អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ប្រទេស​កាណាដា​នឹង​ផ្តល់​សច្ចាប័ន​ទទួល​ស្គាល់​សេចក្តី​ថ្លែង​ការ​ អ.ស.ប​ ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​ម្ចាស់​ស្រុក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ជំទាស់​ចំនួន​ពីរ​នៅ​ប្រទេស​កាណាដា​គឺ គណបក្ស​ប្រជាធិបតេយ្យ​ថ្មី (NPD) និង​គណបក្ស​សេរី​កាណាដា (PLC) បាន​សន្យា​ដល់​ក្រុម​កុលសម្ព័ន្ធ​ជនជាតិ​ដើម ក្នុង​ប្រទេស​កាណាដា​ថា​ ប្រសិន​បើ​គណបក្ស​ពួក​គេ​ជាប់​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ ពួក​គេ​នឹង​ប្តេជ្ញា​ធ្វើ​សច្ចាប័ន​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ សិទ្ធិ​ជនជាតិ​ដើម​ម្ចាស់​ស្រុក។​ កាណាដា​ជា​ប្រទេស​មួយ​ ក្នុង​ប្រទេស​អភិវឌ្ឍន៍​ចំនួន​ ៤ ទៀតដូចជា​ អូស្រ្តាលី​ ណូវែលហ្សេឡង់ និង​សហរដ្ឋ​អាមេរិក​​ ដែល​បាន​បោះឆ្នោត​ជំទាស់​មិន​ព្រម​ទទួល​ផ្តល់​សច្ចាប័ន​សេចក្តី​ថ្លែង​ការណ៍​នេះ​ ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ឆ្នាំ​ ២០០៧ ។​ សេចក្តី​ថ្លែងការណ៍​នេះ​បាន​ទទួល​សំលេង​អនុម័ត​ពី​ប្រទេស​ចំនួន​ ១៤៣ ទល់​ ៤ ចំណែក​ ១២ ទៀត​អនុបវាត។​ តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​អោយកាណាដា​រួញរា​ ស្ទាក់​ស្ទើរ​បែប​នេះ? 

ប្រជាជន​​ ជាតិភាគតិច ឬ​ប្រជាជន​ដើមដំបូង​នៅ កាណាដា
ប្រជាជន​​ ជាតិភាគតិច ឬ​ប្រជាជន​ដើមដំបូង​នៅ កាណាដា ©REUTERS/Kevin Light
ផ្សាយពាណិជ្ជកម្ម

ជិត​ចូល​ដល់​ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ប្រទេស​កាណាដា​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៩ ខែតុលា​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ គណបក្ស​ជំទាស់​ពីរ​នៅ​ប្រទេស​កាណាដា​គឺ គណបក្ស​ប្រជាធិបតេយ្យ​ថ្មី (NPD) និង​គណបក្ស​សេរី​កាណាដា (PLC) កំពុង​ចែចង់​សហគមន៍​ជនជាតិដើម​ម្ចាស់ស្រុក​ ​ដើម្បី​បាន​សំលេង​ឆ្នោត។​  ដោយ​ត្រូវ​បាន​អញ្ជើញ​ក្នុង​ឱកាស​នៃ​ជំនួប​ប្រចាំ​ឆ្នាំ​របស់​សភាប្រជាជាតិ​ដើម​ (APN) ​ កាលពីសប្តាហ៍​មុន​ ​លោក​Thomas Mulcair បាន​សន្យា​​ថា​ ប្រសិន​បើ​លោក​ជាប់​ឆ្នោត​ដឹកនាំ​ប្រទេស​ រាល់​ការសំរេច​ចិត្ត​របស់​រដ្ឋាភិបាល NPD​ នឹង​គោរព​គ្រប់​សន្ធិសញ្ញា​ទាំង​អស់​ ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​អតីតៈកាល​ រវាង​រាជវង្ស​អង់​គ្លេស​ និង​ក្រុម​កុលសម្ព័ន្ធ ក្នុង​កំឡុង​ពេល​ដែល​ទាហាន​អង់គ្លេស​បានធ្វើ​សង្គ្រាម​ ​ចូល​លុកលុយ​កាន់កាប់​ទឹកដី​កាណាដា នា​សតវត្ស​ទី​ ១៨។​ លើស​ពី​នេះ​ កាណាដា​ក៏​នឹង​គោរព​ល័ក្ខខ័ណ្ឌ​អន្តរជាតិ​ទាំង​អស់​ តាម​រយៈ​ការ​ផ្តល់​សច្ចាប័ន​លើ​សេចក្តី​ថ្លែង​ការណ៍​ អ.ស.ប ស្តីពីសិទ្ធិ​ជនជាតិ​ដើម​ម្ចាស់​ស្រុក។

 
ចំណែក​លោក Justin Trudeau​ បេក្ខជន​នាយក​រដ្ឋ​មន្រ្តី​មកពី​គណបក្ស​សេរី​កាណាដា​បាន​ចោទ​ប្រកាន់​ពី​ភាព​អសកម្ម​របស់​គណបក្ស​កាន់​អំណាចសព្វថ្ងៃ ​របស់​​លោក​នាយក​រដ្ឋ​មន្រ្តី​កាណាដា Stephen Harper ថា​​ពុំ​បាន​ខ្វល់​ខ្វាយ​ពី​ជោគវាសនា​របស់​ជនជាតិ​ដើម។ លោក​ Justin Trudeau​ នឹង​បង្កើត​យន្តការ​ច្បាស់លាស់​មួយ​ ឈាន​ទៅដល់​ការ​ផ្សះផ្សារ​គ្នា​រវាង​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ និង​អ្នកមិន​មែន​ជនជាតិ​ដើម។

តើ​អ្វី​ទៅ​ជា​ប្រជាជាតិ​ដំបូង?
សព្វថ្ងៃ​នេះ​ កាណាដា​មាន​ជនជាតិ​ដើម​កុល​សម្ព័ន្ធ​ ដែល​ជា​ជនម្ចាស់ស្រុក​ចំនួន ១,៤​ លាន​នាក់​រស់​ក្នុង​ប្រទេស​ខ្លួន។​ ក្នុង​សម័យ​ទំនើប​នេះ​ ដើម្បី​ចៀសវាង​ការរើសអើង​​ ជាជាង​ការប្រើ​ពាក្យ​ថា​ ជនជាតិ​ភាគតិច​ ឬក្រុម​កុលសម្ព័ន្ធ​ គេ​និយម​ហៅ​ប្រជាជន​ទាំង​នោះ​ថា​ ប្រជាជាតិ​ដំបូង​ (Premières Nations ឬ First Nations)។​ ពាក្យ​នេះ​គឺ សំដៅ​លើ​ជនជាតិម្ចាស់​ស្រុក ​ដែល​បាន​បោះទីតាំង​ ឬ​មាន​កំណើត​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ណា​មួយ។​ តួយ៉ាង​ដូច​ជា​នៅ​ប្រទេស​កាណាដា​ គេ​កត់​សំគាល់​ឃើញ​មាន​ប្រជាជាតិ​ដំ បូង​ចំនួន​បី​ក្រុម​សំខាន់ៗ៖​ ១) ជនជាតិ​ឥណ្ឌាទ្វីប​អាមេរិក​ ឬ ឥណ្ឌា​ស្បែក​ក្រហម រស់​នៅ​តាមតំបន់​ព្រៃ​ភ្នំ​ ដោយសារ​ការប្រមាញ់​ និង​កសិកម្ម​ ២)ជនជាតិ​អ៊ីន្វីត (Inuit)​ រស់​នៅ​តំបន់​ទឹកកក​អាកទិក​ ដោយសារ​កា​នេសាទ​ និង​ពនេចរ និង ៣)​ជនជាតិ​កូនកាត់​ (Métis)​ មាន​កំណើត​ពី​ម្តាយ​ជនជាតិ​ដើម​ ជាមួយ​នឹង​ឱពុក​ជនជាតិ​ស្បែក​ស​ ទាហាន​អង់គ្លេស​ និង​ទាហាន​បារាំង​ ដែល​បាន​ធ្វើ​អាណានិគម​គ្រប់គ្រង​ប្រទេស​កាណាដា​។ បច្ចុប្បន្ន​ ក្រុម​ប្រជាជាតិ​ដើម​នេះ​រស់​នៅ​ដែនជំរក​ដូនតា​របស់​ខ្លួន​ មាន​ប្រមុខ​ដឹកនាំ​នៅ​តាម​សហគមន៍​ និង​មាន​សិទ្ធិ​ពិសេស​ខុស​ពី​ប្រជាជន​កាណាដា​ដទៃ​ទៀត។

ហេតុអ្វី​គណបក្ស​អភិរក្ស​និយម​កំពុង​កាន់​អំណាច​រារែក​ក្នុង​សំណុំ​រឿងនេះ?
រដ្ឋាភិបាល​កាណាដា​បច្ចុប្បន្ន​ ក្រោម​ការដឹកនាំ​របស់​គណបក្ស​អភិរក្ស​និយម​ របស់​​លោក​នាយក​រដ្ឋ​មន្រ្តី​កាណាដា Stephen Harper រារែក​ផ្តល់​សច្ចាប័ន​លើ​សេចក្តី​ថ្លែង​ការណ៍​នេះ។​ រដ្ឋាភិបាល​កាណាដា​ភ័យ​ខ្លាច​ចំពោះ​ប្រការ​មួយ​ចំនួន​ ដែល​មាន​ចែង​ក្នុង​អត្ថបទ​នៃ​សេចក្តី​ថ្លែងការណ៍​នេះ ជា​ពិសេស​ការបកស្រាយ​លើ​ខ្លឹមសារ​នៃ​ពាក្យ​ សិទ្ធិ​ស្វ័យ​សំរេច​ ដែល​ផ្តល់​ជូន​ក្រុម​ប្រជាជាតិដើម។​ កាណាដា​យល់​ឃើញ​ថា​ អត្ថន័យ​នៃ​ពាក្យ​នេះ​អាច​ឈាន​ទៅ​ដល់​ការផ្តល់​សិទ្ធិ​អោយ​ជនជាតិ​ដើម​ មាន​សិទ្ធិ​វេតូ​ ឬ​សិទ្ធិ​ជំទាស់​ ក្នុង​សកម្មភាព​ ឬ​សេចក្តី​សំរេច​ចិត្តណា​មួយ​​របស់​រដ្ឋាភិបាល នាពេល​អនាគត។

តើ​អ្វី​ទៅ​ជា​សេចក្តី​ថ្លែង​ការណ៍​ អ.ស.ប ស្តីពី​សិទ្ធិ​ក្រុម​ជនជាតិ​ដើម​ម្ចាស់​ស្រុក?
កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០០៧ ប្រទេស​កាណាដា​បាន​បោះឆ្នោត​ជំទាស់​ មិន​អនុម័ត​សេចក្តី​ថ្លែង​ការណ៍​នេះ។​ បី​ឆ្នាំ​ក្រោយ​មក​ ពោល​គឺ​ នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិការ​ ឆ្នាំ​២០១០ ក្រោយ​ពី​ទទួល​ការ​រិះគន់​ពី​សំណាក់​អង្គការ​ជា​ច្រើន​ និង​ពី​ក្រុម​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ រដ្ឋាភិបាល​កាណាដា​បាន​ប្រកាស​គាំទ្រ​ជា​ផ្លូវ​ការ​ទទួល​សេចក្តី​ថ្លែង​ការណ៍នេះ ប៉ុន្តែ​ មិន​ព្រម​ផ្តល់​សច្ចាប័ន​ឡើយ។ កាណាដា​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រទេស​មួយក្នុង​ចំណោម​ប្រទេស​ទាំង​ឡាយ​ ដែល​បាន​ផ្តួចផ្តើម​គំនិត​តាក់តែង​អត្ថបទ​ និង​លើក​តំកើងសេចក្តី​ថ្លែង​ការណ៍​នេះ។​ ប៉ុន្តែ​ ទីបំផុត​ គេ​មាន​ការ​ភ្ញាក់​ផ្អើល​ ស្រងាក​ចិត្ត​ នៅ​ពេល​កាណាដា​បដិសេធ​ផ្តល់​សច្ចាប័នលើ​អត្ថបទ​នេះ។

ខ្លឹមសារ​សំខាន់​នៃ​សេចក្តី​ថ្លែង​ការណ៍​នេះ​គឺ ផ្តល់​សិទ្ធិ​ជាលក្ខណៈ​បុគ្គល​ និង​សមូហភាព​ដល់​ជន​ជាតិ​ដើម​ម្ចាស់​ស្រុក និង​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នានា​ មាន​ជាអាទិ៍ វប្បធម៌ អត្តសញ្ញាណ​ សុខាភិបាល​ ភាសា និង​ការអប់រំ។​ សេចក្តី​ថ្លែងការណ៍​នោះ​រៀបរាប់​ពី​គោលការណ៍​ចំនួន​ ៤០ ឈាន​ទៅ​ដល់​ការ​អនុញ្ញាតិ​អោយ​មាន ទំនាក់​ទំនង​បែប​សុខដុមរមនា​រវាង​ប្រជាជន​កុល​សម្ព័ន្ធ​ជនជាតិ​ដើម​ និងអ្នក​មិន​មែន​ជា​ជនជាតិ​ដើម។​ គោលការណ៍​ទាំង​នោះ​គឺ ផ្អែកលើ​សមភាព​ ភាព​ជា​ដៃគូ ជំនឿ​ទុកចិត្ត​ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។

តាម​ពិត​ជា​គោលការណ៍​ កាណាដា​ឯកភាព​យល់​ព្រម​លើ​សេចក្តី​ថ្លែង​ការណ៍​នេះ។​ ប៉ុន្តែ ក្រុម​អ្នក​ជំនាញ​ច្បាប់​របស់​រដ្ឋាភិបាល​យល់​ឃើញ​ថា​ អត្ថបទ​របស់​ អ.ស.ប អាច​នឹង​បង្ក​អោយ​មាន​ចំណោទ​បញ្ហា​ជា​ច្រើន​ តួយ៉ាង​ដូចជា​៖ បញ្ហា​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​ ស្វ័យភាព​គ្រប់​គ្រង​ដែន​ជំរក​ កម្មសិទ្ធិ​បញ្ហា​ តុល្យភាព​រវាង​សិទ្ធិ​ និង​កាតព្វកិច្ច​របស់​ជនជាតិ​ដើម​ម្ចាស់​ស្រុក ។ល។ សំរាប់​រដ្ឋាភិបាល​កាណាដា​ អត្ថបទ​នេះ​មាន​ទស្សន​វិស័យ​ទូលំទូលាយ​ពេក​ គ្មាន​ការ​បញ្ជាក់​លំអិត​អ្វី​អោយ​ប្រាកដ​ ហើយ​អាចអោយ​គេ​បក​ស្រាយ​បាន​តាម​ទំនើង​ចិត្ត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ