អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក​ឡាទីន សមរភូមិ​ថ្មី​នៃ​ការ​ប្រកួត​ប្រជែង​ចិន-ជប៉ុន ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ ត្រូវ​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង ចាប់​ពី​ថ្ងៃ​សៅរ៍​ទី ២៦ កក្កដា​ តទៅ។ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​វែង ដែល​នាំ​លោក​នាយករដ្ឋមន្ត្រី​ទៅ​កាន់​ប្រទេស ម៉ិចស៊ិក ទ្រីនីដាដ តូបាហ្គោ កូឡុំប៊ី ឈីលី និង​ប្រេស៊ីល ប្រព្រឹត្ត​ទៅ​តែ​ពីរ​បី​ថ្ងៃ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​ លោក​ស៊ីជីនពីង នៅ​អាមេរិក​ឡាទីន​ប៉ុណ្ណោះ។ តើ​នេះ​ជា​កាល​វិភាគ​ចៃដន្យ ? ឬ​មួយ​ក៏​ជប៉ុន​កំពុង​តែ​ស្វែង​រក​ទីតាំង​ប្រកួត​ប្រជែង​ថ្មី​ នៅ​កន្លែង​ណា​ដែល​ចិន​បាន​ទៅវិនិយោគច្រើន​រួច​មក​ហើយ ?!

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ និង​ប្រធានាធិបតី​កូឡុំប៊ី  Juan Manuel Santos
នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ និង​ប្រធានាធិបតី​កូឡុំប៊ី Juan Manuel Santos © Reuters
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​នៅ​អាមេរិក​ឡាទីន របស់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ​អាបេ ពី​ថ្ងៃ​ទី​២៥​កក្កដា ដល់​ថ្ងៃ​ទី ៤​សីហា គឺ​ដើម្បី​ពង្រឹង​​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ជប៉ុន​ជាមួយ​នឹង​ចំណែក​មួយ​ដុំ​នៃ​ភព​ផែនដី ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​គ្មាន​ព្រំដែន។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ នៅ​ថ្ងៃ​សុក្រ​ទី ២៥ កក្កដា មុន​ពេល​ចាក​ចេញ​ពីទី​ក្រុង​តូក្យូ​។

 
តំណាង​​ប្រតិភូ​វិនិយោគិន គ្រាក់ៗ ជា​ច្រើន​រូប​ ព្រមទាំង​ប្រធាន​នាយក​សហគ្រាសជប៉ុន​បាន​អម​ដំណើរ​នាយក​រដ្ឋមន្ត្រី​ក្នុងឱកាស​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ។ ប្រសិន​បើ​គេ​ជឿ​តាម​សារព័ត៌មាន​ជប៉ុន នៅ​ប្រទេសប្រេស៊ីល ធនាគារ​ជប៉ុន​អាច​នឹង​រក​ឃើញ​កិច្ចព្រមព្រៀង​កម្ចី​ប្រាក់​៥០០​រយលាន​ទៅ​ឱ្យ​ក្រុមហ៊ុ​ម​ថាមពល​ជាតិ​​ប្រេស៊ីល​ដើម្បី​រុក​រកប្រេង​ offshorse។ កិច្ច​ចរចា​ពាណិជ្ជកម្ម​ដើម្បី​ឈាន​ដល់​ការ​ព្រមព្រៀង​បង្កើត​តំបន់​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​សេរី អន្តរប៉ាស៊ីហ្វិក​ ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ ទំនង​ជា​ត្រូវ​លើក​យក​ទៅពិភាក្សា​នៅ​នៅ​ម៉ិចស៊ិក និង​ឈីលី ព្រោះ​ទាំង​ពីរ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ដំណើរ​ការ​កិច្ច​ព្រម​ព្រៀង​នេះ​ដែរ។ ជា​ចុង​ក្រោយ​ ជប៉ុន​នឹង​ចូល​រួម​ជា​លើក​ទី​មួយ​ជំនួប​​ជប៉ុន​និងសហគមន៍​ការ៉ាអ៊ីប ដែល​មាន​​សមាជិក​ចំនួន​១៥​ ប្រទេស។

អាមេរិក​ឡាទីន​សង្វៀន​ពាណិជ្ជកម្ម​ថ្មី រវាង​ចិន-ជប៉ុន

ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​អាមេរិក​ឡាទីន​រយៈ​ពេល​១១​ថ្ងៃ ក្នុង​ប្រទេស​ចំនួន​៥ ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​សេដ្ឋកិច្ច​ជប៉ុន​​បាន​និង​កំពុង​ស្គាល់​ឱនភាព​ពាណិជ្ជកម្ម​កំពូល​ នៅ​ឆមាស​ទី​មួយ​ឆ្នាំ​២០១៤​នេះ។ ប៉ុន្តែ​អ្វី​ជា​ការ​កត់​សម្គាល់​កាន់​តែ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត គឺ​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ចិន។ លោក​ប្រធានាធិបតី​ចិន ស៊ីជិនពីង ទើប​បញ្ចប់​ទស្សនកិច្ច និង​ហោះ​ចាក​ចេញ​ពី​ទ្វីប​អាមេរិក​ឡាទីន នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤​កក្កដា ជាមួយ​​គំនរ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កំពស់​មេឃ​​ ទៅ​ផុត​មិន​ទាន់​ស្រួល​បួល​ផង យន្តហោះ​របស់​លោក​ ស៊ីនហ្សូ អាបេ​ ត្រូវ​ចុះ​ចត​ម្តង។ តើ​នេះ​មិន​មែន​ជា​ការ​ចៃដន្យ​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ ដែល​ឆ្លង​រាល​ដាល​ដល់​ត្រើយ​ម្ខា​ង​ទៀត​នៃ​មហាសមុទ្ទ​​ប៉ាស៊ីហ្វិកទេ​ឬ ?!

លោក​ ស៊ីនហ្សូ​ អាបេ ប្រាថ្នា​ផ្តល់​សន្ទុះ​ដល់​ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ឡាទីន ដែល​បច្ចុប្បន្ន​នេះ​មាន​ទំហំ​ត្រឹម​តែ​៥%​នៃ​ការ​នាំ​ចេញ​ជប៉ុន​ និង​តិច​ជាង​៤%​នៃ​ការ​នាំចូល​។​ ការ​នាំ​ចេញ​នាំ​ចូល​ជប៉ុន-អាមេរិកឡាទីន ផ្តោត​ជា​ពិសេស​លើ​ធនធាន​ធម្មជាតិ​​និង​ផលិតផល​កសិចំណី​អាហារ។ ជប៉ុន​ដើរ​តាម​-ដាន​របស់​ចិន ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ជា​ស្រេច​ទៅ​ហើយ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក លើ​ដែន​ទ្វីប​នេះ។​

ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង នៅ​ប្រេស៊ីល និង​គុយបា ដល់​ទៅពីរ​លើក​ គិត​ចាប់​តាំង​បាន​ក្លាយ​ជា​ប្រធានាធិបតី​ចិន​នៅ​ខែ​មីនា​២០១៣​ បាន​មគ្គបាន​ផល​ច្រើន​ណាស់។ នៅ​ប្រទេស​ប្រេស៊ីល ចិន​គឺ​ដៃគូ​ពាណិជ្ជកម្ម​ទី​មួយ ៖ ចិន​បាន​ប្រកាស​ជាអាទិ៍​ទិញ​​យន្តហោះ​ Embraer ក្នុង​តម្លៃ​ទឹក​ប្រាក់​ ៣,២​ពាន់​លាន​ បើក​បណ្តាញ​កម្ចី​ប្រាក់​ទំហំ​ ៥ពាន់​លាន​ និង​ទិញ​ក្រុមហ៊ុន​យក្ស​រ៉ែ​ដែក។ ចិន​សន្យា​ធ្វើ​វិនិយោគ​ ផ្នែក​ថាមពល​និង​ដឹកជញ្ជូន​ជាមួយ​អាហ្សង់ទីន​ ក្នុង​ទំហំ​៧៥០០​លាន​ដុល្លារ ព្រមទាំង​កំពុង​សំឡឹង​ទីផ្សារ​​សណ្តែក​អាហ្សង់ទីន​យ៉ាង​ជក់​ចិត្ត។ ជាមួយ​គុយបា​វិញ ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​​ចំនួន​២៩ ក្នុង​នោះ​មួយ​សម្រាប់​ឧបត្ថម្ភ​ការ​ស្រាវជ្រាវ​រុក​រក​ប្រេង​ក្នុង​ឈូង​សមុទ្ទ​ម៉ិចស៊ិក។

អាសនៈ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ  
វិស័យ​ថាមពល ចំណីអាហារ​ ហេដ្ឋារចនា​សម្ព័ន្ធ ... កំណត់​ហេតុ​របស់​លោក​ស៊ីនហ្សូ អាបេ ដូច​ខ្លាំង​ណាស់​ទៅ​នឹង​កំណត់​ហេតុ​របស់​ប្រធានាធិបតី​ចិន។ តាំង​ពី​បញ្ហា​ដែនដី​ដល់​សេដ្ឋកិច្ច លោក អាបេ ការពារ​មិន​ឱ្យ​របេះ​ដី​សូម្បី​តែ​មួយ​ដុំ​តូច​ទៅ​ចិន !​ ព្រួញ​ទី​បី​នៃ​នយោបាយ​សេដ្ឋកិច្ច​ Abenomics គឺ​បើក​ទ្វារ​សេដ្ឋកិច្ច​ប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​នេះ​ឯង ! ក្រោយ​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា ជប៉ុន​ត្រូវ​ការ​ពង្រីក​​​ប្រភព​ថាមពល​ ឱ្យ​សម្បួរ​​បែប​និង​ត្រូវ​​តែ​ឆក់​ឱ្យ​បាន​ប្រភព​ប្រេង​នៅ​អាមេរិក​ខាង​ត្បូង។ បើ​តាម​សារព័ត៌មាន​ជប៉ុន លោក​ស៊ីនហ្សូ អាបេ និង​លោក​ស្រីឌីលម៉ា រ៉ូសេហ្វ​ប្រធានាធិបតី​ប្រេស៊ីល នឹង​ប្រកាស​រួម​គ្នា​សាង​សង់​រោងចក្រ​ស្ថានីយ៍​បូម​ប្រេង​បណ្តែត​ទឹក​ ដោយ​ប្រើ​បច្ចេកវិទ្យាជប៉ុន។ ជំនួប​កំពូល​ជប៉ុន​សហគមន៍​ការ៉ាអ៊ីប​ ក៏​ផ្តោត​តែ​លើ​បញ្ហា​ថាមពល​ នេសាទ និង​គម្រោង​ការពារ​គ្រោះធម្មជាតិ។

លើស​ពី​នេះ​ទៅ​ទៀត ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ីនហ្សូ អាបេ ជើង​នេះ ក៏​មាន​បង្កប់​ផង​ដែរ នូវ​ផលប្រយោជន៍​ការទូត​។ ជប៉ុន​មាន​ទិស​ដៅ​ដណ្តើម​យក​អាសនៈ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ប្រចាំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ សម្រាប់​ឆ្នាំ​២០១៦ ទល់​នឹង​ប្រទេស​បង់ក្លាដែស។ ​លោក​ស៊ីនហ្សូ​អាបេ ត្រូវ​ការ​តាំង​​ខ្លួន​ និង​ឱ្យពិភពលោក​ទទួល​ស្គាល់​ថា​ជប៉ុន​ជា​មហាអំណាច​ប្រចាំ​តំបន់​អាស៊ី ដោយ​ពិតៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ