អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ក្រុម ​Anonymous ៖ ​ឧក្រិដ្ឋជន​អ៊ីនធ័រនែត ​ឬ​អ្នក​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​អនាមិក ឬ Anonymous ត្រូវ​បាន​គេ​ស្គាល់​កាន់តែ​ច្រើន នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពី​សមាជិក​​របស់​ពួកគេ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ដោយ​មាន​កិច្ចសហការ​ជាមួយ​ទីភ្នាក់ងារ​ស៊ើបអង្កេត FBI របស់​អាមេរិក ចាប់ខ្លួន ជាបន្តបន្ទាប់ កាល​ពី​ពេល​ថ្មីៗ​នេះ។ តើ​ក្រុម​ ​Anonymous នេះ​ជា​នរណា? មាន​ដើមកំណើត​មក​ពីណា? តើ​សកម្មភាព​របស់​ពួកគេ​គឺ​ជា​​អំពើ​ល្មើស​ច្បាប់ ឬ​ក៏​ជា​ការ​តវ៉ា​ប្រឆាំង​ ដើម្បី​ទាមទារ​សិទ្ធិសេរីភាព?

ក្រុម Anonymous មិនមែន​ត្រឹមតែ​ធ្វើ​សកម្មភាព​ប្រឆាំង​តាម​អ៊ីនធ័រនែត​ប៉ុណ្ណោះទេ តែ​ក៏​ធ្លាប់​ចេញ​ធ្វើ​បាតុកម្ម​នៅ​ទីសាធារណៈ​ផងដែរ
ក្រុម Anonymous មិនមែន​ត្រឹមតែ​ធ្វើ​សកម្មភាព​ប្រឆាំង​តាម​អ៊ីនធ័រនែត​ប៉ុណ្ណោះទេ តែ​ក៏​ធ្លាប់​ចេញ​ធ្វើ​បាតុកម្ម​នៅ​ទីសាធារណៈ​ផងដែរ ©Wikipédia/Vincent Diamante
ផ្សាយពាណិជ្ជកម្ម

ក្រុម​ « Anonymous » (ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “ក្រុមអនាមិក”) បាន​ចាប់កំណើតឡើង កាល​ពី​ក្នុង​អំឡុង​ឆ្នាំ​២០០៣-២០០៤ ហើយ​សកម្មភាព​របស់​ពួកគេ​ត្រូវ​បាន​គេ​ចាប់ផ្តើម​ស្គាល់​ច្រើន នៅ​ទូទាំង​ពិភពលោក ចាប់តាំង​ពី​ឆ្នាំ​២០០៨។

ក្រុម​នេះ​បាន​ប្រកាស​ខ្លួនឯង​ថា ជា​ក្រុម Hackers អនាមិក ដែលគ្មាន​មេដឹកនាំ គ្មាន​អ្នកនាំពាក្យ ហើយ​គ្មាន​​អង្គការ​ចាត់តាំង។ តាមការពិត « Anonymous » គ្រាន់តែ​ជា​ឈ្មោះ ឬ​ស្លាក​មួយ​ ដែល​អ្នកណា​ក៏​អាច​ជ្រក​ពី​ខាង​ក្រោម​បាន។

អ្នកណា​ក៏​អាច​ប្រកាស​ខ្លួន​ថា​ជា​សមាជិក​របស់​ Anonymous បាន​ដែរ ឲ្យ​តែ​ប្រកាន់​យក​តាម​គោលការណ៍​ជា​មូលដ្ឋាន​របស់​ក្រុម គឺ​ប្រើ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិ និង​សិទ្ធិសេរីភាព​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​អ៊ីនធ័រនែត ដោយ​គ្មាន​ការ​រឹតត្បឹត​ ឬ​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ។

ចាប់តាំង​ពី​កកើតឡើង​មក គេឃើញ​ក្រុម Anonymous បាន​ធ្វើការវាយប្រហារ​ទៅលើ​វិបសៃត៍​ជាច្រើន​ ទាំង​វិបសៃត៍​របស់ស្ថាប័នរដ្ឋ​ ដូចជា FBI ឬ CIA របស់​អាមេរិក វិបសៃត៍​ដែល​ចុះផ្សាយ​រូបភាព​អាសអាភាស​របស់​កុមារ វិបសៃត៍​របស់​វិហារ​កាតូលិក ដែល​ប្រឆាំង​នឹង​ការ​រៀបអាពាហ៍​ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​រហូត​ដល់​វិបសៃត៍​របស់​ក្រុម​ហ៊ុន​ឯកជន​ធំៗ​ជាច្រើន​ផ្សេងទៀត។

នៅ​ក្នុង​អំឡុង​បដិវត្តន៍​អារ៉ាប់ គេ​ក៏​ឃើញ​ ក្រុម Anonymous ​បាន​បញ្ចេញ​សកម្មភាព​យ៉ាង​សកម្ម​ផងដែរ ក្នុងការ​គាំទ្រ​ចលនា​បដិវត្តន៍ តាមរយៈ​ការ​វាយប្រហារ​លើ​វិបសៃត៍​របស់​រដ្ឋាភិបាល​នៃ​របបផ្តាច់ការ​អារ៉ាប់​មួយ​ចំនួន ដូចជា រដ្ឋាភិបាល​ទុយនីស៊ី លីប៊ី និង​អេហ្ស៊ីប ជាដើម។

កាលពី​ឆ្នាំ​២០១២ ទស្សនាវដ្តី Times របស់​អាមេរិក​ បាន​ចាត់បញ្ចូល​ក្រុម Anonymous ទៅ​ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​​មនុស្ស​ទាំង​១០០នាក់ ដែល​មាន​ឥទ្ធិពល​បំផុត នៅលើ​ពិភពលោក។

ក៏ប៉ុន្តែ គេឃើញ​ថា ក្រុម Anonymous ក៏​ជា​ចំណុច​ស៊ីប​នៃ​ការ​តាមប្រមាញ់​របស់​អាជ្ញាធរ​ផងដែរ ហើយ​កន្លងមក សមាជិក​ក្រុម Anonymous ជាច្រើន​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ជាពិសេស នៅ​​សហរដ្ឋ​អាមេរិក នៅ​អង់គ្លេស និង​ចុងក្រោយ​ថ្មីៗ​នេះ នៅក្នុង​ប្រទេស​កម្ពុជា។ ជាទូទៅ គេឃើញ​ថា នៅ​ក្នុងពេល​ដែល​ក្រុម Anonymous ខ្លួនឯង ព្រមទាំង​អ្នក​គាំទ្រ​សកម្មភាព​របស់​ពួកគេ តែងតែ​ប្រកាស​ខ្លួន​​ថា​ជា​អ្នក​តស៊ូ​ដើម្បី​សិទ្ធិសេរីភាព អាជ្ញាធរ​មាន​សមត្ថកិច្ច​វិញ នៅ​​ស្ទើរតែ​គ្រប់ប្រទេស​ទាំងអស់ តែងតែ​​ចាត់ទុក​ក្រុម Anonymous ថា​ ជា​ឧក្រិដ្ឋជន​ (Cyber criminal) ឬ​​ជា​ភេរវជន​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ (Cyber terrorist) ទៅវិញ។

បើដូច្នេះ តើ​ក្រុម​ Anonymous ជាអ្វី​ពិតប្រាកដ ? ជា​ឧក្រិដ្ឋជន​ ឬ​ក៏​ជា​អ្នក​តស៊ូ​ដើម្បី​សិទ្ធិសេរីភាព? ការពិតជាក់ស្តែង គឺ​វា​អាច​នៅ​ចន្លោះ​កណ្តាល។

ក្រុម Anonymous ពិតប្រាកដ គឺ​ជា​ក្រុម​មនុស្ស ដែល​មាន​គោលដៅ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ការ​រឹតត្បឹត​សិទ្ធិសេរីភាព ពី​សំណាក់​អាជ្ញាធរ ពី​អ្នក​មាន​លុយ ឬ​អ្នក​មាន​អំណាច​ផ្សេងៗ​ទៀត។ ក៏ប៉ុន្តែ ការ​ទាមទារ​សិទ្ធិសេរីភាព​នេះ​​ធ្វើឡើង តាមរយៈ​សកម្មភាព​ខ្លះ ដែល​ជា​អំពើ​ល្មើស​នឹង​ច្បាប់ ដូចជា​ ការលួចចូល​ទៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធ័រនែត ដើម្បី​លួច​យក​ឯកសារ ឬ​ទិន្នន័យ​​ឯកជន​ ជាដើម គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​អាច​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់ ឬ​ដាក់ពន្ធនាគារ​រាប់ឆ្នាំ អាស្រ័យ​ទៅ​តាម​ច្បាប់​របស់​ប្រទេស​នីមួយៗ។

ការចូល​ទៅ​លួច​ទិន្នន័យ​ឯកជន នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធ័រនែត​នេះ​ក៏​អាច​​មាន​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​អ៊ីនធ័រនែត​ខ្លះៗ​ផងដែរ ដែល​នេះ​អាច​ជា​ការ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិឯកជន​របស់​អ្នកប្រើប្រាស់។ ហេតុដូច្នេះ​ហើយ​បាន​ជា​មាន​អ្នក​រិះគន់​ខ្លះ​លើកឡើង​ថា ក្រុម Anonymous នេះ​ ថ្វីដ្បិត​តែ​មាន​គោលដៅ​ល្អ គឺ​ការ​ការពារ​សិទ្ធិសេរីភាព ក៏ប៉ុន្តែ សកម្មភាព​ខ្លះ​របស់​ពួកគេ​បែរ​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សិទ្ធិសេរីភាព​ទៅវិញ។

ក៏ប៉ុន្តែ គេ​ក៏សង្កេតឃើញ​ជាទូទៅ​ផងដែរ​ថា ការចូល​លួច​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​អ៊ីនធ័រនែត​មិនមែន​ជា​សកម្មភាព ដែល​ក្រុម Anonymous ច្រើន​ធ្វើ​ជា​ទូទៅ​នោះទេ។ សកម្មភាព ដែល​គេ​ធ្លាប់​ឃើញ​ច្រើន​ជាង​គេ គឺ​ការ​ធ្វើ​ឲ្យ​វិបសៃត៍​ណាមួយ​ត្រូវ​គាំង​លែង​ដំណើរការ តាមរយៈ​ការ​វាយប្រហារ​ដោយ​ប្រើ​វិធី ដែល​គេហៅ​តាម​ភាសា​អង់គ្លេស​ថា Denial of Service (DoS)។ ការវាយប្រហារ​ក្នុង​ទ្រង់ទ្រាយ​បែបនេះ​ហើយ ដែល​ក្រុម Anonymous កម្ពុជា បាន​ធ្វើ​ទៅលើ​វិបសៃត៍​​នៃ​ស្ថាប័ន​​រដ្ឋ​ធំ​មួយ​ចំនួន​​នាពេល​កន្លងមក។

តាមការពិត ការវាយប្រហារ​​ទៅលើ​វិបសៃត៍​របស់​រដ្ឋ ឬ​ឯកជន ដោយ​ប្រើវិធី​​នេះ ក៏​មិនមែន​ជា​សកម្មភាព​ស្របច្បាប់​នោះដែរ។ ក៏ប៉ុន្តែ ការរំខាន​ដល់​ដំណើរការ​វិបសៃត៍​ត្រូវ​ធ្វើឡើង​ជា​លក្ខណៈ​បណ្តោះអាសន្ន​​ក្នុងរយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​ ហើយ​ក៏​មិន​សូវ​ជា​បណ្តាល​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជាគេ​ច្រើន​តែ​មាន​ការអត់ឱន​ចំពោះ​ទង្វើ​បែប​នេះ ដោយ​​ចាត់ទុក​​ថា វាជា​ទម្រង់មួយ នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង គ្រាន់តែ​បាតុកម្ម​នេះ​មិនមែន​ធ្វើ​តាម​ដងផ្លូវ តែ​ធ្វើ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ