អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​អាមេរិក​ថ្មី​នៅ​តែ​បង្កប់​ភាព​ស្រពិច​ស្រពិល​ និង​មិន​ច្បាស់​លាស់​ចំពោះ​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

វត្តមាន​របស់​មន្រ្តី​កំពូល​អាមេរិក​ចំនួន​បី​រូប​កាលពី​សប្តាហ៍​មុន​នៅ​តំបន់​អឺរុប​ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ឲ្យ​ថា​ជា​សប្តាហ៍​អាមេរិក-អឺរ៉ុប​។​ អនុ​ប្រធានាធិបតី​អាមេរិក​ រដ្ឋ​មន្រ្តី​ការ​បរទេស​ និង​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​អាមេរិក​សុទ្ធតែ​បាន​បង្ហាញ​វត្តមាន​ក្នុង​ជំនួប​កំពូល​បី​ដាច់​ដោយ​ឡែក​ពី​គ្នា។ ឆ្លើយ​តប​នឹង​ការ​ទន្ទឹង​រង់ចាំ​ពី​សំណាក់​ដៃគូ​អឺរ៉ុប​ មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​ទាំងបី​រូប​បាន​ធានា​ប្រាប់​ដៃគូ​សម្ព័ន្ធ​មិត្ត​អំពី​គោល​ជំហរ​អាមេរិក​ចំពោះ​អឺរ៉ុប។ ពោល​ គឺ​អាមេរិក​នៅ​តែ​ជា​មិត្ត​របស់​អឺរ៉ុប។​ ប៉ុន្តែ សេចក្តី​ថ្លែងការណ៍​នេះ​នៅ​តែ​មិន​ទាន់​ធ្វើ​ឲ្យ​អឺរុប​កក់​ក្តៅ​ក្នុង​ចិត្ត​នៅ​ឡើយ​ ព្រោះ​គេ​នៅ​តែ​មិន​ទាន់​ដឹងអំពី​ជំហរ​ផ្ទាល់​ខ្លួន​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ដែល​ញឹកញយ​តែង​និយាយ​ផ្ទុយ​ស្រឡះ​ពី​មន្រ្តី​របស់​ខ្លួន។

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក Jim Mattis និង​ប្រមុខ​អង្គការ​អូតង់​លោក Jens Stoltenberg នៅ​ព្រុចសែល​ថ្ងៃទី​១៥​កុម្ភៈ ២០១៧
រដ្ឋមន្ត្រីការពារជាតិ​អាមេរិក Jim Mattis និង​ប្រមុខ​អង្គការ​អូតង់​លោក Jens Stoltenberg នៅ​ព្រុចសែល​ថ្ងៃទី​១៥​កុម្ភៈ ២០១៧ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

ចំពោះ​មុខ​សេចក្តី​ថ្លែងការណ៍​កន្លង​មក​​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ ដែល​តែង​​និយាយ​ត្រឡប់​ត្រឡិន​មិន​អាច​ទុក​ចិត្ត​បាន លោក​ Mike Pence អនុប្រធានាធិបតី​អាមេរិក, លោក​ Rex Tillerson រដ្ឋមន្រ្តី​ការបរទេស និង​លោក​ James Mattis ​រដ្ឋមន្រ្តី​ការពារ​ជាតិ​ បានខិតខំ​ប្រឹង​ប្រែង​​បញ្ជាក់​គោលជំហររបស់​​អាមេរិក​ចំពោះ​ដៃគូ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​។​ ឥស្សរជន​ទាំងបី​រូប​ខំ​ប្រឹង​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ដៃ​គូ​អឺរ៉ុប​ដដែល។ សម្តី​នេះ​មើលទៅ​ហាក់​មាន​ខ្លឹមសារ​ស៊ីជំរៅ​ខ្លាំង​ធ្វើ​ឲ្យ​​ដៃគូ​អឺរ៉ុប​មាន​ការ​កក់​ក្តៅ​ក្នុង​ចិត្ត។​ ក៏​ប៉ុន្តែ បើ​យើង​សាកល្បង​ពិនិត្យ​មើល​សំណុំ​រឿង​អន្តរជាតិ​ម្តង​មួយៗ​ យើង​នឹង​ឃើញ​ថា​ ភាព​ស្រពិច​ស្រពិល​នៅ​តែ​បន្ត​មាន​ជុំវិញ​គោលនយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​អាមេរិក​ថ្មី។

សំណុំ​រឿង​អូតង់ (OTAN)

រយៈកន្លង​មក​ លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ តែង​ថ្លែង​ថា​ អង្គការ​សហប្រតិបត្តិការ​អាត្លង់ទិក​ខាង​ជើង ហៅកាត់​ថា ​OTAN ជា​ស្ថាប័ន​ ចាស់​គំរិល​ និង​ គ្មាន​សារៈសំខាន់។​ ត្រង់​ចំនុច​នេះ​ មន្រ្តី​កំពូល​អាមេរិក​បាន​ធានា​ប្រាប់​អឺរុប​ថា​ ចំណង​សម្ព័ន្ធមិត្ត​រវាង​អាមេរិក​ និង​អឺរ៉ុប​ គឺ​គ្មាន​អ្វី​មក​អាច​បំបែក​បានទេ។ ក្នុង​ន័យ​នេះ​ អាមេរិក នៅតែ​ជាមិត្ត ​និង​បន្ត​ដើរ​តួនាទី​ក្នុង​ការ​ការពារ​សន្តិសុខ ក្នុង​ក្រប​ខណ្ឌ​អង្គការ​ ​OTAN ដដែល។ ប៉ុន្តែ សូម​កុំភ្លេច​ថា​ សម្ព័ន្ធ​មិត្ត​នេះមាន​ជាប់​លក្ខខ័ណ្ឌ។ គឺ អឺរ៉ុប​ត្រូវ​បង្កើន​ការ​ចំណាយ​បន្ថែម​ទៀត​ ដើម្បី​បរិច្ចាក​ដល់​ដំណើរ​ការ​អង្គការ​ OTAN។

នៅ​ក្នុង​កិច្ច​ប្រជុំ​អូតង់​ នាទីក្រុង​ព្រុចសែល​ ប្រទេស​ប៊ែលហ្សិក​ លោក James Mattis រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​​បាន​គំរាម​ថា​ សហរដ្ឋ​អាមេរិក​អាច​នឹង​បន្ថយ​សកម្មភាព​របស់​ខ្លួនក្នុង​ក្របខ័ណ្ឌ​ OTAN​ ប្រសិន​បើ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​មិន​ព្រម​បង្កើន​ថវិកា​យោធា​របស់​ខ្លួន។​ ពោល​ គឺ​ប្រទេស​ជា​សមាជិក​និមួយៗ​ត្រូវ​តែបង្កើនថវិកា​យោធា​ឲ្យ​បាន​ ២% នៃ​ផលិត​ផល​ដុល​សរុប​ក្នុង​ស្រុក​របស់​ខ្លួន។​

ទាក់​ទិន​នឹង​ចំនុច​នេះ​ ​ប្រទេស​អឺរ៉ុប​ដែល​ជា​សមាជិក​អង្គការ OTAN ហាក់​មិន​ប្រឆាំង​ជំទាស់​នឹង​ការ​បង្កើន​ការ​ចំណាយ​របស់​ខ្លួន​ឡើយ។​ ប៉ុន្តែ ប្រទេស​ទាំងនោះ​ក៏​បាន​បញ្ជាក់​ប្រាប់​សហរដ្ឋ​អាមេរិក​ដែរ​ថា​ ការ​បង្កើន​ចំណាយ​យោធា​មិន​មែន​ជា​ដំណោះ​ស្រាយ​តែ​មួយ​ប៉ុណ្ណោះ​ទេ។​ ការ​ផ្តល់​ជំនួយ​ផែ្នក​អភិវឌ្ឍន៍​ដល់​ប្រទេស​ក្រីក្រ និង​ការ​ទទួល​យក​ជនភៀស​ខ្លួន​ក៏​ចាំបាច់​ផងដែរ។​ វិធានការណ៍​ទាំងពីរ​នេះ​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន​ ហើយ​វា​ក៏​ចាំបាច់​ផងដែរ​ក្នុង​ការ​រក្សា​ស្ថេរភាព​ពិភព​លោក​ ក៏ដូចជា​សន្តិសុខ​អន្តរ​អាត្លង់ទិក។

សំណុំរឿង​រុស្ស៊ី​ និង​អ៊ុយក្រែន

ថ្មីៗ​នេះ​ មន្រ្តី​កំពូល​អាមេរិក​បាន​បង្ហាញ​ជំហរ​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​​ពី​រុស្ស៊ី​ បើ​ទោះបី​ជា​កន្លង​មក​ លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ តែង​បាន​ប្រកាស​ក្តែងៗ​ចង់​ស្តារ​ទំនាក់​ទំនង​អាមេរិក​-រុស្សី​ឡើង​វិញ។ លោក​ ត្រាំ​ ធ្លាប់​បាន​ថ្លែង​ថា​​ ចង់បង្កើត​ភាព​ដៃគូ​រវាង​ប្រទេស​មហា​អំណាច​ទាំងពីរ​ ក្នុងការ​ដោះស្រាយ​សំណុំ​រឿង​អន្តរជាតិ​ស្មុគ​ស្មាញ។ ប៉ុន្តែ ក្តី​សង្ឃឹម​នេះ​ហាក់​កំពុងរលត់​ទៅ​វិញ​ បន្ទាប់​ពី​លោក​ Michael Flynn ទីប្រឹក្សា​សន្តិសុខ​របស់​លោក​ ដូណាល់​ ត្រាំ បាន​លាលែង​ពី​តំណែង។​ ទីប្រឹក្សា​រូប​នេះ​​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ ក្រោយ​ពី​បាន​និយាយកុហក​ចំពោះ​ទំនាក់​ទំនង​ខ្លួន​ជាមួយ​រុស្ស៊ី។

សំរាប់សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ សំណុំ​រឿង​អ៊ុយ​ក្រែន​ គឺ​ជា​រឿង​សំខាន់​បំផុត ព្រោះ​អឺរ៉ុប​តែង​ភ័យ​ខ្លាច​នយោបាយ​វាតទី​និយម​របស់​រុស្ស៊ី។ ក្នុង​បរិបទ​នេះ​ លោក​អនុ​ប្រធានាធិបតី​ Mike Pence បាន​អំពាវ​នាវ​ឲ្យ​រុស្ស៊ី​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ ទីក្រុង​មីនស្គ៍ ហើយ​លោក​សង្ឃឹម​ថា​នឹង​អាច​​ស្វែង​រក​ចំណុច​រួម​គ្នាមួយ​​ជាមួយ​រុស្ស៊ី​។​ ប៉ុន្តែ ទាំង​លោក​ Mike Pence ទាំង​លោក​ លោក​ Rex Tillerson រដ្ឋមន្រ្តី​ការបរទេស​ ហាក់​ពុំ​មាន​ភាពប្រាកដ​ប្រជា​ឡើយ​ ក្នុង​សំណុំ​រឿង​នេះ ព្រោះ​ពួក​គាត់​​ពុំ​បាន​បញ្ជាក់​អំពី​ផែនការ​ និង​គោលដៅអ្វី​ឡើយ ដើម្បី​ឈាន​ទៅរក​ដំណោះស្រាយ។​

ក្នុង​សំណុំរឿង​អ៊ុយ​ក្រែន​នេះ​ លោក​ស្រី​ Ursula Van der Leyen រដ្ឋ​មន្រ្តី​ការពារ​ជាតិ​អាល្លឺម៉ង់​បាន​អំពាវ​នាវ​ឲ្យ​សហរដ្ឋ​អាមេរិក​ កុំ​ធ្វើ​អ្វី​មួយ​ជា​លក្ខណៈ​ទ្វេ​ភាគី​ជាមួយ​រុស្ស៊ី​ ដោយ​រំលង​ក្បាល​អឺរ៉ុប ដែល​ជា​​ដៃគូ។ មាន​វត្តមាន​ក្នុងសន្និសីទ​ក្រុង​មុយនិច​ស្តីពី​បញ្ហា​សន្តិសុខ លោក​ Sergueï Lavrov រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី​បាន​អំពាវ​នាវ​ឲ្យ​សហរដ្ឋ​អាមេរិក​បង្កើត​ទំនាក់​ទំនង​បែប​ប្រាកដ​និយម​ជាក់​ស្តែង​មួយ​ជាមួយ​រុស្ស៊ី​។ ហើយ​រុស្ស៊ី​ទាមទារ​ចង់​បាន​សណ្តាប់​ធ្នាប់​ពិភពលោក​ថ្មី​មួយ​ ដោយ​​សណ្តាប់​ធ្នាប់​ថ្មី​នេះ​ត្រូវ​ផ្តាច់​ខ្លួន​ចេញ​ពី​គំនាប​គ្រប​ដណ្តប់​ពី​ប្រទេស​លោក​ខាង​លិច​ ដែល​ចាក់​ឬស​ជាយូរ​អង្វែង​មក​ហើយ។

សំណុំ​រឿង​សហភាព​អឺរ៉ុប​ និង​ Brexit

កន្លង​មក​ លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ​ តែង​ធ្វើ​ឲ្យបណ្តា​ប្រទេស​សមាជិក​សភាព​អឺរ៉ុប​ភ្ញាក់​ផ្អើល។​ ភ្ញាក់​ផ្អើល​ត្រង់​សេចក្តី​ថ្លែងការណ៍​របស់​គាត់​អបអរសាទរ​ចំពោះ​សំណុំរឿង​ Brexit គឺ​ការ​ដក​ខ្លួន​របស់​ប្រទេស​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប។​ ហើយ​សំដី​របស់​លោក​ ត្រាំ ទំនង​បង្ហាញ​ពី​បំណង​របស់​គាត់​ចង់​ឃើញ​សហភាព​អឺរ៉ុប​បែកបាក់​គ្នា​ជា​ចំរៀកៗ។ ក្នុង​សំណុំ​រឿង​នេះ យើង​ឃើញ​ថា ​គ្មាន​មន្រ្តី​កំពូល​អាមេរិក​ណា​ម្នាក់​បាន​លើក​និយាយ​ឡើយ​ ដើម្បី​បញ្ជាក់​គោលជំហរ​រដ្ឋាភិបាល​អាមេរិក​ថ្មី​។​ លោក​ Jean-Marc Ayrault រដ្ឋម​ន្រ្តី​ការបរទេស​បារាំង​បាន​សំដែង​ការ​សោក​ស្តាយ​ ដោយសារ​តែ​ក្នុង​សម្តី​​របស់​លោក​អនុ​ប្រធានាធិបតី​អាមេរិក​ គឺ​មិនមាន​លើក​ឡើង​ពី​សហភាព​អឺរ៉ុប​សូម្បីតែ​មួយ​ម៉ាត់។

បុគ្គលិក​លក្ខណៈ​របស់​លោក​ ដូណាល់​ ត្រាំ

នេះ​ជា​ចំនុច​សំខាន់​មួយ​ដែល​ម្នាក់ៗ​នៅ​តែ​ស្រពិច​ស្រពិល។​ បើទោះបី​ជា​មន្រ្តី​កំពូល​អាមេរិក​ខិតខំ​ពន្យល់​បញ្ចុះ​បញ្ចូល​ដៃគូ​អឺរ៉ុប​ តើ​លោកប្រធានាធិបតី​ ដូណាល់​ ត្រាំ នឹង​រក្សា​សំដី​ដូច​អ្វី​ដែល​មន្រ្តី​របស់​ខ្លួន​បាន​និយាយ​ដែរ​ឬទេ?​ តើ​លោក​ ដូណាល់​ ត្រាំ នឹង​ខ្ជាក់​សំដី​ទាំងនោះ​ចោល​វិញ​ តាម​ការ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម​ Twitter?​ ជុំវិញ​ចំនុច​នេះ លោក​ John McCain សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណ​រដ្ឋ​បាន​ថ្លែង​ថា​ វាជា​ការ​ពិបាក​ក្នុង​ការ​យល់​ចិត្ត​លោក​ ត្រាំ។ ពេលខ្លះ​ លោក​ ត្រាំ និយាយ​ម្តង​អញ្ចេះ​ម្តង​អញ្ចុះ​ ជួន​និយាយ​ជាន់​កែង​ខ្លួន​ឯង​ទៀត​ផង។​ យក​ល្អ​ គេ​គួរ​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​លោក​ ត្រាំ នឹង​ត្រូវ​ធ្វើ​ ជាជាង​ប្រយ័ត្ន​ចំពោះ​សំដី​របស់​គាត់។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ