អានតួអត្ថបទ
កម្ពុជា

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រកាស​ចាប់​បាន​ក្រុម​Hacker​ ពីរ​នាក់​ផ្សេង​ទៀត​

អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃ​សុក្រ​ទី ០២ ឧសភា​នេះ បានប្រកាសថា ខ្លួន​បាន​ឃាត់ខ្លួន​ក្រុម​វាយប្រហារ​អ៊ិន​ធើ​ណិត ឫ Hacker ពីរ​នាក់​ផ្សេងទៀត​ក្រោយពី​បាន​វាយប្រហារ​គេហទំព័រ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី ២៩មេសា កន្លងទៅ។អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនទាន់បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ជន​ទាំងពីរ​នោះ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​អះអាងថា ជា​សមាជិក​នៃ​ក្រុម​អនាមិក​កម្ពុជា( Anonymous Cambodia)។ ជន​ទាំងពីរ​នាក់នេះ​កំពុង​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​សាកសួរ និង​ត្រៀម​បញ្ជូន​ទៅកាន់​តុលាការ។

ក្រុមអនាមិកកម្ពុជា។
ក្រុមអនាមិកកម្ពុជា។ @Google
ផ្សាយពាណិជ្ជកម្ម

សមាជិក​ក្រុម​អនាមិក​កម្ពុជា​ពីរ​នាក់​ផ្សេងទៀត​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ពីរ​ថ្ងៃ​បន្ទាប់ពី​បាន​វាយប្រហារ​គេហទំព័រ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី២៩ មេសា កន្លងទៅ។នេះ​បើតាម​ការប្រកាស​ឲ្យ​ដឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃ​សុក្រ​ទី ០២ ឧសភា​នេះ។

លោក ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឲ្យ​ដឹង ថា ជនអនាមិក​ទាំងពីរ​នាក់​នោះ​ត្រូវបាន​បញ្ជូនមក​ដល់​អ​ង្គ​ភាព​ប្រឆាំង​អំពើពុករលួយ​កាល​វេលា ម៉ោង ២យប់មិញ។យ៉ាងណាក៏ដោយ លោក​ឱម យិនទៀង មិនទាន់បាន​បង្ហាញ​ពី​អត្តសញ្ញាណ​នៃ​ជន​ទាំងពីរ​នេះ​នៅឡើយ​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ជា​សមាជិក​នៃ​ក្រុម​អនាមិក​កម្ពុជា​ដែល​បានប្រកាសថា​នឹង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា។ លោក រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ដែរ​ថា ពេលនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពុងធ្វើការ​សាកសួរ​ជន​ទាំងពីរ​នាក់​នោះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ។

ភ្លាមៗក្រោយពី​មាន​ដំណឹង​នៃ​ការចាប់ខ្លួន​នេះ នៅលើ​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​Facebookរបស់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្រុម​អនាមិក​កម្ពុជា​បាន​សរសេរ​បែប​ចំអក​យ៉ាងខ្លី​ក្នុងន័យ​ថា អ្នក​ដែល​បាន​ចូល​វាយប្រហារ​គេហទំព័រ​អង្គភាព​ប្រឆាំង​អំពើ​រលួយ​នោះ​មិន​ត្រូវបាន​ចាប់ខ្លួន​នោះទេ។

ដោយឡែកកាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ម្សិលមិញ​ក្រុម​អនាមិក​កម្ពុជា ឫ Anonymous Cambodia បាន​បន្ត​វាយប្រហារ​គេហទំព័រ​មួយចំនួនទៀត​របស់​ស្ថាប័នរដ្ឋ និង​ឯកជន​រួមមាន​ដូចជា គេហទំព័រ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធនាគារ​កាណាឌីយ៉ា និង បុរី​ភ្នំពេញ​ថ្មី​ជាដើម។ប៉ុន្តែ​គេហទំព័រ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ដំណើរ​ការធម្មតា​ឡើងវិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ០២ ឧសភា​នេះ។នៅ​ព្រឹក​ដដែល​នេះ ក្រុម​អនាមិក​កម្ពុជា​បានប្រកាសថា ខ្លួន​បាន​ចូល​លួច​និង​លុបចោល​ទិន្នន័យសំខាន់ៗនៅក្នុង​គេហទំព័រ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌។

សូមបញ្ជាក់ថា នេះ​ជាការ​ចាប់ខ្លួន​លើក​ទី​ពីរ​ហើយពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​លើ​ក្រុម​អនាមិក​វាយប្រហារ​អ៊ិន​ធើ​ណិ​ត។កាលពី​ចុងខែ​មេសា​កន្លងទៅ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សហការ​ជាមួយ​ស្ថាប័ន​FBIប្រចាំ​នៅ​កម្ពុជា​បាន​ឃាត់ខ្លួន​ក្រុម​អនាមិក​កម្ពុជា​ចំនួន​ពីរ​នាក់​ដែល​បាន​វាយប្រហារ​គេហទំព័រ​ស្ថាប័នរដ្ឋ​ជាច្រើន​នា​កន្លងមក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ