អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហរដ្ឋ​អាមេរិក​អនុញ្ញាត​អោយ​បុរស​ស្រលាញ់​ភេទ​ដូចគ្នា​បរិច្ចាក​ឈាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​ ឬ​ទាំងពីរ​ភេទនៅ​ទូទាំង​សហរដ្ឋ​អាមេរិក​មាន​សិទ្ធិ​អាច​បរិច្ចាក​ឈាម​របស់​ខ្លួន​បាន​ហើយ។​ តាមពិត​ទៅ​ គឺអស់រយៈពេល​ ៣២ ឆ្នាំ​មកហើយ​ ដែលសហរដ្ឋ​អាមេរិក​បាន​ដាក់​បំរាម​មិន​អោយ​មនុស្ស​ប្រុស​ស្រលាញ់​ភេទ​ដូចគ្នា​ផ្តល់​ឈាម​ក្នុង​ន័យ​មនុស្ស​ធម៌។​ ប៉ុន្តែ​ ការ​អនុញ្ញាត​ថ្មី​នេះ​តម្រូវ​អោយ​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​គោរព​​ល័ក្ខ​ខ័ណ្ឌ​តឹង​រ៉ឹង​មួយ​ចំនួន។​ ពោល​ គឺ​មុន​នឹង​បរិច្ចាកឈាម​ដល់​សាធារណជន​ បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​ ឬ​ស្រលាញ់​ទាំង​ពីរ​ភេទ​មិន​ត្រូវ​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ឡើយ​ ក្នុង​រយៈពេល​ ១២ ​ខែ។​

សហរដ្ឋ​អាមេរិក​អនុញ្ញាតឱ្យ​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​​ផ្តល់​​ឈាម តែ​ត្រូវ​មាន​លក្ខខណ្ឌ​
សហរដ្ឋ​អាមេរិក​អនុញ្ញាតឱ្យ​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​​ផ្តល់​​ឈាម តែ​ត្រូវ​មាន​លក្ខខណ្ឌ​ Photo: Etablissement français du sang (EFS)
ផ្សាយពាណិជ្ជកម្ម

 

នយោបាយ​ថ្មីក្នុង​ការ​បរិច្ចាក​ឈាម

កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០១៥ កន្លង​ទៅនេះ​ សហរដ្ឋ​អាមេរិក​បាន​លុប​ចោល​បំរាម​ ដែល​បាន​ហាម​ឃាត់​មិន​អោយ​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​បរិច្ចាក​ឈាម។​ សេចក្តី​សំរេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារឱសថ​ និង​ចំណី​អាហារ​​អាមេរិក (FDA)។​ ក្រៅ​ពី​ក្រុម​បុរសជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ ក្រុម​បុរស​ជា​អ្នក​ស្រលាញ់​ទាំង​ពីរ​ភេទ (មាន​ន័យ​ថា​បុរស​ផង​ ស្រ្តី​ផង) ​ក៏​មាន​សិទ្ធិ​អាច​ផ្តល់​ឈាម​របស់​ខ្លួន​ទៅ​មនុស្ស​ដទៃ​បាន​ផង​ដែរ។ ប៉ុន្តែ​ ការ​ហាម​ឃាត់​​មិន​អោយ​បរិច្ចាក​ឈាម​នៅ​តែ​បន្ត​ចូល​ជា​ធរមាន​​ ចំពោះ​ក្រុម​មនុស្ស​មួយ​ចំនួន។​ ក្នុង​នោះ​មាន​ដូចជា៖ អ្នក​ធ្វើការ​ផ្លូវភេទ​​ អ្នក​ចាក់គ្រឿង​ញៀន​តាម​សរសៃ​ឈាម​ និង​អ្នក​មាន​ជំងឺ​ឈាម​ក្រ​កក។

ជំនួស​អោយ​ការ​ហាម​ឃាត់​ទាំង​ស្រុង​ ច្បាប់​ថ្មី​នេះ​អនុញ្ញាត​អោយ​បុរស​ស្រលាញ់​ភេទ​ដូចគ្នា​អាច​ធ្វើ​ការ​ផ្តល់​ឈាម​បាន​ ប៉ុន្តែ​ ពួក​គេ​ត្រូវ​គោរព​ល័ក្ខខ័ណ្ឌ​ដ៏​តឹងរ៉ឹង​មួយ។​ នោះ​គឺ​ ការ​ចៀសវាង​មិន​រួម​ភេទ​រយៈពេល​ ១២ ​ខែ​មុន​នឹង​ទៅ​បរិច្ចាក​ឈាម។ ​ក្រៅ​ពី​ក្រុម​បុរស​ស្រលាញ់​បុរស​ដូច​គ្នា​ ឬ​ទាំងពីរ​ភេទ​ ការ​ដាក់​កំហិត​ថ្មី​នេះ​ក៏​នឹង​ត្រូវ​អនុវត្ត​ផង​ដែរ​ ចំពោះ​ស្រ្តី​ដែល​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជាមួយ​បុរស​ ហើយ​ដែល​បុរស​នោះ​ផ្ទាល់​ធ្លាប់​មាន​ចំណង​ផ្លូវ​ភេទ​ជាមួយ​បុរស​ដូចគ្នា​ក្នុង​កំឡុង​ពេល​មួយ​ឆ្នាំ​មុន។​

ច្បាប់​ហាម​ឃាត់​កាលពី​ឆ្នាំ​ ១៩៨៣

សហរដ្ឋ​អាមេរិក​បាន​ហាម​ឃាត់​មិន​អោយ​បុរស​ស្រលាញ់​ភេទ​ដូចគ្នា​ផ្តល់​ឈាម​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៨៣​ មក​ម្ល៉េះ។​ បំរាម​នេះ​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​ជំងឺ​អេដស៍​ចាប់​ផ្តើម​រាតត្បាត​នៅ​សហរដ្ឋ​អាមេរិក។​ កាល​ពី​ទសវត្សរ៍​ទី​៨០ មេរោគ​ហ៊ីវ​ដែល​បង្ក​អោយ​មាន​ជំងឺ​អេដស៍​ គឺជា​ប្រភេទ​ជំងឺ​ថ្មី​មួយ​ពុំ​ទាន់​ស្គាល់​ឡើយ។

មុន​នឹង​ផ្តល់​ឈាម​ជា​សាធារណៈ គ្រប់​មនុស្ស​ប្រុសអាមេរិក​ទាំង​អស់​ត្រូវ​ឆ្លើយ​កំរង​សំណួរ​ឈាម​មួយ​។​ ប្រសិន​បើ​បុរស​នោះ​ឆ្លើយ​ថា​ខ្លួន​ធ្លាប់​បាន​រួម​ភេទ​ជាមួយ​បុរស​ដូច​គ្នា​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៧៧ មក​ បុរស​នោះ​នឹង​មិន​អាច​បរិច្ចាក​ឈាម​របស់​ខ្លួន​បាន​ឡើយ។ សម័យ​កាល​នោះ​ អ្នក​ជំនាញ​សុខាភិបាល​អាមេរិក​បាន​ចាត់​វិធានការ​​ហាម​ឃាត់ការ​​ផ្តល់​ឈាម​បែប​នេះ​ ក្នុង​គោល​បំណង​ដើម្បី​ចៀសវាង​មិន​អោយ​មេរោគ​ហ៊ីវ​ចម្លង​នៅ​ក្នុង​ចំណោម​ឈាម​បំរុង​សំរាប់​ផ្តល់​អោយ​អ្នក​ជំងឺ។

ល័ក្ខខ័ណ្ឌ​ថ្មី​ដ៏​ចម្រូង​ចម្រាស

បើ​ទោះបី​ជា​អាជ្ញាធរ​អាមេរិក​បាន​បន្ធូរ​បន្ថយ​ឧបសគ្គ​ក៏​ពិត​មែន​ ប៉ុន្តែ​ ក្រុម​អ្នក​ការពារ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​តែ​ចាត់​ទុក​ថា​ វិធាន​ការ​ថ្មី​នេះ​នៅ​តែ​មាន​លក្ខណៈ​រើសអើង​ដដែល។​ ពួក​គេ​បាន​បង្ហាញ​ការ​ខក​ចិត្ត​ដោយ​យល់​ឃើញ​ថា​ ការ​ដាក់​ល័ក្ខខ័ណ្ឌ​ថ្មី​នេះ​ គឺ​ផ្អែក​លើ​ទំនោរ​ផ្លូវ​ភេទ​ទៅ​វិញ​។​ លោក​វេជ្ជបណ្ឌិត​ Dan Bruner ជា​អ្នក​ទទួល​ខុសត្រូវ​ម្នាក់​ប្រចាំ​ក្លីនិក​​ Whitman-Walker Health ​ទាមទារ​អោយ​អាជ្ញាធរ​អាមេរិក​បន្ធូរ​បន្ថយ​រយៈពេល​ផ្អាក​ការ​រួម​ភេទ​នោះ​មក​ត្រឹម​តែរយៈពេល​ ៣០ ថ្ងៃ។​ ​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ទីភ្នាក់ងារឱសថ​ និង​ចំណី​អាហារ​​អាមេរិក (FDA)​បាន​ការពារ​វិធានការណ៍​របស់​ខ្លួន ដែល​តម្រូវ​អោយ​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​ផ្អាក​ការ​រួម​ភេទ​រយៈពេល​ ១២ ខែ​មុន​នឹង​បរិច្ចាក​ឈាម។ FDA បាន​ពន្យល់​ថា​ ខ្លួន​បាន​សិក្សា​ស្រាវជ្រាវ​លើ​ទិន្នន័យ​ថ្មីៗ​ជា​ច្រើន​ ជាពិសេស​ការសិក្សា​ស្តីពី​ការ​រីក​រាលដាល​នៃមេរោគ​ និង​របាយការណ៍​នៃ​ប្រទេស​មួយ​ចំនួន​ទៀត។

ការ​ដាក់​កំហិត​មិន​អោយ​រួមភេទ​រយៈពេល ១២ ខែ​នេះ​ គឺ​បាន​ចូល​ជា​ធរមាន​នៅ​តាម​ប្រទេស​មួយ​ចំនួន​ដូចជា​ អង់គ្លេស​ អូស្រ្តាលី​ ជប៉ុន​ និង​បារាំង​ ជាដើម។ នយោបាយ​ថ្មី​របស់​អាមេរិក​នេះ​ គឺ​ស្រដៀង​គ្នា​បេះបិទ​ទៅ​នឹង​នយោបាយ​នៅ​ប្រទេស​អូស្រ្តាលី​ ដែល​គេ​បាន​អនុវត្ត​ចាប់​តាំង​ពី​ ១០ ឆ្នាំ​មុន​ម្ល៉េះ។ នៅ​ប្រទេស​កាណាដា​ក្បែរ​ខាង​ ​ វិធានការ​ដាក់​កំហិត​ គឺ​តឹង​តែង​ជាង​អាមេរិក​ទៅ​ទៀត។​ ក្រសួង​សុខាភិបាល​កាណាដា​តម្រូវអោយ​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​ ​ផ្អាក​កា​ររួម​ភេទ​រយៈពេល​ ៥ ឆ្នាំ​ មុន​នឹងធ្វើ​ការ​ផ្តល់​ឈាម។

ក្នុង​ឱកាស​សន្នីសិទ​កាសែត​មួយ​ លោក​វេជ្ជបណ្ឌិត​ Peter Marks ប្រចាំ​ទីភ្នាក់ងារឱសថ​ និង​ចំណី​អាហារ​អាមេរិក (FDA) ​បាន​អះអាង​ថា​ ការ​ដាក់​កំហិត​ល័ក្ខខ័ណ្ឌ​បែប​នេះ​ គឺ ​សុទ្ធ​សឹង​តែ​ផ្អែក​លើ​ភស្តុតាង​វិទ្យាសាស្រ្ត​ទាំង​ស្រុង​។​ នយោបាយ​នេះ​នឹង​បន្ត​ការពារ​ធនាគារ​ឈាម​មិន​អោយ​ឆ្លង​មេរោគ​ហ៊ីវ។ ប្រសិន​បើ​គេ​មិន​ដាក់​ល័ក្ខខ័ណ្ឌ​បែបនេះ​ទេ​​ ឱកាស​ចំលង​មេរោគ​ហ៊ីវ​អាច​កើន​ឡើង​រហូត​ដល់​ ៤០០%។

សូម​បញ្ជាក់​ថា​ រាល់​ការ​បរិច្ចាក​ឈាម​គ្រប់​ទ្រង់​ទ្រាយ​សុទ្ធសឹង​តែ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​រក​មើល​មេរោគ​ហ៊ីវ។​ ប៉ុន្តែ​ សំរាប់​ការ​ធ្វើ​តេស្ត​បច្ចុប្បន្ន​ វា​អាច​មាន​រយៈកាល​ចំហ​ក្នុង​រយៈពេល ១០ ថ្ងៃ​ចន្លោះ​ពី​ពេល​ឆ្លង​មេរោគ​ និង​ពេល​ធ្វើ​តេស្ត​ឈាម​ ដែល​គេ​មិន​អាច​រកឃើញ​មេរោគ​ហ៊ីវ។ លោក​វេជ្ជ​បណ្ឌិត​ Peter Marks បាន​សង្កត់​ធ្ងន់​​ថា​ ការ​ដាក់​ល័ក្ខខ័ណ្ឌ​ត្រូវ​បាន​ផ្អែក​លើ​រយៈកាល​ចន្លោះ​ប្រហោង​នៃ​ការ​ធ្វើ​តេស្ត​នេះ។​ ថ្វីត្បិត​តែ​បច្ចេកវិទ្យា​នៃការ​ធ្វើ​តេស្ត​ថ្មីៗ​គួរ​អោយ​ជឿ​ទុក​ចិត្ត​ក៏​ពិត​មែន​ ប៉ុន្តែ​ វា​មិន​មែន​ល្អ​ឥត​ខ្ចោះ​នោះឡើយ។​ ដូច​នេះ​ គេ​ចាំ​បាច់​ត្រូវ​តែ​ដាក់​ល័ក្ខខ័ណ្ឌ​បែប​នេះ​សំរាប់​ក្រុម​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា។

កាក​បាទ​ក្រហម​អាមេរិក​បាន​ប៉ាន់ប្រមាណ​ថា​ គ្រោះថ្នាក់​ចំលង​មេរោគ​ហ៊ីវ​តាម​រយៈ​ការ​ផ្តល់​ឈាម​នៅ​សហរដ្ឋ​អាមេរិក​ គឺ​មនុស្ស​ម្នាក់ក្នុង​ចំណោម​មនុស្ស​ ១,៥​ លាន។​ សព្វថ្ងៃ​នេះ​ ចំនួន​បរិច្ចាក​ឈាមជា​រៀង​រាល់​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក​ គឺ​ស្ថិត​ក្នុង​រង្វង់​ចំនួន​ ១៥,៧​ លានដង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ