អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ហេតុអ្វី​បានជា​ប្រេងឆៅ​ធ្លាក់ថ្លៃ​ខ្លាំង​នៅពេល​នេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេល​ជាច្រើន​ខែមក​ហើយ ដែល​តម្លៃ​ប្រេងឆៅ នៅលើ​ទីផ្សារ​អន្តរជាតិ​ចេះតែ​បន្ត​ធ្លាក់​ចុះ​ឥតឈប់ឈរ។ គិត​មក​ត្រឹម​ថ្ងៃ​អង្គារ តម្លៃ​ប្រេងឆៅ​​បាន​ធ្លាក់ចុះ​រហូត​ដល់​ក្រោម ៦៦ដុល្លារ​ក្នុងមួយ​បារីល ដែល​ជា​តម្លៃ​មួយ​ទាប​បំផុត មិន​ធ្លាប់មាន ចាប់តាំង​ពី​ឆ្នាំ​២០០៩​មក។ តើ​មាន​មូលហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឆៅ​ធ្លាក់ចុះ​ខ្លាំង​បែបនេះ ហើយ​តើ​ការធ្លាក់ថ្លៃ​នេះ​អាច​នឹង​បន្ត​កើតមាន​ដល់​ត្រឹមណា?

រោងចក្រ​ចម្រាញ់​ប្រេង នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត
រោងចក្រ​ចម្រាញ់​ប្រេង នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត Getty Images/Pete Turner
ផ្សាយពាណិជ្ជកម្ម

កាលពី​ខែ​មិថុនា​កន្លងទៅ ប្រេងឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិមាន​តម្លៃ​រហូតដល់​ទៅ​ជិត ១១៦ដុល្លារ​ក្នុងមួយ​បារីល។ នៅពេលនេះ តម្លៃ​ប្រេងឆៅ​បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹមតែ​ជាង ៦៥​ដុល្លារ​តែប៉ុណ្ណោះ​ក្នុងមួយ​បារីល។ និយាយ​ជារួម ក្នុង​រយៈពេល​ត្រឹមតែ ៥ខែ តម្លៃ​ប្រេងឆៅ​បាន​ធ្លាក់​ចុះ​រហូតដល់​ទៅ​ជាង ៤០%។

ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​បណ្តាល​មក​ពី​មូលហេតុ​ដ៏​សំខាន់​មួយ​ គឺ​ការប្រែប្រួល​នៃ​តុល្យភាព​រវាង​ផ្គត់ផ្គង់ និង​តម្រូវការ​នៃ​ទីផ្សារប្រេង​ពិភពលោក។

ជាទូទៅ​តម្រូវការ​ប្រេង​នៅលើ​ទីផ្សារ​​មាន​ការ​ប្រែប្រួល (ឡើង​ឬ​ចុះ) អាស្រ័យ​ទៅលើ​កត្តា​សំខាន់​មួយ គឺ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក។ ប្រសិនបើ​សេដ្ឋកិច្ច​ពិភពលោក​មាន​កំណើន តម្រូវការ​ប្រេង​ក៏​មាន​ការ​កើនឡើង។ ផ្ទុយទៅវិញ តម្រូវការ​ប្រេង​នឹង​ត្រូវ​ធ្លាក់ចុះ​ប្រសិនបើ​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក​​ត្រូវ​ធ្លាក់ចុះ ហើយ​នេះ គឺ​ជា​អ្វី​ដែល​កំពុងតែ​កើតមានឡើង នៅ​ក្នុង​ពេល​បច្ចុប្បន្ន។

ចិន​​ ដែល​ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​លំដាប់​ទី២ ហើយ​ដែល​កន្លងមក​ធ្លាប់តែ​មាន​​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នោះ បច្ចុប្បន្ន​​​នេះ​ កំពុងតែ​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​​ធ្លាក់ចុះ។ សេដ្ឋកិច្ច​របស់​ជប៉ុន​វិញ ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់​ទី៣ មិនត្រឹមតែ​មិនមាន​កំណើន​នោះទេ ក៏ប៉ុន្តែ ផលិតផល​ក្នុងស្រុកសរុប​មានតែ​ធ្លាក់ចុះ​ទៅវិញ ដែល​គេ​ហៅ​ថា “សេដ្ឋកិច្ចដើរថយក្រោយ” (Recession)។ នៅ​ក្នុង​តំបន់​អឺរ៉ុប ដែល​បណ្តុំ​ទៅដោយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ដែរ​នោះ ក៏​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​តិចតួច​ស្តួចស្តើង។

ការថយចុះ​នៃ​សកម្មភាព​សេដ្ឋកិច្ច នៅ​តាម​បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​​អស់ទាំងនេះ​ហើយ​ដែល​​​ធ្វើ​ឲ្យ​តម្រូវការ​ប្រេង នៅលើ​ទីផ្សារ​អន្តរជាតិ​មាន​ការ​ធ្លាក់ចុះខ្លាំង។

ស្របពេល​ដែល​តម្រូវការ​ប្រេង​មាន​ការ​ធ្លាក់ចុះ ការផលិតប្រេង​ឆៅ​វិញ​កំពុងតែ​មាន​ការ​កើនឡើង​ខ្លាំង ហើយ​កំណើន​នៃ​ការផលិតប្រេងឆៅនេះ គឺ​ចេញ​មក​ពី​សហរដ្ឋ​អាមេរិក ជាពិសេស តាមរយៈ​ការ​ធ្វើ​អាជីវកម្ម​ទៅលើ​ប្រេងឆៅ​ប្រភេទ​ថ្មី (Shale oil) ដែល​គេ​មិន​ធ្លាប់​​ធ្វើ​ពីមុន។ បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​ផលិតប្រេងឆៅ​រហូតដល់​ទៅ​ ៨លាន ៧សែន​បារីល​ក្នុងមួយថ្ងៃៗ ដែល​ជា​កម្រិត​មួយ​សែន​ខ្ពស់​មិន​ធ្លាប់មាន​ក្នុងរយៈពេល​ជាង ២០ឆ្នាំ​កន្លងទៅនេះ។ បើ​គេ​ប្រៀបធៀប​នឹង​ឆ្នាំ​ទៅមិញ ការបូមប្រេងឆៅ​នៅ​អាមេរិក​មាន​ការ​កើនឡើង​រហូតដល់​ទៅ ១លាន​បារីល ក្នុងមួយថ្ងៃៗ។

ទៅតាម​ក្រឹតក្រម​នៃ​ច្បាប់​ទីផ្សារ នៅ​ពេល​ដែល​ការ​ផលិតប្រេង​មាន​ការ​កើនឡើង ប៉ុន្តែ តម្រូវការ​នៅលើ​ទីផ្សារ​មាន​ការ​ថយចុះ តម្លៃ​ប្រេង​ប្រាកដ​ជា​ត្រូវ​ធ្លាក់ចុះ។

កាលពីថ្ងៃ​ចន្ទ​កន្លងទៅនេះ ប្រធានក្រុមហ៊ុន​ប្រេងរដ្ឋ​របស់​កូវ៉ែត​បាន​ធ្វើការ​ព្យាករ​ថា ប្រេងឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​​ទំនង​ជា​នឹង​មិនឡើង​ថ្លៃ​មកវិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ គឺ​វា​នឹង​បន្ត​មាន​តម្លៃ​ទាប​​ក្នុងរង្វង់​ ៦៥​ដុល្លារ​ក្នុងមួយបារីល នៅ​ក្នុងរយៈពេល ៦ ទៅ ៧ខែ​ខាងមុខនេះ។ ចំណែក​ឯ​អ្នក​ជំនាញ​ខាង​ទីផ្សារ​ប្រេង​ខ្លះ​ទៀត​បាន​ព្យាករ​ថា នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ តម្លៃប្រេង​អាច​នឹង​បន្ត​ធ្លាក់ចុះ​កាន់តែ​ទាប​ថែមទៀត គឺធ្លាក់ចុះ​​​​រហូតដល់ ៦០ដុល្លារ​ក្នុងមួយបារីល។

តាមការពិត បើ​យើង​​សង្កេតមើល​ពី​ករណី​មុនៗ យើងឃើញ​ថា ជាទូទៅ នៅ​ពេលណា​ដែល​តម្លៃ​ប្រេងឆៅ​ធ្លាក់​ចុះ​ខ្លាំង បណ្តា​ប្រទេស​ផលិតប្រេង នៅ​ក្នុង​អង្គការ OPEC ច្រើន​តែ​នាំគ្នា​កាត់បន្ថយ​ការ​បូមប្រេង​ ដើម្បី​ធ្វើ​ឲ្យ​តម្លៃប្រេង​មាន​ស្ថិរភាព​ឡើងវិញ។ ក៏ប៉ុន្តែ លើកនេះ​ខុស​ពី​ពេលមុនៗ។ កាលពី​ចុងខែ​វិច្ឆិកា​កន្លងទៅនេះ​ បណ្តា​ប្រទេស​សមាជិក​អង្គការ OPEC ទើប​នឹង​បាន​សម្រេច​ថា​ពួកគេ​នឹង​មិនកាត់បន្ថយ​ការបូមប្រេងនោះទេ បើទោះបី​ជា​តម្លៃ​ប្រេង​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ក៏ដោយ។ យុទ្ធសាស្រ្ត​របស់​ប្រទេស​សមាជិក​​អង្គការ OPEC ជាពិសេស អារ៉ាប៊ី​សាអ៊ូឌីត គឺ​សុខចិត្ត​បាត់បង់​ចំណូល​ពី​ការ​លក់​ប្រេង ​ធ្វើយ៉ាងណា​ឲ្យ​តែរក្សា​​បាន​នូវ​ចំណែក​ទីផ្សារ ដើម្បីទប់ទល់​នឹង​គូប្រជែង​ ជា​ពិសេស ប្រជែង​ជាមួយ​នឹង​ប្រេងចំណូល​ថ្មី​មក​ពី​សហរដ្ឋ​អាមេរិក។

សម្រាប់​អារ៉ាប៊ីសាអ៊ូឌីត ការ​ទុក​បណ្តោយ​ឲ្យ​តម្លៃ​ប្រេងឆៅ​ធ្លាក់ចុះ​ទាប​មួយរយៈ អាច​ជា​យុទ្ធសាស្រ្ត​ល្អ​មួយ ដើម្បី​សម្លាប់​គូប្រជែង ពីព្រោះ​ថា នៅ​អារ៉ាប៊ីសាអ៊ូឌីត​ការបូមប្រេងមួយបារីល​ត្រូវ​ចំណាយ​តែ​ ៣០ដុល្លារ​តែ​ប៉ុណ្ណោះ ចំណែក​ឯ​ការ​បូមប្រេង​ប្រភេទ​ថ្មី​នៅ​សហរដ្ឋ​អាមេរិកវិញ​ត្រូវ​ចំណាយ​​ក្នុងចន្លោះ​ពី ៤០​ដុល្លារ រហូតដល់ ១០០ដុល្លារ​ក្នុងមួយ​បារីល។ ដូច្នេះ អារ៉ាប៊ីសាអ៊ូឌីត​​​រំពឹង​ថា ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេងឆៅ​អាច​នឹង​ធ្វើ​ឲ្យ​ការ​ធ្វើ​អាជីវកម្ម​បូមប្រេង​ប្រភេទ​ថ្មី​នៅ​អាមេរិក​ត្រូវ​ថយចុះ ហើយ​នៅ​ពេល​ដែល​ការផលិតប្រេង​នៅ​អាមេរិក​មាន​ការ​ថយចុះ​ តម្លៃប្រេង​អាច​នឹង​មាន​ស្ថិរភាព​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ