អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ប្រេស៊ីល​រៀបចំ​ខ្លួន​ទាន់​ដើម្បី​ទទួល​ការប្រកួត​កីឡា​បាល់ទាត់ ហើយ ឬនៅ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រេស៊ីល​មាន​ពេល​៦ខែ​ទៀត ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​ការប្រកួត​បាល់ទាត់​ពិភពលោក​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ នៅមួយខែ​ទៀត ប្រេស៊ីល​នឹងទទួល​បើក​ការប្រកួត​បាល់​ទាត់​ពិភពលោក។ ប៉ុន្តែ​តើ​ស្តាត​របស់​ប្រេស៊ីល​ត្រៀម​ខ្លួន​ទទួល​ទស្សនិកជន​ហើយឬនៅ។ តើ​ការដ្ឋាន​សាងសង់​ស្តាត​បាន​ឈាន​ដល់​កម្រិតណា​ហើយ? បន្ទាប់ពី​មាន​ករណី​ធ្លាក់ស្លាប់​កម្មករ​ពីរនាក់ នៅក្នុង​ការដ្ឋាន​ស្តាត នៅ​Sao Polo បញ្ហា​របស់​ប្រេស៊ីល​ដែល​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​នៃការប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​បាន​លេច​ចេញ​រូបរាង​កាន់តែច្បាស់។

ការរលំបាក់​ផ្នែក​មួយ​នៃ​ស្តាត​ដែល​កំពុង​ស្ថិតនៅក្នុង​ការសាងសង់​នៅ Sao Paulo
ការរលំបាក់​ផ្នែក​មួយ​នៃ​ស្តាត​ដែល​កំពុង​ស្ថិតនៅក្នុង​ការសាងសង់​នៅ Sao Paulo ©REUTERS/Nacho Doce
ផ្សាយពាណិជ្ជកម្ម

 

រហូតមកដល់​ម៉ោង​នេះ គេពិបាក​នឹង​និយាយ​ណាស់​ថា តើ​គេ​គួរ​តែមាន​សុទិដ្ឋិនិយម ឬ​មួយ​ក៏​ត្រូវ​ចាប់ផ្តើម​ចោទសួរ​ឡើងវិញ ពី​រឿង​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៤។ អង្គការ​FIFA បាន​ដាក់​កំហិត​ឲ្យ​ប្រេស៊ីល​បញ្ចប់​ការសាងសង់​ស្តាត​ទាំងអស់​នៅ​ចុងឆ្នាំនេះ។ ប៉ុន្តែ នៅលើ​ទីតាំង​ជាក់ស្តែង ការបញ្ចប់​ការសាងសង់​ស្តាត ឲ្យ​រួចរាល់ នៅ​ចុងឆ្នាំ នេះ ពិតជា​មិន​អាច​ទៅរួចឡើយ។ ស្តាត​នៅ​ទីក្រុង​ Sao Polo ដែល​កម្មករ​ពីរ​នាក់​បាន​ជួប​គ្រោះថ្នាក់​ដល់​ស្លាប់​ជីវិត កាលពី​ចុងខែ​វិច្ឆិកា កំពុង​ស្ថិតនៅ​ស្រកាក នៅឡើយ និង​មិន​អាច​បញ្ចប់​ទាន់​កាល​កំណត់​របស់​FIFA ឡើយ។ តាម​អាជ្ញាធរ​ប្រេស៊ីល ទទួល​បន្ទុក​ការសាងសង់ គេ​ត្រូវការ​ដល់​ទៅ​ជាង​២ខែ ដើម្បី​បញ្ចប់​សព្វគ្រប់​ការងារ​សាងសង់​ស្តាត នៅ​Sao Polo។

ការដែល​ FIFA​ដាក់​កំហិត​ឲ្យ​ស្តាត​ទំាងអស់​បញ្ចប់​​ការសាងសង់​ជាស្ថាពរ នៅ​ចុងឆ្នាំ នេះ ក៏ព្រោះ​តែ​ FIFA ត្រូវការ​ស្តាត​ដើម្បី​ធ្វើ​តេស្ត រៀបចំ​ការប្រកួត​សាកល្បង​យ៉ាងហោច​ឲ្យ​បាន​បី​ដង នៅមុន​ការប្រកួត​កីឡា​បាល់ទាត់ ជា​ផ្លូវការ​ចាប់ផ្តើម។ បច្ចុប្បន្ន​នេះទៀត បន្ទាប់ពី​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត​របស់​កម្មករ រដ្ឋអាជ្ញាធរ​ប្រេស៊ីល​កំពុង​ចាប់ផ្តើម​ស៊ើបអង្កេត​លើ​ករណី​មិនប្រក្រតី​នៅក្នុង​ការសាងសង់​ស្តាត។ គម្រោង​សាងសង់​ស្តាត​ត្រូវ​បាន​គេកែតម្រូវ​ចុះឡើង។ ឧទាហរណ៍​ចំនួន​កៅអី​នៅ​ស្តាត Sao Polo ត្រូវ​បាន​កាត់បន្ថយ​ពី​ជាង​៥​ម៉ឺន​កៅអី មិន​នៅ​ជាង​៤ម៉ឺន កៅអី។ រដ្ឋអាជ្ញា​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទទួល​បន្ទុក​សាងសង់​ពិនិត្យ​មើល​ឡើងវិញ និង​ត្រូវ​ធានាថា ការរុះរើ​គម្រោង​នឹងមិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​គ្រឹះ​របស់​ស្តាត។

ដើមឡើយ អង្គការ​ FIFA​បាន​ទាមទារ​ឲ្យ​មាន​ស្តាត​យ៉ាង​តិច ៨​សម្រាប់​ទទួល​ការប្រកួត​បាល់ទាត់​ពិភពលោក ប៉ុន្តែ ប្រេស៊ីល​វិញ បាន​សម្រេច​សាងសង់​ស្តាត​ឲ្យ​បាន​១២ នោះ​មិន​មែន​ដើម្បី ឆ្លើយតប​នឹង​តម្រូវការ​នៃ​ចំនួន​អ្នកចូល​មើល​ទេ ប៉ុន្តែ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការទាមទារ​របស់​ទីក្រុង​នីមួយៗ ពោល គឺ​ដូចជា​ការបែងចែក​នំចំណី​ឲ្យ​ស្មើៗ​គ្នា ដើម្បី​កុំ​ឲ្យ​មាន​ការច្រណែនគ្នា​តែប៉ុណ្ណោះ។

នៅចំ​កណ្តាល​ប្រេស៊ីល គឺ​ស្តាត​នៅ​Manaus ដែល​បង្ក​ឲ្យ​មាន​ការរិះគន់​ខ្លាំង​ជាងគេ។ នៅពេល​ដែល​តំបន់​ជុំវិញ​ស្តាត​គ្មាន​ក្រុមបាល់ទាត់​ជម្រើស​ថ្នាក់​ជាតិ កម្មករ​ជិត​២​ពាន់​នាក់​កំពុង​ធ្វើការ​យ៉ាង​ញាប់​ដៃជើង ដើម្បី​បញ្ចប់​ការសាងសង់​ស្តាត​Arena da Amazonia មាន​សមត្ថភាព​ទទួល​ទស្សនិកជន​ដល់​ទៅ ៤​ម៉ឺន ៤ពាន់នាក់។ អ្វី​ដែលចម្លែក គឺ​អាជ្ញាធរ​ប្រេស៊ីល​បាន​ចំណាយ​លុយ​ដល់​ទៅ​ជាង​២០០​លាន​អឺរ៉ូ ដើម្បី​សង់​បញ្ចប់​ស្តាតនេះ ដែល​តាមពិត​ទៅ វា​នឹង​ទទួល​ការប្រកួត​តែ​បួន​ប៉ុណ្ណោះ ក្នុង​អំឡុង​ការប្រកួត​បាល់ទាត់​ពិភពលោក។ ការសាងសង់​ស្តាត នេះ​ទៀត ត្រូវ​បាន​គេ​វាយតម្លៃ​ថា មាន​តម្លៃ​ថ្លៃ គឺ​ច្រើន​ជាង​ក្នុង​ពេល​គេ​សាងសង់​ស្តាត​សម្រាប់​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក ក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូង។ នេះ​គេ​នៅ​មិន​ទាន់​និយាយ​ដល់​អំពើ​ពុករលួយ​ដែល​កាន់​តែរីករាលដាល បន្ទាប់ពី​រដ្ឋាភិបាល ដែល​ចង់​ចំណេញ​ពេលវេលា​បាន​លុបចោល ច្បាប់​ដែល​ធ្លាប់​តម្រូវ​ឲ្យ​មាន​ការដាក់​ដេញថ្លៃ។ គ្មាន​ការដាក់​ដេញថ្លៃ គឺ​លុយសំណូក​ដែល​កំណត់​មុខ​ក្រុមហ៊ុន​ដែល​ទទួល​បន្ទុក​សាងសង់​ស្តាត ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ពាក់ព័ន្ធ​នឹង​ការប្រកួតកីឡា​បាល់ទាត់​ពិភពលោក។

ការល្មោភ​ចង់​បាន​លើស​សមត្ថភាព នេះ​ហើយ​ជាអ្វី​ដែល​គេ​កំពុង​បន្ទោស​អាជ្ញាធរ​ប្រេស៊ីល។ នៅក្នុង​ស្រុក រដ្ឋាភិបាល​ប្រេស៊ីល​កំពុង​រងការរិះគន់​មិន​តិច​ដែរ និង​កំពុង​ជួប​ចលនា​ប្រឆាំង​របស់​មហាជន ដែល​បាន​បន្ទោស​រដ្ឋាភិបាល​ថា មិន​បាន​យកចិត្ត​ទុក​ដាក់​លើ​វិស័យ​សង្គម ប៉ុន្តែ បែរ​ជា​ទៅ​ចំណាយ​លុយ​រាប់​លាន​ដុល្លារ ដើម្បី​សាងសង់​ស្តាត ទទួល​ការប្រកួត​បាល់ទាត់​ទៅវិញ។ ក្រុមបាតុករ​បាន​សន្យាថា នឹង​ធ្វើ​បាតុកម្ម​តវ៉ា ជានិច្ច ចាប់ពីពេលនេះ រហូត​ដល់​ពេល​កំពុង​ប្រកួតកីឡា​បាល់ទាត់ ដែល​នឹង​ត្រូវ​ចាប់ផ្តើម​ពី​ខែ​មិថុនា ដល់​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំក្រោយ។

សូម​រំលឹក​ឡើងវិញថា កាលពី​ឆ្នាំ ២០០៧ ប្រជាជន​ប្រេស៊ីល​ជាទូទៅ បាន​ធ្វើបុណ្យ​អបអរ​ដែល​ប្រទេស​ប្រេស៊ីល​ជាប់ឆ្នោត​ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួតបាល់ទាត់​ពិភពលោក។ ប៉ុន្តែ ក្តីសប្បាយរីករាយ​កើតមាន ដោយមក​ពី​លោកប្រធានាធិបតី ជំនាន់​នោះ​បាន​សន្យាថា ការចំណាយ​ដើម្បី​រៀបចំ​ការប្រកួត​នឹង​ត្រូវ​ធានា​ដោយ​ក្រុមហ៊ុន​ឯកជន ហើយ​រដ្ឋាភិបាល​នឹង​បង្ហាញ​តម្លាភាព​ក្នុង​ការចំណាយ​នានា​ដល់​មហាជន។ ប៉ុន្តែ ៥​ឆ្នាំក្រោយ​ការសន្យា អ្វីៗ​ផ្ទុយ​ស្រលះ។ រដ្ឋាភិបាល​ប្រេស៊ីល​ត្រូវ​បង្ខំ​ចិត្ត​ចេញ​លុយ​ហោប៉ៅ ដោយសារ​តែ​ខ្វះការចូលរួម​វិនិយោគ​ពី​ឯកជន។

ប្រជាជន​ដែល​ចុះ​តវ៉ា​នៅតាម​ផ្លូវ បាន​និយាយ​ថា ពួកគេ​មិន​បាន​ប្រឆាំង​នឹង​គំនិត​រៀបចំ​កីឡាបាល់ទាត់​ពិភពលោក​នៅ​ប្រេស៊ីលទេ។ វា​ជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ប្រេស៊ីល ប្រទេស​​និយម​បាល់ទាត់ ដែល​មាន​ឱកាស​ទទួល​រៀបចំ​កីឡាបាល់ទាត់។ ប៉ុន្តែ អ្វី​ដែល​ប្រជាជន​ប្រេស៊ីល​តវ៉ា​ប្រឆាំង​បច្ចុប្បន្ន គឺ ​របៀប ដំណើរការ​ដែល​រដ្ឋាភិបាល​ចាត់ចែង​ដើម្បី​រៀបចំ​ទទួល​ការប្រកួតកីឡា​បាល់ទាត់​ពិភពលោក។ សម្រាប់​ប្រជាជន​ប្រេស៊ីល រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​រដ្ឋ​រាប់​រយ​លាន ដុល្លារ ដើម្បី​សាងសង់​ស្តាត ក្នុង​ពេល​ដែល​ប្រជាជន​ប្រេស៊ីល​រាប់លាន​នាក់​កំពុង​រស់នៅក្នុង​ភាពក្រីក្រ។ លើសពីនោះ រដ្ឋាភិបាល​មិន​បាន​អើពើ​ចំណាយ​លុយ​ដើម្បី​ពង្រឹង​សេវា​សុខភាព និង​អប់រំ ដែល​តាម​ពិត ប្រជាជន​ប្រេស៊ីល​ត្រូវការ​ក្នុង​ពេល​បច្ចុប្បន្ននេះ ប៉ុន្តែ មិន​មែន​ការប្រកួត​បាល់ទាត់។ ការប្រកួត​បាល់ទាត់​បាន​ក្លាយ​ជា​ប្រភព​ចង្រៃ​ដល់​ប្រជាជន​ប្រេស៊ីល។ តម្លៃ​ទំនិញ​ឡើងថ្លៃ ក្នុងពេល​ប្រាក់ខែ​របស់​ប្រជាជន​ប្រេស៊ីល​មាន​មិន​ច្រើន​ជាង ២៣០​អឺរ៉ូ ក្នុង​មួយខែ។ តម្លៃ​អចលនទ្រព្យ​វិញ​បាន​ឡើងបាន​ កប់ពពក រហូត​ធ្វើ​ឲ្យ​រដ្ឋធានី​ប្រេស៊ីល​ក្លាយ​ជា​ទីក្រុង​ទីបី​ដែល​ថ្លៃ​ជាងគេ នៅក្នុង​ពិភពលោក។ នៅ​៦​ខែ​មុន​ការប្រកួត​បាល់ទាត់​ពិភពលោក បន្ទប់​​សណ្ឋាគារ​ឡើង​ថ្លៃ​រួចហើយ ដល់​៨០​ភាគរយ រហូត​ដល់​តម្លៃ ជាង​២៤០​ដុល្លារ សម្រាប់​បន្ទប់​ធម្មតា។ នេះ​គេមិន​ទាន់​និយាយ​តម្លៃ​សំបុត្រ​ហោះហើរ ដែល​ត្រៀម​នឹង​បោះពួយ​ឡើងខ្ពស់ នៅពេល​ការប្រកួត​បាល់ទាត់​ពិភពលោក​កាន់តែ​ខិត​ជិត​មកដល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ