អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អាមេរិក​​អាច​បិទ​​ពន្ធនាគារ​​យោធា​ Guantanamo ​ឆាប់ៗ​​នេះ​​ដែរ​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​សប្តាហ៍​មុន​ អាមេរិក​បាន​ដោះលែង​អ្នកទោស​ ៥ នាក់​ចេញ​ពី​ពន្ធនាគារ Guantanamo ទៅ​កាន់​ប្រទេស​អូម៉ង់ និង​អេស្តូនី។​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ ដែល​អាមេរិក​ព្យាយាម​ពន្លឿន​ការដោះលែង​អ្នកទោស​ទៅកាន់​ប្រទេសទីបី​ ប៉ុន្តែ​ ការប៉ុនប៉ងនេះ​ត្រូវបាន​រាំងស្ទះ​ដោយសារ​ការជំទាស់​ពី​សភា។​ លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​ចាត់​ទុក​ការបិទ​ពន្ធនាគារ​យោធា​ Guantanamo នេះ​ជា​អាទិភាព​ក្នុង​នយោបាយ​របស់​លោក​។​ ​បច្ចុប្បន្ន​ ការបិទ​ពន្ធនាគារ​ដ៏ចម្រូង​ចម្រាស​មួយនេះ​កំពុង​ក្លាយ​ជាប្រធានបទ​ដ៏ក្តៅគគុក​ រវាង​រដ្ឋបាល​លោក​អូបាម៉ា និង​គណបក្ស​ជំទាស់។ តើ​អាមេរិក​អាច​បិទ​ពន្ធនាគារ​យោធានេះ​មុនផុតអាណត្តិ​របស់​លោក​អូបាម៉ា​ដែរឬទេ?

ពន្ធនាគារ​ Guantánamo មើល​ពី​ក្រៅ
ពន្ធនាគារ​ Guantánamo មើល​ពី​ក្រៅ REUTERS/Bob Strong
ផ្សាយពាណិជ្ជកម្ម

 

ការសន្យា​របស់​លោក​ អូបាម៉ា​គិតមកដល់​ពេលនេះ​ ចូលដល់​ឆ្នាំទី១៤​ហើយ ដែល​អាមេរិក​ឃុំឃាំង​អ្នកទោស​សង្ស័យ​ពាក់ព័ន្ធ​នឹងអំពើរ​ភេរវនិយម​នៅពន្ធនាគារ Guantanamo ក្នុង​ប្រទេស​គុយបា។​ ភាគច្រើន​នៃអ្នកទោស​បរទេស​ទាំងនោះ​ត្រូវបាន​ឃុំខ្លួន​ដោយ​ពុំបាន​កាត់ទោស​ឡើយ។ ​ពន្ធនាគារនេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ជំនាន់​លោក​ប្រធានាធិបតី​ George W.Bush ក្រោយ​ព្រិត្តិការណ៍​វាយប្រហារ​ថ្ងៃទី១១ កញ្ញា ២០០១។ ចាប់តាំងពីឆ្នាំ​២០០២​មក​ មានជនសង្ស័យ​ជាភេរជន​ចំនួន​ ៧៨០ នាក់ត្រូវ​បាន​ចាប់បញ្ជូន​មកដាក់ឃុំខ្លួន​ក្នុងគុកសំងាត់​មួយនេះ។ ​វិធីសាស្រ្ត​សួរចម្លើយ​ និង​ការធ្វើ​ទារុណកម្ម​ជាហូរហែរ​ត្រូវបាន​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន​ស្តីបន្ទោស​អោយ​សហរដ្ឋ​អាមេរិក។ នៅក្នុង​យុទ្ធនាការ​បោះឆ្នោត​កាលពី​ឆ្នាំ​ ២០០៨ លោក បារ៉ាក់ អូបាម៉ា​ ធ្លាប់​បាន​សន្យាថា​នឹង​បិទ​ពន្ធនាគារ​យោធា​ Guantanamo មួយ​ឆ្នាំ​ក្រោយ​លោក​ចូល​កាន់កាប់​តំណែង។ ​ប៉ុន្តែ រហូត​មកដល់​ពេលនេះ នៅមាន​អ្នកទោស​ចំនួន​ ១២២ នាក់​ទៀត​កំពុង​ឃុំខ្លួន។​

ការជំទាស់​ពីសភា និងគណបក្ស​សាធារណរដ្ឋ

បញ្ហា​ចំបង​ដែល​លោក​អូបាម៉ា​ជួប​ប្រទះ​នោះ​គឺ​ រាល់​ករណី​អ្នកទោស​និមួយៗ​ ត្រូវ​ឆ្លងកាត់​ការ​សំរេច​ពីសភា។​ កាលពីថ្ងៃ​អង្គារ​សប្តាហ៍មុន​ សមាជិក​ព្រឹទ្ធសភា​មកពីគណបក្ស​សាធារណរដ្ឋ​ ក្នុងនោះ​មាន​អតីតៈ​បេក្ខជន​ប្រធានាធិបតី​លោក John McCain បាន​ដាក់​សំណើរ​ច្បាប់មួយ​ស្នើសុំ​អោយ​ផ្អាក​ការដោះលែង​អ្នកទោស​ពន្ធនាគារ Guantanamo ចំនួន​ ២ ឆ្នាំ។ ​បើតាម​លោកស្រី​ Kelly Ayotte សមាជិក​ព្រឹទ្ធសភា​ដែលបាន​តាក់តែង​សំណើ​ច្បាប់​នេះ​បាន​បញ្ជាក់​ថា​ វិធានការ​នេះ​សំដៅ​លើ​អ្នកទោស​ដែល​មាន​គ្រោះថ្នាក់​កំរិត​មធ្យម​ និងខ្ពស់​អាច​បង្ក​គ្រោះភ័យ​ដល់​អាមេរិក។​ ក្នុងចំណោម​អ្នកទោស​សរុប​ទាំង​ ១២២ នាក់ មាន​អ្នកទោស​ចំនួន​៥៤​នាក់​ត្រូវ​បាន​ចាត់ទុក​ថា​ មិនមាន​គ្រោះថ្នាក់​អាច​ដោះលែង​បាន។​ ចំណែក​ អ្នកទោស​នៅសេសសល់​ប៉ុន្មាន​នាក់ទៀត​ត្រូវ​បាន​ចាត់ទុក​ថា​ មាន​គ្រោះថ្នាក់​ខ្ពស់​ដល់​សន្តិសុខ​អាមេរិក​មិនអាច​ដោះ​លែង​បាន។

តើអ្វី​ទៅ​ជា​ឧបសគ្គ​ក្នុង​ការដោះលែង​អ្នកទោស​ទាំងនោះ?

ដើម្បី​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ រដ្ឋបាល​លោក​អូបាម៉ា​បាន​ចាត់​តាំង​លោក​ Paul Lewis ប្រេសិត​ពិសេស​របស់​ក្រសួង​ការពារ​ជាតិ​អោយ​ទទួល​បន្ទុក​រៀបចំ​ដំណើរ​ឈាន​ទៅ​បិទ​ពន្ធនាគារ​ Guantanamo។​ យុទ្ធសាស្រ្ត​ត្រូវ​បាន​បែងចែក​ជាបី​ដំណាក់កាល៖​

 ដំណាក់កាលទីមួយ​គឺ​ ធ្វើ​យ៉ាង​ណា​ស្វែង​រក​ប្រទេស​ទី​បី​ ដើម្បី​ទទួល​អ្នក​ទោស​ទាំង ៥៤ នាក់នោះ។​ ស្ថានភាព​មានលក្ខណៈ​ស្មុគស្មាញ​ដោយសារ​តែ​ភាគច្រើន​នៃ​អ្នកទោស​ទាំងនោះ​ជាជនជាតិ​យ៉េមែន​ (៨៣ នាក់)។ សភា​អាមេរិក​បាន​ដាក់​កំហិត​ដាច់ខាត​មិនអោយ​បញ្ជូន​អ្នកទោស​ទាំងនោះ​ទៅប្រទេស​យ៉េមែន​វិញឡើយ។​ មូលហេតុ​គឺដោយសារ​តែ​ប្រទេស​យ៉េមែន​កំពុង​ជួប​អស្ថេរភាព​នយោបាយ​ និង​សន្តិសុខ។ ដូច្នេះ​ បច្ចុប្បន្ននេះ​ មន្ត្រី​ក្រសួង​ការបរទេស​ និង​ក្រសួង​ការពារជាតិ​អាមេរិក​កំពុង​ព្យាយាម​ដើរគោះទ្វារ​តាមស្ថានទូត​នានា​បញ្ចុះ​បញ្ចូល​អោយ​ប្រទេស​ជាដៃគូ​ទទួល​យក​អ្នកទោស​ទាំងនោះ។ ចាប់តាំង​ពីឆ្នាំ​២០០២​មក​ ជាសរុប​ មាន​ប្រទេស​ចំនួន​២១ ដែល​បាន​ទទួល​យក​អ្នកទោស។ ​បើតាម​មន្រ្តី​ជាន់ខ្ពស់​ម្នាក់​សុំមិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​អោយ​ដឹង​ថា​ បច្ចុប្បន្ន​ អាមេរិក​កំពុង​ចរចារ​ជាមួយ​ប្រទេស​មួយចំនួន​ មាន​ជាអាទិដូចជា​នៅតំបន់​អាមេរិក​ខាងត្បូង​ តំបន់​ដើមបូព៌ា និង​តំបន់​អឺរុប។

ដំណាក់កាលទីពីរ​គឺ​ អាមេរិក​ត្រូវធ្វើ​យ៉ាងណា​បញ្ជូន​អ្នកទោស​ដែល​មាន​គ្រោះថ្នាក់​ចំនួន​ ១០ នាក់ទៅ​កាត់ទោស​នៅតុលាការ​យោធា​ពិសេសមួយ។ ក្នុងនោះ​មានអ្នកទោស​ឈ្មោះ​ Khaled Cheikh Mohammed និង​ដៃគូ​ចំនួន​ ៤ នាក់​ទៀត​ ដែល​ជាមេគំនិត​នៅពី​ក្រោយ​ការវាយ​ប្រហារ​ថ្ងៃទី​១១​ កញ្ញា។ មកដល់​ពេលនេះ​ ការកាត់ក្តី​មិនទាន់​ធ្វើនៅ​ឡើយទេ​ ដែលនេះ​ជា​ឧបសគ្គ​ចំបង​ដល់​ការបិទ​ពន្ធនាគារ។

ដំណាក់កាលទីបីគឺ​ ត្រូវ​ពន្លឿន​ការពិនិត្យ​ឡើងវិញ​លើ​ស្ថានភាព​អ្នកទោស​ចំនួន​ ៥៨ នាក់​ផ្សេងទៀត​ ដែល​គេគិតថា​មិនអាច​ដោះលែង​បាន​ ព្រោះ​ភាគច្រើន​នៃអ្នកទាំងនោះ​ជាយុទ្ធជន​ជីហាត​អស់​រយៈពេល​រាប់សិប​ឆ្នាំមកហើយ។​ តើអាមេរិក​ត្រូវ​បន្តទុក​អ្នកទោស​ទាំងនោះ​នៅ​ពន្ធនាគារ​ Guantanamo ឬ​បញ្ជូន​ទៅ​ពន្ធនាគារ​សហព័ន្ធ​លើទឹកដី​អាមេរិក?​ ឧបសគ្គគឺ​សភា​អាមេរិក​ហាមដាច់ខាត​មិនអោយ​បញ្ជូន​អ្នកទោស​ទាំងនោះ​មកដាក់ឃុំ​ ឬកាត់ទោស​លើទឹកដី​របស់ខ្លួន​ជាដាច់​ខាត។​ ដូចនេះ​ វាជាការ​លំបាក​សំរាប់​លោក​អូបាម៉ា​ក្នុងការ​​និយាយ​បញ្ចុះ​បញ្ចូល​អោយ​សភា​អោយ​បន្ធូរ​បន្ថយ​លក្ខខ័ណ្ឌ​ទាំងនេះ​ ព្រោះ​បច្ចុប្បន្ននេះ​ សភា​ និង​ព្រិទ្ធសភា កំពុង​ស្ថិតនៅ​ក្នុងដៃ​គណបក្ស​សាធារណរដ្ឋ។​

សូមបញ្ជាក់ថា​ សព្វថ្ងៃនេះ​អាមេរិក​ចំណាយ​ប្រាក់​បីលាន​ដុល្លារ​ក្នុងមួយ​ឆ្នាំ​សំរាប់​អ្នកទោស​ម្នាក់​នៅ​ពន្ធនាគារ​ Guantanamo។ ផ្ទុយទៅវិញ​ អាមេរិក​ចំណាយ​ប្រាក់​តែ​ ៧៥ ០០០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​សំរាប់​អ្នកទោស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ម្នាក់​នៅពន្ធនាគារ​សហ័ពន្ធ​លើទឹកដី​របស់ខ្លួន។ ហើយ​ក្នុង​មួយ​ឆ្នាំ​ រដ្ឋាភិបាល​អាមេរិក​ចំណាយ​ប្រាក់​ប្រមាណ​ ៤៤៣ លានដុល្លារ​ សំរាប់​ដំណើរការ​ពន្ធនាគារ Guantanamo ក្នុង​ប្រទេស​គុយបា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ