អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មូលនិធិ Clinton សន្យាធ្វើកំណែទម្រង់របៀបដំណើរការរបស់ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោម​​គំនាប​​សម្ពាភ​ជា​ហូរហែ​ ទី​បំផុត​ មូលនិធិ​ Clinton បាន​ប្រកាស​សន្យា​ធ្វើ​កំណែ​ទម្រង់​របៀប​​ដំណើរ​ការ​របស់​ខ្លួន​ទាំង​មូល។​ សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មូលនិធិមួយ​នេះ​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​រិះ​គន់​ពី​គូបដិបក្ខ​មកពី​គណបក្ស​សាធារណរដ្ឋ​។​ ​ លោក​ Bill Clinton (អតីតៈ​ប្រធានាធិបតី​អាមេរិក​ចន្លោះ​ពី​ឆ្នាំ​ ១៩៩៣ ដល់​ឆ្នាំ​២០០១) បាន​រៀបរាប់​លំអិត​ពី​វិធានការណ៍​មួយ​ចំនួន​ ដែល​ត្រូវ​អនុវត្ត​ដើម្បី​ចៀសវាង​ជម្លោះ​ផល​ប្រយោជន៍​ ក្នុង​ករណី​ដែល​លោកស្រី​ Hillary Clinton ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​នា​ខែ​វិច្ឆិការ​ខាង​មុខ​នេះ។​ 

លោកស្រី ក្លីនតុន​​នៅ Nevada ថ្ងៃ​២៥​សីហា​២០១៦.
លោកស្រី ក្លីនតុន​​នៅ Nevada ថ្ងៃ​២៥​សីហា​២០១៦. REUTERS/Aaron P. Bernstein
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សារ​លិខិត​មួយ​ទៅ​កាន់​អ្នក​ជួយ​គាំទ្រ​មូលនិធិ​របស់​ខ្លួន​ លោក​ Bill Clinton បាន​សារ​សេរ​លំអិត​អំពី​វិធានការណ៍​ធំៗ​ឈាន​ទៅ​ធ្វើ​កំណែ​ទម្រង់​មូលនិធិ​ Clinton។​ គោល​បំណង​នៃ​ការ​ផ្លាស់​ប្តូរ​ស៊ីជម្រៅ​នេះ​គឺ ​ដើម្បី​ចៀស​វាង​ការ​ព្រួយ​បារម្ភ​ជុំវិញ​ជម្លោះ​ផល​ប្រយោធន៍​ណា​មួយ​។​ វិធានការណ៍​នោះ​គឺ​ មូលនិធិ​នឹង​យល់​ព្រម​ទទួល​ប្រាក់​ ដែល​មាន​ប្រភព​តែពី​សប្បុរស​ជន​សញ្ជាតិ​អាមេរិក​, ពី​អ្នក​រស់​នៅ​អចិន្ត្រៃយ៍​លើ​ទឹកដី​អាមេរិក​តែ​ពុំ​មាន​សញ្ជាតិ​ ឬ​ពី​បណ្តា​អង្គការ​អាមេរិក​ផេ្សង​ ដែល​មាន​គោលជំហរ​ឯករាជ្យ។​ ហើយ​លោក​ Bill Clinton នឹង​លា​លែង​តំណែង​ចេញ​ពី​ក្រុម​ប្រឹក្សា​ភិបាល​របស់​មូលនិធិ​ ​Clinton នេះ។

 
សូម​រំលឹក​ជូន​ផងដែរ​ថា​ មូលនិធិ​ Clinton ​ត្រូវ​បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​ ២០០១​ មក​ម្ល៉េះ។​ មូលនិធិ​នេះ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​នៅ​តាម​ប្រទេស​ក្រីក្រ​ជុំវិញ​ពិភពលោក​ ​ដោយ​ផ្តោត​លើ​ផែ្នក​សុខាភិបាល​ (ជំងឺ​អេដស៍​ និង​ជំងឺ​គ្រុនចាញ់​), ផែ្នក​អភិវឌ្ឈន៍​ និង​ផែ្នក​អាកាស​ធាតុ។​ គិត​មក​ដល់​ពេល​នេះ​ មូលនិធិ​ Clinton ​បាន​រៃ​អង្គាស​ថវិការ​សរុប​ចំនួន​ ២ ពាន់​លាន​ដុល្លារ​។

ចំណែក​​សកម្មភាព​អន្តរជាតិ​របស់​មូលនិធិ​នេះ​នៅ​តាម​ប្រទេស​នានា​ ដែល​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​បរទេស​នានា​ គម្រោង​ទាំង​នោះ​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​អង្គការ​ដ៏ទៃ​ទៀត​​គ្រប់​គ្រង​បន្ត​។ ចំពោះ​ជំនួប​ប្រចាំ​ឆ្នាំ​ Clinton Global Initiative ដែល​តែង​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទីក្រុង​ញ៉ូវយក​ គឺ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​លើក​ចុង​ក្រោយ​នា​ខែ​កញ្ញា​ខាង​មុខ​នេះ។​ សូម​បញ្ជាក់​ថា​ ជំនួប​ប្រចាំ​ឆ្នាំ មាន​ការ​ចូលរួម​ពី​មនុស្ស​រាប់​ពាន់​នាក់​ ដែល​មាន​ជា​អាទិដូចជា​ ​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​នានា,​ អ្នក​នយោបាយ,​ប្រធាន​អង្គការ​ ឬ​ប្រធាន​ក្រុមហ៊ុនឯកជន​នានា​ជុំវិញ​ពិភពលោក។​​

កន្លង​មក​ ពួក​គណបក្ស​សាធារណរដ្ឋ​តែង​រិះគន់​ឥត​សំចៃ​ចំពោះ​មូលនិធិ​នេះ​ ដោយ​ចោទ​ប្រកាន់​​ថា​ លោក​ Bill Clinton និង​លោកស្រី​ Hillary Clinton ​យក​មូលនិធិ​នេះ​ធ្វើ​ជា​ឧបករណ៍​ប្រើ​ប្រាស់​ដើម្បី​បម្រើ​ឥទ្ធិពល​របស់​ខ្លួន។ ជាក់​ស្តែង​ ក្រុម​គណបក្ស​សាធារណរដ្ឋ​បាន​ចោទ​លោកស្រី​ Hillary Clinton នៅ​ពេល​ដែល​លោកស្រី​បំពេញ​មុខងារ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​​អាមេរិក​ចន្លោះ​ពី​ឆ្នាំ​ ២០០៩ ដល់​ឆ្នាំ​ ២០១៣​។ ក្រុម​សាធារណរដ្ឋ​រក​ឃើញ​ថា​ ចន្លោះ​ពេល​នោះ​ មាន​សប្បុរស​ជនបរទេស​ ក្រុមហ៊ុន​ឯកជន​បរទេស​ និង​មន្រ្តី​ជាន់​ខ្ពស់​បំរើការ​ឲ្យ​រដ្ឋាភិបាល​បរទេស​​មួយ​ចំនួន​តែង​បរិច្ចាក​ថវិការ​ជូន​មូលនិធិ​ Clinton។​ ជា​ថ្នូរ​មក​វិញ​ សប្បុរស​ជន​បរទេស​ទាំង​នោះ​តែង​ទទួល​បាន​ប្រយោជន៍​ ឬ​ការ​អន្តរាគមន៍​សម្រប​សម្រួល​ក្នុង​សំណុំ​រឿង​កិច្ចការ​ណា​មួយ​ពី​លោកស្រី​ Hillary Clinton និង​ពី​រដ្ឋាភិបាល​អាមេរិក។

កាលពី​សប្តាហ៍​មុន​ នា​ជំនួប​ជាមួយ​អ្នក​គាំទ្រ​នៅ​ទីក្រុង​ Akron ក្នុង​រដ្ឋ​ Ohio លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​សាធារណរដ្ឋ​បាន​ចាត់​ទុក​ថា​នេះ​ជា​រឿង​អាស្រូវ​មួយ​របស់​មូលនិធិ​ Clinton ​ ​ហើយ​លោក​ Trump ​កំពុង​យក​លេស​នេះ​ដើម្បី​បើក​ការ​វាយ​ប្រហារ​លើ​លោកស្រី​ Hillary Clinton ​ ដោយ​ចោទ​លោកស្រី​ថា​ជា​មនុស្ស​មិន​ស្មោះត្រង់ ​ពុក​រលួយ​ និង​អាច​ទិញ​ទឹកចិត្ត​បាន។​

ក្រៅ​ពី​ស្នើ​ឲ្យ​បិទ​សកម្មភាព​​មូលនិធិ​នេះ​ជា​បន្ទាន់​ លោក​ ​Trump ក៏​ថែម​ទាំង​បាន​ទទូច​ឲ្យ​តុលាការ​អាមេរិក​តែងតាំង​រដ្ឋ​អាជ្ញា​ពិសេស​ម្នាក់​ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​លើ​លោកស្រី​ Hillary Clinton។​ ហើយ​លោក​ Trump ក៏​បាន​សំដែង​ការ​ខក​ចិត្ត​ និង​ចាត់​ទុក​ការ​ស៊ើប​អង្កេត​កន្លង​មក​របស់​ FBI និង​ក្រសួង​ការ​បរទេស​អាមេរិក​គឺ​ ជា​បរាជ័យ។​ បរាជ័យ​ត្រង់​ថា​ស្ថាប័ន​ទាំងពីរ​បាន​ទំលាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោកស្រី​ Hillary Clinton ជុំវិញ​ការ​ប្រើ​ប្រាស់​ស៊ែរវើ​ (serveur) ឯកជន​ផ្ទុក​ព័ត៌មាន​ឆ្លើយ​ឆ្លង​អ៊ីមែល​ផ្លូវការ​ក្នុង​កំឡុង​ពេល​ដែល​លោកស្រី​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក។

អង្គការ​ Judicial Watch ដែល​ជា​ស្ថាប័ន​មួយ​របស់​គណបក្ស​សាធារណរដ្ឋ​បាន​ដឹកនាំ​យុទ្ធនាការ​​មួយ​ប្តឹង​ផ្តល់​លោកស្រី​ Hillary Clinton។​ ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​មក​ម្ល៉េះ​ អង្គការ​​នេះ​ទម្លាយ​ឯកសារ​ឆ្លើយ​ឆ្លង​តាម​អ៊ីមែល​របស់​លោកស្រី​ Hillary Clinton។​ ការ​ទម្លាយ​ឯកសារ​នេះ​ គឺ​បន្ទាប់​ពី​ចៅក្រម​ James Boasberg បាន​អនុញ្ញាតិ​ឲ្យ​ផ្សព្វផ្សាយ​ដោយ​យោង​ទៅ​លើ​ច្បាប់​ស្តីពី​តម្លារភាព។ ​ឯកសារ​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ សប្បុរស​ជន​មួយ​ចំនួន​របស់​មូលនិធិ​ Clinton តែង​ស្នើ​សុំ​ជួប​លោកស្រី​ ​Hillary Clinton។​ សប្បុរស​ជន​ទាំង​នោះ​បាន​សរសេរ​​សារ​ទៅកាន់​លោកស្រី​ Huma Abedin ដែល​ជា​មនុស្ស​ជំនិត​ម្នាក់​បំរើ​ការ​ឲ្យ​លោក​ស្រី​​ ​Hillary Clinton។ ប៉ុន្តែ ខ្លឹមសារ​នៃ​សារ​ឆ្លើយ​ឆ្លង​នោះ​ពុំ​មាន​ភស្តុតាង​បង្ហាញ​ថា​ លោកស្រី​​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​បាន​ផ្តល់​ផល​ប្រយោធន៍​អ្វី​ខ្លះ​ដល់​ពួក​សប្បុរស​ជន​ទាំង​នោះ​ជាថ្នូរ​មក​វិញ​ឡើយ។

ឯកសារ​ឆ្លើយ​ឆ្លង​តាម​អ៊ីមែល​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ លោក​ Doug Band ដែល​ជា​មនុស្ស​ជំនិត​ម្នាក់​របស់​លោក​ Bill Clinton ហើយ​ក៏​ជា​បុគ្គលិក​បំរើ​ការ​ឲ្យ​មូលនិធិ​ Clinton បាន​សរសេរ​សារ​ទាក់​ទង​មនុស្ស​ជំនិត​ពីរ​នាក់​របស់​លោកស្រី​ Hillary Clinton។ មនុស្ស​ជំនិត​ពីរ​នាក់​នោះ​សុទ្ធ​តែ​ជា​មន្រ្តី​រដ្ឋការ​ប្រចាំ​ក្រសួង​ការ​បរទេស។​ ខ្លឹម​សារ​ឆ្លើយ​ឆ្លង​នោះ​គឺ​ លោក​ Doug Band​ ស្នើ​សុំ​ការ​សម្រប​សម្រួល​ដើម្បី​ឲ្យ​មាន​ជំនួប​មួយ ​រវាង​មន្រ្តី​ការទូត​អាមេរិក​ប្រចាំ​ប្រទេស​លីបង់​ និង​សម្បុរស​ជន​ម្នាក់​ដែល​បាន​បរិច្ចាក​ប្រាក់​ដល់​មូលនិធិ​ Clinton។​ សប្បុរស​ជន​រូប​នោះ​ត្រូវ​បាន​គេ​ដឹង​ជា​មហា​សេដ្ឋី​សញ្ជាតិ​លីបង់ និង​នីហេ្សរីយ៉ា​ឈ្មោះ​ Gilbert Chagoury។

ថ្មីៗ​នេះ​ នៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ នគរបាល​សហព័ន្ធ​ (FBI) បាន​ប្រគល់​ឯកសារ​ថ្មី​ចំនួន​ ១៤ ៩០០ អ៊ីមែល​របស់​លោកស្រី​ ​ Hillary Clinton ទៅ​ឲ្យ​ក្រសួង​ការ​បរទេស​អាមេរិក។ ឯកសារ​ទាំង​នោះ​ គឺ​សុទ្ធសឹង​តែ​ជា​អ៊ីមែល​ការងារ​ និង​ឯកជន​របស់​លោកស្រី​ Clinton។ ហើយ​ ជា​សន្សឹមៗ ក្រសួង​ការ​បរទេស​អាមេរិក​គ្រោង​ផ្សព្វផ្សាយ​ឯកសារទាំង​នោះ​ជា​សាធារណៈ​នា​ខែ​តុលាខាង​មុខ​នេះ។ រយៈ​ពេល​​ប៉ុន្មាន​ខែ​កន្លង​មក​នេះ ក្រសួង​ការ​បរទេស​អាមេរិក​​បាន​ទម្លាយ​ឯកសារ​ចំនួន​ ៥៥ ០០០ អ៊ីមែល​របស់​លោកស្រី​ Clinton ម្តង​រួច​មក​ហើយ។ សូម​បញ្ជាក់​ថា​ នៅ​ក្នុង​សំណុំ​រឿង​ផ្ទុក​អ៊ីមែល​ការងារ​នៅ​លើ​​ស៊ែរវើ​ (serveur)​ ឯក​ជន​នេះ​ លោកស្រី​ Hillary Clinton បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ ប៉ុន្តែ​ នាយក​ FBI បាន​​ចាត់​ទុក​ថា​ ទង្វើ​របស់​លោកស្រី​ គឺ​ជា​ការ​ធ្វេស​ប្រហែស​ដ៏​ធ្ងន់​ធ្ងរ​មួយក្នុង​ការ​ឆ្លើយ​ឆ្លង​ព័ត៌មានការងារ​ជាតិ​តាម​រយៈ​​ស៊ែរវើ​ឯកជន​ ដែល​ពុំ​អាច​មាន​សុវត្ថិភាព​គ្រប់​គ្រាន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ