អានតួអត្ថបទ
ថៃ

បក្ស​ប្រឆាំង​​​ធ្វើ​បាតុកម្ម​ជា​ថ្មី​ មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោតព្រឹទ្ធ​សភា

សកម្ម​ជន​បក្ស​ប្រឆាំង​ថៃ រាប់​សិប​ពាន់​នាក់​បាន​នាំគ្នា​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​សៅរ៍​ទី ២៩ មីនា ​នា​ទីក្រុង​បាងកក ដើម្បី​ទាមទារ​ ដូច​លើក​មុនៗ ឱ្យ​​នាយករដ្ឋមន្ត្រី​ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែល​កំពុង​ជាប់ក្តី​ក្តាំ​ជាមួយ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ ​ចុះ​ចេញ​ពី​តំណែង។ អ្វី​ជា​ការ​កត់​សម្គាល់ បាតុកម្ម​លើក​នេះ​ធ្វើ​ឡើង​នា​ឱកាស​ដែល​នឹង​មាន​ប្រព្រឹត្តទៅ​ នៅ​ថ្ងៃអាទិត្យ​ស្អែក​ ការ​បោះឆ្នោត​ព្រឹទ្ធសភា។

បាតុករ​ថៃ​នាំ​គ្នា​ដង្ហែ​ក្បួន​ទាមទារ​ឱ្យ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពីតំណែង
បាតុករ​ថៃ​នាំ​គ្នា​ដង្ហែ​ក្បួន​ទាមទារ​ឱ្យ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពីតំណែង © Reuters
ផ្សាយពាណិជ្ជកម្ម

សង្កាត់​ពាណិជ្ជកម្ម​ដ៏​ល្បី​ល្បាញ​​ ដែលសកម្មជន​បក្សប្រឆាំង​​ទើប​ដក​ខ្លួន​ថយ​ បាន​ក្លាយ​ទិសដៅ​បាតុកម្ម​ជា​ថ្មី​ទៀត​ នៅ​ថ្ងៃ​សៅរ៍​នេះ។ កម្លាំង​បាតុកម្ម ថ្វី​បើ​មាន​បរិមាណ​តិច​ជាង​លើក​មុន​មែន ប៉ុន្តែ​គ្រប់​គ្រាន់​នឹង​ធ្វើ​ឱ្យ​ចរាចរណ៍​ក្នុង​ក្រុង​កក​ស្ទះ​រំខាន​យ៉ាងខ្លាំង។ ប៉ូលិស​ប្រមាណ​៨ពាន់​នាក់ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​អាសន្ន ក្រែង​អាច​មាន​ផ្ទុះអំពើ​ហិង្សា​ជា​យថាហេតុ​ណា​មួយ​កើត​ឡើង។

នៅ​​ព្រឹក​មិញ មាន​អ្នក​ចូល​រួម​ដង្ហែ​ក្បួន​បាតុកម្ម​ប្រមាណ​ជាង​បី​ម៉ឺន​នាក់។ បើ​តាម​ប៉ូលិស។ សកម្មជន​ជា​បណ្តាញ​និស្សិត​ និង​ប្រជាជន​គាំទ្រ​កំណែទម្រង់​បោះឆ្នោត​ បាន​នាំ​គ្នា​សម្រុក​ចូល​ក្នុង​វិមាន​រដ្ឋាភិបាល​ទៀត​នៅព្រឹក​មិញ​ ប៉ុន្តែ​អាគារ​នេះ​គ្មាន​បុគ្គលិក​ ឬ​តំណាង​សមាជិក​រដ្ឋាភិបាល​ណា​ម្នាក់មាន​វត្តមាន​នៅ​ខាង​ក្នុង​តាំង​ពី​ជា​ច្រើន​ខែ​មក។

បាតុកម្ម​លើក​នេះ គឺ​ជា​ភាគ​បន្ត​នៃ​វិបត្តិ​នយោបាយ​ថៃ ដែល​រង្គោះរង្គើ​ខ្លាំង​ តាំង​ពី​៨​ឆ្នាំ​មក ម្តង​ជា​បាតុក​ម្មរបស់​ក្រុម​អាវ​ក្រហម​ប្រឆាំង​នឹង​ក្រុម​អ្នក​មាន​ អ្នក​ក្រុង រដ្ឋាភិបាល​ស្និទ្ធ​នឹង​រាជវង្ស និង​ម្តង​ជា​ក្រុម​សកម្មជន​អ្នក​លឿង​ ប្រឆាំង​នឹង​ត្រកូល​ថាក់ស៊ីន​ និង​ប្អូន​ស្រី យីងឡាក់ ក្នុង​បំណង​តែ​មួយ គឺ​ទាមទារ​ឱ្យ​​ធ្វើ​កំណែទម្រង់​​ការ​បោះឆ្នោត ព្រោះ​សម្រាប់​ពួក​គេ​ប្រព័ន្ធ​បោះឆ្នោត​​សព្វថ្ងៃ​នេះ ត្រូវ​បាន​តាក់តែង​និង​ច្នៃ​ឡើង​ ដើម្បី​តែ​ជោគជ័យ​ត្រកូល​​ថាក់ស៊ីន​ប៉ុណ្ណោះ។ បក្ស​ថាក់ស៊ីន ដែល​តែ​ង​ឈ្នះ​រាល់​ការ​បោះឆ្នោត​ តាំង​ពី​ឆ្នាំ​២០០១​មក។​

ប៉ុន្តែ​ការ​បោះឆ្នោត​មុន​អាណត្តិ​ កាលពី​ថ្ងៃ​ទី ២​កុម្ភៈ ស្នើ​ឡើង​ដោយ​លោកស្រី​នាយក​រដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវាត់ ដើម្បី​ដោះស្រាយវិបត្តិ​ ​ត្រូវ​បាន​តុលាការ​​​ធម្មនុញ្ញ​ ច្រាន​ចោល​មិន​ទទួល​ស្គាល់​។ ជាង​នេះ​ទៅ​ទៀត លោកស្រី​នាយករដ្ឋមន្ត្រី កំពុង​ជាប់​រឿង​ក្តី​ក្តាំ​នៅ​តុលាការ។ គណៈកម្មការ​ជាតិ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​អាច​យក​​ផែនការ​ទិញ​អង្ករ​របស់​លោកស្រី​យីងឡាក់ ទៅ​ប្តឹង​ព្រឹទ្ធសភា ដែល​គណបក្ស​ប្រឆាំង​អាច​នឹងមាន​សំឡេង​ភាគ​ច្រើន​​នៅក្នុង​​ការ​បោះឆ្នោត​នៅ​​ថ្ងៃ​ស្អែក និង​ដែល​អាច​ ​ទម្លាក់​លោកស្រី​ប្រមុខ​រដ្ឋាភិបាលពី​អំណាច​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ