច្ច ​ដង្ហើម​ធំ​របស់​អាមេរិក ​ និង​ជា​ស្នូល​នៃ​ការ​បោះឆ្នោត​នេះ ​ ក៏​បាន​បង្ហាញ​ពី​ទស្សនវិស័យ​ផ្ទុយគ្នា​ស្រលះ​ផងដែរ ​ រវាង​បេក្ខជន​ទាំងពីរ។ លោក​ដូណាល់ត្រាំ ​ដែល​ជា​អតីត​អ្នក​ជំនួញ​នោះ ​ មាន​បំណង​កាត់​បន្ថយ​អត្រា​ពន្ធ​ដែល​រដ្ឋ​យក​ពី​ក្រុមហ៊ុន ​ដោយ​កាត់​បន្ថយ​ពី​៣០% ​មក​នៅ​ត្រឹម​១៥%។ រីឯពន្ធលើ​ទីតាំង​នឹង​ត្រូវ​លប់​ចោល។ លោក​ដូណាល់ត្រាំ ​ធ្លាប់​និយាយ​ថា ​ប្រាក់ខែ​អប្បបរមា​មួយ​ម៉ោង​៧,២៥សេន ​បច្ចុប្បន្ន​ វា​ខ្ពស់​ណាស់​ទៅ​ហើយ​ មិន​បាច់​បន្ថែម​ទៀត​ទេ។ តែ​ក្រោយ​មក​ក៏​បាន​ប្តូរ​សម្តី​វិញ ​ ដោយ​បាន​សន្យា​ថា​នឹង​ដំឡើង​ឲ្យ​ដល់​១០​ដុល្លារ។

ផ្ទុយពី​លោក​ដូណាល់ ត្រាំ​ដែល​មាន​បំណង​ការពារ​ក្រុមហ៊ុន​ធំៗ​ លោកស្រី​គ្លីនតុន ​ មាន​បំណង​បន្ថែមពន្ធ​លើ​ទីតាំង ​ហើយ​នឹង​ដំឡើង​ពន្ធអាករ​ទៅ​លើ​ការ​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ រឺ​ភាគហ៊ុន។ ដើម្បី​ប្រមូល​ប្រាក់​ចំនួន​២៧៥​ពាន់​លាន​ដុល្លារ ​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ ​លោកស្រី​គ្លីនតុន ​ មាន​បំណង​ដំឡើង​ពន្ធ​ ឲ្យដល់​៣០%​ជា​កំរិត​អប្បបរមា ​សម្រាប់​គ្រួសារ​ណា​ ដែល​រក​ចំណូល​បាន​ចាប់​ពី​២លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឡើង​ទៅ។ ចំណែក​ប្រាក់​ខែ​អប្បបរមា​វិញ ​លោកស្រី​គ្លីនតុន ​ បាន​សន្យា​ថា​នឹង​ដំឡើង​ឲ្យ​បាន​១២​ដុល្លារ ​ក្នុង​មួយ​ម៉ោង។

ស្ថិត​ក្នុង​វិស័យ​សេដ្ឋកិច្ច​នេះ​ដែរ​ គឺ​ទាក់ទិន​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ​ដែល​អាមេរិក​បាន​ចុះ​ជាមួយ​បណ្តារ​ប្រទេស​ផ្សេងៗ​ទៀត ​ ដែល​កំពុង​​ធ្វើ​ឲ្យ​គេ​មាន​ការ​ព្រួយ​បារម្ភ។ លោក​ដូណាល់ត្រាំ ​ ដែល​តែង​តែ​បន្ទោស​ថា​ប្រទេស​ផ្សេង​មក​ដណ្តើម​ការងារ ​ យក​រោងចក្រ​ទៅ​បង្កើត​នៅ​ក្រៅ​អាមេរិក​នោះ ​បាន​មាន​ជំហរ​ច្បាស់​លាស់​ថា ​លោក​នឹង​សើររើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​អស់​ឡើង​វិញ។ តួយ៉ាង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វីប​អាមេរិក​ខាង​ជើង​រវាង​សហរដ្ឋ​អាមេរិក​ កាណាដា ​និង​មិចស៊ិចកូ ​ឈ្មោះ​ថា Alena។ ហើយ​លោក​ក៏​ប្រឆាំង​ដាច់ខាត ​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងទៀត​ ដូច​ជា​កិច្ច​ព្រមព្រៀង​អន្តរ​អាត្លង់ទិក​ TTIP​ ជាមួយ​សហភាព​អឺរ៉ុប​ ដែល​គេ​កំពុង​តែ​ចរចា ​ហើយ​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក ​ឈ្មោះថា​TPP​ ដែល​គេ​កំពុង​តែ​អនុម័ត។

នយោបាយ​ការបរទេស ​និង​សន្តិសុខ​អន្តរជាតិ៖
ជា​ចុងក្រោយ​គឺ​ ទស្សនវិស័យ​នយោបាយ​ការបរទេស ​និង​សន្តិសុខ​អន្តរជាតិ ​របស់​បេក្ខជន​ទាំង​ពីរ​ ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង។ លោក​ដូណាល់ត្រាំ ​បាន​បញ្ជាក់​ជំហរ​ថា ​អង្គការ​អូតង់ ​មិនមែន​ជា​តួនាទី​អាមេរិក​ទេ​ដែល​ត្រូវ​បង់​ប្រាក់​ចិញ្ចឹម។ ប្រទេស​សមាជិក​ផ្សេង​ទៀត ​ត្រូវតែ​ចូលរួម​វិភាគទាន​ឲ្យ​ច្រើន ​ដើម្បី​ឲ្យ​អូតង់​ អាច​មាន​លទ្ធភាព​ការពារ​សន្តិសុខ​អន្តរជាតិ។ ហើយ​មួយ​វិញ​ទៀត ​លោកត្រាំ​យល់​ថា ​អូតង់ ​ត្រូវ​តែ​ប្តូរ​កម្មវត្ថុ​ទៅ​បង្រ្កាប​ក្រុម​ភេរវកម្ម ​និង​ជន​ភៀសខ្លួន ​មិនមែន​ត្រៀមចាំ​តែ​កំញើញ​ដាក់​រុស្ស៊ី​នោះ​ទេ។ លោកគំរាម​ទៀត​ថា ​អាមេរិក​អាច​ដក​ខ្លួន​ចេញ​ពី​អូតង់​បាន​គ្រប់​ពេល។

ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​លោក​ដូណាល់ត្រាំ ​ក៏​មាន​បំណង​លប់​កិច្ច​ព្រមព្រៀង​ចោល​ដែរ ​ ដោយ​លោក​យល់​ថា​អាមេរិក​បាន​ចាញ់​ប្រៀប​អ៊ីរ៉ង់។ ហើយ​ក្នុង​សំណុំ​រឿង​វិបត្តិ​នៅ​ស៊ីរី ​និង​ក្រុម​ជីហាត ​លោក​ដូណាល់ត្រាំ ​ បាន​និយាយ​ថា ​អាមេរិក​គួរ​តែ​ដក​ខ្លួន​ ទុក​ឲ្យ​រុស្ស៊ី​ចាត់ចែង​ទៅ​ប្រសើរ​ជាង។

ដោយឡែក ​លោកស្រី​គ្លីនតុន ​មាន​ទស្សនវិស័យ​ប្រហាក់​ប្រហែល​នឹង​លោក​អូបាម៉ា ​ក្នុង​សំណុំរឿង​សន្តិសុខ​ និង​កិច្ចការ​បរទេស។ អ្នក​ខ្លះ​​ហ៊ានទាំង​ ​និយាយ​ទៀតថា ​លោកស្រី​គ្លីនតុន ​អាច​នឹង​កាច​ជាង​លោក​អូបាម៉ា​ ផង​ក៏ថា​បាន។ កន្លង​មក​ លោកស្រី​គ្លីនតុន ​បាន​សម្តែង​យោបល់​ថា ​អាមេរិក​ ត្រូវ​មាន​វត្តមាន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី ​ដើម្បី​កុំ​ឲ្យ​រុស្ស៊ី​វាទទី​យក​តំបន់​ដើមបូព៌ា។

ហើយ​ផ្ទុយ​ពី​លោក​ដូណាល់ត្រាំ ​ដែល​ស្រែក​ប្រកូក​ប្រកាស​ចង់​បិទ​ទ្វារ​អាមេរិក ​កុំឲ្យ​មាន​មនុស្ស​កាន់​សាសនា​អ៊ីស្លាម​ទៅ​រស់​នៅ​នោះ ​លោកស្រី​គ្លីនតុន​ មាន​យោបល់​ថា ​ការ​បិទ​ទ្វារ​ បង្កើត​ការ​ស្អប់​គំគួន​ទៅលើ​អ្នក​កាន់​សាសនា​អ៊ីស្លាម ​វា​មិន​ចំណេញ​សម្រាប់​អាមេរិក​ទេ ​ផ្ទុយ​ទៅ​វិញ​វា​កាន់​តែ​បន្ថែម​កំហឹង​ ឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទូទាំង​ពិភពលោក​ កាន់តែ​ស្អប់​អាមេរិក​កាន់តែ​ខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ