អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុម​ហ៊ុន​ប្រេង​អង់គ្លេស​ BP យល់​ព្រម​បង់​លុយ​សង​ជំងឺ​ចិត្ត​ចំនួន​ ១៨,៧ ពាន់​លាន​ដុល្លារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​មាន​រឿងក្តីក្តាំ​អស់​រយៈពេល​ ៥ ឆ្នាំ​ ជាមួយ​សហរដ្ឋ​អាមេរិក​ ពាក់ព័ន្ធ​នឹង​ការ​ហៀរ​ប្រេង​អណែ្តត​លើ​ផ្ទៃ​សមុទ្រ​ កាលពី​ឆ្នាំ​ ២០១០ ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​របស់​អង់គ្លេស​ BP បាន​សុខចិត្ត​បង់​ប្រាក់​សង​ជម្ងឺ​ចិត្ត​ចំនួន​ ១៨,៧ ពាន់​លាន​ដុល្លារ។​ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ប្រកាស​ព័ត៌មាន​នេះ​ជា​ផ្លូវការ​ ក្រោយពី​ភាគី​ក្រុមហ៊ុន​បាន​យល់​ព្រម​ជា​គោលការណ៍​ក្នុង​ការ​បង់​ប្រាក់ពិន័យនេះ​ ដើម្បី​ជួសជុល​ផល​ការ​ខូចខាត​ប្រព័ន្ធ​បរិស្ថាន​ក្នុង​ឈូង​សមុទ្រ​ម៉ិចសិក និង​ជា​ពិសេស​ស្តារ​សេដ្ឋកិច្ច​ និង​ជីវភាព​ប្រជាជន​រស់នៅ​តាម​បណ្តា​រដ្ឋ​ជាប់​ឆ្នេរ​សមុទ្រ។​ នេះ​ជា​លើក​ទីមួយ​ហើយ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក​ ដែល​ក្រុមហ៊ុន​ឯកជន​មួយ​សុខចិត្តបង់​ប្រាក់ពិន័យ​ដ៏ច្រើន​លើស​លប់​បែប​នេះ។​

មច្ឆា​នៅ​រដ្ឋ​Mississipi រងគ្រោះ​ក្រោយ​ការ​ហៀប្រេង​ កាលពី​ឆ្នាំ​២០១០
មច្ឆា​នៅ​រដ្ឋ​Mississipi រងគ្រោះ​ក្រោយ​ការ​ហៀប្រេង​ កាលពី​ឆ្នាំ​២០១០ © Reuters
ផ្សាយពាណិជ្ជកម្ម

ទីបំផុត​ ក្រុមហ៊ុន​ប្រេង​អង់គ្លេស​ British Petroleum (BP)​ បាន​ឯកភាព​ជា​គោលការណ៍​ សុខចិត្ត​បង់​ថ្លៃ​សំណង​ខូចខាត​ ក្រោយ​គ្រោះ​មហន្តរាយ​ហៀរ​ប្រេង​ឆៅ​អណែ្តត​លើ​ផ្ទៃ​ឈូង​សមុទ្រ​ម៉ិចសិក​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ​ ២០១០។ ​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក និង​រដ្ឋ​ចំនួន​ប្រាំ​ ដែល​រួម​មាន៖ ​រដ្ឋ​ Louisiane រដ្ឋ​ Mississippi រដ្ឋ​ Alabama រដ្ឋ​ Texas និង​ រដ្ឋ​ Florida បាន​ដាក់​ពាក្យ​បណ្តឹង​តាម​និតិ​រដ្ឋ​ប្បវេណី​ប្រឆាំង​នឹង​ក្រុមហ៊ុន​អង់គ្លេស​ដ៏​ធំ​នេះ។

 
ប្រាក់​សំណង​ដ៏​ច្រើន​មហិមា​ពុំធ្លាប់​មាន​

បើ​តាម​លោកស្រី​ Loretta Lynch រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិក​ ប្រាក់​សង​ជម្ងឺចិត្ត​សរុប​ចំនួន​ ១៨,៧​ ពាន់​លាន​ដុល្លារ​នេះ​នឹង​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោធន៍ ​ដើម្បី​ជួសជុល​ការ​ខូច​ខាត​លើ​វិស័យ​នានា​ មាន​ជា​អាទិ​ ​វិស័យ​សេដ្ឋកិច្ច​ក្នុង​ឈូង​សមុទ្រ​ម៉ិចសិក វិស័យ​ឧស្សាហកម្ម​នេសាទក្នុង​តំបន់​ និង​ជា​ពិសេស​ប្រព័ន្ធ​ជីវចំរុះ​សមុទ្រ។​ ទឹក​ប្រាក់​ដ៏​មហាសាល​នេះនឹង​ត្រូវ​បែងចែក​ជា​បួន​ផែ្នកធំៗ។ ទី​មួយ​ ទឹកប្រាក់​ចំនួន​ ៥,៥​ ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​បង់​ក្នុង​នាម​ជា​ប្រាក់​ពិន័យ ​តាម​ផ្លូវ​បណ្តឹង​រដ្ឋ​ប្បវេណី​ ដោយយោង​ទៅ​លើ​ច្បាប់​ការ​ពារ​ទឹក​។ ​ទី​ពីរ ​ទឹក​ប្រាក់​ ៧,១ ពាន់​លាន​ដុល្លារ​គឺ​ជា​ប្រាក់​សំណង​ថ្លៃ​ខូចខាត​ផែ្នក​បរិស្ថាន​ ដោយ​ត្រូវ​បង់​អោយ​រដ្ឋា​ភិបាល​សហព័ន្ធ​អាមេរិក​ និងរដ្ឋ​ចំនួន​ ៥ ​ស្ថិតនៅ​ជុំវិញ​ឈូង​សមុទ្រ​ម៉ិចសិក។​ ក្នុង​នោះ​ផង​ដែរ កញ្ចប់​ថវិការ​ចំនួន​ ២៣២ លាន​ដុល្លារ​ផេ្សង​ទៀត​ នឹង​ត្រូវ​យក​ទៅ​ប៉ះប៉ូវ​ថ្លៃ​ខូចខាត​នានា​ក្នុង​ពេល​អនាគត ដែលគេ​ពុំ​ទាន់​អាច​កំណត់​បាន​នៅ​ឡើយ។

ផែ្នក​ទី​បី​គឺ ទឹក​ប្រាក់​ ៤,៩ ពាន់​លាន​ដុល្លារ​ នឹង​យក​ទៅ​ប្រើ​ប្រាស់​ជា​ប្រាក់សង​ជម្ងឺ​ចិត្ត​បន្ថែម​ សំរាប់​សង​ថ្លៃ​ខូចខាត​សេដ្ឋកិច្ច​ក្រោយ​ព្រឹត្តិការណ៍​ប្រេង​ហៀរ​លើ​ផ្ទៃ​ទឹក​សមុទ្រ។​ ផ្នែក​ចុង​ក្រោយ​គឺ ទឹក​ប្រាក់​ ១ ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​បង់​ជូន​​អាជ្ញាធមូលដ្ឋាន​នានា​នៅ​សហរដ្ឋ​អាមេរិក​ ដែល​បាន​ដុតដៃ​ដុត​ជើង​ទប់​ស្កាត់​គ្រោះ​មហន្តរាយ​នា​ពេល​នោះ។

យោង​តាម​កិច្ច​ព្រម​ព្រៀង​ជា​គោលការណ៍​រវាង​តំណាង​ក្រុមហ៊ុន​ BP និង​ក្រសួង​យុត្តិធម៌​អាមេរិក​ប្រាក់​ពិន័យ​ និង​ប្រាក់​សង​ជម្ងឺ​ចិត្ត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ នឹង​ត្រូវ​បង់​បណ្តាក់​សំរាប់​រយៈពេល​ចន្លោះ​ពី ១៥ ទៅ​ ១៨ ឆ្នាំ។ ជា​សរុប​ បើ​គិត​រាប់​បញ្ចូល​​ទាំង​ប្រាក់​បង់ពិន័យ​នេះ​ និង​ប្រាក់​ចំណាយ​លើ​ថ្លៃ​បោសសំអាត​ប្រេង​លើ​ផ្ទៃ​សមុទ្រកន្លង​មក​​ ក្រុមហ៊ុន​ BP បាន​ចំណាយ​ថវិការ​អស់​ចំនួន​ ៥៤ ពាន់​លាន​ដុល្លារ។​ ជា​ថ្នូរ​មក​វិញ​ រដ្ឋាភិបាល​អាមេរិក​ និង​ក្រុម​ភាគី​ដើម​បណ្តឹង​ដ៏​ទៃ​ទៀត​សុខ​ចិត្ត​បោះបង់​ចោល​ពាក្យ​បណ្តឹង​ប្រឆាំង​ក្រុមហ៊ុន​យក្ស​អង់គ្លេស​នេះ។

ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​ប្រេង​ BP អូស​បន្លាយ​បង់​ប្រាក់​ពិន័យ?

សូម​បញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​នេះ​បាន​លេច​ចេញ​ជា​រូបរាង​ឡើង​ បី​ថ្ងៃ​បន្ទាប់​ពី​ក្រុមហ៊ុន​ប្រេង​ BP បរាជ័យ​ក្នុង​ការ​ជំទាស់​សាលដិការ​ នៅ​តុលាការ​កំពូល​អាមេរិក។​ កាល​ពី​ដើម​សប្តាហ៍​មុន​នេះ​ តុលាការ​កំពូល​អាមេរិក​បាន​សំរេច​ទាត់​ចោល​ការ​ជំទាស់​របស់​ក្រុមហ៊ុន ដែល​ស្នើ​សុំ​ពិនិត្យ​ទំហំ​ទឹកប្រាក់​សំណង​ឡើង​វិញ​ ក្រោយ​សាលដិការ​តុលាការ​ថ្នាក់​ក្រោម​ កាល​ពី​ឆ្នាំ​ ២០១២។ តាម​ពិត​ទៅ​ កាល​ពី​ខែ​ឧសភា ឆ្នាំ​ ២០១៤​ ​ក្រុមហ៊ុនប្រេង​អង់គ្លេស​ BP និង​ក្រុម​ហ៊ុន​អាមេរិក​ដៃគូ​ Anadarko Petroleum (មក​ពី​រដ្ឋ​តិចសាស់) បាន​រួម​គ្នា​ដាក់​ពាក្យ​បណ្តឹង​ជំទាស់នេះ។ ចំនុចសំខាន់​គឺ ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​នានា​ ដែល​បាន​ប្រកាស​ការ​ខូចខាត​​ ប៉ុន្តែ​ ការ​ខូចខាត​នោះគ្មាន​ពាក់​ព័ន្ធ​អ្វី​បន្តិច​ទាល់​តែ​សោះ​ជាមួយ​នឹង​មហន្តរាយ​នេះ។ លើស​ពីនេះ​ ក្រុម​មេធាវី​ក្រុមហ៊ុន​បាន​ផ្អែក​លើ​សំអាង​ថា​ ការ​ខូចខាតទាំង​នោះ​បាន​កើត​ឡើង​មុន​មហន្តរាយ​នេះ​ទៅ​ទៀត។

ប៉ុន្តែ​ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ តុលាការ​កំពូល​អាមេរិក​បាន​ទាត់​ចោល​ទឡ្ហីករ​ណ៍​នេះ។ កន្លង​មក​ ក្រុមហ៊ុន​ BP ធ្លាប់​បាន​ព្រមាន​ថា​ ការ​សំរេច​ណាមួយ​របស់​តុលាការ​កំពូល​អាច​បង្ក​ផល​ប៉ះ​ពាល់​អវិជ្ជមាន ពុំ​បាន​ផ្តល់​ភាព​យុត្តិធម៌​ដល់​ក្រុមហ៊ុន​ឯកជន។​ លើស​ពីនេះ​ ក្រុមហ៊ុន​ប្រេង​អង់គ្លេសនេះ​ក៏​បាន​គំរាម​ថា​ ខ្លួន​នឹង​បន្ត​ស្វះស្វែង​រក​យុត្តិធម៌​បន្ថែម​ទៀត​ តាម​រយៈ​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​ស្ថាប័ន​ដ៏​ទៃ​ទៀត​ ដើម្បី​អូសបន្លាយសង​ជម្ងឺ​ចិត្ត​ដល់​ជន​រងគ្រោះ​ពិត​ប្រាកដ​។ ប៉ុន្តែ​ ជា​ចុង​បញ្ជប់​ ក្រុម​ហ៊ុន​ប្រេង​ BP និង​រដ្ឋា​ភិបាល​អាមេរិក​បាន​សំរេច​កិច្ច​ព្រម​ព្រៀង​មួយ។ ឥឡូវ​នេះ​ គេ​នៅ​រង់​ចាំ​តែយោបល់​ពី​តុលាការ​អាមេរិក​នៅ​តាម​បណ្តា​រដ្ឋ​ពាក់​ព័ន្ធ​ មុន​នឹង​ផ្តល់​សុពល​ភាព​ដល់​កិច្ច​ព្រមព្រៀង​បង់​ប្រាក់​ពិន័យ​ និង​សង​ជម្ងឺ​ចិត្ត​នេះ។

ក្រោយ​ពី​ការ​ប្រកាស​ដំណឹង​នេះ​ ទីផ្សារ​ភាគ​ហ៊ុន​ប្រចាំ​ទីក្រុង​ឡុង​របស់​ក្រុមហ៊ុន​យក្ស​អង់គ្លេស​មួយ​នេះ​បាន​ឡើង​ចំនួន​ ៤,៣៥% ស្មើ​នឹង​ ៤៣៧,៤០ ផោន​ក្នុង​មួយ​ហ៊ុន។ យើង​គួរ​ដឹង​ផង​ដែរ​ថា​ ដើម្បី​បាន​ប្រាក់​បង់​ពិន័យ​ និង​សង​ជម្ងឺ​ចិត្ត​នេះ ក្រុមហ៊ុន​ BP បាន​លក់ទ្រព្យ​សកម្ម​របស់​ខ្លួន​ក្នុង​តំលៃ​រាប់​សែន​កោដិ​ដុល្លារ។

គ្រោះ​មហន្តរាម​ដ៏​អាក្រក់​បំផុតក្នុង​ប្រវត្តិ​សាស្ត្រ​ហៀរ​ប្រេង​
សូម​រលឹក​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី​ ២០ ខែ​មេសា​ ឆ្នាំ​ ២០១០ ស្ថានីយ​បូម​ប្រេង​ Deepwater Horizon ស្ថិត​នៅប៉ែក​ខាង​ត្បូង​សហរដ្ឋ​ងាមេរិក​ បានឆេះផ្ទុះ។​ ហេតុការណ៍​នេះ​បាន​បណ្តាល​អោយ​បាត់​បង់​អាយុជីវិត​មនុស្ស​ចំនួន​ ១១ នាក់​ និង​បាន​បង្កអោយ​​ប្រេងឆៅក្នុង​បរិមាណ​រាប់​លាន​លីត្រ​អណែ្តត​ អស់រយៈ​ពេល​រាប់​ខែ ​លើ​ផ្ទៃ​ឈូង​សមុទ្រ​ម៉ិចសិក​។​ កាល​នោះ​ គេ​ត្រូវ​ការ​រយៈ​ពេល​ជា​ច្រើន​ខែ​ ដើម្បី​បិទ​បំពង់​អណ្តូង​ប្រេងក្រោម​បាត​សមុទ្រ​ ដែល​ស្ថិត​នៅ​ជម្រៅ​ ១៥០០ ម៉ែត្រ​។ ឧបត្តិហេតុ​នេះ​ត្រូវ​បានគេ​ចាត់​ទុក​ថា​ ជា​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​ នៅ​ក្នុង​ប្រវត្តិ​មហន្តរាយ​ហៀរ​ប្រេង​នៅ​សហរដ្ឋ​អាមេរិក។
 

ប្រាំ​ឆ្នាំ​ក្រោយ​មហន្តរាយ​ហៀរប្រេង​ឆៅ​ខ្មៅនេះ​ ធនធាន​ធម្មជាតិ​ និង​ជីវិត​សត្វ​សមុទ្រ​ក្នុង​តំបន់​នោះ​នៅ​តែ​បន្ត​ទទួល​រង​ផល​ប៉ះពាល់។​ បើ​តាម​ការ​សិក្សា​របស់​អង្គការ​បរិស្ថាន​អាមេរិក​ National Wildlife Federation កាល​ពី​ខែ​មេសាកន្លង​ទៅ​នេះ បាន​អោយ​ដឹង​ថា​ បណ្តា​សត្វ​ត្រី​ដូហ្វាំង​ សត្វ​អណ្តើក​ និង​ត្រី​តុង​​ជាដើម​ បានរង​គ្រោះ​ខ្លាំង​ជាង​គេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ