អាមេរិកចង់ឲ្យជីហាតបរទេសប្រឈមនឹងការកាត់ទោសនៅក្នុងប្រទេសកំណើត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣៩
សម្ព័ន្ធអន្តរជាតិដឹកនាំដោយអាមេរិកបានសម្រេចជោគជ័យ វាយបំផ្លាញសំបុករបស់ពួកជីហាតរដ្ឋអ៊ីស្លាម នៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់។ ក្បាលម៉ាស៊ីនរបស់ពួកជីហាតត្រូវបំផ្លាញទៅមែន ប៉ុន្តែ បញ្ហាដែលកំពុងចោទខ្លាំង និងដែលប្រទេសលោកខាងលិច យល់មិនស្របគ្នា គឺការទទួលវិលត្រលប់របស់ពួកជីហាតបរទេស ដែលធ្លាប់ចេញប្រយុទ្ធក្នុងជួររបស់ក្រុមអង្គការរដ្ឋអ៊ីស្លាម។ នៅក្រោយការដួលរំលំ បែកបាក់ខ្ចាត់ខ្ចាយរបស់ក្រុមជីហាត ទាហានបរទេសជាច្រើនរយនាក់ ត្រូវបានកងកម្លាំងរំដោះស៊ីរី និងអ៊ីរ៉ាក់ ចាប់ឃុំខ្លួន នៅក្នុងទឹកដីស៊ីរី។ អាមេរិក ដែលជាអ្នកជួយគាំទ្រផ្នែកយោធាដល់កងកម្លាំងរំដោះស៊ីរី និងអ៊ីរ៉ាក់ បានថ្លែងចង់ឲ្យពួកជីហាតបរទេសទាំងនោះត្រូវជំនុំជម្រះ និងផ្តន្ទាទោស នៅក្នុងប្រទេសកំណើតរបស់ពួកគេ។ នៅអឺរ៉ុប គ្មានប្រទេសណាមួយ ចេញមុខ ចង់ទទួលយកពួកជីហាត ទាំងនោះ មកជំនុំជម្រះក្នុងទឹកដីរបស់ខ្លួននោះទេ។
នៅថ្ងៃចន្ទ រដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសចំនួន ១៤ដែលជាសមាជិករបស់សម្ព័ន្ធអន្តរជាតិ ធ្វើប្រតិបត្តិការយោធានៅអ៊ីរ៉ាក់ និងស៊ីរីបានជួបប្រជុំគ្នា នៅទីក្រុងរ៉ូម ដើម្បី និយាយពីសកម្មភាពដែលគេត្រូវធ្វើបន្ត នៅក្រោយបរាជ័យ របស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាម ក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់។ សម្រាប់រដ្ឋមន្រ្តីការពារជាតិអាមេរិក ការប្រយុទ្ធប្រឆាំងនឹងក្រុមអង្គការរដ្ឋអ៊ីស្លាមនៅមិនទាន់ចប់នោះទេ។ តាមអ្នកទទួលខុសត្រូវម្នាក់របស់មន្ទីរបញ្ចកោនដែលបានអមដំណើររដ្ឋមន្រ្តីការពារជាតិអាមេរិកទៅទីក្រុងរ៉ូម អាមេរិកកំពុងព្យាយាម បញ្ចុះបញ្ចូលសមាជិកសម្ព័ន្ធអន្តរជាតិ ជាពិសេសប្រទេសនៅអឺរ៉ុប ឲ្យទទួលយកវិញ ពួកទាហានជីហាត ដែលជាជនជាតិរបស់ខ្លួន។
ការទទួលយកពួកទាហានជីហាតបរទេស ដែលធ្លាប់ធ្វើដំណើរទៅស៊ីរី និងអ៊ីរ៉ាក់ ដើម្បី ប្រយុទ្ធក្នុងជួរបស់ពួកអង្គការរដ្ឋអ៊ីស្លាម បានក្លាយជាឆ្អឹងទទឹង ក និងការខ្វែងគំនិតគ្នារវាងអាមេរិក ហើយនិងប្រទេសសមាជិកផ្សេងទៀតរបស់សម្ព័ន្ធអន្តរជាតិ។ បញ្ហានេះត្រូវលើកនិយាយជាចាំបាច់ នៅក្នុងកិច្ចប្រជុំនៅថ្ងៃចន្ទ បន្ទាប់ពីអាមេរិក និងអង់គ្លេស នៅមិនទាន់និយាយត្រូវរ៉ូវគ្នា ពីជោគវាសនារបស់ទាហានជីហាត ដើមកំណើតអង់គ្លេស ពីរនាក់ ដែលត្រូវបានក្រុមទាហានរំដោះស៊ីរី គួឌីស្ថានស៊ីរី ចាប់ឃុំខ្លួន តាំងពីខែមករា។ ទាហានជីហាតទាំងពីរនាក់ ដែលមានរហស្សនាមថា Beatles ត្រូវបានគេសន្និដ្ឋានជា មេពេជ្ឈឃាត ដែលបានសម្លាប់អារក ចំណាប់ខ្មាំងជាតិបរទេស ជាច្រើននាក់ ដែលនៅក្នុងនោះមានផងដែរ អ្នកកាសែតអាមេរិក James Foley។ អាមេរិកដែលកំពុងឈឺក្បាលនឹងសំណុំរឿងឃុំខ្លួនក្រុមភេរវជនបរទេស នៅពន្ធនាគារGuantanamo លែងចង់បានពួកទាហានជីហាត ទៅក្នុងពន្ធនាគារដ៏ចម្រូងចម្រាសរបស់ខ្លួនទៀតហើយ។
អង់គ្លេសវិញ ក៏មិនចង់បានទាហានជីហាត ទាំងពីររូប ដែលក្រុមរំដោះស៊ីរី កំពុងចាប់ឃុំខ្លួនដែរ។ ទាហានជីហាតដើមកំណើតអង់គ្លេសទាំងពីរ ស្ថិតនៅក្នុងចំណោមទាហានជីហាតបរទេសជាច្រើនរយនាក់ ដែល ក្រុមគួឌីស្ថានស៊ីរី គាំទ្រដោយសហរដ្ឋអាមេរិក ចាប់ឃុំខ្លួន កាន់តែច្រើន នៅប៉ុន្មានខែចុងក្រោយនេះ។ អាមេរិកលែងចង់ទុកអ្នកទោសជីហាតបរទេស ឲ្យនៅបន្តជាប់ឃុំក្នុងពន្ធនាគារក្នុងទឹកដីស៊ីរីតទៅទៀតទេ ព្រោះថា ទី១ ស៊ីរី គ្មានស្ថិរភាព ពោលគឺអាចផុតរបូតទៅវិញ អ្នកទោសជីហាត ដែលអាចត្រលប់ទៅកាន់អាវុធ ធ្វើភេរវជននិយមសាជាថ្មី។ ទី២ទៀត មណ្ឌលឃុំខ្លួនរបស់ក្រុមទាហានរំដោះស៊ីរី ដែលអាមេរិកកំពុងជួយផ្នែកហិរញ្ញវត្ថុ និងសព្វាវុធ កំពុងតែណែនណាន់ តាន់តាប់ដោយពួកទាហានរបស់ក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម មិនថា ជាតិស៊ីរី អ៊ីរ៉ាក់ ឬប្រទេសលោកខាងលិច។
នៅឆ្នាំ ២០១៥ អាមេរិកធ្លាប់ប៉ាន់ស្មាន មានជនមកពី៩០ប្រទេស បានចូលទៅកាន់អាវុធធ្វើសង្គ្រាមនៅ ស៊ីរី ក្នុងនោះ ៣៤០០នាក់ ជាយុទ្ធជនមកពីបស្ចឹមប្រទេស និង១៥០នាក់ជាពលរដ្ឋអាមេរិក។ នៅក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ចេញផ្សាយកាលពីខែវិច្ឆិកា ២០១៤ គេបានបង្ហាញថា មានយុទ្ធជនបរទេសមកពី៨០ប្រទេស ប្រមាណតែ ១៥០០០នាក់ ដែលស្ម័គ្រខ្លួន ចូលទៅធ្វើសង្គ្រាមនៅ ស៊ីរី ដើម្បីបំរើអង្គការអ៊ីស្លាមជ្រុលនិយម ដូចយ៉ាងអង្គការរដ្ឋអ៊ីស្លាម។
នៅពេលដែលចំនួនអ្នកទោសជីហាត បរទេសមានកាន់តែច្រើន នៅក្នុងពន្ធនាគាររបស់ក្រុមរំដោះស៊ីរី អាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ក្រុមនេះ ចង់បញ្ជូនទាហានជីហាត បរទេសឲ្យទៅប្រឈមនឹងការកាត់ទោស ក្នុងប្រទេសកំណើតរបស់ខ្លួនវិញ។ ប៉ុន្តែ គ្មានប្រទេសណាមួយស្វាគមន៍ ឯកភាពជាមួយអាមេរិកនោះទេ ជាពិសេសបណ្តាប្រទេសនៅ អឺរ៉ុប។ ហេតុផលធំ គឺគេបារម្ភពីសន្តិសុខ នៅពេលគេទទួលពួកជីហាតទាំងនោះឲ្យត្រលប់ចូលប្រទេសវិញ។ បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អង់គ្លេស និងបារាំង ជាដើម ហាក់ធ្វើមិនដឹងមិនលឺនឹងការអំពាវនាវចង់របស់អាមេរិក។
សូមអាន៖របាយការណ៍អាមេរិក ៖ មានបរទេសសម្រុកចូលធ្វើជីហាតច្រើនខ្លាំងនៅស៊ីរី
នាយករដ្ឋមន្រ្តីហូឡង់ Mark Rutte បាននិយាយដាច់ណាត់ហើយថា វាជាការប្រសើរដែលបណ្តោយទុកឲ្យជនជីហាតទាំងនោះ ស្លាប់នៅកន្លែងដែលគេចេញទៅធ្វើសង្រ្គាម។ បែលហ្ស៊ិកវិញ មិនចិត្តដាច់ខ្លាំង ដូចហូឡង់ ប៉ុន្តែ វាយតម្លៃថា ជីហាតបរទេស គួរតែត្រូវជំនុំជម្រះ កាត់ទោស នៅក្នុងប្រទេស ដែលពួកគេត្រូវបានចាប់ខ្លួន ពោលគឺនៅស៊ីរីនោះឯង។ តាមមន្រ្តីស៊ើបការណ៍សម្ងាត់បែលហ្ស៊ិក មានជនជាតិបែលហ្ស៊ិកជិត ៥០០នាក់បានចេញទៅប្រយុទ្ធក្នុងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី និងអ៊ីរ៉ាក់។ ទាហានជីហាត ដើមកំណើតបែលហ្ស៊ិកប្រមាណ ៣០នាក់ ត្រូវបានចាប់ខ្លួន នៅក្រោយការដួលរលំទីក្រុងរ៉ាការរបស់ពួកអង្គការរដ្ឋអ៊ីស្លាម។
អាល្លឺម៉ង់ បារាំង និងអង់គ្លេសដែលសុទ្ធតែមានជនជាតិរបស់ខ្លួនរាប់រយនាក់ចេញទៅប្រយុទ្ធ បម្រើក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ក៏មានជំហរដូចគ្នានឹងបែលហ្សិក។ ចង់ឲ្យមានការកាត់ទោសនៅនឹងកន្លែងដែលពួកជីហាតបរទេសត្រូវចាប់ខ្លួន ប៉ុន្តែ ប្រទេសនៅអឺរ៉ុបចង់ឲ្យគេកាត់ទោសជាប់គុកមួយជីវិត ជាជាងការកាត់ទោសប្រហារជីវិត។ ដូចស៊ុយអែត អាល្លឺម៉ង់ បានកោះហៅអគ្គរដ្ឋទូតអ៊ីរ៉ាក់ បន្ទាប់ពីតុលាការអ៊ីរ៉ាក់បានកាត់ទោសប្រហារជីវិតស្រ្តីជីហាត ដើមកំណើតអាល្លឺម៉ង់ម្នាក់ កាលពីចុងខែមករាកន្លងទៅ។
ក្រៅតែពីយុវជនជីហាត គេកំពុងចោទសួរផងដែរ អនាគតរបស់ក្មេងបរទេស ដែលបានកើតចេញពីឪពុកម្តាយដែលចេញទៅធ្វើជីហាត នៅស៊ីរី។ គេវាយតម្លៃថា ក្មេងបរទេសដែលកើត និងធំដឹងក្តីនៅក្នុងតំបន់គ្រប់គ្រងពួកជីហាតមានច្រើនជាង១០០នាក់។ អាល្លឺម៉ង់ជាដើមព្រួយបារម្ភខ្លាំង ពីសន្តិសុខផ្ទៃក្នុង នៅពេលកុមារទាំងនោះត្រូវទទួលឲ្យត្រលប់មករស់នៅក្នុងទឹកដីអាល្លឺម៉ង់វិញ ព្រោះថា ចង់ ឬមិនចង់ ក្មេងៗទាំងនោះធ្លាប់បានទទួលការអប់រំ និងបញ្ចុះ បញ្ចូលមនោគមវិជ្ជា យ៉ាងជ្រាលជ្រៅ ពីក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ