អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក​ Justin Trudeau ​សុំ​អោយ​ជនជាតិ​ដើម​ម្ចាស់​ស្រុក​អភ័យទោស​ចំពោះ​ទង្វើ​ពីអតីតកាល​របស់​រដ្ឋាភិបាល​កាណាដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​សប្តាហ៍​មុន​ លោក​នាយក​រដ្ឋ​មន្រ្តី​កាណាដា Justin Trudeau បាន​ប្រកាស​ជា​សាធារណៈ​សុំ​អោយ​ក្រុម​ជនជាតិ​ដើម​ម្ចាស់​ស្រុក​រស់នៅ​ក្នុង​ប្រទេស​កាណាដា​ មេត្តា​អភ័យ​ទោស​ចំពោះ​នយោបាយ​របស់​រដ្ឋាភិបាល​កាណាដា​ជំនាន់​មុន។​ កាល​ពី​អតីតកាល​ ក្រៅ​ពីការអនុវត្តន៍​នយោបាយ​បិទសិទ្ធិ​សេរីភាព​សាសនា​ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ ​ ​មានកុមារ​ជនជាតិ​ដើម​ចំនួន​រាប់​សែន​នាក់​ត្រូវ​បាន​ចាប់​បំបែក​ចេញ​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ។ មាន​រឿង​អាស្រូវ​ និង​ផលវិបាក​សង្គម​ជាច្រើន​បាន​កើត​ចេញពី​នយោបាយ​រើសអើង​នេះ។ បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​កាណាដា​ជំនាន់​ក្រោយ​ព្យាយាម​ផ្សះផ្សារ​ជាមួយ​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ទាំងនោះ ដើម្បី​ឈាន​ទៅ​បិទ​ជំពូកប្រវត្តិសាស្រ្ត​​ដ៏​ខ្មៅ​ងងឹត​មួយ​នេះ។

លោក​នាយក​រដ្ឋមន្ត្រីកាណាដា Justin Trudeau
លោក​នាយក​រដ្ឋមន្ត្រីកាណាដា Justin Trudeau REUTERS/Chris Wattie
ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​ស្នើ​សុំអភ័យ​ទោស​នេះ​ គឺ​ធ្វើ​ឡើង​ក្នុង​នាម​រដ្ឋាភិបាល​សហព័ន្ធ​កាណាដា​ទាំងមូលតែ​ម្តង ចំពោះ​អតីតសិស្ស​មណ្ឌល​អប់​រំ​ និង​សមាជិក​ក្រុម​កុលសម្ព័ន្ធ​ជនជាតិ​ដើម​កាណាដា។ ​ពី​រដ្ឋធានី​អូតាវ៉ា​ លោក​នាយក​រដ្ឋ​មន្រ្តី​កាណាដា Justin Trudeau បាន​សំដែង​ការ​សុំ​ទោស​ជា​ផ្លូវការ​ ចំពោះ​ភាព​អយុត្តិធម៌​អស់​រយៈពេល​រាប់​សិប​ទសវត្សរ៍​ ដែល​ជនជាតិ​ដើម​ម្ចាស់​ស្រុក​បាន​ទទួល​រងគ្រោះ។ ការ​សុំ​ទោស​ដែល​មជ្ឈដ្ឋាន​សារព័ត៌មាន​កាណាដា​ និង​មហាជនទូទៅ​ចាត់ទុក​ថា​ មាន​លក្ខណៈ​ស្មោះស្ម័គ្រ​អស់​ពី​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្នុង​ឱកាស​ដែល​គណៈកម្មការ​ស្វែង​រក​ការ​ពិត​ និងការ​ផ្សះផ្សារ​បាន​ផ្សព្វផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​របស់​ខ្លួន​ ស្តីពី​ទុក្ខ​វេទនា​នៅ​តាម​មណ្ឌល​អប់រំ​កុមារ​ជនជាតិ​ដើម។

អតីត​កាល​ដ៏​ជូរចត់

សូម​រំលឹក​ថា​ ជនជាតិ​ដើម​ម្ចាស់​ស្រុក​ក្នុង​ប្រទេស​កាណាដា​បាន​មក​បោះទីតាំង​រស់នៅ​អស់រយៈពេល​ជាយូរយារ​មកហើយ ​ពោលគឺ មុន​ការ​ចូល​មក​ដល់​របស់​ពួក​ទាហាន​បារាំង​ និង​អង់គ្លេស​។ មាន​ជនជាតិ​ដើម​បី​ក្រុម​សំខាន់ៗ​គឺ៖​ ១) ជនជាតិ​ឥណ្ឌាទ្វីប​អាមេរិក​ ឬ ឥណ្ឌា​ស្បែក​ក្រហម រស់​នៅ​តាមតំបន់​ព្រៃ​ភ្នំ​ ដោយសារ​ការ​ប្រមាញ់​ និង​កសិកម្ម​ ២) ជនជាតិ​អ៊ី​ន្វីត (Inuit)​ រស់​នៅ​តំបន់​ទឹកកក​អាក​ទិក​ ដោយសារ​ការ​នេសាទ​ និង​ពនេចរ និង )​ ជនជាតិ​កូនកាត់​ (Métis)​ ដែល​មាន​ឈាមជ័រ​ចេញ​ពី​ម្តាយ​ជនជាតិ​ដើម​ជាមួយ​នឹង​ឱពុក​ជនជាតិ​ស្បែក​ស​ ​ទាហាន​បារាំង​ ឬ ទាហាន​អង់គ្លេស​ ដែល​បាន​មក​ធ្វើ​អាណា​និគម​គ្រប់​គ្រង​ទឹកដី​ នាដើម​សតវត្ស​ទី​១៦។

ចាប់​ពីឆ្នាំ ១៨២០ ដល់​ឆ្នាំ ១៩៩៦ រដ្ឋាភិបាល​កាណាដា​បាន​បង្កើត​មណ្ឌល​អប់រំ​ជនជាតិ​ដើមចំនួន​ ១៣៩ កន្លែងនៅ​ទូទាំង​ប្រទេស។​ សម័យ​កាលនោះ​ រដ្ឋាភិបាល​​បាន​អនុម័ត​ច្បាប់​មួយ​ គឺ​ច្បាប់​ស្តីពី​ជនជាតិ​ឥណ្ឌា​ ឬ​ ហៅ​ជា​សាមញ្ញ​ថា​ ច្បាប់​ស្តីពី​ជនជាតិ​កុលសម្ព័ន្ធ​កាណាដា។​ ច្បាប់​នេះ​បាន​ចែង​ថា​ កុលសម្ព័ន្ធ​ជនជាតិ​ដើម​ត្រូវ​បាន​ចាត់​ទុក​ជា​មនុស្ស ​ដែល​ត្រូវ​តែ​ទទួល​អរិយធម៌​ថ្មី តាម​រយៈ​ការ​ទទួល​ការ​អប់រំ​បែប​លោក​ខាង​លិច។

ច្បាប់​នោះ​ហាម​ឃាត់​មិន​អោយ​ក្រុម​ជនជាតិ​ដើម​ចាកចេញ​ពី​ដែន​ជម្រក​របស់​ពួក​គេ​ មិន​អោយ​បោះឆ្នោត​ និង​មិន​អោយ​អនុវត្ត​ប្រពៃណី​សាសនា។ លើស​ពីនេះ​ ​ច្បាប់​នេះ​តំរូវ​អោយ​ ​រាល់​កុមារ​ជនជាតិ​ដើម​ទាំង​អស់​ត្រូវ​ទៅ​រៀន​សូត្រ​រយៈ​ពេល​ ១០ ខែ​ ក្នុង​មួយ​ឆ្នាំ​នៅ​តាម​មណ្ឌល​អប់រំ។ គោលបំណង​គឺ​ ផ្តល់​ការ​អប់រំ​អក្សរសាស្រ្ត​ និង​សាសនា​គ្រឹស្ត​។​

ជាក់​ស្តែង​ មាន​កុមារ​ជនជាតិ​ដើម​ចំនួន​ប្រមាណ​ ១៥០ ០០០ នាក់​ត្រូវ​បាន​ចាប់​បំបែក​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ​។​ ​មណ្ឌល​អប់រំ​ទាំង​នោះ​មានចំងាយ​រាប់​រយ​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ពួក​គេ។ បុព្វជិត​គ្រឹស្តសាសនា​ជា​អ្នក​បង្ហាត់​បង្រៀន​ដល់​កុមារ​ទាំង​នោះ។ ​ដោយសារ​កង្វះ​ថវិការ​របស់​រដ្ឋាភិបាល​សម័យ​នោះ​ ពិសេស​ការ​ចាត់ចែង​ពុំបាន​ល្អ​ ចំណី​អាហារ​មាន​ការ​ខ្វះខាត​ និង​ពុំសូវ​សំបូរ​បែប។ នៅ​តាម​មណ្ឌល​និមួយៗ​ កុមារ​ទាំង​នោះត្រូវ​រស់​នៅ​ក្នុង​សភាព​ឯកោ​ គ្មាន​ទំនាក់​ទំនង​ជាមួយឱពុក​ម្តាយ​។ កុមារជនជាតិ​ដើម​​​ចំនួន​ជាង​ ៣ ពាន់​នាក់បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​ ជា​ពិសេស​ជំងឺ​របេង។

ក្រៅ​ពី​​ហាម​ឃាត់​មិន​អោយ​និយាយ​ភាសា​ជនជាតិ​ដើម ​ កុមារទាំងនោះ​បាន​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ ដូចជា​ ការ​សំឡុត​ និង​ ការ​វាយដំធ្វើ​ទារុណកម្ម​។​​​ លើស​ពីនេះ​ មាន​កុមារ​​ខ្លះ​ត្រូវ​បាន​បុព្វជិត​គ្រឹស្តសាសនា​រំលោភ​បៀតបៀន​ផ្លូវ​ភេទ​ទៀត​ផង។ ទុក្ខ​វេទនា​របស់​អតីត​សិស្ស​នៅ​មណ្ឌល​អប់រំ​ទាំង​នោះ​ត្រូវ​បាន​បែកធ្លាយ​ជា​សាធារណៈ។ ក្រោយ​ពី​មាន​ការ​ប្តឹង​តវ៉ា​ និង​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ រដ្ឋាភិបាល​កាណាដា​បាន​បិទ​មណ្ឌល​អប់រំ​ទាំងនោះ​ កាលពី​ឆ្នាំ​ ១៩៩៦។​

កម្មវិធី​បង់​ថ្លៃ​សំណង​ចំពោះ​បទពិសោធន៍​រួម​ (PEC)

ក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​រួម​ពី​សំណាក់​អតីត​សិស្សមណ្ឌល​អប់រំ​ និង​ក្រោយ​ពី​ការ​ចរចារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ​រវាង​តំណាង​ក្រុម​ជនជាតិ​ម្ចាស់​ស្រុក​ តំណាង​វិហារ​គ្រឹស្ត​សាសនា​ មេធាវី​តំណាងអតីតៈសិស្ស​មណ្ឌល​អប់រំ​ និង​រដ្ឋាភិបាល​កាណាដា​ កម្មវិធី​បង់​ថ្លៃ​សំណង​ចំពោះ​បទពិសោធន៍​រួម​ (PEC) ត្រូវ​បាន​បង្កើត​ឡើង។ ក្រោយ​ពី​ទទួល​បាន​អនុម័ត​ពី​តុលាការ​ កម្មវិធី​នេះ​បានចូល​ជា​ធរមាន​ នា​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​ ឆ្នាំ​២០០៧។​ ចាប់​ពី​ពេល​នោះ​មក​ ជនជាតិ​ដើម​អតីត​សិស្ស​មណ្ឌល​អប់រំ​ចំនួន​ ១​ សែន​នាក់​បាន​ចុះ​ឈ្មោះ​ទាមទារ​សំណង​ថ្លៃ​ជំងឺ​ចិត្ត។​

អតីត​សិស្ស​ម្នាក់ៗ​បាន​ទទួល​ថវិការ​ចន្លោះ​ពី ១ ម៉ឺន​ ទៅ​៣​ ម៉ឺនដុល្លារ​ អាស្រ័យ​ទៅ​តាម​រយៈ​ពេល​រស់​នៅ​ក្នុង​មណ្ឌល​អប់រំ​នោះ។​ ជាសរុប​ ​រដ្ឋាភិបាល​កាណាដា​បាន​ចំណាយ​ថវិការ​​ចំនួន​ ១,៦​ ពាន់​លាន​ដុល្លារ​ ដើម្បី​ជួសជុល​កំហុស​អតីតកាល​របស់​ខ្លួន។ លើស​ពីនេះ​ទៅទៀត​ នា​​ថ្ងៃ​ទី​១១ ខែ​មិថុនា​ ឆ្នាំ​២០០៨ ក្នុង​នាម​ជនជាតិ​កាណាដា​ទាំង​អស់​ ​នាយក​រដ្ឋមន្រ្តី​កាណាដាសម័យ​កាល​នោះគឺ​ លោក Stephen Harper បាន​សំដែង​ការ​សុំទោស​ជា​សាធារណៈ​ ដល់​អតីត​កុមារនៅ​តាម​មណ្ឌល​អប់រំ​ទាំងនោះ។​

គណៈកម្មការ​ស្វែង​រក​ការ​ពិត និង​ការ​ផ្សះផ្សា

ក្រៅ​ពី​ប្រាក់​សង​ថ្លៃ​ជំងឺ​ចិត្ត​ នា​ឆ្នាំ​ ២០០៩ រដ្ឋាភិបាល​កាណាដា​បាន​បង្កើត​​គណៈកម្មការ​ស្វែង​រក​ការ​ពិត​ និងការ​ផ្សះផ្សា​​មួយ។ គណៈកម្មការ​នេះ​បាន​ចុះ​ទៅ​សហគមន៍​ចំនួន​ ៣០០ កន្លែង​នៅ​ទូទាំង​ប្រទេស​កាណាដា។ មាន​សក្ខី​កម្ម​ចំនួន​ប្រហែល​ ៧ ពាន់​ ក្រោម​ទម្រង់​ជា​កិច្ច​សម្ភាសន៍​ថត​ជា​សំលេង​ ឬ​វីដេអូ ត្រូវ​បាន​ធ្វើ​ឡើង។​ ជា​សរុប សំរាប់​រយៈពេល​ការងារ​ចំនួន​ ៦ ឆ្នាំ​ រដ្ឋាភិបាល​បាន​ចំណាយ​ថវិការ​ចំនួន​ ៦០ លាន​ដុល្លារ​ ដើម្បី​ធ្វើ​តុល្យការ​បូកសរុប​ និង​វាយ​តំលៃ​លើ​សោកនាដកម្ម​ប្រវត្តិ​សាស្រ្ត​នេះ។

នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ គណៈកម្មការ​នេះ​បាន​ចេញ​សេចក្តី​សន្និដ្ឋាន​ ដោយ​បាន​ចាត់​ទុក​នយោបាយ​របស់​រដ្ឋាភិបាល​កាល​ពី​អតីត​កាល​ថា​ជា​ការ​អនុវត្តន៍​អំពើប្រល័យ​ពូជសាសន៍​វប្បធម៌​។​មណ្ឌល​អប់រំ​សំរាប់​កុមារ​ជនជាតិ​ដើម​គឺ ជា​ឧបករណ៍​​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍នេះ។​ ផលវិបាក​នៃ​នយោបាយ​នេះ​មក​លើ​សហគមន៍​ជនជាតិ​ដើម​មាន​ជា​ហូរហែ​រាប់​មិន​អស់។ ​ដោយសារ​ត្រូវ​គេ​បំបែក​ពីកូន​ ឪពុកម្តាយ​របស់​អតីត​កុមារ​ទាំងនោះ​ ខ្លះ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ ខ្លះ​បាន​ធ្វើ​អត្តឃាត​ រី​ឯខ្លះ​ទៀត​បាន​ធ្លាក់​ខ្លួន​ញៀន​សុរា ឬ​សេព​គ្រឿង​ញៀន​ជាដើម។ ក្រៅពី​ការ​សុំអភ័យទោស​ លោក​នាយក​រដ្ឋ​មន្រ្តី Justin Trudeau បាន​សន្យា​អនុវត្ត​អនុសាសន៍​ចំនួន​ ៩៤ ចំណុច​របស់​គណៈកម្មការ​ស្វែង​រក​ការ​ពិត​ និង​ការផ្សះផ្សា​។ សូម​បញ្ជាក់​ថា​ សព្វថ្ងៃ​នេះ​ កាណាដា​មាន​ជនជាតិ​ដើម​កុល​សម្ព័ន្ធ​ ដែល​ជា​ជន​ម្ចាស់​ស្រុក​ចំនួន ១,៤​ លាន​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ