អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិ​នយោបាយ​នៅ​ប្រទេស​យេម៉ែន​កំពុង​ធ្វើឲ្យ​អារ៉ាប៊ីសាអូឌីត​ឈឺក្បាល​ខ្លំាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​យេម៉ែន​កំពុង​ពើប​ប្រទះ​នឹង​វិបត្តិនយោបាយ​មួយ​យ៉ាង​ធ្ងន់ធ្ងរ ពិសេស​តំាង​ពី​ក្រោយ​បដិវត្តន៍​ផ្តួលរំលំ​លោក​ប្រធានាធិបតី​អាលី អាប់ដាឡា សាឡេ​ក្នុង​ឆ្នំា ២០១១។ តំាង​ពី​ថ្ងៃទី១៨ កញ្ញា​មក​ម្ល៉េះ​ដែល​ទីក្រុង​សាណា​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ពួក​ឧទ្ទាម​ហ៊ូទីស​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត។ មួយ​វិញ​ទៀត និង​ក្រៅ​ពី​ពួក​ហ៊ូទីស រដ្ឋាភិបាល​ក៏​កំពុង​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​របស់​ពួក​អាល់កៃដា និង​ក្រុមអ្នកទាមទារ​ផ្តាច់ទឹកដី​នៅ​តំបន់​ប៉ែកខាងត្បូង​ប្រទេស។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លំាង​ជាង​គេ​នោះ គឺ​ជម្លោះ​ប្រដាប់​អាវុធ​របស់​ពួក​ហ៊ូទីស​ឈីអ៊ីត និង​ពួក​អាល់កៃដា​ស៊ុយនីត​ដែល​អាច​នឹង​ជម្រុញ​យេម៉ែន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សង្រ្គាមស៊ីវិល។ អ្នក​ដែល​កំពុង​ឈឺ​ក្បាល​ជាង​គេ គឺ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​ខ្លាច​យេម៉ែន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​ពួក​ឈីអ៊ីត។

លោក​ប្រធានាធិបតី​ស្តីទី​នៃ​ប្រទេស​យេម៉ែន Abd Rabbo Mansour Hadi
លោក​ប្រធានាធិបតី​ស្តីទី​នៃ​ប្រទេស​យេម៉ែន Abd Rabbo Mansour Hadi REUTERS/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

សំណួរ​ដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត​កំពុង​ចោទ​សួរ​នៅ​ពេល​នេះ​គឺ​ថា តើ​ខ្លួន​ត្រូវ​ប្រកាន់​ជំហរ​បែប​ណា​ចំពោះ​ប្រទេស​យេម៉ែន​នៅ​ពេល​នេះ?។ វា​ពិត​ជា​សំណួរ​មួយ​ដែល​មិនមែន​កើត​ឡើង​ដោយ​ចៃដន្យ​ឡើយ ព្រោះ​ថា វា​បាន​ចោទ​សួរ​ឡើង​ចំ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​យេម៉ែន​កំពុង​វិវត្តន៍​ទៅ​រក​ផ្លូវ​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លំាង​ចំពោះ​ប្រទេស​អារ៉ាប៊ីសាអូឌីត ពិសេស​តំាង​ពី​ពួក​ឧទ្ទាម​ហ៊ូទីស​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​បាន​ដណ្តើម​កាន់កាប់​ទីក្រុង​សាណា​កាល​ពី​ថ្ងៃទី១៨ កញ្ញា​ថ្មីៗ​នេះ។ ហ៊ូទីស គឺ​ជា​ក្រុម​ប្រដាប់អាវុធ​ដែល​គេ​ស្គាល់​ក្រោម​ឈ្មោះ​ថា ចលនា​ហ្សៃឌីស​ដែល​ជា​សាខា​របស់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត និង​ដែល​មាន​វត្តមាន​តែ​នៅ​ក្នុង​ប្រទេស​យេម៉ែន​តែ​មួយ​គត់។ សព្វថ្ងៃ ពួក​ហ៊ូទីស​កំពុង​ត្រួតត្រា​ទីក្រុង​សាណា និង​កំពុង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​កម្លំាង​នយោបាយ​ដទៃ​ទៀត ក្នុង​នោះ ក៏​មាន​កម្លំាង​នយោបាយ​របស់​លោក​ប្រធានាធិបតី​អាប់ រ៉ាប់បូ មែនស៊ូ ហាឌី​ផង​ដែរ។ តែ​អ្វី​ដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត​កំពុង​បារម្ភ​ខ្លំាង​នោះ គឺ​មក​ពី​ពួក​ហ៊ូឌីស​នេះ​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​របស់​អារ៉ាប៊ីសាអូឌីត។ ដូច្នេះ​បើ​យេម៉ែន​ត្រូវ​ធ្លាក់​ក្នុង​ការ​កាន់កាប់​របស់​ពួក​ហ៊ូឌីស​ទំាង​ស្រុង​មែន​នោះ នោះ​អារ៉ាប៊ីសាអូឌីត​នឹង​ត្រូវ​ឡោមព័ទ្ធ​ដោយ​ក្រុមប្រទេស​ដែល​កាន់អំណាច​ដោយ​ពួក​ឈីអ៊ីត។

នេះ​ពិត​ជា​ស្ថានការណ៍​មួយ​ដែល​កំពុង​ធ្វើ​ឲ្យ​រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​ឈឺក្បាល​ខ្លំាង។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ទំនាក់ទំនង​រវាង​យេម៉ែន និង​អារ៉ាប៊ីសាអូឌីត​ជា​ទំនាក់ទំនង​មួយ​ដែល​ជានិច្ចជាកាល​ស្មុគស្មាញ និង​សុំាញំា។ នៅ​ពេល​ដែល​យេម៉ែន​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​ពី​ឆ្នំា ១៩៦២ ដល់​ឆ្នំា ១៩៧០ អារ៉ាប៊ីសាអូឌីត​បាន​ចេញ​មុខ​គំាទ្រ​រាជានិយម​ដឹកនំា​ដោយ​ចលនា​ហ្សៃឌី​របស់​ពួក​ហ៊ូឌីស​ប្រឆំាង​នឹង​ពួក​សាធារណរដ្ឋ។ ស្រាប់​តែ​ឥឡូវ បែរ​ជា​កំពុង​បារម្ភ​ពី​ការ​ឡើង​កាន់​អំណាច​របស់​ពួក​ហ៊ូឌីស​ទៅ​វិញ។ យ៉ាង​ណា​ក៏​ដោយ ករណី​យេម៉ែន​នឹង​អាច​ធ្វើ​ឲ្យ​ពិភពអារ៉ាប់​ក្រឡាប់ចាក់​ជា​ថ្មី​បន្ថែម​លើ​បញ្ហា​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​សព្វថ្ងៃ។ គួរ​រម្លឹក​ជូន​ថា​កាល​ពី ២ឆ្នំា​មុន ពោល​ក្នុង​ឆ្នំា ២០១១ យេម៉ែន​បាន​ចម្លង​យក​បដិវត្តន៍​អារ៉ាប់​ដូច​ករណី​ប្រទេស​អារ៉ាប់​មួយ​ចំនួន​នៅ​ក្នុង​តំបន់។

ក្រុម​យុវជន​យេម៉ែន​ដែល​ស្រេកឃ្លាន​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​រយៈពេល​ពេញ​មួយ​ឆ្នំា​ក្នុង​គោលដៅ​ផ្តួលរំលំ​របប​ផ្តាច់ការ កំចាត់​ប្រព័ន្ធ​បក្សពួកនិយម និង​ជនពុករលួយ។ កាល​ណោះ ពួក​បាតុករ​យុវជន​យេម៉ែន​បាន​ប្តូរ​ជីវិត​ដើម្បី​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​អាលី អាប់ដាឡា សាឡេ​ចុះ​ចេញ​ពី​មុខ​តំណែង​ដោយ​ពួក​គេ​យល់​ថា លោក​សាឡេ​ជា​ឆ្អឹង​ទទឹង ក ឬ​មួយ​ក៏​ថា ជា​ឧបសគ្គ​ដែល​បាន​រារំាង​សុបិន្ត​របស់​ពួក​គេ​មិន​ឲ្យ​ក្លាយ​ជា​ការ​ពិត។ នៅ​ទីបំផុត លោក​សាឡេ​បាន​ធ្លាក់​ពី​អំណាច​ដូច​ដែល​ក្រុម​យុវជន​ចង់​បាន តែ​បញ្ហា​នៅ​ត្រង់​ថា លោក​សាឡេ​បាន​ខ្ទាត​បាត់​មែន តែ​របប​របស់​លោក​មិន​បាន​រលត់រលាយ​តាម​លោក​ឯណា ព្រោះ​ថា យេម៉ែន​ជា​មួយ​នឹង​ថ្នាក់ដឹកនំា​ថ្មី​នៅ​តែ​មិន​ទាន់​អាច​និយាយ​ចុះ​សម្រុង​គ្នា​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ​នៅ​ឡើយ​ទេ។ គឺ​នៅ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​យុវជន​ដែល​បាន​ខំ​ធ្វើ​បដិវត្តន៍​មាន​ការ​ខក​ចិត្ត​ជា​ពន់ពេក។

គឺ​កង្វះ​ឆន្ទៈ​នយោបាយ និង​កង្វះ​សមត្ថភាព​ក្នុង​ការ​បង្រួបបង្រួមជាតិ​នេះ​ហើយ​ដែល​បាន​ជម្រុញ​ឲ្យ​ពួក​ហ៊ូឌីស​ឆក់​យក​ឱកាស​ដ៏​កម្រ​មួយ​នេះ។ ពួក​ហ៊ូឌីស​អាច​នឹង​ទម្លាក់​លោក​ហាឌី​ចេញ​ពី​តំណែង​ប្រធានាធិបតី​ស្តីទី និង​រៀបចំ​រដ្ឋាភិបាល​ថ្មី​មួយ​ដោយ​ខ្លួន​ឯង។ នៅ​ក្នុង​ករណី​នេះ យេម៉ែន​នឹង​ធ្លាក់​ទៅ​ក្នុង​ស្ថានការណ៍​បាក់បែក​មួយ​កាន់​តែ​ខ្លំាង​ដែល​សូម្បី​តែ​ពួក​ហ៊ូឌី​ខ្លួន​ឯង​ក៏​មិន​អាច​គ្រប់គ្រង​បាន​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​គេ​មិន​ធ្វើ​ដោយ​សុខចិត្ត​រក្សា​ទុក​ឲ្យ​នៅ​ដដែល តែ​ពួក​គេ​ជា​អ្នក​ត្រួតត្រា​វិញ។ តែ​អ្វី​ដែល​ពួក​ហ៊ូឌីស​គិត​មិន​ដល់​នោះ​នៅ​ត្រង់​ថា ពួក​គេ​បាន និង​កំពុង​ប្រឈម​មុខ​នឹង​សត្រូវ​ចំនួន​ពីរ​ទៀត គឺ​ពួក​អាល់កៃដា និង​ក្រុមអ្នកទាមទារ​ផ្តាច់ទឹកដី​នៅ​តំបន់​ប៉ែកខាងត្បូង។ តែ​នៅ​ចំពោះ​មុខ គឺ​ក្រុម​ភាតរៈអ៊ីស្លាម និង​ពួក​អ្នក​ធ្វើ​បដិវត្តន៍​កាល​ពី​ជាង ២ឆ្នំា​មុន​ដែល​ពួក​ហ៊ូឌីស​ត្រូវ​ជម្រះ​បញ្ជី​មុន​គេ ព្រោះ​គឺ​ពួក​នេះ​ហើយ​ដែល​ពួក​ហ៊ូឌីស​ចាត់​ទុក​ជា​កម្លំាង​នយោបាយ​មួយ​ដែល​នឹង​ប្រជែង​យក​អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

ចំពោះ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​មាន​ព្រំដែន​ជាប់​នឹង​យេម៉ែន​បាន​តាម​ដាន​ស្ថានការណ៍​នៅ​យេម៉ែន​ដោយ​មិន​ប៉ប្រិច​ភ្នែក​ម្តង​ណា​សោះ។ មិន​ប៉ប្រិច​ភ្នែក​ព្រោះ​ថា អ្វីៗ​ដែល​កំពុង​កើត​មាន និង​ដែល​ត្រូវ​កើត​មាន​នៅ​យេម៉ែន​នា​ពេល​ខាង​មុខ ពិត​ជា​ជះឥទ្ធិពល​ដល់​ស្ថានការណ៍​នៅ​អារ៉ាប៊ីសាអូឌីត​ដោយ​មិន​អាច​ចៀសរួច។ រហូត​មក​ដល់​ពេល​នេះ គ្មាន​អ្នកណា​ម្នាក់​អាច​កំចាត់​ពួក​ហ៊ូឌីស​បាន​ឡើយ នោះ​បើ​ទោះបី​ជា​កាល​ពី​ពួក​នេះ​នៅ​មាន​គ្នា​តិចតួច​ស្ថិត​ប៉ែកខាងជើង​យេម៉ែន​ក៏​ដោយ។ មួយ​វិញ​ទៀត ក៏​គ្មាន​នរណា​ម្នាក់​អាច​បង្គាប់​ពួក​នេះ​ឲ្យ​ជ្រើសរើស​មិត្ត និង​សត្រូវ​របស់​គេ​ដែរ។ គ្មាន​នរណា​ម្នាក់​អាច​ដឹង​មុន​ថា ពួក​ហ៊ូឌីស​បាន​ជ្រើស​យក​អ៊ីរ៉ង់​ធ្វើ​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ឯ​ណា។

តែ​អ្វី​ដែល​រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​ព្យាយាម​ទប់ស្កាត់​នោះ គឺ​រារំាង​កុំ​ឲ្យ​ពួក​ហ៊ូឌីស​យក​អ៊ីរ៉ង់​មក​ធ្វើ​ជា​បង្អែក​នយោបាយ​របស់​ខ្លួន។ មួយ​វិញ​ទៀត ទីក្រុង​រីយ៉ាដ​ត្រូវ​ប្រឹងប្រែង​គ្រប់​បែបយ៉ាង​ទំាង​អស់​ដើម្បី​ស្វែង​រក​ដៃគូ​នយោបាយ​យេម៉ែន​ណា​ដែល​ត្រូវ​ការ​ជំនួយ​គំាទ្រ​ពី​ខ្លួន​ក្នុង​ការ​ប្រជែង​ជាមួយ​នឹង​ពួក​ហ៊ូឌីស។ ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​រារំាង​កុំ​ឲ្យ​ពួក​ហ៊ូឌីស​ឡើង​កាន់​អំណាច​នៅ​យេម៉ែន​ដែល​នឹង​នំា​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​អារ៉ាប៊ីសាអូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ