អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុមហ៊ុន​​​អាកាស​ចរណ៍​​​នៅ​​​មាន​​​មន្ទិល​​សង្ស័យ​​​​ចំពោះ​​​ប្រសិទ្ធិភាព​​​នៃ​​​វិធានការណ៍​​​សន្តិសុខ​​​របស់​​​សហរដ្ឋ​អាមេរិក​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ក្រុម​ហ៊ុន​អាកាស​ចរណ៍​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ វិធានការណ៍​រឹត​បន្តឹង​សន្តិសុខ​តាម​យន្តហោះ​របស់​សហរដ្ឋ​អាមេរិក។​ បណ្តា​ក្រុមហ៊ុន​ទាំង​​អាច​នឹង​ចំណាយ​ប្រាក់​ជាង​ ២ ពាន់​លាន​ដុល្លារ​ ប្រសិន​បើ​សហរដ្ឋ​អាមេរិក​សំរេច​ហាម​ឃាត់​អ្នក​ដំណើរ​ហោះ​មក​ពី​គ្រប់​ ទីកន្លែង​មិន​ឲ្យ​យក​ឧបករណ៍​អេឡិចត្រូ​និច​​តាម​ខ្លួន។​ ​តំណាង​ក្រុមហ៊ុន​អាកាស​ចរណ៍​ជុំវិញ​ពិភព​លោក​​ក៏​បាន​​ចោទ​សួរ​អំពី​ ប្រសិទ្ធិភាព​នៃ​វិធានការណ៍​​សន្តិសុខ​នេះ​ផង​ដែរ​។ ​ក្រៅ​ពី​ទប់​ស្កាត់​ការ​គំរាម​កំហែង​ភេរវកម្ម​ តើ​វិធានការណ៍​អាមេរិក​មាន​បង្កប់​អ្វី​ខ្លឹម​សារ​នយោបាយ​អ្វី​ខ្លះ? 

ប៉ុស្តិ៍​ត្រួតពិនិត្យ​ចរាចរណ៍​​យន្តហោះ​​អន្តរជាតិ​​​ John F. Kennedy ​នៅ​ New-York.​
ប៉ុស្តិ៍​ត្រួតពិនិត្យ​ចរាចរណ៍​​យន្តហោះ​​អន្តរជាតិ​​​ John F. Kennedy ​នៅ​ New-York.​ Jeffrey Greenberg/UIG via Getty Images
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ទី​៥ ដល់​ទី​៧​ មិថុនា​កន្លង​ទៅ​នេះ សមាគម​អន្តរជាតិ​ផែ្នក​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​ (AITA) បាន​រៀបចំ​មហា​សន្និបាទ​លើក​ទី​៧៣​ របស់​ខ្លួន​នៅ​ទីក្រុង​ Cancun ប្រទេស​ម៉ិចសិក​។​ សមាគម​នេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ២៧៥​ ជា​សមាជិក។​ ប្រធាន​បទ​នៃ​ជំនួប​នេះ​ គឺ​​​ទាក់​ទង​បញ្ហា​សន្តិសុខ​ និង​ការ​គំរាម​កំហែង​វាយ​​ប្រហារ​ភេរវកម្ម​ពីសំណាក់​ពួក​ជីហាត​ជ្រុល​​និយម។​ ការ​ជ្រើស​រើស​ប្រធាន​បទ​នេះ​មក​ជជែក​ពិភាក្សា​ គឺ​មិន​មែន​ដោយ​ចៃដន្យ​ឡើយ។​​

 
សូម​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី​២១ មិនា​កន្លង​ទៅ​នេះ​ សហរដ្ឋ​អាមេរិក​បាន​ចេញ​បំរាម​ពិសេស​មួយ​ចំពោះ​អ្នក​ដំណើរ​​មក​ពី​អាកាសយាន​ដ្ឋាន​ចំនួន​ ១០​ នៃ​ប្រទេស​​ចំនួន​ ៩ ក្នុង​នោះ​មាន​ដូចជា​៖ ​ហ្សក​ដានី​ អេហ្សីប​ តួកគី​ អារ៉ាប៊ីសាអ៊ូឌីត​ កូវ៉ែត​ កាតា​ សហភាព​អារ៉ាប់​រួម​ និង​ម៉ារ៉ុក។​ ប្រទេស​ទាំង​នោះ ខ្លះ​ជា​សម្ព័ន្ធ​មិត្ត ​ខ្លះ​ជា​ដៃគូ​អាមេរិក​ ។ បំរាម​នោះ​ គឺ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​តាម​យន្តហោះ​ចេញ​មក​ពី​ប្រទេស​ទាំង​នោះ​ មិន​ឲ្យ​យក​ឧបករណ៍​អេឡិច​ត្រូនិច​តាម​ខ្លួន ក្រៅ​ពី​ទូរស័ព្ទ​ដៃ​​តែ​ប៉ុណ្ណោះ។ ​គ្រឿង​អេឡិច​ត្រូនិច​ដែល​ហាម​ឃាត់​ និង​មាន​ទំហំ​ធំ​ជាង​ទូរស័ព្ទ​ដៃ​មាន​ដូច​ជា​៖ កុំព្យូទ័រ​យួរ​ដៃ​ ថាបឡែត​ ម៉ាស៊ីន​ថត​រូប​ ក្តារ​អាន​សៀវភៅ​អេឡិច​ត្រូនិច​ ឧបករណ៍​​លេង​ហ្គេមតាម​ខ្លួន​​ និង​ឧបករណ៍​ចាក់​ឌីវីឌី​តាម​ខ្លួន​ជាដើម។ ឧបករណ៍​ហាម​​ឃាត់​ទាំង​នោះ​តម្រូវ​ឲ្យ​ដាក់​នៅ​ក្នុង​វ៉ាលីស​បិទ​ជិត​ ដើម្បី​ទុក​នៅ​បាត​យន្តហោះ​។

បើ​តាម​ការ​បញ្ជាក់​ សហរដ្ឋ​អាមេរិក​បាន​សំអាង​ថា​ ខ្លួន​​បាន​ទទួល​ព័ត៌មានពី​ក្រុម​ចារកម្ម​​សម្ងាត់​​ដែល​ជឿ​ជាក់​ថា​ ពួក​ភេរវករ​អាច​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​នោះ​ធ្វើ​ជា​គ្រឿង​បំផ្ទុះ​លើ​យន្តហោះ។ តាម​​រយៈ​​ទ្រឹស្តី​នេះ​ គឺ​ក្រុម​ភេរវជន​អាច​លាក់​សារជាតិ​ផ្ទុះ​ទៅ​ក្នុង​ឧបករណ៍​អេឡិច​ត្រូនិច​ ដែល​មាន​ទំហំ​ធំជាង​ទូរស័ព្ទ​ដៃ​។​ ហើយ​គេ​អាច​តំឡើង​កម្មវិធី​មួយ​មាន​សមត្ថភាព​​អាច​បញ្ជា​គ្រឿង​ផ្ទុះ​នៅ​លើ​ឧបករណ៍​នោះ​។ តាម​ការ​សន្និដ្ឋាន​ កម្មវិធី​នោះ​អាច​ធ្វើ​ឲ្យ​ថ្ម​ Lithium-ion របស់​ឧបករណ៍​អេឡិច​ត្រូនិចទាំង​នោះ​ឡើង​កំដៅ​ខ្ពស់​ ដែល​ជាហេតុ​អាច​បង្ក​​ឲ្យ​មាន​អគិ្គភ័យ​ផ្ទុះ​ឆាប​ឆេះ​នៅ​ក្នុង​យន្តហោះ​ពេល​កំពុង​ហោះ​ហើរ​នៅ​លើ​អាកាស។​

ប៉ុន្តែ ជាក់​ស្តែង​ ពុំ​ទាន់​មាន​ហេតុការណ៍​ណា​មួយ​បាន​កើត​ឡើង​នៅ​ឡើយ​ទេ។​ ដូចនេះ​ ​វិធានការណ៍​នេះ​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ន័យ​ប្រយុទ្ធ​ប្រឆាំងការ​គំរាម​កំហែង​​ភេរវកម្ម។​ បច្ចុប្បន្ន​នេះ មាន​តែ​សហរដ្ឋ​អាមេរិក​ និង​អង់គ្លេស​ប៉ុណ្ណោះ​ដែល​បាន​សំរេច​ចិត្ត​ចាត់​វិធានការណ៍​​នេះ​ ដោយ​ពុំ​បាន​ពិគ្រោះ​យោបល់​ជាមួយ​សមាគម​អន្តរជាតិ​ផែ្នក​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស (AITA) ឡើយ​​។ ហើយ​នៅ​ពេល​ខាង​មុខ​នេះ​ ​ប្រទេស​កាណាដា​ក៏​អាច​តាម​គន្លង​នេះ​​​​ផង​ដែរ​។ ប្រទេស​និមួយៗ​​សុទ្ធ​តែ​​ផែ្អក​លើ​ព័ត៌មាន​ផ្តល់​ដោយ​ក្រុម​ចារកម្ម​របស់​ប្រទេស​គេ។

គិត​មក​ត្រឹម​ពេល​នេះ​ សហរដ្ឋ​អាមេរិក​ដាក់​បំរាម​សំរាប់​តែ​ការ​ហោះហើរ​ចេញ​មក​ពី​ប្រទេស​ចំនួន​​ ៩ ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​។​ ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​លើ​ស្ថានីយ៍​ទូរទស្សន៍​ Fox លោក​ John Kelly រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​អាមេរិក​បាន​ថ្លែង​ថា អាជ្ញាធរ​អាមេរិក​​​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ដាក់​បំរាម​ចំពោះ​ការ​ហោះហើរ​មក​ពី​អឺរ៉ុប​។ ការ​ពង្រីក​​ដែន​ដី​​ ឬ​​ចំនួន​​ប្រទេស​ក្នុង​បញ្ជី​ហាម​ឃាត់​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ ក្នុង​ករណី​កំរិត​គំរាម​កំហែង​​ឡើង​ខ្ពស់។​ បើ​យោង​តាម​ សមាគម​អន្តរជាតិ​ផែ្នក​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស (AITA) ក្រុម​ហ៊ុន​​អាកាសចរណ៍​ទាំង​អស់​នោះ​បាន​ប៉ាន់​ប្រមាណ​អំពី​ទំហំ​ចំណាយ​បន្ថែម​ក្នុង​ករណី​ដែល​សហរដ្ឋ​អាមេរិក​កាន់​តែ​រឹត​បន្តឹង​វិធានការណ៍​សន្តិសុខ។


គ្រាន់​តែ​ចំពោះ​ការ​ហោះហើរ​រវាង​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​ ការ​ចំណាយ​បន្ថែម​លើ​ការ​​ពង្រឹង​សន្តិ​សុខ​អាច​ឡើង​រហូត​ទៅ​ដល់​ទឹកប្រាក់​ចំនួន​ ១,២​ពាន់​លាន​ដុល្លារ។​ ក្នុង​ករណីណា​ដែល​សហរដ្ឋ​អាមេរិក​ចេញ​បទ​បញ្ជា​នេះ​ អាកាស​យាន​ដ្ឋាន​នានា​នៅ​អឺរ៉ុប​នឹង​ជួប​ភាព​រំជើប​រំជួល។​ សព្វថ្ងៃ​នេះ​ រវាងអឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ មាន​ជើង​ហោះហើរ​ចំនួន​ ៣ ២៥០ លើក​ក្នុង​មួយ​សប្តាហ៍។​ ហើយ​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ចេញ​បំរាម​ទូទៅ​មួយ​មិន​ឲ្យ​អ្នក​ដំណើរ​ហោះ​មក​ពី​ទី​កន្លែង​ទាំង​អស់​នៅ​ជុំ​វិញ​ពិភព​លោក​យក​ឧបករណ៍​អេឡិច​ត្រូនិច​តាម​ខ្លួន​ពេល​កំពុង​ជិះ​យន្តហោះ​ ក្រុមហ៊ុន​អាកាសចរណ៍​នឹង​ចំណាយ​ប្រាក់​ប្រមាណ​ជាង​ ២,៥​ ពាន់​លាន​ដុល្លារ។​

បើ​តាម​លោក​ Gérard Feldzer អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផែ្នក​ដឹកជញ្ជូន​ផ្លូវ​អាកាស​បាន​វិភាគ​ថា​ វិធានការណ៍​អាមេរិក​គ្រាន់​តែ​ជា​សារ​នយោបាយ​មួយ​តែ​ប៉ុណ្ណោះ។​ សហរដ្ឋ​អាមេរិក​ចង់​ប្រាប់​ទៅ​ពួក​ភេរវករ​ថា​ ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​តាម​ឃ្លាំ​មើល​ជានិច្ច។​ អាមេរិក​ចង់​បង្ហាញ​ថា​ ខ្លួន​ប្រយ័ត្នប្រយ៉ែង​​ មុន​ជា​និច្ច និង​ត្រៀម​ការ​ពារ​ខ្លួន​ទុក​មុន​ជានិច្ច។​​ បើ​យើង​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ប្រទេស​ទាំង​នោះ​ គឺ​សុទ្ធ​សឹង​តែ​ជា​ប្រទេស​អារ៉ាប់​នៅ​តំបន់​មជ្ឈិម​បូព៌ា​។​ ផ្ទុយ​ទៅ​វិញ​ ក្រុមហ៊ុន​អាកាស​ចរណ៍​នៅ​ប្រទេស​ទាំងនោះ​មាន​ជាអាទិ​ក្រុមហ៊ុន​ Qatar Airways, Fly Emirates និង​ Etihad Airways ជា​ដើម​ គឺ​សុទ្ធ​សឹង​តែ​ជា​ក្រុមហ៊ុន​ធំៗ​អាច​ជឿជាក់​បាន​ចំពោះ​សុវត្ថិភាព។​

តើ​ឧបករណ៍​អេឡិច​ត្រូនិច​ពិត​ជា​គ្រោះ​ថ្នាក់​មែន​ដែរ​ឬទេ?​ បើ​យោង​តាម​ការិយាល័យ​ស៊ើប​អង្កេត​ និង​វិភាគ​សុវត្ថិភាព​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​ពេល​នេះ​ ពុំ​មាន​ភស្តុតាង​បង្ហាញ​ថា​​ឧបករណ៍​ទាំង​នេះ​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ក្នុង​យន្តហោះ​ឡើយ។​ ហើយ​ក៏​ពុំ​ទាន់​មាន​ការ​សិក្សា​ស៊ីជំរៅ​ណា​មួយ​លើ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។​ ប៉ុន្តែ​ នេះ​វា​គ្រាន់​តែ​ជា​ការ​ព្រួយ​បារម្ភ​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ