អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អង្គការ​រដ្ឋ​អ៊ីស្លាម​កំពុង​សិក្សា​ពីលទ្ធភាព​ជ្រើសរើស​សកម្មជន​ប្រយុទ្ធ​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​អោយ​ដឹង​ថា​ អង្គការ​រដ្ឋ​អ៊ីស្លាម​កំពុង​ស្ថិត​ក្នុង​ដំណាក់​សិក្សា​ដំបូង ស្ទាបស្ទង់​ពី​លទ្ធភាព​ជ្រើសរើស​យុទ្ធជន​ជីហាត​ ដើម្បី​ធ្វើ​សង្គ្រាម​គ្រប់គ្រង​ប្រទេស​អាហ្វហ្កានីស្ថាន។ ​ការ​ប៉ុនប៉ង​វាតទី​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​នេះ​មិន​ត្រឹម​តែ​ធ្វើ​អោយ​សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​ចលនា​ឧទ្ទាម​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន​ក៏​មិន​សប្បាយ​ចិត្ត​ដែរ។​ មកដល់​ពេលនេះ​ កំលាំង​យោធា​អាមេរិក​ប្រចាំការ​នៅ​ទីនោះ​បាន​ទទួល​តំរុយ​ខ្លះៗ​ថា​ ការ​ជ្រើសរើស​កំលាំង​យុទ្ធជន​គឺ ស្ថិត​នៅក្នុង​កំរិត​តូច​មួយ ចេញ​ពី​ក្រុម​ឧទ្ទាម​តូចៗ​ផ្សេង​ទៀត។ ក្រុម​ជីហាតថ្មី​នេះ​ហៅ​ឈ្មោះ​ខ្លួន​ឯង​ថា​ ​«ក្រុម​ខេត្ត​ខូរាសាន»​ ដោយ​អះអាង​ថា​ ពួក​ខ្លួន​ជា​សាខា​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​អាហ្វហ្កានីស្ថាន។

រូបថត​ឃោសនា​របស់​អង្គការ​រដ្ឋ​អ៊ីស្លាមផ្តិត​ចេញ​ពី​ខ្សែវីដេអូ​មួយ​
រូបថត​ឃោសនា​របស់​អង្គការ​រដ្ឋ​អ៊ីស្លាមផ្តិត​ចេញ​ពី​ខ្សែវីដេអូ​មួយ​ AFP PHOTO / HO / AL-FURQAN MEDIA
ផ្សាយពាណិជ្ជកម្ម

អង្គការ​រដ្ឋ​អ៊ីស្លាម​កំពុង​ជ្រើសរើស​សកម្មជន​ប្រយុទ្ធ​ក្នុង​ជួរ​ពួក​តាលីបង់

 
កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ​ លោក​ឧត្តមសេនីយ​អាមេរិក​ John Campbell ប្រមុខ​បេសកកម្ម​អូតង់​ប្រចាំការ​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ប្រកាស​អោយ​ដឹង​ថា​ ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ចាប់​ផ្តើម​រើស​កំលាំង​ប្រយុទ្ធ​បណ្តើរៗ​ ប៉ុន្តែ កំលាំង​នេះ​ពុំទាន់មាន​លទ្ធភាព​អាច​ដឹកនាំ​ប្រតិបត្តិការ​វាយ​ប្រយុទ្ធ​នៅ​ឡើយ​ទេ។​ នៅ​ក្នុង​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ ដែល​បាន​ដាក់​ជូន​សភា​ទាំងពីរ​ថ្នាក់​ កាលពី​សប្តាហ៍​មុន​ អ្នកជំនាញ​អាមេរិក​បាន​វិភាគ​អោយដឹង​ថា​ ការ​ព្យាយាម​វាតទី​សមរភូមិ​ប្រយុទ្ធ​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ ក្នុង​ទឹកដី​ប្រទេសអាហ្វហ្កានីស្ថាន​ កំពុង​បង្កើន​ក្តីព្រួយ​បារម្ភ​យ៉ាង​ខ្លាំងដល់​ សម្ព័ន្ធ​មិត្ត​អន្តរជាតិ​ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​បាគីស្ថាន​ ជាពិសេស​ក្រុម​ឧទ្ទាម​តាលីបង់​ផ្ទាល់​តែម្តង។​ យោង​តាម​ការ​វិភាគ​នេះ​ ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម​ប្រហែល​កំពុង​សាកល្បង​បន្ត​បង្កើន​វត្តមាន​របស់​ខ្លួន​ នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​ ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ។​

ប្រតិកម្ម​របស់​ចលនា​តាលីបង់

លើសពីនេះ​ ក្រុម​ជីហាត​ជ្រុល​និយម​នេះ​ក៏​កំពុង​ព្យាយាម​ប្រជែង​ជាមួយ​ក្រុម​ឧទ្ទាម​តាលីបង់​ និង​ក្រុម​ឧទ្ទាម​បះបោរ​ផ្សេងៗ​ទៀត​ផងដែរ។ ​កាល​ពីសប្តាហ៍​មុន​នេះ​ ​ ចលនា​តាលីបង់​ក៏​បាន​ព្រមាន​ជាមុន​ដល់​ប្រមុខ​អង្គការ​រដ្ឋ​អ៊ីស្លាម​ កុំ​អោយ​ព្យាយាម​បង្កើត​សាខា​ ឬ​បណ្តាញ​ប្រយុទ្ធ​អោយ​សោះ ​នៅ​លើ​ទឹកដី​អាហ្វហ្កានីស្ថាន។​ នៅ​ក្នុង​លិខិត​មួយ​ផ្សព្វផ្សាយ​ កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ ប្រមុខ​ទីពីរ​តាលីបង់​ឈ្មោះ​ Akhtar Mohammed Mansour បាន​ពន្យល់​ថា​ រាល់​ការ​ប្រយុទ្ធ​តស៊ូ​​ប្រឆាំង​ទល់​នឹង​កងកំលាំង​លោក​ខាងលិច​ និង​សម្ព័ន្ធ​មិត្ត​របស់​ពួក​គេ​ នៅលើ​ទឹកដី​អាហ្វហ្កានីស្ថានគឺ​​ ត្រូវតែ​ស្ថិត​នៅ​ជ្រក​ក្រោម​ដំបូល​បញ្ជា​តែមួយ។​ ក្រុម​តាលីបង់​នឹង​ឆ្លើយ​តប​ដោយ​អាវុធ​ ប្រសិន​បើ​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​តែ​ចចេស​ព្យាយាម​ចាក់ឬស​គល់ និង​ព្យាយាម​យក​អាហ្វហ្កានីស្ថាន​ជា​ឈ្នាន់។​ សូម​បញ្ជាក់​ថា​ សេចក្តី​ព្រមាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​មានការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​កាលពីថ្មី​ៗនេះ​ នៅ​ភាគ​ខាងកើត​ប្រទេស​អាហ្វហ្កានីស្ថាន ​រវាង​យុទ្ធជន​តាលីបង់​ និង​យុទ្ធជន​ដែល​អះអាង​ខ្លួន​ថា​ ជា​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម។

ក្រុម​តាលីបង់​នៅ​តែ​គ្រោះថ្នាក់​បំផុត

ទោះបីជា​យ៉ាងណា​ក៏ដោយ​ មន្រ្តី​យោធា​អាមេរិក​គូស​បញ្ជាក់​ថា​ ចលនា​តាលីបង់​នៅតែ​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​តស៊ូ​ដ៏​ស្វិតស្វាញ​បំផុត​ និង​នៅ​តែ​បន្ត​បញ្ចុះបញ្ចូល​ប្រជាជន​អាហ្វហ្កានីស្ថាន​អោយ​គាំទ្រ​ខ្លួន។ ក្នុង​ចំណោម​ក្រុម​ឧទ្ទាម​ទាំង​អស់​ក្រោម​ចំណុះ​ពួកតាលីបង់​ បណ្តាញ​ Haqqani ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ ក្រុម​គ្រោះថ្នាក់​ជាង​គេ​បង្អស់ ដែល​តែង​គំរាម​កំហែង​ដល់​កំលាំង​យោធា​អាមេរិក​ និង​អាហ្វហ្កានីស្ថាន។​ ជា​ពិសេស​ ក្រុម​នេះ​គឺជា​ គោល​ត្រីវិស័យ​មួយ​ដ៏​សំខាន់​បំផុត​របស់​បណ្តាញ​ភេរវនិយម​អាល់កៃដា។ ​មន្ទីរ​បញ្ចកោណ​ក៏​កត់​សំគាល់​ផងដែរ​ថា​ សាខា​ដ៏​មាន​ឥទ្ធិពល​របស់​បណ្តាញ​អាល់កៃដា​មួយ​នេះ​ នៅ​តែ​មាន​លទ្ធភាព​អាច​ធ្វើ​ផែនការ​ និង​ដឹកនាំ​ការ​ប្រយុទ្ធ​បាន​គ្រប់​ពេល​វេលា។

បច្ចុប្បន្ន​នេះ​ ទាហាន​អាមេរិក​ចំនួន​ ៩ ៨០០ នាក់​កំពុង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​សម្ព័ន្ធ​មិត្ត​អាត្លង់ទិក​ ដែល​មាន​ទាហាន​សរុប​ចំនួន​ ១២ ៥០០ នាក់។​ បេសកកម្ម​យោធា​នេះ​បាន​បន្ត​វេន​ពី​កង​កំលាំង​ជំនួយ​សន្តិសុខ​អន្តរជាតិ​ (ISAF) ដែល​បាន​ដក​ចេញ​​ កាលពី​ខែ​ធ្នូ ​ឆ្នាំ​ ២០១៤ ។ សហរដ្ឋ​អាមេរិក​គ្រោង​ដក​កំលាំង​យោធា​របស់​ខ្លួន​ ចំនួន​ពាក់​កណ្តាល​ គិត​ចាប់ពី​ឆ្នាំ​នេះ​តទៅ។​ ប៉ុន្តែ​ លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​សំរេច​ចិត្ត​រក្សា​អោយ​នៅ​ចំនួន​ដដែល​វិញ​សិន។​

សូម​រំលឹក​ថា​ ពួក​តាលីបង់​ត្រូវ​បាន​សម្ព័ន្ធ​មិត្ត​លោក​ខាងលិច​បណ្តេញ​ចេញ​ពី​អំណាច​កាលពីខែ​ធ្នូ​ ​ឆ្នាំ​ ២០០១។​ ចាប់​ពីពេល​នោះមក​ ពួក​តាលីបង់​បាន​ដឹកនាំការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​កាប៊ូល​ និង​សម្ព័ន្ធ​មិត្ត​បរទេស។​ ដូចនេះ​ ការ​ប៉ុនប៉ង​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ក្នុង​ការ​ដឹកនាំ​ការ​ប្រយុទ្ធ​នៅ​អាហ្វហ្កានីស្ថាន​មិន​ត្រូវ​បាន​ពួក​តាលីបង់​ស្វាគមន៍​ឡើយ។

តើ​ក្រុម​តាលីបង់​ និង​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​ខុសគ្នា​ដូចម្តេច​ខ្លះ?

បើ​តាម​យោបល់​របស់​អ្នក​ជំនាញ​ផែ្នក​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ Ahmad Saeedi បាន​អោយ​ដឹងថា​ អ្នក​គាំទ្រ​ក្រុម​តាលីបង់​អស់​រយៈពេល​ជា​យូរអង្វែង​មកហើយ​នោះ​​ ពួក​គេនៅ​តែ​បន្ត​ជួយ​ពួក​តាលីបង់​ដដែល។​ កាលពី​អតីតៈកាល​ ពេល​កំពុង​កាន់​កាប់​អំណាច​ គឺក្រុម​តាលីបង់​នេះ​ហើយ​ ដែល​ធ្លាប់​ផ្តល់​ទី​កន្លែង​ជ្រកកោន​អោយ​ អ៊ូសាម៉ា ប៊ិនឡាដិន​ ក្នុង​ទឹក​ដី​របស់​ខ្លួន។​ ផ្ទុយ​ពី​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​ ក្រុម​តាលីបង់​ផ្តោត​ការ​វាយ​ប្រហារ​តែ​លើ​ទឹកដី​អាហ្វហ្កានីស្ថាន​មួយ​ប៉ុណ្ណោះ។​ ហើយ​ គោលដៅ​សំខាន់​របស់​ក្រុម​នោះ​គឺ ទាហាន ឬ​ប៉ូលីស​របស់​អាហ្គានីស្ថាន និង​សម្ព័ន្ធ​មិត្ត​បរទេស​លោក​ខាង​លិច​ ដែល​កំពុង​ឈរ​ជើង​នៅលើ​ទឹកដី​របស់​ខ្លួន។​ ប៉ុន្តែ ទោះបី​ជា​យ៉ាងណា​ក៏​ដោយ​ រាល់​ការ​វាយ​ប្រហារ​កន្លង​មក​របស់​ពួក​តាលីបង់​ ភាគច្រើន​នៃ​ជន​រងគ្រោះ​ច្រើន​តែ​បាន​ប៉ះពាល់​ដល់​ប្រជាជន​ស៊ីវិល។​

ផ្ទុយទៅវិញ​ ពួក​អង្គការរដ្ឋ​អ៊ីស្លាម​ត្រូវ​បាន​គេ​ចាត់​ទុក​ថាជា​ ក្រុម​ជីហាត​ជ្រុលនិយម។​ ពួក​អ៊ីស្លាម​និកាយ​ស៊ុយនីត​នេះ​ធ្លាប់​បាន​អះអាង​ជាច្រើន​ដង​រួច​មក​ហើយ​ថា​ ពួក​គេ​ចង់​ពង្រីក​វិសាលភាព​ទឹកដី​ហួស​ឆ្ងាយ​ពីព្រំដែន​ប្រទេស​ស៊ីរី​ និង​អ៊ីរ៉ាក់​ ដោយ​ប្រើប្រាស់​ច្បាប់​អ៊ីស្លាម​ដ៏​តឹងរឹង​មក​គ្រប់គ្រង។ ក្រុម​សកម្មជន​ប្រយុទ្ធ​ថ្មី​ឈ្មោះ​ «ក្រុម​ខេត្ត​ខូរូសាន»​ នៅ​អាហ្វហ្កានីស្ថាន​នេះ​គឺជា ការ​បង្ហាញ​ពី​មហិច្ឆតា​របស់​ពួក​ភេរនិយម​នេះ។​ បើ​តាម​ប្រវត្តិសាស្រ្ត​បាន​អោយ​ដឹង​ថា​ ពាក្យថា​ «ខេត្ត​ខូរូសាន»​ នេះ​គឺ សំដៅ​ទៅ​លើ​ឈ្មោះ​ប្រទេស​អាហ្វហ្កានីស្ថាន​កាល​ពី​មជ្ឈិម​សម័យ​។ ហើយ​ ទឹកដី​ខូរូសាន​ពីកាលអតីតៈកាល​គឺ រាប់​បញ្ជូល​ទឹកដី​អាហ្វនីស្ថាន​បច្ចុប្បន្ន​ ដែល​លាតសន្ធឹង​រហូតដល់ទឹកដី​ភាគ​ឥសាន​ប្រទេស​អ៊ីរ៉ង់​ និង​តំបន់​ភាគ​ខាងត្បូង​ប្រទេស​តួកម៉េនីស្ថាន អ៊ូសបេគីស្ថាន និង​តាហ្ស៊ីគីស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ