អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អង់គ្លេស​ចង់​ដើរ​ចេញ​ពី​អឺរ៉ុប​ ៖ តើ​នរណា​ខាត​ នរណា​ចំណេញ ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ក្រោយ​ពី​តាម​ចរចា​គ្នា​ អស់​ជា​ច្រើន​ថ្ងៃ នៅ​ទី​បំផុត​ថ្នាក់​ដឹកនាំ​អឺរ៉ុប​និង​​អង់គ្លេស​ បាន​ព្រមព្រៀង​គ្នា​ មិន​ឱ្យ​​អង់គ្លេស​ដើរ​ចេញ​ពី​សហភាព​ទេ ! ចាប់​ពី​​ពេល​នេះ​ទៅ​ទល់​នឹង​ថ្ងៃ​ទី ២៣​មិថុនា លោក​ ដេវីត​កាមឺរោន មាន​ភារៈ​ទៅ​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​អង់គ្លេស​ កុំ​ឱ្យ​ធ្វើ​ការ​សម្រេច​ចិត្តដក​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​ឱ្យ​សោះ។ សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ថ្វី​បើ​បាន​ធ្វើ​ការ​ទាមទារ​ខ្លាំង​ពី​អឺរ៉ុប សំឡុត​ចង់​ដើរ​ចេញ​មែន ប៉ុន្តែ​មិន​មែន​មានន័យ​ថា​លោក​ចង់​នាំ​ប្រទេស​ចេញ​ពី​សហភាព​ឡើយ តែ​គឺ​ដើម្បី​មាន​ហេតុផល​គ្រប់គ្រាន់​សម្រាប់​ទៅ​ការពារ​បេក្ខភាព​អង់គ្លេស​ក្នុង​អឺរ៉ុប​តែ​ប៉ុណ្ណោះ។ 

លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ដេវីត កាមឺរោន
លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ដេវីត កាមឺរោន ©Reuters
ផ្សាយពាណិជ្ជកម្ម

គ្រាន់​តែ​ទទួល​បាន​កិច្ចព្រមព្រៀង​ជាមួយអឺរ៉ុប​ភ្លាម និង​ដូច​ដែល​បាន​សន្យា លោក ដេវីត កាមឺរោន បាន​ចេញ​មុខឃោសនា​ការពារ​បេក្ខភាព​អង់គ្លេស​ក្នុង​អឺរ៉ុប ដោយ​ជ្រើសរើស​ការ​ចេញ​​​ពន្យល់ជា​លើក​ដំបូង ​នៅ​ចំពោះ​មុខ​សភា និង​ដោយ​បាន​លើក​ឡើង​ អំពី​ការ​ខាត​បង់ផ្សេងៗ​ប្រសិន​បើ​អង់គ្លេស​បែក​ចេញ​ពី​អឺរ៉ុប។​​​ ​  

បើ​តាម​មជ្ឈមណ្ឌល​សម្រាប់​កំណែទម្រង់​អឺរ៉ុប​ Centre for european Reform “Think Tank” បាន​ចេញ​របាយ​ការណ៍​មួយ​ស្តីអំពី​ផលវិបាក​​ដែល​អាច​កើត​មាន​ ប្រសិន​បើ​អង់គ្លេស​សម្រេច​ដើរ​ចេញ​ពីអឺរ៉ុប។ សម្រាប់​មជ្ឈមណ្ឌល​ដែល​ល្បី​ខាង​មិន​ចេះ​ទប់​ការ​រិះគន់​ប្រឆាំង​អឺរ៉ុប​នោះ ជម្រើស​ដើរ​ចេញ​ពី​អឺរ៉ុប​ មិន​គួរ​ឱ្យ​ពេញ​ចិត្ត​​ទេ។ ផល​ប្រយោជន៍​​នៃ​ការ​ដក​ខ្លួន​ចេញ​អឺរ៉ុប​តាម​រយៈ​ប្រជាមតិ​ មាន​​លក្ខណៈ​បំភ័ន្ត​ ​ខ្លាំង​ណាស់។

 
បើ​តាម​ការ​គុណ​គិត​របស់​មជ្ឈមណ្ឌល​ គ្រាន់​តែ​មាន​ឈ្មោះ​ជា​សមាជិក​អឺរ៉ុប​នេះ អង់គ្លេស​បាន​បង្កើត​ការ​ផ្តោះ​ប្តូរ​ទំនិញ​ជាមួយ​អឺរ៉ុប​បាន​ដល់​ទៅ ៥៥% ពោល​គឺ​ស្មើ​នឹង​១៣០​ពាន់​លាន​លីវ នៅ​ឆ្នាំ​២០១៣ បើ​ប្រៀប​ទៅ​នឹង​ជាមួយ​ចិន​ដែល​មាន​ត្រឹម​៤៣​ពាន់​លាន​លីវ។ សម្មតិកម្ម​មួយទៀត​ ដែល​​អង់គ្លេសចង់​ចេញ​ពី​​អឺរ៉ុប​ផង  គឺ​ដើម្បី​បើក​ទម្លាយ​សេរីភាព​ទីផ្សារ​ ប៉ុន្តែ​បើ​តាម​កំណត់​សម្គាល់​របស់​អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច OCDE អង់គ្លេស​មាន​ទីផ្សារ​ដែល​យ៉ាប់​ជាង​គេ នៅ​ពី​ក្រោយ​ប្រទេស​ហូឡង់​ផង ឯ​ទីផ្សារ​ការងារ​វិញ​ មិន​​​រឹង​ប៉ឹង​ជាង​សហរដ្ឋ​អាមេរិក ឬ​កាណាដា ឬ​អូស្ត្រាលី​ទេ នេះ​អង់គ្លេស​មានជាប់​ឈ្មោះ​អត្តសញ្ញាណ​ជា​មួយ​សហភាព​ផង។ បើ​អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប បាន​ន័យ​ថា​ដើរ​ចេញ​ពីទីផ្សារ​រួម​តែ​មួយ​ តែ​មិន​ប្រាកដ​អាច​នាំ​អង់គ្លេស​ទៅ​រក​ទីផ្សារ​អន្តរជាតិទេ ព្រោះ​ជា​ឧទាហរណ៍​ជាក់​ស្តែង​អាល្លឺម៉ង់​ ស្ថាបនិក​ដ៏​ពេញ​លេញ​ស្មោះ​ស្ម័គ្រ​នឹង​អឺរ៉ុប នៅ​ជា​អឺរ៉ុប​ តែ​ក៏​អាច​មាន​ទីផ្សារផ្តោះប្តូ​រ​​អន្តរជាតិយ៉ាង​ទូលំទូលាយ។

ចំណុច​សំខាន់​មួយ​ទៀត​ដែលអង់គ្លេស​ភ្លេច​គិត ឬ​​មិន​សូវ​លើក​យក​និយាយ​គឺ ទីផ្សារ​ហិរញ្ញវត្ថុ។ សហភាព​អឺរ៉ុប​ ពិត​ចង់​ឃើញ​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ស្ថិត​ក្នុង​រង្វង់​ដែន​ដី​អឺរ៉ុប​ ដើម្បី ងាយ​ស្រួល​គ្រប់គ្រង​ហើយ មិន​បណ្តោយ​ទុក​ឱ្យ​រីក​ធំធាត់​ដូច​សព្វថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ឡុងដ៍​ទៀត​ទេ។ បើ​ឧបមាថា​ក្រោយ​ពេល​ដើរ​ចេញ​ពី​អឺរ៉ុប​ទៅ​ អង់គ្លេស​អាច​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​រកស៊ី​ជាមួយ​អឺរ៉ុបបាន​​ ដូច​ករណី​ប្រទេស​ស្វីស​ក្តី ​អង់គ្លេសអាច​ចំណេញ​ប្រាក់​វិភាគ​ទាន​ ប៉ុន្តែ​អង់គ្លេស​ត្រូវ​អូស​លុយ​ចេញ​ពី​ហៅប៉ៅ​ខ្លួន​ឯង​សម្រាប់​បង់ទៅ​ខាង​អៀរឡង់​ខាង​ជើង និង​ប្រទេស​ហ្គាល់ ដែល​បច្ចុប្បន្ន​នេះ​ជា​បន្ទុក​ហូត​ចេញ​​​ពី​ហិបមូលនិធិអឺរ៉ុប។​​​

​ជាមួយ​ហេតុផល​ខាង​លើ​ទាំង​អម្បាល​ម៉ាន​នេះ គេ​ក៏​មិន​ប្រាកដ​អាច​យក​ឈ្នះ​លើ​ក្រុម​ជាតិ​និយម​អង់គ្លេស​ដែល​ប្រឆាំង​សហភាព​អឺរ៉ុប។ ព្រោះ​អង់គ្លេស​ជា​អ្នក​ចូល​ចិត្ត​ប្រថុយ​ប្រថាន​ខ្លាំងណាស់។ អត្តចរិត ដែល​ចង់​បាន​តែ​ចំណេញ​មិន​ហ៊ាន​ចំណាយ​អ្វី​ ត​ថ្លៃ យក​អឺរ៉ុប​មក​ធ្វើ​ជា​ចំណាប់​ថ្នូរ​ដើម្បី​ទាមទារ​អ្វី​មួយ ទាំង​បារាំង​ទាំង​អាល្លឺម៉ង់ ពេល​ខ្លះ​មិន​ចិត្ត​ទេ ប៉ុន្តែ​ត្រូវ​ការ​រក្សា​រូប​ភាព​ល្អ​ សាមគ្គីភាពក្នុង​​សហភាព និង​ក្តី​សង្ឃឹម​របស់ពលរដ្ឋ​អឺរ៉ុប ទើប​ត្រូវ​ការ​អោប​ក្រសោប​មិនចង់​​អង់គ្លេស​ដើរ​ចេញ។ ក្នុង​ករណី​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺមង់ គឺ​​ដើម្បី​រក្សា​ការ​ពារ​ប្រយោជន៍​ប្រទេស​ផ្ទាល់​ផង។ ហេតុដូច្នេះ​ហើយ​បាន​ជា​ ​សម្រាប់​អ្នក​នយោបាយ​ខ្លះ អឺរ៉ុប​គ្មាន​អ្វី​ត្រូវ​ខាត​បង់​នឹង​ធ្វើ​កំណែទម្រង់ ទុក​ប្រទេស​ណា​ដែល​ពេញ​ចិត្ត​ឱ្យ​ក្នុង​សហភាព ហើយ​បើ​ប្រមុខដឹកនាំ​ម្នាក់​​​មិន​ពេញ​ចិត្តហើយ​​ មិន​គួរ​ទុក​ឱ្យ​នៅ​រស់​ពលរដ្ឋ​អឺរ៉ុប​ឡើយ។ អ្នក​ដែល​ខាត​បង់​ច្រើន​គឺ​អង់គ្លេស​ មិន​មែន​សហភាព​អឺរ៉ុប​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ