អាមេរិករបស់លោកដូណាល់ ត្រាំកំពុងបន្តអនុវត្តន៍នយោបាយឯកតោភាគីនិយម និងឯកោនិយម?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០២
នៅថ្ងៃអង្គារ ទី១៩ មិថុនា រដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតីដូណាល់ ត្រាំបានប្រកាសដកសមាជិកភាពចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ ការប្រកាសដកអាមេរិកចេញពីស្ថាប័នអន្តរជាតិមួយនេះបានធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោនដោយលោកប្រមុខការទូតអាមេរិក Mike Pompeo និងលោកស្រីនីកគី ហាឡី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ ហេតុផលនៃការបញ្ចប់សមាជិកភាពនេះត្រូវបានរដ្ឋបាលអាមេរិកនិយាយដោយមិនលាក់លៀមថា មកពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិតែងរិះគន់ វាយប្រហារលើប្រទេសអ៊ីស្រាអែល។
ការដែលអាមេរិកបានសម្រេចចិត្តដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិពេលនេះមិនបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលឡើយ។ មិនភ្ញាក់ផ្អើល ព្រោះវាជាទង្វើថ្មីមួយទៀតដែលត្រូវចុះបន្ថែមទៅក្នុងបញ្ជីដ៏វែងអន្លាយនៃការដកខ្លួនរបស់អាមេរិកក្នុងជំនាន់លោកដូណាល់ ត្រាំចេញពីកិច្ចព្រមព្រៀងអន្តរជាតិ ឬពីស្ថាប័នអន្តរជាតិផ្សេងៗ។ នៅក្នុងបញ្ជីដ៏វែងអន្លាយនោះរួមមាន ការដកខ្លួនរបស់អាមេរិកចេញពីកតិកសញ្ញាស្តីពីជនអន្តោប្រវេសន៍ ពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក ពីកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងចេញពីអង្គការ Unesco។
ក្រៅពីការដកខ្លួនចេញ រដ្ឋបាលរបស់លោកដូណាល់ ត្រាំក៏បានបរិហារ និងរិះគន់ ទិតៀនលើកិច្ចព្រមព្រៀងអន្តរជាតិ ឬស្ថាប័នអន្តរជាតិផ្សេងទៀត ដូចយ៉ាងអង្គការសហប្រជាជាតិ អង្គការអូតង់ កិច្ចព្រមព្រៀងដោះដូរសេរីអន្តរប៉ាស៊ីហ្វិក និងអង្គការពាណិជ្ជកម្មពិភពលោក។ ដូច្នេះគេអាចនិយាយបានថា ការបញ្ចប់សមាជិកភាពពីក្រុមប្រឹក្សាសិទ្ធិមនុស្សសហប្រជាជាតិពេលនេះប្រហែលមិនមែនជាទង្វើចុងក្រោយទេ ពោលនឹងអាចមានការដើរចេញពីកិច្ចព្រមព្រៀង ឬពីស្ថាប័នអន្តរជាតិណាមួយទៀតនាពេលខាងមុខ។ តាមធម្មតា អាណត្តិរបស់អាមេរិកនៅក្នុងស្ថាប័នអន្តរជាតិមួយនេះនឹងមានរហូតដល់ឆ្នាំ ២០១៩។
តែតាំងពីបានទទួលតំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិក្នុងខែមករា ឆ្នាំ ២០១៧ មក លោកស្រីនីកគី ហាឡីតែងគំរាមច្រើនដងពីបំណងចង់ដកអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សសហប្រជាជាតិ។ ក្រៅពីបានទាមទារឲ្យធ្វើកំណែទម្រង់ស៊ីជម្រៅលើស្ថាប័នអន្តរជាតិមួយនេះ លោកស្រីហាឡីក៏ចង់ឲ្យមានការបណ្តេញសមាជិកណាដែលបានរំលោភបំពានសិទ្ធិមនុស្សដោយលោកស្រីបានចង្អុលប្រទេសចិន វ៉េណេស៊ុយអេឡា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេហ្ស៊ីប ឬប្រទេសអ៊ីរ៉ង់។ នៅក្នុងន័យនេះ លោកស្រីហាឡីមិនញញើតនឹងចោទក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិពីបទការពារជនរំលោភសិទ្ធិមនុស្ស និងមានភាពលំអៀងនយោបាយ។
លោកស្រីនីកគី ហាឡីរួមទាំងលោកប្រមុខការទូតអាមេរិក Mike Pompeo តែងចាត់ទុកស្ថានប័នអន្តរជាតិមួយនេះថាជាស្ថាប័នអាត្មានិយម ពុតត្បុត និងជាប្រភពទើសទាល់ចិត្តរបស់អាមេរិក។ តែទន្ទឹមគ្នានេះ លោកស្រីហាឡីក៏បានធានាថា ការដកខ្លួនរបស់អាមេរិកចេញពីស្ថាប័នសិទ្ធិមនុស្សអន្តរជាតិមួយនេះមិនមែនមានន័យថា អាមេរិកបានដកខ្លួនមិនអើពើនឹងបញ្ហាសិទ្ធិមនុស្សនៅក្នុងលោកទេ។ គួររម្លឹកជូនថា ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានចាប់កំណើតក្នុងខែមិថុនា ឆ្នាំ ២០០៦ និងមានកម្មវត្ថុជួយលើកដំកើងសិទ្ធិមនុស្សនៅក្នុងពិភពលោក។ សមាជិកទាំង៤៧ប្រទេសរបស់ស្ថាប័នអន្តរជាតិមួយនេះត្រូវបានបោះឆ្នោតដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម្លេងភាគច្រើនដាច់ខាតសម្រាប់អាណត្តិ ៣ឆ្នាំ និងមិនអាចទទួលអាណត្តិថ្មីបានទេ បន្ទាប់ពីទទួលបានពីរអាណត្តិជាប់គ្នាមក។
មានការកត់សម្គាល់ថា ភាពរកាំរកូសរវាងអាមេរិក និងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិច្រើនកើតមានក្នុងពេលដែលអំណាចនៅអាមេរិកស្ថិតក្នុងកណ្តាប់ដៃរបស់គណបក្សសាធារណរដ្ឋដូចសម័យលោកដូណាល់ ត្រាំសព្វថ្ងៃ។ នៅក្នុងជំនាន់លោកប្រធានាធិបតី George W. Bush ដែលទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំបច្ចុប្បន្ន គឺលោកចន បុលតុនបានធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ អាមេរិកបានបដិសេធមិនអង្គុយកៅអីសមាជិករបស់ស្ថាប័នអន្តរជាតិមួយនេះទេ។ ពិតណាស់ថា តាំងខ្លួនជាប្រទេសបិតាសិទ្ធិមនុស្សក្នុងលោក អាមេរិកទើសទាល់ចិត្តខ្លាំងណាស់ដែលបានឃើញប្រទេសរំលោភសិទ្ធិមនុស្សមួយចំនួនឡើងអង្គុយកៅអីក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិ។
តែនេះគ្រាន់ជាហេតុផលស្តាប់ឲ្យពិរោះត្រចៀកប៉ុណ្ណោះ ព្រោះតាមពិតទៅ អាមេរិកក្តៅក្រហាយនឹងស្ថាប័នមួយនេះដែលចេះតែរករឿង វាយប្រហារប្រទេសអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួនគ្រប់ពេល។ នៅត្រង់ចំណុចនេះ លោកស្រីនីកគី ហាឡីបានថ្លែងដោយមិនលាក់លៀមថា ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិមួយនេះបានអនុម័តសេចក្តីសម្រេចចិត្តប្រឆាំងអ៊ីស្រាអែលដល់ទៅ ៥ដង ពោលច្រើនជាងគ្រប់សេចក្តីសម្រេចចិត្តប្រឆាំងកូរ៉េខាងជើង អ៊ីរ៉ង់ និងប្រទេសស៊ីរីបូកបញ្ចូលគ្នាទៅទៀត។ ជំហររបៀបនេះរបស់រដ្ឋបាលអាមេរិកជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា លោកដូណាល់ ត្រាំកំពុងបន្តអនុវត្តនយោបាយឯកតោភាគីនិយម និងឯកោនិយមនៅលើឆាកអន្តរជាតិ។
ដូច្នេះចង់ ឬមិនចង់ ការដកខ្លួនរបស់អាមេរិកចេញពីស្ថាប័នសិទ្ធិមនុស្សអន្តរជាតិពេលនេះជាសញ្ញាមួយមិនល្អ និងជាឧទាហរណ៍មួយដ៏អាក្រក់ចំពេលដែលស្ថានការណ៍សិទ្ធិមនុស្សក្នុងលោកកំពុងធ្លាក់ដុនដាបខ្លាំង។ ចូរកុំភ្លេចថា គឺអាមេរិកខ្លួនឯង និងបារាំងដែលបានសរសេររួមគ្នានូវសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សកាលពី ៧០ឆ្នាំមុន ពោលក្នុងឆ្នាំ ១៩៤៨៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ