តើក្រុមស្តាំនិយមជ្រុលអាមេរិក ដែលធ្វើបាតុកម្មនៅ ក្រុង Chalottes ជាអ្នកណា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១០
នៅទីក្រុងcharlottes នៅក្នុងបាតុកម្មផ្តើមដោយ ក្រុមស្តាំនិយមជ្រុល អំពើហិង្សាបានផ្ទុះឡើងរវាងក្រុមនេះ ហើយនិងក្រុមបាតុករដែលចេញមុខ ប្រឆាំងនឹងការរើសអើងពូជសាសន៍។ ជាលទ្ធផលមនុស្សម្នាក់បានស្លាប់ និងជាង១០នាក់ផ្សេងទៀតរងរបួសដោយសារស្នាដៃរបស់សមាជិករបស់ក្រុមស្តាំនិយមជ្រុល ដែលបានបើកឡាន បុកក្រុមបាតុករ។ ប្រធានាធិបតីអាមេរិក លោកលោកដូណាល់ ត្រាំ បានរងការរិះគន់ខ្លាំង ដោយសារតែលោក មិនបាននិយាយថ្កោលទោសចំៗ ឈ្មោះ សមាជិករបស់ក្រុមស្តាំនិយមជ្រុល ដែលជាជនដៃដល់។
នៅអាមេរិក ក្រុមស្តាំនិយមជ្រុលដែលស្អប់មិនចូលចិត្តសាសន៍ដទៃ មានចំនួន ៩១៧។ នេះបើតាមការកឃើញរបស់មជ្ឈមណ្ឌល ច្បាប់នៃភាពក្រីក្រ ខាងត្បូង។ ក្រុមស្តាំនិយមជ្រុលមានទិសដៅចំបង គឺការពារប្រយោជន៍ ឲ្យសាសន៍ស្បែកស នៅទឹកដីអាមេរិក។ នៅក្នុងចំណោមក្រុមស្តាំនិយមដែលបានចូលរួមធ្វើបាតុកម្មហិង្សា កាលពីថ្ងៃសៅរ៍ នៅទីក្រុងcharlottes មានក្រុមណាហ្សីថ្មី ក្រុមKu Klux Klan ឬហៅថា KKK ដែលស្អប់សាសន៍ដទៃ ក្រៅតែពីសាសន៍ស្បែក ស ហើយនិងក្រុមស្តាំនិយមជ្រុលថ្មី ឈ្មោះ Alt right។
ក្រុមការពារអាមេរិកាំងស្បែកស ចាប់មានកំណើតឡើង នៅក្រោយចប់សង្រ្គាមស៊ីវិល។ ក្រុមទាហានភាគខាងត្បូងអាមេរិក ដែលខកចិត្ត នឹងការចាញ់សង្រ្គាមក្នុងដៃរបស់រដ្ឋាបាលខាងជើងម្តងហើយនោះ បានហួសចិត្តមួយកម្រិតទៀត នៅពេលត្រលប់មកភាគខាងត្បូងវិញ ឃើញទាសករស្បែកខ្មៅត្រូវបានដោះលែងឲ្យរស់នៅមានសេរីភាព។ ពួកគេមួយចំនួន បានសម្រេចទៅបង្កើតចលនា ស្អប់ និងប្រកាន់ពូជសាសន៍ដូចជា Ku Klux Klan ឬ KKKជាដើម។
បង្កើតឡើងដំបូង នៅឆ្នាំ ១៨៦៥ ក្រុមKu Klux Klan ធ្លាប់ធ្វើសកម្មភាព ដេញ ប្រមាញ់ ចាប់ មនុស្សស្បែកខ្មៅ យកទៅដុតសម្លាប់។ ក្រុមនេះ ធ្លាប់មានសមាជិក ដល់ទៅ ៤លាននាក់ នៅទូទាំងអាមេរិក។ ប៉ុន្តែ បច្ចុប្បន្ន នេះ KKK មានសមាជិកតិចជាង ៨ពាន់នាក់ ប៉ុណ្ណោះ។ សកម្មភាពឃោឃៅ ប្រកាន់ពូជសាសន៍ របស់អង្គការKKKត្រូវបានគេថ្កោលទោស ជាទូទៅ មិនថា ពីប្រជាជន ឬរដ្ឋាភិបាល។
និយាយពីក្រុមAlt rightវិញ ជាក្រុមស្តាំនិយមជ្រុលថ្មី ដែលប្រកាន់ពូជសាសន៍ ដែរ ប៉ុន្តែ មិនហិង្សា សម្លាប់មនុស្ស ដូចអង្គការKKK នោះទេ។ ក្រុមស្តាំនិយមជ្រុលថ្មី មានឈាមត្រជាក់ និងចង់កម្ចាត់សាសន៍ដទៃ ក្រៅតែពីសាសន៍ ស្បែកស តាមផ្លូវនយោបាយ។ បន្ទាប់ពីស្ងាត់ បាត់សំឡេង អស់ជាច្រើនទសវត្សរ៍ ចលនាស្តាំនិយមជ្រុល ដើម្បី លើកកំពស់អាមេរិកាំងស្បែក ស បានចាប់លេចមុខមកវិញ នៅក្នុងអាណត្តិរបស់លោកអូបាម៉ា ប៉ុន្តែ បានចាប់ ធំធាត់ដុះស្លាប នៅក្នុងអាណត្តិរបស់លោកដូណាល់ ត្រាំ។
លោកដូណាល់ ត្រាំ ធ្លាប់បានធ្វើឲ្យគេភ្ញាក់ផ្អើល និងរិះគន់ម្តងហើយ ដោយលោកបិទមាត់ មិនប្រកាសថ្កោលទោស សកម្មភាពហិង្សារបស់ក្រុមKKK នៅពេលលោកថ្លែងសុន្ទរកថាស្បថចូលកាន់តំណែងប្រធានាធិបតី។ លោកនៅធ្លាប់បានបដិសេធថា មិនដែលបានស្គាល់ និងលឺឈ្មោះDavid Duke ដែលជាប្រធានចលនានេះ ទេ។ ប៉ុន្តែ ការពិត នៅឆ្នាំ ២០០០ លោកធ្លាប់បានចោទប្រកាន់ក្រុមKKK នេះជាក្រុមណាហ្ស៊ីថ្មី។ មួយវិញទៀត តាមការចុះផ្សាយរបស់កាសែត New York Times ឪពុករបស់លោកដូណាល់ ត្រាំ គឺ Fred Trump អាចជាសមាជិករបស់ក្រុម KKK ព្រោះថា នៅឆ្នាំ ១៩២៧ លោកធ្លាប់បានចូលរួមក្នុងក្បួនគាំទ្រចលនាKKK នៅទីក្រុងញូវយ៉ក។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកដូណាល់ត្រាំ ក្រុមស្តាំនិយមជ្រុល ដូចជា KKK ឬក្រុម Alts Right បានចេញមុខគាំទ្រ ដោយចំហរ និងបានជួយឃោសនារកសំឡេងឆ្នោតឲ្យលោកដូណាល់ ត្រាំ។ សម្រាប់ក្រុមស្តាំនិយមជ្រុល ពាក្យរបស់លោកដូណាល់ ត្រាំដែលថា ធ្វើដើម្បី ជនជាតិ អាមេរិកាំងមុនគេ គឺមានន័យស្មើនឹងពាក្យថា គិតគូរដល់សាសន៍ស្បែកសមុនគេ។
ទីប្រឹក្សាស្និទ្ធិនឹងលោកដូណាល់ ត្រាំ ជាសមាជិករបស់ក្រុមស្តាំនិយមជ្រុល
ក្រុមស្តាំនិយមជ្រុល Alt right ដែលសំបូរឲ្យបញ្ញាជន រៀនសូត្រ បានជ្រៅជ្រះ បានបញ្ចូល សមាជិករបស់ខ្លួន ទៅក្នុងរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ។ មនុស្សសំខាន់ពីររូប ដែលនៅកៀកជាប់នឹងលោកដូណាល់ ត្រាំ ដូចជា Stephen Bannon ទីប្រឹក្សាយុទ្ធសាស្រ្តរបស់លោកដូណាល់ត្រាំ ហើយនិងStephen Miller ទីប្រឹក្សាជាន់ខ្ពស់ សុទ្ធសឹងជាសមាជិករបស់ក្រុមស្តាំនិយមជ្រុល Alt right។
មុននឹងមកធ្វើជាទីប្រឹក្សាជាន់ខ្ពស់ របស់លោកត្រាំ ហើយនិងអ្នកផ្តួចផ្តើម ឲ្យ មានច្បាប់ ប្រឆាំងជនអន្តោប្រវេសន៍ Stephen Miller ធ្លាប់បានសរសេរវិចារណកថា មួយ ដែលលើកទឹកចិត្ត ឲ្យមានការស្អប់ និងសម្លាប់អ្នកកាន់សាសនាអ៊ីស្លាម។
លោកដូណាល់ ត្រាំ អមព័ទ្ធ និងគាំទ្រដោយមនុស្សមកពីក្រុមស្តាំនិយមជ្រុល។ ដូច្នេះ គេមិនឆ្ងល់ទេ ថា ហេតុអ្វី បានជាលោកមិនបានប្រើពាក្យថ្កោលទោស ធ្ងន់ៗ លើសមាជិករបស់ក្រុមការពារស្បែកស ដែលបានបើកឡានសម្លាប់មនុស្សនៅទីក្រុងCharlottes នោះ។ លោកដូណាល់ត្រាំ ដែលសំបូរដោយសត្រូវ និងអ្នកចាំរិះគន់គ្រប់ទិស មិនអាច បោះបង់ចោលក្រុមស្តាំនិយមជ្រុល ដែលតាមពិតជាសកម្មជន ឃោសនាតែមួយ ដែលលោកមាន និងដែលលោកអាចពឹងពាក់យកប្រយោជន៍ ទៅថ្ងៃក្រោយ ជាពិសេស គឺការបោះឆ្នោតនៅអាណត្តិក្រោយតែម្តង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ