តើហេតុដូចម្តេចបានជាកិច្ចព្រមព្រៀងសន្តិភាពអូស្លូ នាំវិបត្តិអ៊ីស្រាអែលប៉ាឡេស្ទីនឱ្យទ័លច្រក ?!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥២
នៅថ្ងៃទី ១៣ កញ្ញា ១៩៩៣ អ៊ីស្រាអែល និងអង្គការរំដោះប៉ាឡេស្ទីន OLP បានចុះហត្ថលេខា នៅទីក្រុងវ៉ាស៊ីនតោន លើកិច្ចព្រមព្រៀងសន្តិភាពក្រុងអូស្លូ។ ប្រមុខ ដឹកនាំអ៊ីស្រាអែល និងប្រមុខចលនារំដោះប៉ាឡេស្ទីនបានចាប់ដៃគ្នាជាលើកដំបូង និងជាប្រវត្តិសាស្ត្រ ក្រោមក្រសែភ្នែកសោមនស្សរបស់លោកប៊ីល គ្លីនតុន ប្រធានាធិបតីអាមេរិកសម័យនោះ។ ព្រឹត្តិការណ៍ បានជំរុញឱ្យមានការបង្កើតអាជ្ញាធរដែនដីប៉ាឡេស្ទីន និងក្នុងទិសដៅឈានទៅបង្កើតជារដ្ឋប៉ាឡេស្ទីនឯករាជ្យ។ ប៉ុន្តែ ២៥ឆ្នាំក្រោយមក ក្តីសង្ឃឹមរលាយស្ទើរសូន្យ។ រូបថតដ៏ល្អត្រកាលនៃការចាប់ដៃគ្នាទំនងជាគ្មានថ្ងៃអាចកើតមានម្តងទៀតទេ។
កិច្ចព្រមព្រៀងអូស្លូ ជាកិច្ចព្រមព្រៀងសន្តិភាពដំបូងបង្អស់ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលជាស្នាដៃនៃការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់អង្គការរំដោះប៉ាឡេស្ទីន ដឹកនាំដោយលោក យ៉ាសេ អារ៉ាហ្វាត Yasser Arafat ជាមួយនាយក រដ្ឋមន្ត្រីអ៊ីស្រាអែល អ៊ីហ្សាក់ រ៉ាបាំង Yitzhak Rabin និងរដ្ឋមន្ត្រីការបរទេស លោក ស៊ីម៉ុន ប៉េរេស Simon Peres ព្រមទាំងសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប៊ីល គ្លីនតុន។
មានជម្លោះនឹងគ្នា តាំងពីជាច្រើនទសវត្សរ៍ អ៊ីស្រាអែល និងប៉ាឡេស្ទីនបានចាប់ផ្តើមចរចាគ្នា នៅចុងឆ្នាំ១៩៩១ ក្រោយការផ្ទុះសង្គ្រាមដុំថ្ម ក្នុងក្របខ័ណ្ឌនៃសន្និសីទដើម្បីសន្តិភាព នៅក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញ ដែលជាផ្តួចផ្តផ្តើមរបស់វ៉ាស៊ីនតោន និងម៉ូស្គូ។ ប៉ុន្តែរាល់គ្រប់ជំនួបទ្វេភាគី ឬពហុភាគី មិនថាធ្វើនៅតំបន់ណាឬប្រទេសណាទេ សុទ្ធតែជួបបរាជ័យទាំងអស់។ រហូតដល់ដើមឆ្នាំ១៩៩៣ មានការចាប់ផ្តើមជាសម្ងាត់មួយនៅអូស្លូ ជាការចរចាឆ្ងាយពីប្រព័ន្ធឃោសនាព័ត៌មាន ឆ្ងាយពីយន្តការសន្និសីទអន្តរជាតិក្រុងម៉ាឌ្រីដ និងដោយគ្មាននរណាដឹងសោះតែម្តង។ ពីខែមករា ដល់ខែសីហា ១៩៩៣ ន័រវែស បានទទួលរៀបចំកិច្ចប្រជុំសម្ងាត់យ៉ាងហោច១៤ដង។
នៅថ្ងៃទី ២៧សីហា ភ្នាក់ងារសារព័ត៌មានបារាំង បានជូនដំណឹងថាអ៊ីស្រាអែលលួចចរចាដោយសម្ងាត់ជាមួយអង្គការរំដោះប៉ាឡេស្ទីន ដើម្បីសម្រេចកិច្ចព្រមព្រៀងឱ្យមានរបបស្វ័យតភាពតំបន់ហ្កាហ្សា និងស៊ីហ្សកដានី។ ពីរថ្ងៃក្រោយ អ៊ីស្រាអែលប្រកាសបង្ហាញកិច្ចព្រមព្រៀងគោលៗ និងទទួលស្គាល់អង្គការរំដោះប៉ាឡេស្ទីន ជាស្ថាប័នតំណាងពលរដ្ឋប៉ាឡេស្ទីន។
នៅថ្ងៃទី ១៣ កញ្ញា ប្រវត្តិសាស្ត្របានកត់ត្រា ព្រឹត្តិការណ៍អ៊ីស្រាអែលប៉ាឡេស្ទីនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពគោល ដែលត្រូវបង្ហើយក្នុងរយៈពេល៥ឆ្នាំ។ អតីតគូសត្រូវបានចាប់ដៃគ្នា ទាំងអៀនអន់មួយភ្លែតដំបូង នៅសេតវិមាន ក្រោមក្រសែភ្នែកនៃក្តីសង្ឃឹមរបស់ពិភពលោកទាំងមូល ថាតំបន់ដើមបូព៌ានឹងស្គាល់សន្តិភាព។
មួយឆ្នាំក្រោយមកទៀត ស្ថាបនិកទាំងបី បានទទួលជ័យលាភីណូបែលសន្តិភាព។ ប៉ុន្តែថ្ងៃនេះ ក្រោយមរណភាពរបស់ម្ចាស់ណូបែលទាំងបី (លោក រ៉ាបាំង ត្រូវគេធ្វើឃាតនៅឆ្នាំ១៩៩៥ លោកអារ៉ាហ្វាតស្លាប់នៅឆ្នាំ២០០៤ លោកប៉េរេស នៅឆ្នាំ២០១៦) ទស្សនៈវិស័យស្វែងរកសន្តិភាពកាន់តែងងឹតសុងទៅៗ និងកាន់តែធ្វើឱ្យស្ថានភាពកាន់តែធ្លាក់ធ្ងន់ធ្ងរជាងពេលណាៗទាំងអស់។ ហេតុអ្វីបានជាដូច្នេះ ?!
អ្នកចរចាកិច្ចព្រមព្រៀងអូស្លូ Nabeel Shaat តំណាងខាងប៉ាឡេស្ទីន មិនត្រឹមតែព្រួយបារម្ភខ្លាចលែងមានការបង្កើតរដ្ឋប៉ាឡេស្ទីនទេ តែភ័យអំពីភាពត្រដររស់របស់ពលរដ្ឋប៉ាឡេស្ទីននាពេលនេះ។ លោកបានលើកឡើងអំពីឧបសគ្គចំបងពីរ ដែលជាកំហុសរបស់ប៉ាឡេស្ទីនខ្លួនឯង ៖ អសមត្ថភាពក្នុងការបណ្តេញអ៊ីស្រាអែលពីតំបន់ស៊ីហ្សកដានី និងហ្កាហ្សា និងអសមត្ថភាពក្នុងការបង្រួបបង្រួមប៉ាឡេស្ទីននៅហ្កាហ្សា និងនៅស៊ីហ្សកដានី។ ប៉ាឡេស្ទីនប្រេះឆាខ្លាំងតាំងពីឆ្នាំ២០០៧ នៅពេលហ្កាហ្សាធ្លាក់ក្រោមការគ្រប់គ្រងរបស់ចលនាហាម៉ាស ដែលបដិសេធដាច់ខាតមិនទទួលស្គាល់រដ្ឋអ៊ីស្រាអែល ផ្ទុយពីចលនាហ្វាតាសអ្នកដឹកនាំនៅស៊ីហ្សកដានី។ បើដូច្នេះតើនឹងអាចមានកិច្ចព្រមព្រៀងសន្តិភាពទៅកើត ?!
ចំណែកអ៊ីស្រាអែលវិញ លោក យូស៊ី បៃឡាំង Yossi Beillin តំណាងអ្នកចរចាអ៊ីស្រាអែលក្នុងកិច្ចព្រមព្រៀងអូស្លូ យល់ថា រដ្ឋាភិបាលបច្ចុប្បន្ន មិនអាចមានសន្តិភាពជាមួយប៉ាឡេស្ទីនបានទេ។ ទាល់តែមានការប្តូរផ្លាស់រដ្ឋាភិបាល ក្រែងមានសង្ឃឹមខ្លះ។ រដ្ឋាភិបាលនេះ សុខចិត្តរក្សានៅកាន់ច្បិចច្ចព្រមព្រៀងអូស្លូ ព្រោះតែគ្មានការចែងចំៗឱ្យបញ្ឈប់ការធ្វើអាណានិគមកិច្ចប៉ុណ្ណោះ។ អាចចាត់ទុកថាជាកំហុសរបស់លោក រ៉ាបាំងនិងប៉េរេស ដែលមិនព្រមចែងក្នុងកិច្ចព្រមព្រៀងសំណើសុំបញ្ឈប់ការធ្វើអាណានិគមកិច្ចប៉ាឡេស្ទីន ដោយខ្លាចសភាមិនព្រមបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀង។ តាំងពីឆ្នាំ១៩៩៣មក ការធ្វើអាណានិគមកិច្ចអ៊ីស្រាអែល បានកើនពី ២០ម៉ឺនទៅ ៦០ម៉ឺន។
ម្យ៉ាងទៀត កិច្ចព្រមព្រៀងអូស្លូ មានចែងតែគោលធំៗ និងស្របតាមសេចក្តីសម្រេចអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៦៧ ស្នើឱ្យមានការគោរពបូរណភាព អធិបតេយ្យភាពដែនដី ឯករាជ្យភាពនយោបាយ តែមិនបានកំណត់កម្មវត្ថុឱ្យចំៗឱ្យបង្កើតរដ្ឋពីរទេ។ ក្នុងកិច្ចព្រមព្រៀងក៏នៅមានចំហចំណុចវិវាទសំខាន់ៗជាច្រើន ដូចជាបញ្ហាជនភៀសខ្លួន លក្ខន្តិកៈនៃទីក្រុងហ្សេរុយសាឡិម។ ហេតុដូច្នេះហើយបានជាលោកដូណាល់ត្រាំ អាចឆ្លៀតឱកាសបកស្រាយ ដោយប្រកាសទទួលស្គាល់ហ្សេរុយសាឡិម ជារដ្ឋធានីអ៊ីស្រាអែល នៅចុងធ្នូឆ្នាំ២០១៧ ក្រោមសម្រែកឈឺចាប់របស់ប៉ាឡេស្ទីន។
សិទ្ធិវិលត្រលប់មកកាន់ដែនដីកំណើត អនុម័តដោយអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៤៨ របស់ជនភៀសខ្លួនប៉ាឡេស្ទីន មិនត្រូវបាន លម្អិតក្នុងកិច្ចព្រមព្រៀងអូស្លូទេ។ នៅពេលបង្កើតរដ្ឋអ៊ីស្រាអែល ខាងប៉ាឡេស្ទីន មានតែភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិUnrwaមួយប៉ុណ្ណោះ ឧបត្ថម្ភជាចំបងដោយសហរដ្ឋអាមេរិក ជាអ្នកធានារ៉ាបរងជនភៀសខ្លួនប៉ាឡេស្ទីន។ តែឥលូវ លោកដូណាល់ បានផ្តាច់ជំនួយទៅទៀតហិរញ្ញវត្ថុដល់អង្គការនេះ និងកាត់ផ្តាច់ជំនួយមនុស្សធម៌សម្រាប់ប៉ាឡេស្ទីនទៀត កាលពីខែសីហា។ ទីស្នាក់តំណាងប៉ាឡេស្ទីននៅវ៉ាស៊ីនតោនក៏ត្រូវបិទទៀតកាលពីថ្ងៃទី១០កញ្ញា។ ពោលគឺជាជោគជ័យ មានតែម្ខាង និងបន្តបន្ទាប់គ្នាសម្រាប់រដ្ឋាភិបាលអ៊ីស្រាអែល។ ឯម្ខាងទៀតត្រូវសុខចិត្តធ្វើជាអ្នកចាញ់រហូត ដើម្បីបានសុខឬ ?!
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ