អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាមស៊ីវិល​ក្នុង​សហរដ្ឋ​អាមេរិក ​(១៨៦១-១៨៦៥)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​រៀបរាប់​ជូនលោក​អ្នកស្តាប់ អំពី​សង្រ្គាម​ស៊ីវិល​នៅ​​ក្នុងសហរដ្ឋ​អាមេរិក នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី១៩។

ទង់ជាតិ​អាមេរិក​នៅ Fort Sumter ទីតាំង​​ដែល​ចាប់ផ្ទុះ​អាវុធ​ក្នុង​សង្រ្គាម​ស៊ីវិល
ទង់ជាតិ​អាមេរិក​នៅ Fort Sumter ទីតាំង​​ដែល​ចាប់ផ្ទុះ​អាវុធ​ក្នុង​សង្រ្គាម​ស៊ីវិល
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សតវត្សរ៍​ទី​១៨ នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​វក់វី​នឹង​សង្រ្គាម​ជាមួយ​នឹង​អធិរាជ​ណាប៉ូឡេអុង នៅ​ឯ​ត្រើយ​ម្ខាងទៀត​នៃ​មហាសមុទ្រ​អាត្លង់ទិក សហរដ្ឋ​​អាមេរិក​ ដែល​បាន​ឈ្នះ​សង្រ្គាម​ទាមទារ​​​ឯករាជ្យ​ពី​អង់គ្លេស កាល​ពី​ឆ្នាំ​១៧៨៣ បាន​​ស្គាល់​នូវ​ភាព​រីកចម្រើន​​​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ទាំង​ការ​ពង្រីក​ទឹកដី។

សូមអាន៖ បារាំង​ក្រោម​ការ​ដឹកនាំ​របស់​អធិរាជ​ណាប៉ូឡេអុង

នៅ​ឆ្នាំ១៨០៣ សហរដ្ឋ​អាមេរិក​បាន​ទិញ​ដែនដី Louisiane ពី​ណាប៉ូឡេអុង ក្នុង​តម្លៃ​ប្រមាណ​ជា ១៥លាន​ដុល្លារ (ប្រហែល ២៣៤លាន​ដុល្លារ បើ​គិត​តាម​តម្លៃ​លុយ​បច្ចុប្បន្ន)។ សព្វថ្ងៃ​នេះ សហរដ្ឋ​អាមេរិក​មាន​រដ្ឋមួយ នៅ​ប៉ែក​ខាង​ត្បូង ជាប់​នឹង​ឈូង​សមុទ្រ​ម៉ិចស៊ិក ឈ្មោះ​ថា “Louisiana”។ ក៏ប៉ុន្តែ ទឹកដី​ Louisiane ដែល​អាមេរិក​ទិញ​ពី​ណាប៉ូឡេអុង មិនមែន​មាន​ព្រំដែន​ត្រឹម​រដ្ឋ​ Louisiana បច្ចុប្បន្ន​នេះ​ទេ តែ​ជា​ដែនដី ដែល​មាន​ទំហំ​រហូត​ដល់​ទៅ​ជាង ២លាន​គីឡូម៉ែត្រ​ក្រឡា លាតសន្ធឹង​ស្ទើរតែ​ពេញ​មួយ​ផ្នែក​កណ្តាល​នៃ​សហរដ្ឋ​អាមេរិក ចាប់​តាំង​ពី​ឈូងសមុទ្រ​ម៉ិចស៊ិក នៅ​ប៉ែក​ខាង​ត្បូង រហូត​ទៅដល់​កាណាដា នៅ​ប៉ែក​ខាង​​ជើង។ បើ​គិត​តាម​ភូមិសាស្រ្ត​រដ្ឋបាល​បច្ចុប្បន្ន អតីត​ដែនដី Louisiane របស់​បារាំង គ្របដណ្តប់​ទៅលើ​រដ្ឋ​ចំនួន ៦ ព្រមទាំង​ផ្នែក​ខ្លះ​នៃ​រដ្ឋ​ចំនួន ៩​ផ្សេងទៀត។

ក្រៅពី​ការ​ទិញ​ទឹកដី Louisiane ពី​បារាំង អាមេរិក​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន តាមរយៈ​ការ​​ចាប់​ដី​ថ្មី និង​ការ​ធ្វើ​សង្រ្គាម​ដណ្តើម​ដែនដី​អាណានិគម ពី​អង់គ្លេស និង​អេស្ប៉ាញ។ គិត​ត្រឹម​ពាក់​កណ្តាល​សតវត្សរ៍​ទី១៩ ទឹកដី​​អាមេរិក ដែល​ពី​ដំបូង​ មាន​ចំនួន​តែ ១៣រដ្ឋ បាន​កើនឡើង​រហូត​ដល់​ទៅ ៣៤រដ្ឋ។

ក្រៅ​ពី​បាន​ពង្រីក​ទឹកដី សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ក៏​បាន​ស្គាល់​នូវ​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​ផងដែរ ជាពិសេស គឺ​ដោយសារ​​បដិវត្តន៍​ឧស្សាហកម្ម​ដែល​​បាន​រីកសាយភាយ​ចេញ​ពី​​​អង់គ្លេស។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នានោះ មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​អាមេរិក​ត្រូវ​បែងចែក​ជាពីរ​ដាច់​ពី​គ្នា​ស្រឡះ រវាង​រដ្ឋ​នៅ​ប៉ែក​ខាងជើង និង​រដ្ឋ​នៅ​ប៉ែក​ខាង​ត្បូង។

សូមអាន៖ បដិវត្តន៍​ឧស្សាហកម្ម​នៅ​សតវត្សរ៍ទី១៨-១៩

តំបន់​នៅ​ប៉ែក​ខាង​ជើង​មាន​មូលដ្ឋាន​​សេដ្ឋកិច្ច​​​​ចាក់គ្រឹះ​យ៉ាងរឹងមាំ ក្នុង​វិស័យ​ឧស្សាហកម្ម។ ចំណែក​រដ្ឋ​នៅ​ប៉ែក​ខាង​ត្បូង​វិញ ពឹងផ្អែក​លើ​វិស័យកសិកម្ម ជាពិសេស គឺ​ការ​ដាំ​ដំណាំ​កប្បាស និង​ថ្នាំជក់ ដែល​ជាការ​ធ្វើ​កសិកម្ម​ដោយ​ពឹង​ផ្អែក​ខ្លាំង​ទៅលើ​កម្លាំង​ពលកម្ម​របស់​ទាសករ​ស្បែក​ខ្មៅ។

បញ្ហា​ទាសករ​នេះ​ហើយ​ ដែល​ជា​បញ្ហា​ចម្រូងចម្រាស ដែល​បណ្តាល​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់គ្នា រវាង​រដ្ឋ​នៅ​ខាងជើង និង​រដ្ឋ​នៅ​ខាង​ត្បូង។ បណ្តា​រដ្ឋ​នៅ​ប៉ែក​ខាង​ជើង ទាមទារ​ឲ្យ​​លុបបំបាត់​ទាសភាព នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។ ចំណែក​រដ្ឋ​នៅ​ប៉ែក​ខាង​ត្បូង​វិញ ជំទាស់​ដាច់ខាត​មិន​ឲ្យ​មាន​ការ​លុបបំបាត់​ទាសភាព។ សម្រាប់​រដ្ឋ​នៅ​ប៉ែក​ខាង​ត្បូង ទាសករ គឺ​ជា​ធនធាន​សេដ្ឋកិច្ច​ដ៏​ចម្បង​បំផុត​មួយ។ ក្រៅ​ពី​​ការ​ប្រើ​កម្លាំង​ទាសករ ដើម្បី​ធ្វើការ​ក្នុង​ចម្កា​កប្បាស ឬ​ថ្នាំជក់ ការ​ទិញដូរ​ទាសករ​ក៏​ជា​មុខ​ជំនួញ​​​ដ៏​ធំ​មួយ​ដែរ សម្រាប់​​ប្រជាជន​ដែល​រស់​នៅ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។

នៅ​អំឡុង​ឆ្នាំ​១៨៥០ ជម្លោះ​រវាង​អ្នក​គាំទ្រ និង​អ្នក​ប្រឆាំង​នឹង​ការ​លុបបំបាត់​ទាសភាព បាន​កើតមាន​​កាន់តែ​ខ្លាំង​ឡើងៗ រហូត​​បង្កទៅជា​អំពើ​ហិង្សា ហើយ​ជម្លោះ​នេះ​បាន​​ឈាន​ដល់​​ចំណុច​របត់​ដ៏សំខាន់​មួយ ដែល​មិន​អាច​ស្តារ​ឡើងវិញ​បាន នៅ​ក្រោយ​​ការជាប់​ឆ្នោត​របស់​លោក​ប្រធានាធិបតី អាប្រាហាំ លីនកុន (Abraham Lincoln) ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​​ទាសភាព។
 

លោក​អាប្រាហាំ លីនកុន (Abraham Lincoln) ប្រធានាធិបតី​អាមេរិក ក្នុង​សម័យសង្រ្គាម​ស៊ីវិល
លោក​អាប្រាហាំ លីនកុន (Abraham Lincoln) ប្រធានាធិបតី​អាមេរិក ក្នុង​សម័យសង្រ្គាម​ស៊ីវិល

លោក​អាប្រាហាំ លីនកុន សមាជិក​គណបក្ស​សាធារណរដ្ឋ​ មក​ពី​រដ្ឋ​ Ilinois បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី១៦ នៃ​សហរដ្ឋ​អាមេរិក នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៨៦០។ នៅ​ខែ​ធ្នូ នៅពេល​ដែល​លោក​អាប្រាហាំ លីនកុន មិនទាន់​បាន​ស្បថ​ចូល​កាន់​តំណែង​ផងនោះ បណ្តា​រដ្ឋ​​ដែល​​នៅ​ប៉ែក​ខាង​ត្បូង ដែលសម្បូរ​ទាសករ ក៏​បាន​នាំគ្នា​ប្រកាស​ផ្តាច់ខ្លួន​ម្តងមួយៗ ចេញ​ពី​សហរដ្ឋ​អាមេរិក។ គិត​ត្រឹម​ពេល​លោក​អាប្រាហាំ លីនកុន ស្បថ​ចូល​កាន់​តំណែង នៅ​​ខែ​មីនា ឆ្នាំ​១៨៦១ រដ្ឋ​ចំនួន ៧ រួមមាន South Carolina, Mississippi, Florida, Alabama, Georgia, Louisiana និង Texas បាន​ផ្តាច់​ខ្លួន​ទៅ​បង្កើត​ជា​រដ្ឋ​សហព័ន្ធ​ថ្មី ដោយ​ដាក់​ឈ្មោះ​ថា « The Confederate States of America »។

ក្រោយ​ពី​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក រដ្ឋ​នៅ​ប៉ែក​ខាង​ត្បូង​បាន​ធ្វើ​ការ​រឹបអូស​រាល់​​ទ្រព្យ​​សម្បត្តិ​របស់​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក ដែល​ស្ថិត​នៅលើ​ទឹកដី​របស់​ពួកគេ។ លើស​ពីនេះ​ទៅទៀត ពួកគេ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​ដក​ទាហាន​ចេញ​មូលដ្ឋាន​ទ័ពមួយ​កន្លែង ឈ្មោះ « Fort Sumter » ដែល​ស្ថិត​នៅ​ក្នុង​រង្វង់​ដែនដី​របស់​រដ្ឋ​ South Carolina។ នៅ​ព្រឹកព្រលឹម​១២​ខែ​មេសា ឆ្នាំ​១៨៦១ ក្រោយ​ពី​រដ្ឋាភិបាល​របស់​លោក​អាប្រាហាំ លីនកុន បដិសេធ​មិន​ដកទ័ព កងទ័ព​របស់​រដ្ឋ​ផ្តាច់ខ្លួន​ក៏​បាន​បើក​ការ​វាយប្រហារ​ទៅលើ​ Fort Sumter។

ក្រោយ​ពី​ទទួលរង​ការ​វាយប្រហារ​ នៅ Fort Sumter លោក​អាប្រាហាំ លីនកុន ក៏​បាន​កេណ្ឌ​កងទ័ព ដើម្បី​ត្រៀម​បើក​ការ​វាយប្រហារ​ទៅលើ​​កងទ័ព​របស់​រដ្ឋ​ប៉ែក​ខាង​ត្បូង ដែល​លោក​ចាត់ទុក​ថា​ជា​ក្រុម​ឧទ្ទាម។ ការ​កេណ្ឌ​កម្លាំង​ទ័ព​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋ​ ចំនួន​៤​​ទៀត គឺ​រដ្ឋ Virginia, Arkansas, North Carolina និង Tennessee ប្រកាស​ផ្តាច់​ខ្លួន​​ទៅ​ចូល​រួម​ជាមួយ​​នឹង​សហព័ន្ធ​នៃ​រដ្ឋ​ប៉ែក​ខាង​ត្បូងដែរ។

សូមអាន៖ សង្រ្គាម​​អាមេរិក​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស​

សង្រ្គាម​ស៊ីវិល​​អាមេរិក​ក៏​ចាប់ផ្ទុះឡើង រវាង​រដ្ឋ​ប៉ែក​ខាង​ជើង (២៣រដ្ឋ) ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ជាង ២០លាន​នាក់ មាន​កងទ័ព​ប្រមាណ ២លាន​នាក់ ហើយ​មាន​ឧស្សាហកម្ម​ជឿនលឿន និង​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើបៗ ទល់​នឹង​រដ្ឋ​ប៉ែក​ខាង​ត្បូង (១១រដ្ឋ) ដែល​មាន​ប្រជាជន​តែ​ប្រមាណ​ជា ៩លាន​នាក់ កងទ័ព​តែ​ជាង ១លាននាក់ ក៏ប៉ុន្តែ សម្បូរ​មេទ័ព​ដែល​ពូកែ​ខាង​សឹកសង្រ្គាម។

នៅ​ឆ្នាំ​១៨៦៣ នៅ​ក្នុង​ពេល​ដែល​សង្រ្គាម​ស៊ីវិល​កំពុង​ឆាបឆេះ​ពេញ​បន្ទុក លោក​អាប្រាហាំ លីនកុន បាន​ចេញ​ក្រឹត្យ​មួយ​ ដោយ​សម្រេច​រំដោះទាសករ​ទាំង​ប្រមាណ​​ជាង ៣លាននាក់ នៅ​ក្នុង​រដ្ឋ​ប៉ែក​ខាង​ត្បូង​ឲ្យ​មាន​សេរីភាព​ពេញលេញ។ តាមរយៈ​សេចក្តីសម្រេច​នេះ លោក​អាប្រាហាំ លីនកុន បាន​ទាក់ទាញ​នូវ​ការ​គាំទ្រ​​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាជន​អាមេរិក​ស្បែក​ខ្មៅ ដែល​បាន​នាំគ្នា​ស្ម័គ្រចិត្ត​​​ចូល​បម្រើ​ក្នុង​ជួរកងទ័ព​ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​រដ្ឋ​ប៉ែក​ខាង​ត្បូង។ កងទ័ព​សហរដ្ឋ​អាមេរិក ដែល​មាន​ចំនួន​ច្រើន​លើសលុប​ស្រាប់ ក៏​កាន់តែ​កើនចំនួន​ថែម​ទៀត។ ចំណែក​ឯ​រដ្ឋ​ប៉ែក​ខាង​ត្បូង​វិញ ការ​រំដោះ​ទាសករ​បាន​ធ្វើ​​ឲ្យ​​បាត់បង់​នូវ​កម្លាំង​ពលកម្ម​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​របស់​ពួកគេ។

គិតត្រឹម​ឆ្នាំ​១៨៦៤ កងទ័ព​នៃ​រដ្ឋ​ខាងជើង​​មាន​ប្រៀប​កាន់តែ​ខ្លាំង​លើ​រដ្ឋ​ខាង​ត្បូង។ នៅថ្ងៃទី៩ ​ខែ​មេសា ឆ្នាំ​១៨៦៥ កងទ័ព​នៃ​រដ្ឋ​សហព័ន្ធ​ខាង​ត្បូង​បាន​ប្រកាស​សុំ​ចុះចាញ់ ក៏ប៉ុន្តែ ៥ថ្ងៃ​ក្រោយមក លោក​អាប្រាហាំ លីនកុន ត្រូវ​បាន​អ្នកគាំទ្រ​រដ្ឋ​ប៉ែក​ខាង​ត្បូង​​មួយ​រូប បាញ់​សម្លាប់ នៅពេល​លោក​កំពុង​អង្គុយ​មើល​ល្ខោន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន។

ក៏ប៉ុន្តែ បើទោះបី​ជា​លោក​អាប្រាហាំ​ លីនកុន ត្រូវ​បាន​គេ​ធ្វើ​ឃាត​​ហើយ​ក៏ដោយ មេដឹកនាំ​រដ្ឋ​ប៉ែក​ខាង​ត្បូង​នៅតែ​សុខចិត្ត​​​ប្រកាស​ចុះចាញ់​សង្រ្គាម​ជាផ្លូវការ។ សង្រ្គាម​ស៊ីវិល​អាមេរិក ដែល​បាន​អូសបន្លាយ​ពេល​ជាង ៤ឆ្នាំ ​ត្រូវ​បិទបញ្ចប់ ហើយ​រដ្ឋ​ខាង​ជើង និង​ខាង​ត្បូង​ក៏​បាន​រួមគ្នា​ជា​រដ្ឋ​សហព័ន្ធ​តែ​មួយ​ដូច​ពី​មុនវិញ។ គិត​ជា​សរុប ​ប្រជាជន​អាមេរិក​ ទាំង​នៅ​រដ្ឋ​ខាង​ត្បូង និង​រដ្ឋ​ខាង​ជើង ជាង ១លាននាក់ ត្រូវ​បាត់បង់​ជីវិត ពោលគឺ ប្រមាណ​ជា ៣% នៃ​ប្រជាជន​សរុប​នៅ​សហរដ្ឋ​អាមេរិក នៅ​ពេលនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ