អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ការ​ប្រកួត​កីឡាអូឡាំពិក JO ២០១៦ មាន​តុល្យការយ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្លើង​អូឡាំពិក​ក្រុង​រីយ៉ូ ត្រូវ​ពន្លត់ ! ទង់ជាតិ​អូឡាំពិក ក៏​បាន​ប្រគល់​ទៅ​ឱ្យ​ជប៉ុន សម្រាប់​បួន​ឆ្នាំ​ខាង​មុខ។ ការ​ប្រកួត​កីឡា​អូឡាំពិក ឆ្នាំ​២០១៦ បានបិទ​បញ្ចប់​​ត្រឹម​ថ្ងៃ​អាទិត្យ​ទី ២១​សីហា។ គណៈកម្មការ​អូឡាំពិក​ បាន​ប្រកាស​អបអរ និង​សរសើរ​ប្រេស៊ីល ដែល​បាន​ធ្វើ​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​​កីឡា​អូឡាំពិក យ៉ាង​​អស់​ពី​សមត្ថភាព។ តុល្យការ​ទូទៅ មាន​លក្ខណៈ​វិជ្ជមាន​ខ្លាំង តែ​រឿង​អាស្រូវ​ក៏​មាន​ច្រើន​មិន​ខ្វះ។ តើ​អ្វី​ខ្លះ​ជា​ចំណុច​ខ្លាំង និង​ ជា​ចំណុច​ខ្សោយ​នៃ​ការ​រៀប​ចំ​អូឡាំពិក​ នៅ​ប្រេស៊ីល ?

កម្មវិធី​បិទ​បញ្ចប់​ការ​ប្រកួត​កីឡាអូឡាំពិក​ក្រុង​រីយ៉ូ ថ្ងៃទី ២១ សីហា ២០១៦
កម្មវិធី​បិទ​បញ្ចប់​ការ​ប្រកួត​កីឡាអូឡាំពិក​ក្រុង​រីយ៉ូ ថ្ងៃទី ២១ សីហា ២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​មុន​ពេល​​​កីឡាអូឡាំពិកក្រុង​រីយ៉ូ​​ចាប់​ផ្តើម​ ​គេ​នាំ​គ្នា​ព្រួយ​បារម្ភ​ខ្លាំងខ្លាច​ប្រេស៊ីល ដែល​កំពុង​ឆ្លង​កាត់​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយយ៉ាង​ធ្ងន់ធ្ងរ​ ​គ្មាន​សមត្ថភាព​​គ្រប់​គ្រាន់​នឹង​ទទួល​ការ​ប្រកួត​ប្រជែង​កីឡា​ខ្នាត​អន្តរជាតិ បើ​ទោះ​បី​ជា​ប្រេស៊ី​ធ្លាប់​ធ្វើ​បាន​សម្រេច​ការ​ប្រកួ​តកីឡា​បាល់ទាត់​ពិភពលោកបាន​ល្អ​ក៏​ដោយ។ ​ពី​រ​បី​ថ្ងៃ​មុន​ពេល​ចាប់​ប្រកួត គេ​នាំ​គ្នា​និយាយ​អំពី​ការ​គំរាម​កំហែង​ភេរវកម្ម ប៉ុន្តែ​ក្នុង​អំឡុង​ពេល​អូឡាំពិក​ថ្ងៃ​ គ្មាន​សោះ​ការ​វាយប្រហារ​​ ឬ​គំរាមកំហែង​ភេរវកម្ម​ រំខាន​ដល់​ព្រឹត្តិការណ៍​កីឡា​ដ៏​អឹកអធឹក ព្រោះ​ប្រេស៊ីល​បាន​ពង្រាយ​កម្លាំង​ប៉ូលិស​និង​យោធា​ដល់​ទៅ​៨៥០០០​នាក់​។

ថ្វី​បើ​ជា​ទូទៅ​​ ការរៀប​ចំ​កម្មវិធី​អូឡាំពិក​ប្រេស៊ីល មាន​លក្ខណៈ​វិជ្ជមាន គណៈកម្មការ​អូឡាំពិក បាន​អបអរ​សរសើរ​ប្រេស៊ីល ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ដឹក​ជញ្ជូនដែលក៏​ជា​ប្រភព​នៃ​ការរិះគន់​ខ្លាំង គ្មាន​កើត​គ្រោះគួរ​ឱ្យ​កត់​សម្គាល់​មែន តែ​ការ​ធ្វើ​ដំណើរ​ក្នុង​ក្រុង​និង​ទៅ​កាន់​កន្លែង​ប្រកួត​កីឡា​ ប្រៀប​បាន​នឹង​ការ​ផ្សង​ព្រេង​។​ ​

ការ​រៀប​ចំ​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដូច​ជា​ផ្ទាំង​ផ្តល់​ព័ត៌មាន​ខុស គ្មាន​អ្នក​ចូល​ទស្សនា កៅ​អី​សល់​ទំនេរ កន្លះៗ​ស្តាត ក្រុម​បុគ្គលិក​ស្ម័គ្រ​ចិត្តបម្រើការងារ​ពេល​អូឡាំពិក ​អវត្តមាន​ដល់​ទៅ​ប្រមាណ​ជាង​៣០% ព្រោះ​តែ​លក្ខខណ្ឌ​ការងារ​លំបាក​ពេក និង​ជាពិសេស រូបភាព​ដែល​គេ​មិន​អាច​បំភ្លេច​បាន គឺទឹក​ក្នុង​អាង​ហែល​ ស្រាប់​ប្រែ​ពណ៌​ទៅ​បៃតង​ គួរ​ឱ្យ​ព្រឺ​ខ្លាច​បំផុត​សម្រាប់​កីឡាករ។

អត្រា​កីឡាករអត្តពលិ​​ប្រើ​ថ្នាំ​លើក​កម្លាំង​ ចាប់​បាន​ក្នុង​អំឡុង​ពេល​ប្រកួត​កីឡា​អូឡាំពិក​ មានមិន​តិច​ជាង​ ១២​នាក់។ នៅ​មាន​រឿង​អាស្រូវ​​មួយ ដែល​ទំនង​ជា​រឿង​អាស្រូវ​ធំបំផុត​ក្នុង​ប្រវត្តិ​គណៈកម្មការ​អូឡាំពិក គឺ​អំពើ​ពុក​រលួយ។ ប្រធាន​គណៈកម្មការអូឡាំពិកអឺរ៉ុប​ជាតិ​អៀរឡង់ ត្រូវ​ប៉ូលិស​ប្រេស៊ីល​ចាប់​ខ្លួន នៅ​ក្រុង​រីយ៉ូ ពីបទ​សង្ស័យ​លក់​សំបុត្រ​ចូល​ទស្សនា ពេល​បើក​កម្មវិធី ​ខុស​ច្បាប់ដោយដំឡើង​តម្លៃ​ដល់​ទៅ​៨ពាន់​ដុល្លារ​ ទល់​នឹង​តម្លៃ​ដើម​តែ​១៣០០ដុល្លារ។

ពលរដ្ឋ​​ប្រេស៊ីល​ល្បី​ខាង​រួសរាយ​រាក់ទាក់ តែ​នៅ​ពេល​ក្លាយ​ជា​​ទស្សនិកជនអូឡាំពិក ពួក​គេ​បែរ​ជាមាន​ឥរិយាបថ​មិន​ល្អ (គ្មាន​វិន័យ) ​ឡូឡា ជាតិនិយម​ជ្រុល ស្រែក​ជេរ​ប្រទេច​បង្អាប់​កីឡាករ​​ជា​គូ​ប្រជែង​ជាមួយ​កីឡាករ​ប្រេស៊ីលខ្លួន​ឯង ដោយ​មិន​សំចៃ​ឡើយ។ តែ​បើ​គូប្រកួត​ជា​បរទេស​ទាំង​អស់ នោះ​ប្រេស៊ីល​ការពារ​លើក​ទឹក​ចិត្ត​តែ​អ្នក​ប្រុង​ចាញ់។ បរិយាកាស​បែប​នេះ​បាន​ធ្វើ​គេ​ឱ្យ​ភ្លេច​អំពី​កង្វះ​ខាត​បន្តិច​បន្តួច​ក្នុង​ការ​រៀប​ចំ​កម្ម​វិធី។

ទាក់ទង​នឹង​លទ្ធផល​​នៃការ​ប្រកួត​វិញ សហរដ្ឋ​អាមេរិក​បាន​ទទួល​មេដាយច្រើន​ជាង​គេ ដល់​ទៅ ១២១​មេដាយ ក្នុង​នោះ ៤៦​ជា​មាស។ ជាមួយ​មេដាយ​សរុប​៧០ ក្នុង​នោះ ២៦​ជា​មាស ចិន​បាន​ធ្លាក់ទាំង​ចំនួន​មេដាយ​បើ​ប្រៀប​ទៅ​ឆ្នាំ​២០១២ និង​ធ្លាក់​ទាំង​​ចំណាត់​ថ្នាក់​ ដោយ​បាន​ធ្លាក់​មក​​នៅ​ពីក្រោយ​អង់គ្លេស (មាស២៧) ទៀត ក្នុង​ការ​ប្រកួត​អូឡាំពិក​លើក​នេះ។

ប៉ុន្តែ​អ្វី​ជា​ការ​កត់​សម្គាល់​ខ្លាំង គឺ​បរាជ័យ​​ក្នុង​វិញ្ញាសា​ដែល​ចិន​ធ្លាប់​តែ​ខ្លាំង។ គ្មាន​អត្តពលិក​ចិន​ណាម្នាក់ដណ្តើម​បាន​​​មេដាយ​មាស​ជា​ជើង​ឯក​អូឡាំពិក​អត្តពលកម្ម​សោះ។ ហេតុអ្វី​បាន​ជា​យ៉ាង​ដូច្នេះ​ ?! បើ​តាម​អ្នក​វិភាគ​សារព័ត៌មាន​អង់គ្លេស ​ចិន​ប្តូរ​ផ្លាស់​ឥវិយាបថ ចេះ​ស្រលាញ់​និង​ឱ្យ​តម្លៃ​កីឡាពិតៗ។ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ចិន​មាន​កម្មវិធី​ជាតិ​ផ្នែកកីឡា រហូត​បង្កើត​សាលា​ទទួល​សិស្ស​ចាប់​ពី​អាយុ​៦​ឆ្នាំ​ ​បំពាក់បំប៉ន ស្ទើរ​ក្លាយ​ជា​ទារុណកម្ម ​ឱ្យក្លាយ​ទៅ​ជា​ជើង​ឯក​អូឡាំពិក។ ដោយ​សារ​​ការ​អភិវឌ្ឍ និង​ជីវភាព ឱពុក​ម្តាយ​កុមារលែង​​បញ្ជូន​កូន​ឱ្យរៀន​​​កីឡា ! ​ សាលា​ឯកទេស​ភាគ​ច្រើន​បាន​បិទ និង​ខ្លះ​ក៏​លែង​អនុវត្ត​ការ​ហាត់​កីឡាបែប​លត់ដំ​។ រង្វាន់​មេដាយ​មាសផ្តល់​ដោយ​រដ្ឋាភិបាល​ ត្រូវ​បាន​កាត់​បន្ថយ​ ពី ៦៥០០០អឺរ៉ូ និង​ផ្ទះ​មួយ​ខ្នង​នៅ​ឆ្នាំ​២០០៨ មក​ត្រឹម​ ២៥០០០​អឺរ៉ូ​នៅ​ឆ្នាំ​២០១៦។ មាន​ន័យ​ថា​សូម្បី​តែ អាជ្ញាធរ​ប៉េកាំង​ក៏ប្តូរ​ឥរិយាបថ ​លែង​សូវ​ងប់​ងុល​ប្រដេញ​ដណ្តើម​​មេដាយ​មាស​ដូច​មុនទៀត​ដែរ។

ជា​ចុងក្រោយ​អ្នក​ប្រទេស​ដែល​រីករាយ​ខ្លាំង ​គឺ​បារាំង ! ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៧មែន តែ​បារាំង​ឆ្នាំ​នេះ បាន​បំបែក​ឯកទត្តកម្ម​ខ្លួន​ឯង ដោយ​ប្រមូល​បាន​មេដាយ​ ដល់​ទៅ ៤២ ក្នុង​នោះ ១០​ជាមាស ពោល​គឺ​ធ្វើ​បាន​ល្អ​ជាង​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ឡុងដ៍​ឆ្នាំ​២០១២ ដែល​បារាំងប្រមូល​មេដាយ​បាន​តែ​៣៨។ ជាមួយ​នឹង​លទ្ធផល​នេះ បារាំង​​ហាក់​ដូច​ជា​កាន់​តែ​មាន​ឆន្ទៈ​ទ្វេ​ឡើង ចង់​ក្លាយ​​ជា​ម្ចាស់​ផ្ទះ​ទទួល ពិភពលោក ដើម្បី​​រៀប​ចំ​កីឡាអូឡាំពិក​ឆ្នាំ​២០២៤៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ