អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការ​សម្រាកមាតុភាព​​មាន​ប្រាក់​ឧបត្ថម្ភ​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ការ​ឈប់​សម្រាក​សម្រាល​កូន​ដោយ​មាន​ប្រាក់​ឧបត្ថម្ភ​ គឺ​ជា​ប្រធាន​បទដ៏​សំខាន់​មួយ​នៅ​សហរដ្ឋ​អាមេរិក។​ សហរដ្ឋ​អាមេរិក​ គឺ​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​ចំណោម​ប្រទេស​ជឿនលឿន​ ដែល​ពុំ​មាន​គោល​នយោបាយ​ថ្នាក់​ជាតិ​បែប​នេះ​ឡើយ។ ខុស​ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ ការ​ឈប់​សម្រាក​សម្រាល​កូន​នៅ​សហរដ្ឋ​អាមេរិក​ពុំ​មាន​ប្រាក់​ឧបត្ថម្ភ​ទេ។​ ស្ថាប័ន​រដ្ឋ​ ឬ​ក្រុមហ៊ុន​ឯកជន​នានា​មាន​គោល​នយោបាយ​ខុសៗ​គ្នា​សំរាប់​បុគ្គលិក​របស់​ខ្លួន។​ បច្ចុប្បន្ន​នេះ​ បេក្ខជន​ប្រធានាធិបតី​អាមេរិក​កំពុង​ស្នើ​គោល​នយោបាយ​គ្រួសារ​ ដើម្បី​ទាក់​សម្លេង​គាំទ្រ​ពី​ពលរដ្ឋ​អាមេរិក។​

លោក​ដូណាល់ត្រាំ សន្យា​បង្កើត​នយោបាយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​ពេល​សម្រាក​មាតុភាព
លោក​ដូណាល់ត្រាំ សន្យា​បង្កើត​នយោបាយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​ពេល​សម្រាក​មាតុភាព REUTERS/Mike Segar
ផ្សាយពាណិជ្ជកម្ម

នា​ជំនួប​ជា​មួយ​អ្នក​គាំទ្រ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​នៅទីក្រុង​ Aston រដ្ឋ​ Pennsylvanie លោក​ Donald Trump បេក្ខជន​គណបក្ស​សាធារណរដ្ឋ​បាន​សន្យា​ថា​ ប្រសិន​បើ​លោក​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​​អាមេរិក លោក​នឹង​បង្កើត​គោល​នយោបាយ​មួយ​ ដើម្បី​ជួយ​គ្រួសារ​អាមេរិក​ដែល​មាន​កូន។ កម្មវិធី​នយោបាយ​នោះ​ គឺ​ការ​ឈប់​សម្រាក​មាតុភាព​ ឬ​ការ​ឈប់​សម្រាក​សម្រាល​កូនរយៈពេល​ ៦​ សប្តាហ៍​​ដោយ​ផ្តល់​​ប្រាក់​ឧបត្ថម្ភ​ដល់​មាតា​ក្នុង​កំឡុង​ពេល​ឈប់​សម្រាកនោះ។ មានតែ​ស្រ្តី​ដែល​ជា​អ្នក​សម្រាល​កូន​ និង​​មាន​ការងារ​ធ្វើ​ពិត​ប្រាកដ​តែ​ប៉ុណ្ណោះ ដែល​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ។ ប្រាក់​ឧបត្ថម្ភ​​ដែល​ស្រ្តី​នោះ​នឹង​ទទួល​ គឺ​មាន​ចំនួន​​តិច​ជាង​ប្រាក់​បៀវត្សរ៍​របស់​ខ្លួន​។ មាន​ន័យ​ថា​វា​​ស្មើ​នឹង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​អ្នក​អត់​ការងារ​ធ្វើ។ ​ហើយ​រង្វង់​ទឹក​ប្រាក់​នេះ​ខុស​គ្នា​នៅ​តាម​រដ្ឋនី​មួយ។ កម្មវិធី​នេះ​ គឺ​អនុវត្ត​តែ​នៅ​តាម​សហគ្រាស​ ឬ​ក្រុមហ៊ុន​ណា​ ដែល​ពុំ​មាន​កម្មវិធី​បង់​ប្រាក់​ឈ្នួល​បែប​នេះ​ដល់​បុគ្គលិក​ខ្លួន ពេល​ឈប់​ក្រោយ​សម្រាល​កូន​។​

លើសពី​នេះ​ ដើម្បី​ទាក់​ទាញ​សម្លេង​ឆ្នោត​ឲ្យ​បាន​កាន់​តែ​ច្រើន​ ជា​ពិសេស​គឺស្រ្តី​ លោក​ Trump ​ក៏​ថែម​ទាំង​គ្រោង​បង្កើត​កម្មវិធី​ជួយ​ឧបត្ថម្ភ​ការ​ចំណាយលើ​សេវាកម្ម​​មើលថែ​កូន​ ដើម្បី​អនុញ្ញាត​ឲ្យ​ស្រ្តី​អាច​ទៅ​ធ្វើការ​បាន។​ លោក​ Trump បាន​និយាយ​អួតអាង​ថា​ វិធានការណ៍​ឧបត្ថម្ភ​លើ​ការ​ចំណាយ​មើលថែ​ក្មេង​នេះ​គឺ ធ្វើ​ឡើង​តាម​រយៈ​ការ​បន្ធូរ​បន្ថយ​ពន្ធ​សំរាប់​អ្នក​មាន​ចំណូល​មធ្យម​ ឬចំណូល​ខ្ពស់​។ ការ​កាត់​បន្ថយ​​ពន្ធប្រាក់​បៀវត្សរ៍​នេះ​នឹង​​អនុញ្ញាត​ឲ្យ​មាតា​បិតាអាមេរិក​មានខ្ទង់​ចំណាយ​គ្រប់​គ្រាន់​លើ​សេវាកម្ម​មើលថែ​កូនរហូត​ដល់​អាយុ​ ១៣​ ឆ្នាំ។​​ ចំពោះ​អ្នក​មាន​ចំណូល​ទាប​ដែល​មិន​ត្រូវ​បង់​ពន្ធ​លើ​ប្រាក់​បៀវត្សរ៍​ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ជំនួយចំនួន​ ១ ២០០ ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សំរាប់​ជា​សោហ៊ុយ​ចំណាយ​លើ​សេវាកម្ម​មើល​ថែ​ក្មេងនេះ។ ហើយ​លោក​ Trump​ ក៏​គ្រោង​បង្កើត​កម្មវិធី​មួយ​ចំនួន​ទៀត​ ក្នុង​ន័យ​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​និយោជក​ (ម្ចាស់​ក្រុមហ៊ុន​)​ បង្កើត​មណ្ឌល​មើលថែ​ក្មេង​នៅ​ទីកន្លែង​ធ្វើការ​ផ្ទាល់​តែ​ម្តង។ សូម​បញ្ជាក់​ថា​ ជាទូទៅ​ នៅ​សហរដ្ឋ​អាមេរិក​​ សេវាកម្ម​មើល​ថែ​ក្មេងនៅ​តាម​​មណ្ឌល​សិក្សា​ឯកជន​​មុន​ថ្នាក់​មតេ្តយ្យ​មានតម្លៃ​ខ្ពស់​កប់​ពពក។

 
ដោយ​មាន​កូន​ស្រី​របស់​ខ្លួន​ គឺ​នាង​ Ivanka​ ឈរ​នៅ​ពីក្រោយ​ លោក​ Donald Trump ក៏​បាន​ពន្យល់​​ថា​ផែនការ​សំរាប់​គ្រួសារ​អាមេរិក​នេះ​គឺ​ ជា​កម្មវិធី​នយោបាយ​គាំទ្រ​គ្រួសារ​ គាំទ្រ​កុមារ​ និង​គាំទ្រ​និយោជិត (បុគ្គលិក​-កម្មករ)។​ មាន​អាយុ​ ៣៤ ឆ្នាំ ហើយ​ជា​ម្តាយ​មាន​កូន​បី​នាក់​ នាង​ Ivanka ជា​បុគ្គលិក​​បំរើការ​ឲ្យក្រុមហ៊ុន​ Trump Organization។​ លោក​ Trump បានអួត​សរសើរ​ថា​ កូនស្រី​ខ្លួន​បាន​ផ្តោត​ការងារ​លើ​គោល​​នយោបាយ​នេះ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ហើយ​លោក​ Trump និង​កូន​ស្រី​ក៏​បាន​ឆ្លៀត​ដាក់​ផ្លែផ្កាចំអក​ឲ្យ​លោក​ស្រី​ Hillary Clinton ដែល​តែង​តែ​សន្យា​ការពារ​គ្រួសារ​ពលរដ្ឋ​អាមេរិក​ ប៉ុន្តែ​ពុំ​ដែល​បាន​ចេញ​គោល​នយោបាយ​ច្បាស់​លាស់​មួយ។

ជា​ការ​ឆ្លើយ​តប​ គណបក្ស​ប្រជាធិបតេយ្យ​បាន​សំដែង​ប្រតិកម្មដោយ​ប្រកាស​ថា​ គោល​​នយោបាយ​គ្រួសារ​របស់​លោក​ Trump ​ពុំ​មាន​ភាព​ស៊ីសង្វាក់​ និង​ពុំ​មាន​លំនឹង​ឡើយ។ តាម​ពិត​ទៅ​ អស់​រយៈពេល​ ជាង​មួយ​ឆ្នាំ​មកហើយ​ ដែល​លោកស្រី​ Hillary Clinton បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​លើ​កម្មវិធី​នយោបាយ​ស្រដៀង​គ្នា​នេះ។​ លោកស្រី​ Clinton បាន​ស្នើ​បង្កើត​ការ​ឈប់​សម្រាក​ចាំបាច់មួយ​​ ដោយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​រយៈពេល​ ១២ ​សប្តាហ៍​។​ ខុស​ពី​កម្មវិធី​របស់​លោក​ Trump ការ​ឈប់​សម្រាក​ក្រោយ​សម្រាល​កូន​របស់​លោកស្រី​ ​ Clinton គឺ​អាច​អនុវត្ត​បាន​សម្រាប់​ឱពុក​ ឬ​ម្តាយ។​ ហើយ​ប្រាក់​ឧបត្ថម្ភ​ពេល​ឈប់​សម្រាក​នោះ​ គឺ​​ស្មើ​នឹង​ពីរភាគ​បី​នៃ​ប្រាក់​បៀវត្សរ៍​របស់​បុគ្គលិក​នោះ។ មែនទែន​ទៅ​ គឺ​ខ្ពស់​ជាង​ប្រាក់​ឧបត្ថម្ភ​ ដែល​លោក​ Trump បាន​ស្នើ​ក្នុង​កម្មវិធី​របស់​ខ្លួន។​ ចំណែក​ការ​ឧបត្ថម្ភ​​ចំណាយ​លើ​ការ​មើលថែ​ក្មេងវិញ​ ​កម្មវិធី​របស់​លោក​ស្រី​ ​ Clinton គឺជួយ​រហូត​ដល់​​ ១០​%​ នៃ​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ។

ការ​ដាក់​ចេញ​គោលនយោបាយ​ថ្មី​របស់​លោក​ Trump​ បែប​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជា​ការ​​ចង់​ទាក់​ទាញ​សម្លេង​គាំទ្រ​ពី​ស្រ្តី​អាមេរិក​។ សូម​រំលឹក​ជូន​ថា​ ភាគ​ច្រើន​នៃ​ស្រ្តី​អាមេរិក​មាន​អាយុបោះឆ្នោត​ ​មាន​ទំនោរ​គាំទ្រ​លោកស្រី​ Hillary Clinton។ បើ​តាម​ការ​ស្ទង់​មតិ​មួយ​នាពេល​ថ្មីៗ​នេះ​ដោយ​សារព័ត៌មាន​​ ABC News និង​Washington Post បាន​ឲ្យ​ដឹង​ថា​ លោក​ស្រី​ Hillary Clinton ទទួល​បាន​ការ​គាំទ្រ​ពី​ស្រ្តី​ចំនួន​ ៥២% ខណៈ​ពេល​ដែល​លោក​ Donald Trump ទួល​បាន​តែ​ ៣៧%​ តែ​ប៉ុណ្ណោះ។​ ដូចនេះ​ លោកស្រី​ Clinton មាន​ពិន្ទុ​ដឹក​មុខ​ចំនួន​ ១៥%​។ ប្រហែល​ជា​ក្នុង​ន័យ​បន្ថយ​គម្លាត​ដឹកមុខ​នេះ​ហើយ​ទើប​លោក​ Trump កំពុង​ព្យាយាម​ស្នើ​កម្មវិធី​នយោបាយ​ផ្គាប់​ចិត្ត​ស្រ្តី។ ម៉្យាង​ទៀត​ លោក​ Trump​ ក៍​កំពុង​ស្តារ​មុខ​មាត់​ផង​ដែរ​​ ព្រោះ​កន្លង​មក​គាត់​តែង​បញ្ចេញ​ពាក្យ​ពេចន៍​មិន​សមរម្យ​មើល​ងាយ​ស្រ្តី។

សូម​បញ្ជាក់​ផងដែរ​ថា​ ​សហរដ្ឋ​អាមេរិក​ គឺ​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​ចំណោម​ប្រទេស​ជឿនលឿន​ ដែល​ពុំ​មាន​គោល​នយោបាយ​ថ្នាក់​ជាតិ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ពេល​ឈប់​សម្រាក​សម្រាល​កូន។ ច្បាប់​សហព័ន្ធ​អាមេរិក​ (Family Medical Leave Act) ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ឆ្នាំ​ ១៩៩៣ បាន​ត្រឹម​តែ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាមេរិក​មាន​សិទ្ធិ​ទទួល​ការ​ឈប់​សម្រាក​មាតា​បិតា​ចំនួន​ ១២ សប្តាហ៍​ប៉ុណ្ណោះ។ ច្បាប់​នេះ​ធានាជូន​ដល់​ស្រ្តី​ (ឬ​បុរស)​​ អាច​ឈប់​បណ្តោះ​អាសន្ន​ពី​ការ​ងារ​រយៈពេល​ ១២ សប្តាហ៍​ក្រោម​ហេតុផល​គ្រួសារ​។ ប៉ុន្តែ​ ក្នុង​កំឡុង​ពេល​ឈប់​សម្រាកនោះ​ ​ស្រ្តី​ ឬ​បុរស​ពុំ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ឡើយ។ លើសពី​នេះ​ ដើម្បី​អាច​ទទួល​បាន​ការ​ឈប់​សម្រាក​បែប​នេះ​ បុគ្គលិក​នោះ​ត្រូវ​មាន​អតីតៈភាព​ការងារ​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ ហើយ​ត្រូវ​ធ្វើការ​ពេញ​ម៉ោង។​ ចំណែក​ទំហំ​របស់​ក្រុមហ៊ុន​ ឬ​សហគ្រាស​នោះ​ គឺ​ត្រូវ​មាន​បុគ្គលិកចាប់​ពី​ ៥០​ នាក់​ឡើង​ទៅ។​

ក្រុមហ៊ុន​អាមេរិក​ធំៗ​មួយ​ចំនួន​ដូចជា​ Facebook, Google, Netflix, Yahoo និង​ធានាគារ​ធំៗ​ជាដើម​មាន​គោលនយោបាយ​ផ្តល់​ការ​ឈប់​សម្រាក​សម្រាល​កូន​មាន​ប្រាក់​ឧបត្ថម្ភ​ដល់​បុគ្គលិក​របស់​ខ្លួន។​ជាសរុប​ បើ​តាម​ការិយាល័យ​ស្ថិតិ​ការងារ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ មាន​ពលរដ្ឋ​អាមេរិក​តែ​ ១៣%​ ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​ឈប់​សម្រាក​មាន​ប្រាក់​ឧបត្ថម្ភ​បែប​នេះ។​ តួលេខ​នេះ​ គឺ​ពុំ​ច្រើន​ឡើយ​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ប្រទេស​ជឿន​លឿន​ដទៃ​ទៀត។​ ហេតុ​ដូចនេះ​ហើយ​បាន​ជា​មួយ​ភាគ​បួន​នៃ​ស្រ្តី​អាមេរិក​ត្រូវ​បង្ខំ​ចិត្ត​ត្រលប់​ទៅ​ធ្វើការ​វិញ​ ក្រោយ​ពី​សម្រាល​កូន​ហើយ​បាន​ពីរ​សប្តាហ៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ