អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកស្រី​Karen Bass ទាមទារ​ឲ្យ​លោក​ Donald Trump ទៅ​ទទួល​ពិនិត្យ​ជំងឺ​វិកល​ចរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

មួយ​សប្តាហ៍​ក្រោយ​បើក​យុទ្ធនាការ​ឃោសនា​ស្វែង​រក​សំលេង​ឆ្នោត​ លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​សាធារណរដ្ឋ​បាន​ជួប​ភាព​ល្វីង​ជូរចត់​ពុំ​ធ្លាប់​មាន។​ លោក​ Trump បានទទួល​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ ​ជុំវិញ​ការ​ប្រមាថ​មើលងាយ​សាកសព​ទាហាន​អាមេរិក​ដើមកំណើត​ឥស្លាម​ម្នាក់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ Trump ក៏​បាន​​ប្រទាញប្រទង់​គ្នា​តាម​ពាក្យ​សំដី​ជាមួយ​ឱពុក​ម្តាយ​ទាហាន​នោះ​ទៀត​ផង។ ​ទន្ទឹម​គ្នា​នេះ​ លទ្ធផល​ស្ទង់​មតិ​បាន​បង្ហាញ​ថា​ លោក​ស្រី​ Hillary Clinton កំពុង​តែ​មាន​ពិន្ទុ​ខ្ពស់ដឹកមុខ​គូ​ប្រជែង។ ហើយ​គាប់​ជួន​គ្នា​នេះ​ផងដែរ​ ដំណឹង​អាក្រក់​ថ្មី​មួយ​កំពុង​តែ​ធ្វើ​ឲ្យ​រូបភាព​លោក​ Donald Trump កាន់​តែ​អាប់​អោន​ថែម​ទៀត។​ នោះ​ គឺ​ញត្តិ​មួយ​របស់​លោកស្រី​ Karen Bass តំណាង​រាស្រ្ត​អាមេរិកមកពី​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ទាម​ទារ​ឲ្យ​លោក​ Donald Trump ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ស្វែង​រក​រោគ​វិនិច្ឆ័យ​ជំងឺ​វិកលចរិក។

លោក Donald Trump ថ្ងៃទី ៦ សីហា ២០១៦
លោក Donald Trump ថ្ងៃទី ៦ សីហា ២០១៦ REUTERS/Eric Thayer
ផ្សាយពាណិជ្ជកម្ម

ស៊យ​ជាន់​លើ​ស៊យ ! បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​សាធារណរដ្ឋ​គឺ​ លោក​ Donald Trump ​កំពុង​តែ​ទទួល​រង​ការ​វាយ​ប្រហារ​ពី​គ្រប់​មជ្ឈដ្ឋាន។ លោកស្រី​ Karen Bass តំណាង​រាស្រ្ត​អាមេរិកមកពី​គណបក្ស​ប្រជាធិបតេយ្យ​ ​​ប្រចាំ​មណ្ឌល​ក្រុង Los Angeles នៃ​រដ្ឋ​កាលី​ហ្វ័រ​ញ៉ា បាន​ស្នើ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ជំរុញ​ លោក​ Donald Trump ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ​ដើម្បី​ស្វែង​រក​រោគ​វិនិច្ឆ័យ​ជំងឺ​វិកលចរិក។​ ដោយ​មាន​អាជីព​ក្នុង​ផែ្នក​សុខាភិបាល​មុននឹង​ជាប់​ឆ្នោត​ជា​តំណាង​រាស្រ្ត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១០ មក​ លោកស្រី​ Karen Bass កំពុង​ដឹកនាំ​យុទ្ធនាការ​ដាក់​ញត្តិ​សុំ​ការ​គាំទ្រ​ពី​សាធារណជន។​

ញត្តិ​ទាមទារ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ៍​ដ៏​ល្បី​មួយ​ គឺ​ Change.org។ ញត្តិ​នេះ​បាន​ត្រូវ​បង្ហោះ​តាម​អ៊ិនធើណេត​ចាប់​តាំង​ពី​ថ្ងៃ​ពុធ​ ទី​៣ សីហា​មក​ម្ល៉េះ។​ រយៈពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ មាន​មនុស្ស​ចំនួន​ ១៥ ០០០​ នាក់​បាន​ចុះ​ហត្ថលេខា​គាំទ្រ​។​ លើស​ពី​នេះ​ យុទ្ធនាការ​ទាមទារ​ដដែល​ក៏​ត្រូវ​បាន​ដឹកនាំ​ផងដែរ​នៅ​តាម​បណ្តាញ​សង្គម​ Twitter ក្រោម​ពាក្យ​គន្លឹះ​ #DiagnoseTrump។ ​បើ​យោង​តាម​ខ្លឹមសារ​ញត្តិ​នេះ​ លោកស្រី​តំណាង​រាស្រ្ត​កំពុង​តែ​សង្ស័យ​ថា​ លោក​ Donald Trump ​​មាន​អាការៈ​ជំងឺ​ច្របូកច្របល់​ស្រលាញ់​បុគ្គលិក​លក្ខណៈ​ខ្លួន​ឯង​ (trouble de la personnalité narcissique)។

ខ្លឹម​សារ​របស់​ញត្តិ​នោះ​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា​ លោក​ Donald Trump ជា​មនុស្ស​គ្រោះថ្នាក់​ដោយសារ​តែ​ចូលចិត្ត​និយាយ​គ្មាន​ពិចារណា​ និង​មិន​ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង។ លោកស្រី​តំណាង​រាស្រ្ត​រូប​នេះ​ក៏​បាន​សរសេរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​កាតព្វកិច្ច​ស្នេហា​ជាតិ​ដែល​សាធារណជន​អាមេរិក​ត្រូវ​តែ​ចោទ​សំណួរ​ជុំវិញ​ស្ថានភាព​ផ្លូវចិត្ត​របស់​លោក​ ​ Donald Trump ដែល​គេ​តែង​ចោទ​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ដ៏​មហា​ចម្រូង​ចម្រាស់​ពុំ​ដែល​ធ្លាប់​មាន​ពីមុន​មក។

លោកស្រី​ Karen Bass​ បាន​លើក​យក​និយម​ន័យ​ ដែល​មាន​ចែង​នៅ​ក្នុង​ឯកសារ​ព្យាបាល​រោគ​ផ្លូវចិត្ត​របស់​សមាគម​អាមេរិក​ផែ្នក​ជំងឺ​វិកល​ចរិក​មក​ធ្វើ​សេចក្តី​សំអាង​ផងដែរ។​ និយម​ន័យ​នោះ​បញ្ជាក់​ថា​ គេ​អាច​កំណត់​ថា​មនុស្ស​ម្នាក់​មាន​ជំងឺ​ច្របូកច្របល់​ស្រលាញ់​បុគ្គលិក​លក្ខណៈ​ខ្លួន​ឯង​ តាម​រយៈ​ពាក្យ​ពេចន៍​ ឬ​អាក្បកិរិយា​របស់​បុគ្គល​នោះ។​ ជា​បុគ្គល​ដែល​ចូលចិត្ត​​លើក​ខ្លួន​ឯង​ខ្ពង់​ខ្ពស់​ហួស​ប្រមាណ ចូលចិត្ត​និយាយ​បំប៉ោង​ពី​ស្នាដៃ​ខ្លួន​ឯង,​ ចូលចិត្ត​ស្រម័យ​សំរេច​ជោគជ័យ​គ្មាន​ដែន​កំណត់,​ ចូលចិត្ត​ឲ្យ​គេ​កោត​សរសើរ​ខ្លួន​ឯង​ឥត​ឈប់​ឈរ​ ចូលចិត្ត​ស្វែងរក​វិធី​កេង​ចំណេញ​ពី​អ្នក​ដទៃ​ និង​ជា​មនុស្ស​គ្មាន​សមត្ថភាព​ស្វែង​យល់​សេចក្តី​ត្រូវការ​របស់​អ្នក​ដទៃ។

លោកស្រីតំណាងរាស្រ្ត​ក៏​លើក​យក​អំណះ​អំណាង​ថា​ យោង​តាម​ពាក្យ​ពេចន៍​ និង​អាក្បកិរិយា​កន្លង​មក​របស់​លោក​ Donald Trump ​សាធារណជន​​​អាមេរិក​ត្រូវ​ការ​ស្វែង​យល់​ពី​សុខភាព​ផ្លូវចិត្ត​របស់​លោក​ Trump ឲ្យ​បាន​ច្បាស់​សិន​មុន​នឹង​ទៅ​បោះឆ្នោត​នា​ថ្ងៃ​ទី​៨​ វិច្ឆិកា​ខាង​មុខ​នេះ។ ខ្លឹមសារ​ញត្តិ​នោះ​ក៏​បាន​ ​បាន​អំពាវ​នាវ​ឲ្យ​គ្រប់​សមាគម​គ្រូពេទ្យ​ឯកទេស​ជំងឺ​វិកល​ចរិក​ និង​ជំងឺ​ផ្លូវ​ចិត្ត​នៅ​សហរដ្ឋ​អាមេរិក​ដាក់​សម្ពាធ​ទាមទារ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​យក​បេក្ខជន​ប្រធានាធិបតី​របស់​ខ្លួន​ទៅ​ទទួល​ការ​ត្រួត​ពិនិត្យ​ស្វែង​រក​រោគ​វិនិ​​ច្ឆ័យ​វិកល​ចរិក។

ការ​ផ្តួច​ផ្តើម​ធ្វើ​ញត្តិ​ប្រឆាំង​លោក​ Donald​​​ Trump បែប​នេះ​ក៏​ស្រប​ពេល​គ្នា​ផងដែរ​ ខណៈ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ និង​អ្នក​ជំនាញ​ផែ្នក​នយោបាយ​ការបរទេស​ជា​ច្រើន​នាក់​របស់​គណបក្ស​សាធារណរដ្ឋ​ កំពុង​តែ​ចោទសួរ​ពី​សមត្ថភាព​របស់​មហាសេដ្ឋី​ Donald Trump និង​ការ​ត្រៀម​លក្ខណៈ​របស់​គាត់​ ក្នុង​ការ​បំពេញ​បំពេញ​មុខងារ​ក្នុង​ឋានៈ​ជា​អគ្គមេបញ្ជាការ​កងទ័ព​អាមេរិក​​ ជា​ពិសេស​ក្នុង​ការ​បញ្ជា​អាវុធ​នុយក្លេអ៊ែរ។

សូម​បញ្ជាក់​ផងដែរ​ថា​ កាលពី​ថ្ងៃ​សប្តាហ៍​មុន​ លោក​ Mike Morell អតីត​នាយក​បណ្តោះ​អាសន្ន​ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​អាមេរិក​ (CIA) បាន​រិះគន់​ឥត​សំចៃ​ចំពោះ​លោក​ Donald Trump។​ ដោយ​ចុះ​ផ្សាយ​​លើ​ទំព័រ​សារព័ត៌មាន​ New York Times ​អតីត​ប្រមុខ​ CIA ចន្លោះ​ពី​ឆ្នាំ​២០០១​-២០០៣​ រូប​នេះ​បាន​សរសេរ​ពន្យល់​ថា​ លោក​ Trump ពុំ​ត្រឹម​តែ​ពុំ​ទាន់​ត្រៀម​ខ្លួន​ដឹកនាំ​ប្រទេស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​អាច​បង្ក​ឲ្យ​សន្តិសុខ​ជាតិ​អាមេរិក​ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់​ទៀត​ផង។ លោក​ Mike Morell បាន​លើក​ឧទាហរណ៍​មួយ​បង្ហាញ​ពី​ភាព​ឆោត​ល្ងង់​របស់​លោក​ Trump ដែល​បាន​បណ្តោយ​ខ្លួន​ឲ្យ​ចូល​អន្ទាក់​របស់​លោក​ Vladimir Poutine ប្រធានាធិបតី​រុស្សី​បច្ចុប្បន្ន។

លោក​ Poutine ដែល​ធ្លាប់​បំរើការ​ជា​ប្រមុខ​ចារកម្ម​រុស្សី​បាន​និយាយ​សរសើរ​លោក​ Trump ​ ហើយ​ជា​ការ​តប​ស្នង​លោក​ Trump ​ក៏​បាន​សំដែង​ពាក្យ​ពេចន៍​សរសើរ​ដូចគ្នា​ទៅ​កាន់​ប្រមុខ​រដ្ឋ​រុស្សី​ ដូច​អ្វី​ដែល​លោក​ Poutine បាន​គិត​ទុក​ជាមុន​ហើយ​ស្រេច។ បើ​តាម​ការ​វិភាគ​របស់​លោក​ Mike Morell​ ទង្វើ​បែប​នេះ​របស់​លោក​ Trump បង្ហាញ​ឲ្យ​ឃើញ​ពីការ​ខ្វះភាព​ពិចារណា​គ្រប់​ជ្រុង​ជ្រោយ។​ សំរាប់​ពិភព​ស៊ើប​ការណ៍​សំងាត់ ​​ទង្វើ​បែប​នេះ​បង្ហាញ​ថា​លោក​ Trump បំរើ​ផល​ប្រយោធន៍​ឲ្យ​រុស្សី​ដោយ​មិន​ដឹង​ខ្លួន ហើយ​លោក​ Trump ត្រូវ​លោក​ Poutine​ ជ្រើស​រើស​ជា​ភ្នាក់​ងារ​ចារកម្ម​រុស្សី​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​តំណាង​រាស្រ្ត​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​ចោទសួរ​ពី​ស្ថានភាព​ផ្លូវ​ចិត្ត​របស់​លោក​ Donald Trump។ ប៉ុន្តែ​ ញត្តិ​នេះ​ក៏​ទទួល​ការ​រិះគន់​ផងដែរ។​ មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា​ លោក​ Donald Trump​ មិន​មែន​ជា​មនុស្ស​មាន​ជំងឺ​វិកល​ចរិក​បែប​នេះ​ទេ ប៉ុន្តែ​ លោក​ Trump​ ជា​មនុស្ស​រើសអើង​ជាតិសាសន៍។​ ការណ៍​ដែល​យក​ជំងឺ​វិកល​ចរិក​ចោទ​ប្រកាន់​បែប​នេះ​ គឺ​ជា​ការ​លាក់​កំបាំង​ការ​រើស​អើង​ពូជសាសន៍​ក្នុង​ចំណោម​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ ដែល​ភាគ​ច្រើន​ជា​ពលរដ្ឋ​អាមេរិក​ស្បែក​-ស​ មាន​ទស្សនៈ​អភិរក្ស​និយម។ ចំណែក​ក្រុម​គ្រូពេទ្យ​ឯកទេស​ជំងឺ​វិកចរិក​ និង​ក្រុម​គ្រួសារ​អ្នក​ជំងឺ​ក៏​បាន​រិះគន់​យុទ្ធនាការ​របស់​លោកស្រី​ Karen Bass​ ថា​កំពុង​តែ​រើស​អើង​មនុស្ស​រាប់​ពាន់​ ដែល​កំពុង​តែ​មាន​ជំងឺ​ច្របូកច្របល់​ស្រលាញ់​បុគ្គលិក​លក្ខណៈ​ខ្លួន​ឯង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ