ក្នុងរយៈពេល ៥០ឆ្នាំ អាមេរិកខាងជើងបានបាត់បង់សត្វស្លាបជិត ៣ ០០០លានក្បាល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១២
នៅថ្ងៃព្រហស្បតិ៍ ទី១៩ កញ្ញា ទស្សនាវដ្តីវិទ្យាសាស្រ្តអាមេរិកបានចុះផ្សាយរបាយការណ៍នៃការសិក្សាមួយស្តីពីស្ថានភាពសត្វស្លាបនៅអាមេរិកខាងជើង។ ការសិក្សាមួយនេះបានរៀបចំធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅអាមេរិកខាងជើង។ របាយការណ៍បានឲ្យដឹងថា ក្នុងរយៈពេល ៥០ឆ្នាំ ពោលតាំងពីឆ្នាំ ១៩៧០មក អាមេរិកខាងជើងបានបាត់បង់សត្វស្លាបគ្រប់ប្រភេទជិត ៣ ០០០លានក្បាល។ អ្វីទៅជាមូលហេតុនៃការវិនាសសត្វស្លាបយ៉ាងច្រើនសម្បើមរបៀបនេះ ហើយថា តើមានប្រភេទស្លាប និងតំបន់ណាខ្លះដែលរងផលប៉ះពាល់ខ្លាំងជាងគេ។
២លាន ៩សែនក្បាល នេះជាចំនួនសត្វស្លាបដែលបានបាត់បង់នៅអាមេរិកខាងជើងគិតតាំងពីឆ្នាំ ១៩៧០។ សត្វត្រចៀកកាំ សារិកាកែវ និងពពួកបក្សីសន្តានចាបជាច្រើនផ្សេងទៀតក៏នឹងត្រូវផុតពូជពីទ្វីបអាមេរិកនាពេលឆាប់ៗខាងមុខដែរ ប្រសិនបើគ្មានវិធានការអ្វីដើម្បីទប់ស្កាត់ទេនោះ។ តាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវអាមេរិកខាងជើង ក្នុងចំណោមសត្វស្លាបបាត់បង់ទាំង ២លាន ៩សែនក្បាលក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ មានជាង ៩០% អាចស្ថិតក្នុងប្រភេទសត្វស្លាបចំនួន ១២ប្រភេទខុសគ្នា។ ដើម្បីអាចទទួលបានលទ្ធផលមួយនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសិក្សាលើទិន្នន័យជាច្រើនខុសៗគ្នា។ ដំបូង គឺការសិក្សាលើទិន្នន័យស្តីពីដំណើរផ្លូវហោះហើរ និងប៉ាន់ប្រមាណមើលចំនួនសត្វស្លាប។
នៅរៀងរាល់និទាឃរដូវ ឬរដូវផ្ការីក ក្រុមអ្នកជំនាញ និងមិនជំនាញជាច្រើនពាន់នាក់បានស្ម័គ្រចិត្តឃ្លាំមើល ស្វែងយល់ និងស្តាប់សម្លេងសត្វស្លាបដែលតែងហោះតាមផ្លូវតែមួយពីមួយឆ្នាំទៅមួយឆ្នាំ។ តាមរយៈទិន្នន័យមួយនេះ គេអាចដឹងពីចំនួនសត្វស្លាបកើនឡើង ឬថយចុះ។ ផ្អែកតាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវអាមេរិកខាងជើងដដែល លទ្ធផលនៃការសិក្សាមួយនេះត្រូវបានប្រៀបធៀបនឹងទិន្នន័យរបស់បណ្តាញរ៉ាដានៃឧតុនិយមអាមេរិកាំងដែលមានស្ថានីយរ៉ាដាចំនួន ១៤៣កន្លែងនៅអាមេរិកខាងជើង។ ស្ថានីយរ៉ាដាទាំង ១៤៣កន្លែងមានស្តុកព័ត៌មានស្តីពីចលនារបស់ពពួកសត្វស្លាប ពិសេសអាចចាប់បានពីដំណើរបន្លាស់ទីរបស់សត្វស្លាបនៅពេលយប់ដែលភ្នែកមនុស្សពិបាកមើលឃើញ។
គឺទិន្នន័យទាំងពីរបានមកពីប្រភពពីរផ្សេងគ្នាច្របាច់បញ្ចូលគ្នានេះហើយដែលបានធ្វើលទ្ធផលនៃការសិក្សាមានភាពកាន់តែជាក់ច្បាស់។ លោកវ៉ាង់សង់ ប្រឺតាញ៉ុល អ្នកស្រាវជ្រាវជនជាតិបារាំងម្នាក់បានសម្លឹងឃើញពីសារៈសំខាន់ ព្រោះនេះជាលើកទី១ ដែលមានការសិក្សាពីស្ថានភាពពពួកសត្វស្លាបនៅក្នុងទ្វីបមួយក្នុងរយៈពេល ៥០ឆ្នាំ។ តើអ្វីទៅជាដើមចមដែលបានធ្វើឲ្យអាមេរិកខាងជើងបាត់បង់សត្វស្លាបគ្រប់ប្រភេទជិត ៣ ០០០លានក្បាលតាំងពីឆ្នាំ ១៩៧០?។ មិនបាច់ស្វែងរកវែងឆ្ងាយពេកទេ គឺទង្វើរបស់មនុស្ស។ ក្រុមអ្នកស្រាវជ្រាវបានស្តីបន្ទោសពីរបៀបធ្វើកសិកម្មរបស់ប្រជាកសិករតាមរយៈការបង្កើនដំណាំកសិកម្ម ការប្រើប្រាស់ជីគីមី និងការប្រើថ្នាំសម្លាប់សត្វល្អិត។ ប្រភេទសត្វខ្លះប្រឈមនឹងការគំរាមកំហែងច្រើនប្រភេទ ពិសេសប្រភេទសត្វចំណាកស្រុក។
ជាក់ស្តែង ចំនួនសត្វត្រចៀកកាំនៅអាមេរិកខាងជើងបានធ្លាក់ចុះចំនួន ៩០% តាំងពីឆ្នាំ ១៩៧០។ តាមអ្នកស្រាវជ្រាវ ការបាត់បង់សត្វស្លាបបន្តបន្ទាប់ជាសញ្ញានៃការរិចរិលបរិស្ថានកាន់តែធ្ងន់ធ្ងរ ព្រោះចូរកុំភ្លេចថា សត្វស្លាបគឺជាសូចនាករដ៏ប្រសើរសម្រាប់សុខភាពបរិស្ថាន។ ក្រៅពីអាមេរិកខាងជើង អឺរ៉ុបបានបាត់បង់សត្វស្លាបចំនួន ៤០០លានក្បាលក្នុងរយៈពេល ៣០ឆ្នាំ ពោលបាត់បង់អស់ ៣០% នៃចំនួនសត្វស្លាបសរុប។ ការសិក្សាជាច្រើនចុះផ្សាយចន្លោះឆ្នាំ ២០១៥ និង ២០១៩ បានបង្ហាញពីការបាត់បង់ពពួកសត្វស្លាបនៅក្នុងប្រទេសអឺរ៉ុបមួយចំនួន។ នៅប្រទេសអង់គ្លេស ចំនួនសត្វស្លាបបានធ្លាក់ចុះ ៦០% ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។ ចំណែកបារាំងបានបាត់បង់សត្វស្លាបអស់ ៣០% ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ។ សម្រាប់អ្នកស្រាវជ្រាវជនជាតិបារាំងលោកវ៉ាង់សង់ ប្រឺតាញ៉ុល វាល្មមដល់ពេលដែលពិភពលោកត្រូវពួតដៃគ្នាទប់ស្កាត់នឹងការវិនាសហិនហោចសត្វស្លាបគ្រប់ប្រភេទក្នុងលោក។
អ្នកស្រាវជ្រាវជនជាតិបារាំងរូបនេះដដែលបានយល់យល់ឃើញថា លទ្ធផលនៃការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវអាមេរិកាំងពេលនេះជាការទាញសញ្ញាអាសន្នមួយបន្ថែមទៀត និងវាល្មមដល់ពេលដែលថ្នាក់ដឹកនាំនយោបាយត្រូវយកលទ្ធផលនៃការសិក្សានេះទៅគិតគូរ ពិចារណាឲ្យបានដិតដល់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ