អានតួអត្ថបទ
ចិន​

អំពើ​​ពុករលួយ​​ស៊ីរូង​​អយស្ម័យយាន​​ចិន​​

នៅថ្ងៃ​ចន្ទ​នេះ សារព័ត៌មាន​ចិន​បាន​បង្ហាញ​ពី​រឿងអាស្រូវពុករលួយ​​​ទៀត​ហើយ​ នៅ​ក្នុង​ផ្នែក​អយស្ម័យយាន​ចិន​​​។ រឿងនោះ គឺ​ថា​តុលាការ​ក្រុង​ប៉េកាំង​នឹង​កាត់ទោស​ស្ត្រីពាណិជ្ជករ​ម្នាក់​ ដែល​ធ្លាប់ជាប់ពាក់ព័ន្ធ​នឹង​អតីតរដ្ឋមន្ត្រី​ផ្លូវដែក​ចិន ដែល​ជាប់​ទោស​ពីបទពុករលួយ​ផងដែរ។ ស្ត្រីពាណិជ្ជករ​រូបនេះ​ ជាប់ចោទ​ពីបទ​កេងបន្លំ​ថវិការដ្ឋ​ច្រើនលើសលុប​​ ក្នុង​ក្របខណ្ឌ​កិច្ចសន្យា​ជាច្រើន គឺ​បន្លំ​ប្រាក់​​រដ្ឋ​ហួស​ពី​​​ ២២ពាន់លានអឺរ៉ូ ​ឯណោះ។ ទឹកប្រាក់​នេះ​គឺស្មើ​​​​​មួយភាគបួននៃ​ទឹកប្រាក់វិនិយោគ​ប្រព័ន្ធ​ផ្លូវដែក​​​ចិន​ នៅ​​ឆ្នាំ​២០១០។

ក្រសួងដឹកជញ្ជូន​ចិន​ សំរេច​កាន់កាប់​អយស្ម័យយាន​វិញម្តង បន្ទាប់​ពី​មាន​គ្រោះថ្នាក់​រថភ្លើងសម្លាប់​មនុស្ស​ឆ្នាំ​២០១១ និង​រឿង​ពុករលួយ​ផ្លូវដែក​ជាច្រើន​មក។
ក្រសួងដឹកជញ្ជូន​ចិន​ សំរេច​កាន់កាប់​អយស្ម័យយាន​វិញម្តង បន្ទាប់​ពី​មាន​គ្រោះថ្នាក់​រថភ្លើងសម្លាប់​មនុស្ស​ឆ្នាំ​២០១១ និង​រឿង​ពុករលួយ​ផ្លូវដែក​ជាច្រើន​មក។ Reuters
ផ្សាយពាណិជ្ជកម្ម

លោកស្រី Ding Shumiao ទិង ស៊ូមាវជាប់ចោទ​ពី​បទ​បន្លំថវិកា​រដ្ឋចិននឹង​ឡើងសវនាការ​តុលាការ​ក្រុងប៉េកាំង នៅពេល​​ខាងមុខ​នេះ ដើម្បី​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​រឿង​​ពុករលួយ​។ ​ Ding Shumiao ធ្លាប់​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​​ដាក់ដេញថ្លៃចំនួន​ជាង​១២​ ​ក្នុង​គំរោង​​ផ្លូវដែក​ជាច្រើនគំរោង ដែល​មាន​តំលៃ​ទឹកប្រាក់​រហូត​ដល់​ជាង​២២ពាន់លានអឺរ៉ូ។ ​

គួរ​បញ្ជាក់ថា លោកស្រី ទិង ធ្លាប់​មានពាក់ព័ន្ធក្នុង​រឿងពុករលួយ​ជាច្រើន​ ជាមួយ​អតីតរដ្ឋមន្ត្រី​ផ្លូវដែក​ចិន គឺ​លោក Liu Zhijun លាវ ជីជីន។ កាលពី​ខែ​កក្កដា​​កន្លងទៅ​ ​លោក Liu ​បានត្រូវតុលាការ​ដាក់ទោស​​ប្រហារជីវិត ពីបទ​ពុករលួយ។ ទោសនេះ​អាច​បន្ថយ​មក​នៅ​​ទោសជាប់​​ពន្ធនាគារ​មួយជីវិត​វិញ។ យោងតាម​កាសែត​ចិន​ China Daily លោកស្រី​ឌីង ជាប់ចោទ​ពី​បទ​​សូកលុយ​អតីតរដ្ឋមន្ត្រី​ផ្លូវដែកLiu Zhijun ប្រមាណ​​​៦លានអឺរ៉ូ និង​បញ្ជូន​ស្រីបំរើផ្លូវភេទ​ជាច្រើននាក់​អោយទៅ​បំរើ​​​​លោក​ ​Liu។ ដោយសារ​ការសូកប៉ាន់នេះ ​លោកLiu ប្រហែល​ជាបាន​ជួយ​សំរួល​​​កិច្ចសន្យា​​​​​ដល់​​ក្រុមហ៊ុន​ចំនួន​២៣។

យោងតាម​រដ្ឋអាជ្ញា​នានា​ដែល​ធ្វើការ​​ក្នុងរឿងក្តី​លោកLiu  លោកLiu បាន​ជួយសំរួល​កិច្ចសន្យា​ផ្លូវដែក​ ធ្វើអោយ​លោកស្រី​ឌីង និង​ក្រុមគ្រួសារ​ បាន​ទទួល​ប្រាក់​រហូត​ដល់​ទៅ​៤ពាន់លានយ័ន។​​

ទឹកប្រាក់ជាង​​២២ពាន់លានអឺរ៉ូ ដែល​លោកស្រី​ឌីង​កេងបន្លំ​រដ្ឋ​នេះ គឺស្មើ​​​​​មួយភាគបួននៃ​ទឹកប្រាក់វិនិយោគ​ប្រព័ន្ធ​ផ្លូវដែក​​​ចិន​ កាលពី​ឆ្នាំ​២០១០។ តាំង​ពី​ឆ្នាំ​២០០៧មក ចិន​បាន​ចំណាយ​​ប្រាក់ស្ថាបនា​ផ្លូវដែក​ ជាងរយពាន់លាន​ដុល្លារ។ ចិន​បាន​សង់​ផ្លូវដែក​ដ៏វែង​បំផុត​មួយ សំរាប់​រថភ្លើង​ល្បឿនលឿន​​ ភ្ជាប់​ក្រុងប៉េកាំង​ទៅ​នឹង​​ខេត្ត​កង់តុងទៀតផង។ ដោយសារតែមាន​​​គ្រោះថ្នាក់​រថភ្លើងបុកគ្នា​ សម្លាប់​មនុស្ស​៤០នាក់ កាលពី​ឆ្នាំ​២០១១ និង​​​អំពើពុករលួយ​ជាច្រើន​​នៅ​ផ្នែក​​អយស្ម័យយាន​ ក្រសួង​ដឹកជញ្ជូន​ចិន​បាន​សំរេច​គ្រប់គ្រង​​ផ្ទាល់លើ​​​ផ្នែកផ្លូវដែក​វិញម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ